ភាគទី ១ ចុចទីនេះ
ភាគទី ២ ចុចទីនេះ
បន្ទាប់ពីបានទទួលថ្នាំបំពុលហើយ នាងលីងរូតរះម្នីម្នារ ទៅផ្ទះវិញ ក្រោយពីបានទិញម្ហូបរួចហើយ! នាងចូលទៅចង្រ្កានបាយ ហើយរៀបចំស៊ុបយិនស៊ិនមួយឆ្នាំង យ៉ាងសំរឹតសំរាំងជា ពិសេសសំរាប់ម្ដាយក្មេកដ៏ចិត្តអាក្រក់របស់នាង។ ប៉ុន្មានម៉ោងក្រោយមក ស៊ុបយិនស៊ិនពិសេស ក៏បានរួចរាល់! មិនបង្អង់យូរនាងលីងបានចាក់ដាក់ក្នុងចាន ហើយរៀបចំយ៉ាងពិសេសជាមួយនឹងកាដូរពិសេស ដែលលោកគ្រូពេទ្យឈិន បានប្រគល់អោយ! នាងបានលើកយ៉ាងប្រុងប្រយត្ន័ទៅជូនម្ដាយក្មេករបស់នាង ដែលកំពុងតែអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវ ដែលមានអ្នកបំរើស្រីម្នាក់កំពុងតែគក់ច្របាច់លើស្មារថ្នមៗ! នាងលីងដើរចូលទៅយ៉ាងប្រយត្ន័ប្រយែង ជាមួយនឹងទឹកស៊ុបយិនស៊ិនពិសេសសំរាប់ម្ដាយក្មេករបស់នាង! ចូលទៅជិតដល់ នាងមានអាការះភ័យបន្តិច ដូចជាស្លន់ស្លោរបន្តិច ហើយដៃរបស់នាងចាប់ផ្ដើមញ័រ នៅក្នុងចិត្តវិញ ភ័យបុកពោះភឹបៗ! ម្ដាយក្មេករបស់នាងឃើញដូច្នេះ ក៏មានការសង្ស័យទៅលើទង្វើដែលប្លែកៗរបស់នាង! នាងលីងបានលើកទឹកស៊ុបនោះជិតម្ដាយរបស់នាង ហើយនិយាយពាក្យផ្អែមល្ហែមទៅកាន់ម្ដាយរបស់នាងទាំងញ័របបូរមាត់!! ម្ដាយរបស់នាង នឹកឆ្ងល់នូវទង្វើរដ៏ប្លែករបស់នាងលីង!
នាងលីង៖ អ្នកម៉ែ! នេះជាស៊ុបយិនស៊ិន ពិសេស ប្រចាំត្រកូលរបស់ខ្ញុំ! ខ្ញុំឃើញអ្នកម៉ែ អស់កម្លាំង ហើយអ្នកម៉ែដូចជាមិនសូវសប្បាយចិត្តនឹងខ្ញុំប៉ុន្មានទេ!! តែខ្ញុំចង់ប្រាប់អ្នកម៉ែថា ខ្ញុំមិនសមមករស់នៅក្នុងត្រកូលនេះទេ តែយ៉ាងណាក៏ដោយ កូនបានជាចូលមកហើយ ចឹងសូមអ្នកម៉ែទទួលកូន ហើយសូមអត់ទោសរាល់ទង្វើររបស់កូនផង!
អ្នកស្រី វ័ង៖ ស្អី! អ្នកណាជាម៉ែរបស់ឯង? យើងមិនមានកូនប្រសារ ក្រ ដូចជានាងឡើយ! ហើយយើងក៏មិនចង់ផឹកទឹកស៊ុបពិសេសប្រចាំត្រកូលរបស់នាងស្អីដែរ! ត្រកូលយើងនេះ ខ្មាស់គេណាស់ដែលមានកូនប្រសារក្រអោយរហាមដូចជានាងនេះ!
