ឆាខាត់ណាត្រីប្រាសំយ៉ុង


ថ្ងៃនេះចង់នែនាំមុខម្ហូបមួយមុខ ដែលញ៉ុមធ្លាប់ញ៉ាំនៅហាងមួយគឺ ឆាខាត់ណាត្រីប្រាសំយ៉ុង

គ្រឿងផ្សំ
ខាត់ណា ១/២ គឡ
ត្រីប្រាសំយ៉ុង ៣ខាំ
ស្ករត្នោត ១ស្លាបព្រាបាយ
ទឹកត្រី ១ស.ប
ម្សៅស៊ុបខ្នរ ១ស.ប
ប្រេងឆា ២ស.ប
ខ្ទឹមចិញ្ច្រាំ ១ស.ប
ន្ទេសក្រៀមដៃនាង ២-៣ផ្លែ

របៀបធ្វើ:
ដាក់ប្រេងឆាក្នុងខ្ទះអោយក្ដៅ រួចបំពងខ្ទឹម និងម្ទេសក្រៀមដៃនាងអោយឈ្ងុយ រួចដាក់ត្រីប្រាសំយ៉ុងដែលហាន់តូចៗ បន្ថែមស្ករត្នោត ទឹកត្រី និងម្សៅស៊ុបចូល រួចហើយ ដាក់គល់ខាត់ណា កូរអោយសព្វ និង ចាក់ទឹកបន្តិចចូល ភ្លក់មើលតាមចំណូលចិត្ត និងចុងក្រោយដាក់ស្លឹកខាត់ណា កូរអោយសព្វ រួចដួសដាក់ចានជាការស្រេច។

ទៅ​ម៉ាស្សា


បន្ទាប់​ពី​ការ​រវល់​២អាទិត្យ​នេះ​ជាប់​គ្នា​មក ញ៉ុម​ក៏​សំរេច​ចិត្ត​២នាក់​ប្រពន្ធ​នឹង​ទៅ​ម៉ាស្សា កំចាត់ភាពនឿយ​ណាយ និង​ការនឿយ​ហត់​ចេញ​ម្ដង! មាន​អី​ទៅ​ម្ដុំ​ទួល​ទំពូង កន្លែង​ម៉ាស្សា​តូច​មួយ​មិនជា​ល្បីទេ តែ​ថ្វីដៃ​ម៉ាស្សា​ហ្នឹង​កាលីប​បោះ​គេ​មែន គក់​ចុះ​ គក់​ឡើង ច្របាច់​អស់​ម៉ា​ទំហឹង កាច់​ចង្កេះ​ លឺសូរ​ផសៗ និង​ស្រៀវ​សព្វ​សសៃ​សសូង​អស់​ហើយ មាន​អី បំបាត់​ការ​នឿយ​ហត់​ និង​ការ​នឿយ​ណាយ​បាន​ច្រើនគួរសម មាន​អារម្មណ៍​ថា ស្រឡះ​ខ្លួន មិន​ឈឺសសៃសសូង​ទៀត​ឡើយ។ ង៉ៃ​ក្រោយ​បបួល​ប្រពន្ធ​ញ៉ុម​ទៅ​ទៀត ហិហិហិ។ ល្អ​ដែរ​ដែល​មាន​ប្រពន្ធ ទៅ​ជាមួយ​ បើ​មិន​អាចឹង​ទេ ញ៉ុម​ខ្លាច​ខូច​ខ្លួន​ណាស់! ហិហិហិ។ អរគុណ​ហាង​ម៉ាស្សា​ដែល​មាន​គុណធម៌ និង​រក្សា​ attitude បាន​ល្អ។

