នេះមិនជាបទចំរៀងរបស់អ្នកចម្រៀងមួយរូប ដែលគាត់បានច្រៀងរៀបរាប់ប្រាប់ដល់ស្រុកខ្មែរ និងប្រជាជនខ្មែរទាំងមូលថា រាត្រីទី១សំរាប់ខ្ញុំ។ រាត្រីទី១សំរាប់ខ្ញុំគឺជាក្ដីរំភើបមួយដ៏ឥតឧបមារ ព្រោះជាអ្វីមួយដែលខ្ញុំបានទន្ទឹងរង់ចាំអស់រយះពេលជាច្រើនខែកន្លងមកហើយ! វាជាត្រីមួយដែលខ្ញុំបានបំពេញកាតព្វកិច្ចរបស់ខ្ញុំ។
អានទៅប្រាកដជាឆ្ងល់ហើយថា តើខ្ញុំចង់និយាយពីអ្វី? គឺខ្ញុំចង់និយាយពីរឿងកូនរបស់ខ្ញុំហ្នឹងណា៎! ឥឡូវនេះខ្ញុំក្លាយជាឳពុករបស់គេហើយ! វាជាអំណោយមួយដ៏វិសេសវិសាលសំរាប់រូបខ្ញុំ ព្រោះខ្ញុំយល់ថា កូនចៅគឺជាផលផ្លែសំរាប់អាពាហ៍ពិពាហ៍។ កូនស្រីរបស់ខ្ញុំ សូហ្វីយ៉ា កើតនាថ្ងៃទី១ ខែតុលា ឆ្នាំ២០០៩ វេលាម៉ោង ៥៖៣៥នាទីល្ងាច មានទំងន់ ៣.៥គឡ, ប្រវែង ៥០សម និងមានសក់ត្រង់ មិនកាត់មកខ្ញុំដែលមានសក់រួញសោះ! នៅសម្ភពសោភា វីអាយភី (សុំបើករង្វង់ក្រចកនែនាំមន្ទីរសម្ភពនេះបន្តិចចុះ) ប្រសិនបើអ្នកមានប្រពន្ធ ឬបងប្អូនស្រីដែលត្រូវសំរាលកូន ខ្ញុំសូមនែនាំមកកាន់សម្ភពនេះ! មិនថាទេរឿងសេវាកម្ម គឺល្អ បន្ទប់ដូចជាសណ្ឋាគារផ្កាយ៤ មានបំរើអាហារ បោកគក់ គ្រប់គ្រូពេទ្យវេជ្ជបណ្ឌិត ឆ្មប និងគលានុបដ្ឋយិការ សុទ្ធតែមានសំដឺទន់ភ្លន់ និងយកចិត្តទុកដាក់ខ្ពស់។ មានកញ្ចប់តម្លៃ៣ប្រភេទគឺ $450, $500, និង $800។ ខ្ញុំនឹងប្រពន្ធរបស់ខ្ញុំសំរាលកូននៅទីនោះ មានអារម្មណ៍ថា ក្រៅពីសំរាលកូន ដូចជាខ្លួនកំពុងតែសំរាកហូលីដេអីចឹង!
យប់តំបូងកូនស្រីរបស់ខ្ញុំគេងនៅក្បែរខ្ញុំ ព្រោះម្ដាយរបស់គេសំរាកនៅលើគ្រែ។ សំរាប់ខ្ញុំនោះគឺជារាត្រីមួយដែលខ្ញុំនឹកចាំមិនភ្លេចសោះឡើយ! ខ្ញុំគេងមិនបានស្កប់ទាល់តែសោះ ព្រោះណាមួយដួងចិត្តរំភើបដែលបានកូនកើតមកមានសុខភាពល្អ និងស្រស់ស្អាត ណាមួយទៀតបានក្លាយខ្លួនជាឪពុករបស់គេ និងណាមួយទៀតខ្លាចកើតមានរឿងរ៉ាវមិនល្អចំពោះគាត់។ រាត្រីនោះខ្ញុំចាប់ផ្ដើមនូវជីវិតថ្មីដែលជីវិតនោះ មិនត្រឹមតែមានប្រពន្ធ តែថែមទាំងមានកូនទៀត វានឹងធ្វើអោយខ្ញុំរឹតតែរវល់ច្រើន តែយ៉ាងណាម៉ិញ ខ្ញុំនឹងប្ដេជ្ញាចិត្តក្នុងការធ្វើជាប្ដីដ៏ល្អសំរាប់ប្រពន្ធរបស់ខ្ញុំ និងជាឳពុកដ៏ល្អសំរាប់កូនស្រីរបស់ខ្ញុំ។ គោលបំណងសំខាន់សំរាប់ជីវិតរបស់ខ្ញុំគឺ ក្រុមគ្រួសាររបស់ខ្ញុំនឹងក្លាយជាគ្រួសារគំរូសំរាប់អ្នកដែលនៅជុំវិញខ្លួនរបស់ខ្ញុំ។ ពេញមួយយប់ខ្ញុំគេងភ្ញាក់ៗ ចេះតែសម្លឹងមើលមុខកូន ហើយក្នុងចិត្តវិញនឹកហួសចិត្ត និងស្មានមិនដល់ថានឹងក្លាយជាឳពុកគេបែបនេះសោះ តែឥឡូវបានក្លាយជាការពិតហើយ អ្វីដែលរសាប់រសល់ពីមុន ក៏លែងរសាប់រសល់ទៀតដែរ!
រាត្រីទី១បានកន្លងផុតទៅយ៉ាងរលូន ដោយកូនរបស់ខ្ញុំមិនយំទាល់តែសោះ! ចំជាពូកែរមែន! សូមរង់ចាំអានរាត្រីទី២…
រាត្រីទី១សំរាប់ខ្ញុំ សូមប្តូរទៅ ជាអនាគតថ្មីសំរាប់ខ្ញុំវិញទៅ ព្រោះបងឯងបានកូន
មូយហើយ នេះគេហៅថាអនាគតថ្មីក្នុងរាត្រីទី១ទេ។