អាហារ​ពេល​ព្រឹក


ថ្ងៃ​នេះ​ជា​លើក​ទី​១​ហើយ​ក្នុង​រយះពេល​ជាង​៣​ខែ​កន្លង​មក​នេះ ដែល​ខ្ញុំ​មិន​ដែល​នឹង​នាំ​ប្រពន្ធ​ទៅ​ញ៉ាំ​អាហារ​ពេល​ព្រឹក​នៅ​ខាង​ក្រៅ​ទេ ព្រោះ​គ្រប់​ពេល​យើង​រវល់​តែ​រៀង​ៗ​ខ្លួន ងើប​ពី​គេង​រៀប​ចំខ្លួន​អោយ​កូន ហើយ​រៀប​ចំខ្លួន​ឯង​​ បន្ទាប់​មក​ទៅ​ធ្វើ​ការ។ តែ​ព្រឹក​នេះ សុំ​ច្បាប់​ចៅ​ហ្វាយ​ក្នុងការ​ទៅ​ធ្វើ​ការ​យឺត​បន្តិច ព្រោះ​ចង់​នាំ ប្រពន្ធ​ទៅ​ Breakfast Dating។ មាន​អារម្មណ៍​ថា​មាន​សេចក្ដី​សុខ ដែល​យើង​បាន​ជជែក​គ្នា​ពី​នេះ​ ពី​នោះ នៅ​ក្នុង​ទំនាក់​ទំនង​យើង​ទាំង​ពីរ​នាក់ តែ​ចៃ​ដន្យ​អី​មាន ទូរសព្ទ័​មក​រំខាន ហើយ​ខ្ញុំ​ក៏​មិន​អាច​បដិសេធ​ក្នុង​កា​រ​មិន​លើក​បាន​ដែរ។ មាន​អារម្មណ៍​ថា​មាន​អី​មក​កាត់​ផ្ដាច់​មនោ​សញ្ចេត​នា​របស់​យើង​ទាំង​ពីរ​នាក់​ហ្មង! តែ​យ៉ាង​ណា​ក៏​បាន​សុំ​ទោស​ប្រពន្ធ​រួច​ហើយ ថែម​ទាំង​សន្យា​ថា​ ថ្ងៃ ក្រោយ​នឹង​មិន​អោយ​មាន​អ្វី​មក​រារាំង​ក្នុង​ការ ទទួល​ទាន Breakfast Dating របស់​យើង​បាន​ឡើយ។

សាច់​មាន់​ប្រឡាក់​ប្រេង​ខ្យង​ហិរ


កាល​នៅ​អាមេរិក ក្នុង​រដ្ឋ អូក្លាហូម៉ា ខ្ញុំ​បាន​​ធ្វើ​ម្ហូប​មួយ​មុខ​ ដែល​ខ្ញុំ​សាកល្បង​ទៅ​ ឆ្ងាញ់ ៗ ៗ ពិត​មែន ហើយ​ក៏​ចង់​អោយ ប្រិយមិត្ត​សាក​ល្បង​ដែរ ដោយ​ប្រើ​នូវ​វិធី​ងាយៗ​បំផុត។

គ្រឿង​ផ្សំ

  • សាច់មាន់ផ្នែក​ស្លាប ៥គូរ ស្មើរ១០ស្លាប
  • ប្រេង​ខ្យង៣ស្លាប​ព្រា​បាយ
  • ទឹក​ស៊ីអ៊ីវ១ស្លាប​ព្រា​បាយ
  • ស្ករ​ត្នោត១ស្លាបព្រាបាយ​កន្លះ
  • ម្សៅ​ស៊ុប​ខ្នរ ២ស្លាបព្រាបាយ
  • និង​ម្ទេស​បុក ១ស្លាបព្រាបាយ

របៀប​ធ្វើៈ

គ្រាន់​តែ​ប្រឡាក់​សាច់​មាន់ជាមួយ​និង​គ្រឿង​ទាំង​នោះ ហើយ​ទុក​រយះ​ពេល​កន្លះ​ម៉ោង រួច​ហើយ​ប្រើ​ប្រេង​សណ្ដែក​ក្នុង​ខ្ទះ រួច​ចៀន ដោយ​ប្រើ​ភ្លើង​ល្មម មិន​ខ្លាំង​ពេក នោះ​អ្នក​នឹង​បាន​រស់​ជាតិ​សាច់​មាន់​ដែល​ឆ្ងាញ់​ជាទី​គាប់​ចិត្ត។

ខ្ញុំ​បាន​សាក​រួច​ហើយ មិត្ត​របស់​ខ្ញុំ​ជនជាតិ​បរទេស​ញ៉ាំ​ទាល់​តែ​លិទ្ធ​ដៃ​ឯណោះ!