តាម​ការ​សង្គេត


ម្សិល​ម៉ិញ ញ៉ុមជិះ​ម៉ូតូ​ទៅ​ទិញ​ទូរទស្សន៍​ម៉ាគ្រឿង​អោយ​កន្លែង​ធ្វើ​ការ ចឹង​ជិះ​ពី​អូឡាំពិក​ទៅ​ម្ដុំ​ផ្សារ​ថ្មី ហើយ​ត្រឡប់​មក​វិញ​តាម​ផ្លូវ​ហ្សាល​ដឺហ្គោល និង​ត្រូវ​ទៅ​ម្ដុំ​ទួល​គោក​ទៀត ចឹង​ជិះ​សឹង​តែ​ជុំ​វិញ​អំពេញ​ហើយ។ តាម​ការ​ជិះ​ម៉ូតូ​ម៉ាព្រឹក​ ហើយ​ពេញអំពេញ ញ៉ុម​សង្គេត​ឃើញ​ថា ស្រុក​ខ្មែរ​យើង​នេះ​សំបូរ ឡាន ទំនើបៗ គ្រប់​ម៉ូដ គ្រប់​ម៉ាក់ និង​គ្រប់​កំលាំង​សេស! ហើយ​សង្គេត​ឃើញ​ថា មាន​ម៉ូតូ​ច្រើន​ប្រភេទ គ្រប់​ម៉ូដ គ្រប់​ម៉ាក គ្រប់​សេរី! ដល់​តា​អ្នក​ជិះ​កង់​ក៏​មាន​ច្រើន​គួរសម​ដែរ​ ដែល​ភាគ​ច្រើន​ជា​សិស្ស​។ តែ​អ្វី​ដែល​គួរ​អោយ​កត់​សំគាល់​គឺ​ ស៊ីក្លូ! អត់​សូវឃើញ​មាន​ស៊ីក្លូ​ជិះ​ជុំ​វិញ​អំពេញ​ដូចកាល​ពី​ឆ្នាំ​៩០ជាង​នោះ​ទេ។ ជិះ​ពេញ​ម៉ា​អំពេញ រក​ឃើញ​តែ​ស៊ី​ក្លូ​២ទៅ៣ ដែល​ជិះ​កាត់​មុខ​ញ៉ុម ចឹង​មិន​ដឹង​ថា​មាន​អ្នក​អភិរក្ស​ស៊ីក្លូអត់​ទេ បើ​មិន​ចឹង​ទេ ដាច់​ពូជ​បាត់​ដូច​រ៉ឺម៉ក​កង់​ចឹង! បើ​សួរ​ក្មេង​សម័យ​នេះ អត់​ស្គាល់​រ៉ឺម៉ក​កង់​ ដែល​ល្បី​ក្នុង​ទស្សវត្ស​ន័ទី៦០ទេ។

លេង​ចង់​ចូល​ភូមិ


ប៉ុន្មាន​ង៉ៃ​នេះ ដល់​តា​រវល់​ពេក​តូវ ហើយ​ដូច​ធុញ​ថប់​ម៉េច​ទេ លេង​ចង់​ចូល​លេង​ក្នុង​ភូមិ​វ៉ើត​ប្រេស​ទៀត​ហើយ ណា​មួយ​មើល​ទៅ​អ្នក​ភូមិ​ដូច​ជា​រវល់​និយាយរឿង​នយោបាយ រឿង​វៀត​ណាម រៀង​រដ្ឋាភិបាល។ ចឹង​តូវ​ញ៉ុម​អត់​សូវ​មាន​យោបល់​អី​គេ​ទេ ព្រោះ​ចេះ​តែ​ស្រែក​ច្រៀង សរសេរ​ចំរៀង​ លេង​ភ្លេង និង​រៀប​ចំខនស៊ើត​ទេ។

ឃើញ​អ្នក​ភូមិ​រវល់​ពេក​ចឹង​អត់​សូវ​មាន​អ្នក​មក​លេង​ផ្ទះ​ទៀត​ផង។ ប្រហែល​ញ៉ុម​មិន​សូវ​បាន​ទៅ​លេង​គាត់​ហើយ តែ​យ់ាង​ណា​ម៉ិញ​មិន​ចង់​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​អ្នក​ភូមិ​ទេ នៅ​តែ​ចង់រាប់​អាន​ចឹង។ ហិហិហិ ភូមិ​នេះ​សំបូរសប្បាយ​ណាស់!

ពាក្យ បាទ និង ចា៎


ចងដឹងថា តើខ្មែរយើងម៉េចក៏ប្រើពីរពាក្យខុសគ្នាក្នុងការឆ្លើយ ទៅកាន់អ្នកដែលហៅយើង គឺ បាទ សំរាប់មនុស្សប្រុស និង ចា៎ សំរាប់មនុស្សស្រី? អង់លេសមានតែមួយគឺ yes

ជួយប្រាប់ញ៉ុមផង ហេតុអីស្ដេចស្រុកយើងត្រូវឆ្លើយ ចា៎?