នាងលីង៖ សូមអ្នកម៉ែអាណិតមេត្តាកូនផងទៅ! កូននឹងធ្វើតាមអ្នកម៉ែទាំងអស់! សូមតែអ្នកម៉ែកុំបំបែករូបកូននឹងប្ដីរបស់កូនឡើយ!!
នាងលីងបន្តអង្វរអ្នកស្រីវ័ង ដោយប្រើពាក្យសម្ដីផ្អែមល្ហែមជាច្រើន រហូតទាល់តែអ្នកស្រីវ័ងយល់ព្រមទទួលទឹកស៊ុបពិសេសរបស់នាងមកទទួលទាន តែមិនមានន័យថា អ្នកស្រីវ័ងទទួលស្គាល់នាងលីងជាកូនប្រសារនៅឡើយទេ អ្នកស្រីនៅតែស្អប់នាងដដែល! អ្នកស្រីវ័ងបរិភោគទឹកស៊ុបហើយ ក៏ទម្រេតខ្លួនទៅហ្នឹងកៅអីផ្អែក ហើយក៏លង់លក់ទៅដោយអាការះអស់កម្លាំង។ ក្នុងចិត្តនាងលីងវិញ សប្បាយចិត្តប្លែក ដោយឃើញថាម្ដាយក្មេកចិត្តអាក្រក់របស់នាងបានទទួលទានទឹកស៊ុបយិនស៊ិន ដែលដាក់ថ្នាំបំពុលនោះ បានជោគជ័យ។
រៀងរាល់ថ្ងៃនាងលីងតែងតែចម្អិនទឹកស៊ុបយិនស៊ិនពិសេសដែលមានថ្នាំបំពុលពីលោកគ្រូពេទ្យឈិនអោយ ទៅម្ដាយក្មេករបស់នាង ហើយនាងបានប្រើពាក្យសម្ដីផ្អែមល្ហែម និងយកចិត្តម្ដាយក្មេករបស់នាង! នាងជួយគក់ច្របាច់ ចាប់សសៃ និងបំរើម្ដាយក្មេករបស់នាងមិនអោយទាស់ចិត្តទេ! ពេលដែលអស់ថ្នាំពុលម្ដងៗ នាងលីងបានទៅជួបជាមួយនឹងគ្រូពេទ្យឈិនដោយសម្ងាត់! ចំណែកម្ដាយក្មេករបស់នាងក៏មិនបានសង្ស័យអ្វីជាមួយនឹងទង្វើររបស់នាងលីងទៀតដែរ។ ថ្ងៃមួយម្ដាយរបស់នាង មកពីផ្សារវិញ បានចាត់អ្នកបំរើអោយទៅហៅនាងលីងពីបន្ទប់មកជួបនឹងអ្នកស្រី! នាងលីងបានដើរចូលទៅជួបម្ដាយរបស់នាងដែលកំពុងតែអង្គុយនៅក្នុងបន្ទប់ ទាំងមានទឹកមុខមាំ ហើយមានអ្នកបំរើនៅជុំវិញផង! បរិយាកាសនោះ បានធ្វើអោយនាងលីងមានអារម្មណ៍ប្លែកបន្តិច! ម្ដាយក្មេកបានហៅនាងលីងមកអង្គុយក្បែរខ្លួន ហើយមានកាយវិការទន់ភ្លន់ចំពោះនាង ជាមួយនឹងពាក្យសម្ដីគួរសម! នោះជាលើកទីមួយហើយ ដែលនាងបានឃើញពីកាយវិការប្លែក និងផ្អែមល្ហែមចំពោះនាង។
អ្នកស្រីវ័ង៖ កូនលីង! មួយរយះកន្លងមកនេះ! ម៉ែប្រហែលជាធ្វើមិនល្អចំពោះកូនទេ អោយម៉ែសូមទោសផងចុះ ហើយម៉ែមិនដែលប្រព្រឹត្តការល្អណាមួយដល់កូនទេ តែមួយរយះនេះ ម៉ែឃើញកូនប្លែក ចេះយកចិត្តម៉ែ ហើយម៉ែមានអារម្មណ៍ថា ចូលចិត្ត និងស្រឡាញ់កូនខ្លាំងឡើង! ចឹងម៉ែមិនចង់បាត់បង់កូនប្រសារ ដូចជាកូននេះឡើយ! សំរាប់ទង្វើទាំងឡាយដែលម៉ែបានធ្វើខុសចំពោះកូន អោយម៉ែសូមទោសណា! នេះជាកាដូរបន្តិចបន្តួច ដែលម៉ែបានទិញពីហាងលក់គ្រឿងអល្លង្ការដ៏ល្បីប្រចាំក្រុងយើងនេះ! ម៉ែសូមអោយកូនស្រឡាញ់ម៉ែ តទៀតទៅណា!