រស់​មាន​រឿង​អាស្រូវ


ខ្ញុំមិន​សូវ​ជា​អ្នក​ចូល​ចិត្ត​អាន​ទស្សនាវដ្ដី ឬតាម​ដាន​ពី​ជីវិត​តារា​អីប៉ុន្មាន​ទេ តែ​ចេះ​តែ​លឺ​អ្នក​នេះ អ្នក​នោះ​និយាយ​អញ្ចេះ អញ្ចោះ ពី​តារា​នេះ​តា​រា​នោះ​ ដែល​រស់​នៅ​ក្នុង​ជីវិត​នេះ​មាន​រឿង​អាស្រូវ​ច្រើន ស្រឡាញ់​ប្ដីគេ អ្នក​នេះ​ទិញ​ឡាន​អោយ អ្នក​នោះ​បើក​ហាង​អោយ ហើយ​ប្ដូរ​សង្សា​ថ្មីៗ ហើយ​នឹង….

ខ្ញុំ​គិត​ថា​ មិន​មាន​តារា​ណា​ចង់​មាន​រឿង​អាស្រូវ​ទេ តែ​ទស្សនិកជន​ដែល​ជា​អ្នក​បំប៉ោង​រឿង​អោយ​ធំ​ឡើង! នេះ​ខ្ញុំ​គិត​ខុស​ដឹង? មាន​ពាក្យ​មួយ​ដែល​គេ​និយាយ​ថា ទាល់​តែ​អ្នក​ឯង​ពាក់​ស្បែក​ជើង​គេ ទើប​បាន​ដឹង​ថា​យ៉ាង​ម៉េច!

ខ្ញុំ​និង​គ្រួសារ


ថ្ងៃ​នេះ​ចង់​បង្ហាញ​ពី​គ្រួសារ របស់​ខ្ញុំ​តិច ព្រោះ​អី​ខាន​និយាយ​យូរ​ហើយ ព្រោះ អី​រវល់​នោះ​រវល់ មិន​ដឹង​ជា​អាម៉េច។

សំរាប់​ខ្ញុំ​នឹង​គ្រួ​សារ​របស់​ខ្ញុំ​ យើង​មាន​និមិត្ត​មួយ​ដែល​ពួក​យើង​ចង់​រស់​នៅ​ដោយ​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​គ្នា និង​មាន​ភាព​ផ្អែម​ល្ហែម​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ សំរាប់​មិនិត្ត​របស់​យើង​គឺ​យើង​ចង់​រស់​នៅ​ជា​គំរូ​សំរាប់​យុវវ័យ​ជំនាន់​ក្រោយ ក្នុង​ផ្នែក​គ្រួសារ និង​ជា​ឳពុក​ម្ដាយ។ មិន​មាន​ន័យ​ថា​យើង​នេះ​ល្អ​ឥត​ខ្ចោះ​នោះ​ទេ តែ​សង្គម​បច្ចុប្បន្ន និង​ឆន្ទះ​នៃ​ជីវិត​បាន​បង្រៀន​យើង​ជា​រៀង​រាល់​ថ្ងៃ​ពី​គ្រួសារ និង​ជិវិត។

សព្វ​ថ្ងៃ​នេះ​ខ្ញុំ​ស្រឡាញ់​ប្រពន្ធ​កូន​ខ្ញុំ​​ច្រើន​ទៅៗ ទោះ​បី​ជា​ពេល​ខ្លះ​មាន​អារម្មណ៍​ថា​នឿយ​ហត់ និង​ណាយ​បន្តិច​មែន​តែ​មិន​អោយ​ភាព​ទាំង​នោះ​មក​បំបាត់​ភាព​ស្និទ្ធ​ស្នាល និង​ភាព​សប្បាយ​រីក​រាយ​នៅ​ក្នុង​ក្រុម​គ្រួសារ​យើង​ឡើយ ព្រោះ​អី​យើង​ជា​គ្រួសារ​តែ​មួយ ហើយ​ការ​រស់​នៅ​ត្រូវ​មាន​ការ​ចុះ​សម្រុង​និង​ការ​យល់​ចិត្ត​គ្នា​ជា​ខ្លាំង។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​ខ្ញុំ​មាន​ប្រពន្ធ​ដែល​ទុក​ចិត្ត​ខ្ញុំ ហើយមិន​ងាយ​នឹង​ប្រចណ្ឌ័​តែ​ផ្ដេស​តែ​ផ្ដាស ហើយ​គាត់​បាន​បង្ហាញ​អោយ​ខ្ញុំ​ដឹង​ពី​ចិត្ត​គំនិត​របស់​គាត់​ជា​ច្រើន។ មាន​ពេល​ខ្លះ​ពិត​មែន​យើង​បាន​ប្រកែក​ពាក្យ​សម្ដី​គ្នា តែ​យើង​មិន​បណ្ដាល​អោយ​ការ​ទាស់​ទែង​ពាក្យ​សម្ដី​មក​បំបែក​បំបាក់​នូវ​ទំនាក់​ទំនង​គ្នា​ទេ តែ​វារឹត​តែ​ធ្វើ​អោយ​យើង​យល់​ចិត្ត​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ថែម​មួយ​កំរឹត​ទៀត។ ខ្ញុំ​ត្រូវ​មាន​តួ​នាទី​យ៉ាង​ច្រើន​សម្បើម ព្រោះជា​មេគ្រួសារ ជាប្ដី និងជាឳពុក​សំរាប់​កូន​ស្រី​ខ្ញុំ។ ការ​រស់នៅ​ត្រូវ​មានភាព​ថ្លៃ​ថ្នូរ និង​សមរម្យ មិន​ប្រព្រឹត្ត​អ្វី​ដែល​នាំ​អោយ​កូន​យក​គំរូ​អាក្រក់​តាម​ឡើយ។ តែ​យ៉ាង​ណា​ម៉ិញ​ការ​ប្រៀន​ប្រដៅ​សំរាប់​កូន​គឺ​ត្រូវ​តែ​មាន។