ង៉ៃ២០សីហាដឹងហើយ


ថ្ងែទី២០ សីហា ជាថ្ងៃដែលលទ្ធផលប្រលងរបស់សិស្សទុតិយភូមិចេញហើយ។ បើញ៉ុមចាំមិនភ្លេចពេលញ៉ុមប្រលង ជាង៉ៃដែលត្រជាក់ចុងដៃចុងជើង ភ័យអរៗ បុកពោះ ស្លេកស្លាំង រសាប់រសល់ នៅមិនសុខ ដេកមិនលក់ បក់មិនល្ហើយ បាយមិននឹក ទឹកមិនរក ។ល។ ពេលលទ្ធផលចេញ មានអ្នកយំ ព្រោះធ្លាក់ និងអរជ្រុលពេក ហើយក៏មានអ្នកសើចព្រោះជាប់

មានប្អូនណាក្នុងភូមិយើងនេះប្រលងទេឆ្នាំនេះ។

ស្រី​ខ្មែរ vs ស្រី​យួន


ញ៉ុម​ឃើញ​បង​ប្អូន​យើង​និយាយ​ច្រើន​ពី​បញ្ហា​ស្រីយួន​ ធ្វើ​អោយ​ប្រុស​ខ្មែរ​ឈ្លក់​វង្វេង ជាមួយ​នឹង​ដើម​ទ្រូង ហើយ​និង​សាច់​ដ៏​ស​ខ្ចី​របស់​ពួកនាង តែ​សំរាប់​ខ្ញុំ​វិញ ខ្ញុំ​យល់​ថា ស្រ្តី​ខ្មែរ​យើង មាន​លក្ខណះ​ល្អ​ប្រសើរ​ជាង​ពួក​គេ​ឆ្ងាយ​ណាស់។ មាន​មិត្ត​ភក្តិ​ញ៉ុម​មួយ​ចំនួន​គាត់​គិត​ថា ញ៉ុម​នឹង​យក​ប្រពន្ធ​បរទេស ជា​ស្រីមក​ពី​ប៉ែក​អឺ​រ៉ុប​ ហើយ ដោយ​ព្រោះ​តែ​លក្ខណះ​របស់​ខ្ញុំស្រដៀង​បរទេសបន្តិច ទាំង​ការ​និយាយ​ស្ដី ញ៉ុម​និយាយ​ខ្មែរ​លែង​សូវ​ច្បាស់​ ហើយ​ដោយ​ជារៀង​រាល់​ង៉ៃ​ញ៉ុម​និយាយ​អង់​លេស​រហូត។ តែ​ញ៉ុម​បាន​ប្រាប់​គេ​ថា ញ៉ុម​ចង់​បាន​ប្រពន្ធ​ខ្មែរ បើ​យក​បរទេស​នោះ ស្រី​ខ្មែរ​ច្បាស់ជាសល់​គជើង​គ្នា​ហើយ ហិហិហិ។

តាម​ញ៉ុម​យល់ ស្រ្តី​ខ្មែរ​យើង​គឺ​ល្អ​សក្ដិសម​នឹង​បុរស​ខ្មែរ​ពិត​ប្រាកដ ដោយ​ឡែក​ស្រី​យួន គឺ​ល្អ​សំរាប់ប្រុស​យួនទេ។

មុខ​វាំង​អត់ស្អាត អត់​រំភើប


ម្សិល​ម៉ិញ​ពេល​ល្ងាច ញ៉ុម​គិត​ថា​នាំ ប្រពន្ធ​កូន​ទៅ​លេង​មុខ​វាំង​ម្ដង ព្រោះ​ខាន​បាន​ទៅ​លេង​នៅ​មុខ​វាំង​ហ្នឹង​ជិត​កន្លះ​ឆ្នាំ​ហើយ ទោះ​បី​រស់​នៅ​អំពេញ​ក៏​ដោយ​ចុះ។

ដល់​ពេល​ទៅ​ដល់​មុខ​វាំង​ ចង់​អស់​សង្ឃឹម​ ហើយ​ចង់​លោត​ទឹក​មុខ​វាំង​ម៉េច​ទេ ព្រោះ​អី​ទិដ្ឋ​ភាព​នៅ​ពេល​ហ្នឹង​ ដូច​ជា​កំសត់ អត់ជីវិត​ម៉េច​មិន​ដឹង​ទេ! ស្ងាត់ មិន​សូវ​អ៊ូអរ វាំង​ស្រុក​ខ្មែរ​យើង​ទៀត​មិន​មាន​ភ្លើង​ពណ៌​អី​អោយ​ទាក់​ទាញ​ខ្លាំង​ទេ មើល​ទៅ​ដូច​ជា​មាន​អារម្មណ៍​កណ្ដោច​កណ្ដែង​ម៉េច​មិន​ដឹង​ទេ។