ពាក្យសម្ដីទាំងនេះ បានចាក់ទម្លុះបេះដូងដែលរឹងទទឹង ជាមួយនឹងការសងសឹករបស់នាងលីង! ចិត្តខឹងម្ដាយរបស់នាងទាំងប៉ុន្មានក៏រលាយបាត់អស់! នាងមានអារម្មណ៍ហាក់ដូចជាទទួលសេចក្ដីស្រឡាញ់ពីម្ដាយក្មេករបស់នាង ដែលនាងមិនដែលទទួលបានពីមុនមក!! នាងចាប់ផ្ដើមស្រក់ទឹកភ្នែក ហើយលុតជង្គង់ចុះចំពោះម្ដាយក្មេករបស់នាង។ ចំណែកម្ដាយក្មេករបស់នាងវិញ ក៏បានលើកនាងឡើង ហើយអោបនាងដោយសេចក្ដីស្រឡាញ់។ ស្អែកឡើងម្ដាយរបស់នាងបាននាំនាងទៅទិញក្រណាត់ដ៏ល្អៗ និងបានចំណាយពេលស្និទ្ធស្នាលជាមួយនឹងលីងជាពិសេស។ នាងលីង ពេលដែលបានឃើញទង្វើល្អៗរបស់ម្ដាយរបស់នាង នាងរឹតតែស្រក់ទឹកភ្នែកច្រើនឡើង ហើយទ្រហោយំចំពោះម្ដាយរបស់នាង!! នាងក៏បានរត់ចេញពីម្ដាយក្មេករបស់នាង ហើយរត់យ៉ាងលឿនសំដៅទៅផ្ទះរបស់លោកគ្រូពេទ្យឈិន! លោកគ្រូពេទ្យឈិនឃើញនាងមក ស្មានថានាងមកយកថ្នាំ បំពុលតទៀត តែលើកនេះ នាងបាននិយាយទៅកាន់លោកគ្រូពេទ្យថា នាងមិនមកយកថ្នាំ បំពុលទេ នាងមកសុំអោយលោកគ្រូពេទ្យផ្សំថ្នាំបន្សាបជាតិពុលវិញ!! លោកគ្រូពេទ្យឈិន ថាហួសពេលហើយ ហេតុអ្វីបានជានាងមករកថ្នាំបន្សាបនៅពេលនេះ ទៅវិញ។ ច្រើនថ្ងៃកន្លងមកនេះ នាងបានដាក់ថ្នាំ បំពុលទៅកាន់ម្ដាយរបស់នាង អីឡូវថ្នាំពុលនៅពេញខ្លួនម្ដាយរបស់នាងហើយ! នាងលីងលឺដូច្នេះ នាងយំកាន់តែខ្លាំងឡើយ ហើយសោកស្ដាយនឹងទង្វើរដែលនាងបានប្រព្រឹត្តចំពោះម្ដាយក្មេករបស់នាង! នាងលីងយំរហូតទាល់តែខ្សោះខ្លួន ហើយអស់កម្លាំងកំហែងរលីង! លោកគ្រូពេទ្យឈិនឃើញដូច្នេះ ក៏បានយកទឹកមកអោយនាងផឹករួចនិយាយពាក្យមួយចំនួនទៅកាន់នាង!!