ខ្ញុំ​សារ​ភាព​ថា​ ខ្ញុំ​មិន​មែន​ជា​មនុស្ស​គ្រប់​លក្ខណ៍ ឬ​ពូ​កែរ​អ្វី​ទេ ព្រោះ​ខ្ញុំ​នៅ​មាន​ចំណុច​ខ្សោយ​របស់​ខ្ញុំ និង​មានពេល​ខ្លះ​ក៏​ខ្ញុំ​ធុញ​ទ្រាន់ និង​មិន​ចូល​ចិត្ត​ដែរ។ តែ​ការ​ឆ្លើយ​តប​ទៅ​កាន់​ចំណុច​ខ្សោយ​នោះ​ដោយ​របៀប​ណា ហើយការ​ប្រឈម​មុខ​នឹ​ងភាព​ធុន​ទ្រាន់​នោះ​យ៉ាង​ម៉េច​ដែរ ព្រោះ​ការ​ឆ្លើត​តប​របស់​យើង​ទៅ​កាន់​កាលះ​ទេសះ​នីមួយៗ​ពិត​ជា​សំខាន់​ ហើយ​វានឹង​កំណត់​នូវ​ភាព​ប្រាកដ​ប្រជា​នៅ​ក្នុង​ជីវិត​របស់​យើង​ផង​ដែរ។

តើ​អ្នក​ស្រឡាញ់​ក្រុម​គ្រួសារ​របស់​អ្នក​ប៉ុណ្ណា?

តើបន្ទាប់​ពី​ធ្វើ​ការ​ហើយ អ្នក​ពិត​ជា​ចង់​ទៅ​ផ្ទះ​ជួប​ជុំ​គ្រួរសារ ឬ​ចង់​ចេញ​ដើរ​កំសាន្ដ​សំរាប់​លំហើយ​ខួរក្បាល?

ខ្ញុំ​ជឿ​ថា មនុស្ស​យើង​មាន​លក្ខណះ​ខុសៗ​គ្នា ហើយ​មិន​អាច​ធ្វើ​បាន​ដូច​គ្នា​នោះ​ទេ។ វា​ពិត​មែន​ជួន​កាល​ខ្ញុំ​មិន​អាច​ធ្វើ​ការ​ទាំង​នោះ​បាន​ទេ តែ​សូម​ប្រាប់​ថា គ្រួសារ​ខ្ញុំ​ជា​អ្នក​ដែល​ជឿ​លើ​ព្រះ​យេស៊ូ​គ្រិស្ត ហើយ​យើង​គោ​រព​បំរើ និង​ស្រឡាញ់​ព្រះ​របស់​យើង​ខ្លាំង​ណាស់ ដូច្នេះ​ហើយ ក្រុម​គ្រួសារគឺ​ជា​រឿង​សំខាន់​សំរាប់​យើង និង​សំរាប់​ព្រះ​របស់​យើង។ ដ្បិត​ព្រះ​របស់​យើង​បាន​បង្រៀន​យើង​អោយ​ស្រឡាញ់​ភរិយា និង​គោរព​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​និង​ក្រុម​គ្រួសាររបស់​យើង​ផង​ដែរ។ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ធ្វើ​កិច្ច​ការ​ទាំង​នោះ ដោយ​មាន​ព្រះជាម្ចាស់​របស់​ខ្ញុំ​នៅ​ជាមួយ​ខ្ញុំ ហើយ​ព្រះ​បន្ទូល​របស់​ព្រះអង្គ​ដាស់​តឿន​ចិត្ត​គំនិត និង​លើក​ទឹក​ចិត្ត​ខ្ញុំ​គ្រប់​ពេល​វេលា។

មាន​តារា​ប៉ុន្មាន​នៅ​ក្នុង​ភូមិ​វ៉ើត​ប្រេស?


ចង់​ដឹង​ថា​តើ​មាន​តា​រា​ចំរៀង តារាភាពយន្ត​ប៉ុន្មាន​នាក់​ដែល​មាន​ប្លក​នៅ​ក្នុង​នេះ ព្រោះ​មិន​ដឹង​ថា​ តើ​តារា​ទាំង​នោះ​នឹ​ងមាន​ពេល​វេលា​ ឬ​ក៏​មាន​ចំណេះ​ដឹង​ខាង​ផ្នែក​អាយធី ឬ​ចេះ​រៀប​ចំប្លក​អត់​ទេ? ប្រសិន​បើ​អ្នក​ភូមិ​ដឹង​ជួយ​ប្រាប់​ផង?