ទោះ​បី​មិន​ទាន់​ដល់​រដូវ​បុណ្យ​ទាន​អី​ក៏​ដោយ ក៏​គួរ​អោយ​វាំង​ខ្មែរ​មាន​សម្រស់​គួរ​អោយ​ទាក់​ទាញ​តិច​ដែរ​ទៅ ព្រោះ​អី​ពេល​បរទេស​មក​លេង​ស្រុក​ខ្មែរ គឺ​គេ​ចង់​ទៅ​ទស្សនា​ព្រះបរមរាជវាំង​ខ្មែរ។ ហឺ!!គិត​ទៅ​គេ​ទៅ​លេង​តែ ពេល​ថ្ងៃ ដល់​ពេល​យប់​មើល​ទៅ​ទិដ្ឋ​ភាព​វាំង​យើង​អន្លង់អន្លោច​ណាស់។ អស់សម្រស់​ហើយ!

បើ​ថា​វាំង​ទៅ​មិន​សូវ​មាន​សម្រស់ ដល់​ថ្នាក់​សួន​មុខ​វាំង​ហ្នឹង​អត់​សូវ​មាន​សម្រស់​ទាក់​ទាញ​ទៀត។ ចប់​ហើយ លើក​ក្រោយ​លែងនាំ​គ្រួសារញ៉ុម​ទៅ​មុខ​វាំង​ហើយ ខ្លាង យំ​ស្រណោះ​ខ្លួន​បោក​ស្លាប់ ព្រោះ​តែ​វាំង​ខ្មែរ មើល​ទៅ គួរ​អោយ​ស្រណោះ​ទៀត។

សាច់មាន់ឡើងថ្លៃ សាច់ជ្រូកអត់មានអ្នកញ៉ាំ


ព្រឹកម៉ិញម្ដាយក្មេកញ៉ុមទៅផ្សារទិញម្ហូប គាតទិញមាន់មួយមកតម្លៃ ៛២៤០០០ ថ្លៃណាស់ គាតថាអត់ចង់ខសាច់ជ្រូកទេព្រោះលឺថា ជ្រូកក្បាលខៀវនាំចូលពីវៀតណាម ជាជ្រូកឈឺ យកមកកាប់សាច់លក់នៅស្រុកខ្មែរ។

អ្នកភូមិអើយមានដឹងពីរឿងនេះទេ?

ការ៉ាស់ឡាន


មានអ្នកណាអាចជួយនែនាំការ៉ាសឡានណាមួយដែលល្អ ហើយទុកចិត្ត និងតម្លៃគួរសមទេ?ឡានញ៉ុមត្រូវជួសជុស ចឹងទៅអត់ដឹងថាការ៉ាសមួយណាល្អទេ។ បើដឹង សូមអាណិតដល់ញ៉ុមផង។

បង់​ពន្ធ​ទៀត​ហើយ


ដល់​ពេល​ដែល​នាយក​ដ្ឋាន​ពន្ធ​ដារ​មាន​លាភ​ទៀត​ហើយ​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។ ការ​បង់​ពន្ធ​រថយន្ត និង​ទោរចក្រយានយន្ត​គ្រប់​ប្រភេទ​នឹង​ចាប់​ផ្ដើម​តំណើរ​ការ​ហើយ។

មិត្ត​ភក្តិ​របស់​ខ្ញុំ​បាន​ទៅ​ទិញ​ពន្ធ​ម៉ូតូ​របស់​គាត់​តំលៃ៥០០០៛ សំរាប់​ពន្ធ​ម៉ូតូ​របស់គាត់ តែ​តាម​ពិត​ទៅក្រដាស់តែម​ពន្ធ​ហ្នឹង​ដាក់​តម្លៃ​តែ​៣០០០៛​ទេ ចឹង​មាន​ន័យ​ថា​ថ្លៃ​ទឹក​ប៉ិច​សំរាប់​ភ្នាក់​ងារ​លក់​ពន្ធ​នឹង​ទារ​រហូត​ដល់​តែ​ ២០០០៛ បើ​ចឹង​គាត់​ម៉ាលើក​នេះ​គ្រប់​ទឹក​ហើយ។ អាណិត​ខ្លួន​ណាស់​ខ្ញុំ ព្រោះ​ត្រូវទិញ​ពន្ធ​ម៉ូតូ ហើយ​ត្រូវ​ទិញ​ពន្ធ​ឡាន​ទៀត។ វិល​មុខ​ណាស់​ខ្ញុំ ព្រោះ​មិន​មែន​កូន​សេដ្ឋីណា៎ យ៉ាង​ហោច​ណាស់ចំណាយ​អស់​ប្រហែល​ជា​ជាង​ដប់​ម៉ីន​សំរាប់ពន្ធ​ឡាន​ និង​ម៉ូតូ។ ខែ​នេះ​សិលអំប៊ី​ហើយ។