គ្រូពេទ្យឈិន៖ ហេតុអ្វីបានជានាងចង់រកថ្នាំបន្សាបសំរាប់ម្ដាយក្មេកចិត្តអាក្រក់របស់នាងទៅវិញ?
នាងលីង៖ ទេ!! គាត់មិន មិនដូចមុនទេ!! ឥឡូវខ្ញុំលែងចង់សំលាប់ម្ដាយក្មេករបស់ខ្ញុំហើយ!
នាងលីងបានរៀបរាប់ពីទង្វើរកាលពីមុនរបស់ម្ដាយនាង ហើយក៏និយាយពីការកែប្រែអត្តចរឹតរបស់ម្ដាយនាងក្នុងពេលបច្ចុប្បន្នកាលនេះ! នាងក៏បន្តសុំអង្វអោយលោកគ្រូពេទ្យឈិនរកវិធីបន្សាបជាតិពុលដែលនាងបានដាក់ក្នុងទឹកស៊ុបជូនម្ដាយរបស់នាង!!! លោកគ្រូពេទ្យឈិនបានយល់ពីអ្វីដែលនាងលីងចង់បាន ហើយក៏ប្រាប់នាងថា៖
គ្រូពេទ្យឈិន៖ ខ្ញុំពិតជាមិនមានថ្នាំបន្សាបមែន!! ហើយខ្ញុំពិតជាមិនអាចជួយអ្វីដល់នាងបានទេ!! តែខ្ញុំចង់ប្រាប់ការមួយដល់នាងថា ខ្ញុំមិនបានផ្សំថ្នាំបំពុលអោយនាងទៅបំពុលម្ដាយរបស់នាងទេ!! (នាងលីងមានការភ្ញាក់ផ្អើល ពេលដែលបានលឺពាក្យនេះ) តាមពិតខ្ញុំបានផ្សំថ្នាំបំប៉នសុខភាព និងថ្នាំប៉ូវជាច្រើនមុខសំរាប់ម្ដាយក្មេករបស់នាងទៅវិញទេ!! ចឹងថ្នាំដែលនាងបាន ទទួលពីខ្ញុំមិនមែនជាថ្នាំពុលទេ តែជាថ្នាំប៉ូវសុខភាពទេ!
នាងលីងមានអារម្មណ៍ធូស្រាល ហើយក៏សឹងតែមិនជឿនូវសម្ដីរបស់លោកគ្រូពេទ្យឈិន! នាងក៏អរគុណលោកគ្រូពេទ្យឈិនហើយ ក៏ជំរាបលាលោកគ្រូពេទ្យវិញ! ទាំងវិលត្រឡប់មកផ្ទះវិញ ហើយជួបជាមួយនឹងម្ដាយក្មេករបស់នាង ទាំងសុំទោសម្ដាយក្មេករបស់នាង។ ចំណែលលោកស្រីវ័ងវិញ គាត់ក៏ថា មិនបន្ទោសដល់នាងលីងដែរ ព្រោះ ទង្វើរដែលគាត់ធ្វើចំពោះនាងក៏មិនល្អដែរ!! នាងលីងបានរស់នៅក្នុងត្រកូលវ័ង យ៉ាងមានសេចក្ដីសុខ ហើយបង្កើតកូនចៅប្រុសស្រីជាច្រើនសំរាប់ត្រកូលវ័ងដែរ។ សេចក្ដីស្រឡាញ់ ការយល់ចិត្ត នឹងការប្រព្រឹត្តល្អចំពោះគ្នាទៅវិញទៅមក បានធ្វើអោយគ្រួសារត្រកូលវ័ងមានឈ្មោះល្បីល្បាញ និងមានសុភមង្គល៕