អត់​គោរព​ច្បាប់​ចរាចរណ៍


ម្សិល​ម៉ិញ ចង់​ចុះ​វ៉ៃ​ហ្មង​តែ​ខ្លាចគេ​វ៉ៃ​វិញ និង​ខ្លាច​ឈឺ​សាច់​ដែរ​ហ្នឹង​ណាស់ ណា​មួយ​ខ្លាច​មាន​គេ​ស្គាល់​ដែរ​ហ្នឹង​ណា​ បើ​ចឹង​ទៅ​វ៉ៃ​គេ​ទៅ​នាំ បាក់​មុខ​ និងខូច​កិត្តិ​យស​ខ្លួន​ឯង​ទៀត​ ព្រោះ​ខ្ញុំ​ជា… ហិហិហិ

បើ​និយាយ​ពី​រឿង​ចង់​វ៉ៃ​វិញ​គឺ​វ៉ៃ​អ្នក​ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍ ពេល​ដល់​ភ្លើង​ស្តុប​នៅ​ផ្សារ​ដើមគរ​ ខ្ញុំ​ក៏​បង្អង់​ល្បើន ព្រោះ​អី​ភ្លើង​ចរាចរណ៍​ហ្នឹង​វា​ពណ៌លឿង​ទៅ​ហើយ ដល់​ទៅ​ដល់​ស្នាមគំនូស​កាត់​ទទឹង​ថ្នល់​ខ្ញុំ​ក៏​ឈប់​តែ​ស្រាប់​តែ​មាន​ម៉ូតូ​មួយ​វ៉ា​វេវ ក្នុង​កំឡុង​មាន​ភ្លើង​ស្តុបពណ៌ក្រហម ហើយ​ ម៉ា​សន្ទុះ​មាន​ឡាន​មួយ​ពី​ក្រោយ​ ស៊ី​ផ្លេ ទីត ទីត ប្រាប់​អោយ​ខ្ញុំ​ទៅមុខ តែ​ខ្ញុំ​អត់​ទៅ​រ៉េ ស្រាប់​តែ​ស៊ី​ផ្លេ​កាន់​តែ ខ្លាំង​ឡើង​ៗ ចឹង​ទៅ​ខ្ញុំ​ក៏​ងាក​តិច​ទៅ​ ហើយ​ឡាន​នោះ​ក៏​ប្រជ្រៀត​ទៅ​ទាំង​ភ្លើង​ស្តុប​កំពុង​តែ​ក្រហមហ្នឹង។ គេ​បើក​កញ្ចក់​តិច​មើល​មុខ​ខ្ញុំ​សំដែង​ថា “ប្រយត្ន័​ខ្លួន​ហ្អែង!” ខ្ញុំ​នោះ​ពេល​គេ​បើក​កញ្ចក់​ ញរ័​បាត់​ទៅ​ហើយ ខ្លាច​តែ​គេ​ដក​កាំ​ភ្លើង​មក កេះ​កៃ​ទៅ ខ្ញុំ​ច្បាស់​ជា​ចុះ​នៅ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​ និង​នឹង​ទៅ​ឋាន​សួគ៌បាត់​ហើយ។

ហ្អើយ! ហេតុ​តែ ចង់​ធ្វើ​ជា​ពល​រដ្ឋ​ល្អ គោរព​ច្បាប់​ចរាចរណ៌​តែ​អារឿង​ធ្វើ​កិច្ច​ការ​ល្អ​ហ្នឹង​មនុស្ស​ដូច​ជា​មិន​សូវ​ទទួល​យក​ប៉ុន្មាន​ទេ អារឿង​បំពាន​ច្បាប់​នោះ​មនុស្ស​ប្រឹងធ្វើ​រាល់​តែ​ថ្ងៃ! ជួយ​គិត​ពិចារណា​ខ្ញុំ​ផង​បងប្អូន​អើយ!

លុយ ៛ និង $


នឹកឆ្ងល់យូរហើយ ពីរឿងស្រុកយើងម៉ាម៉ាត់ណាក៏គិតលុយជាដុល្លាដែរចុះបាត់លុយ៛ទៅណាអស់ហើយ? តាមហាងទំនិញទំនើបៗ អត់មានដាក់តម្លៃលើផលិតផលជាលុយ៛ទេ សុទ្ធតែដុល្លាទាំងអស់។

ប្រទេសគេជុំវិញ តាមហាងផ្សេងៗគឺអត់ដាក់ដុល្លាទេ គឺប្រើប្រាស់លុយក្នុងស្រុកគេតាហ្មង។ នោះបង្ហាញថាប្រទេសគេអាចរក្សានូវអ្វីដែលជាលក្ខណះអត្តសញ្ញាណជាតិរបស់គេ លើកលែងតែស្រុកខ្មែរមួយនៅអាស៊ី តាមហាងគឺគិតជាដុល្លា សូម្បីតែផ្សារត្រី ក៏គិតជាដុល្លាដែរពេលខ្លះនោះ។

វ៉ុលទី៤


នេះ​ជា​វ៉ុល​ទី៤​របស់​ពូក​ខ្ញុំ​ ជិត​ចេញ​លក់​ហើយ តែ​មិន​បាន​លក់​ចេញ​ទូលំទូលាយ​នៅ​លើ​ទី​ផ្សា​ធម្មតា​ទេ ព្រោះ​អី​ជា​ស៊ីឌី​ចម្រៀង​គ្រិស្ត​បរិស័ទ អាចឹង​មាន​តែ​លក់​នៅ​បណ្ណាគារ​គ្រិស្ត​បរិស័ទ​ទេ។

ភាគ​ច្រើន​នៃ​បទ​ចំរៀង​គឺ​និពន្ធ​ទំនុក និង​បទភ្លេង​ដោយ​ក្រុម​ខ្ញុំ​តែ​ម្ដង មិន​បាន​ចម្លង​ចេញ​ពី​ផលិត​កម្ម​ណា ឬ​ក្រុម​ចម្រៀង​ណាមួយ​ឡើយ។ គ្រប់​បទ គឺ​សុទ្ធ សឹង​តែ ចេញ​មក​ពី​បទ​ពិសោធន៍​ពិត​ប្រាកដរបស់​ក្រុម​ខ្ញុំ​ជាមួយ​នឹង​ព្រះជាម្ចាស់ ហើយ​គ្រប់​បទ​នីមួយៗ​គឺ​និពន្ធ​ឡើង​ក្នុង​គោល​បំណង តម្កើង​ដល់​ព្រះ​របស់​យើង​ដែរ។

ខ្ញុំ​ក៏​ជឿ​ថា​បទ​នីមួយ​ៗ​បាន​ប្រាប់​ពី​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​របស់​មនុស្ស​នឹង​ព្រះ​ ហើយ ជា​ទំនាក់​ទំនង​ដែល​គ្មាន​ការ​ប្រេះ​ស្រាំ។

ក្នុង​ចំណោម​បទ​ទាំង​នោះ​មាន​ជាង​ពាក់​កណ្ដាល​ដែល​ខ្ញុំ​បាន​និពន្ធ និង​ច្រៀង​ផ្ទាល់ ហើយ​បទ​ខ្លះ​ក៏​និពន្ធ​ជាង​៥​ឆ្នាំ​ហើយ​ តែ​មិន​ដែល​យក​មក​ច្រៀង​ទេ ព្រោះ​មិន​មាន​អារម្មណ៍​ថា​ដល់​ពេល​កំណត់​ដែល​ត្រូវ​ច្រៀង។

ប្រសិន​បើ ជា​គ្រិស្ត​បរិស័ទ សូម​ទៅ​រក​មើល​នៅ​បណ្ណាគារ​គ្រួសារ ព្រោះ​មាន​ដាក់​លក់​នៅ​ទី​នោះ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ!

ដាក់​វិចជិត​ចំរៀង


ខ្ញុំ​បាន​ដាក់​វិចជិត​នៅ​ផ្នែក​ខាងស្ដាំ​នៃ​ទំពរ័​របស់​ខ្ញុំ​ហើយ អាចឹង​លោក​អ្នក​អាច​ស្ដាប់​ចំរៀង និង​ទាញ​យក​មក​ស្ដាប់​បាន។ ខ្ញុំ​នឹង​បន្ថែម​បទ​ថ្មីៗ​ទៀត​នៅ​លើ​វិចជិត​ហ្នឹង​ដើម្បី​ចែក​រំលែក​ ដល់​អ្នក​ដែល​ចូល​ចិត្ត​ចំរៀង។