រសាប់​រសល់


មិន​ដឹង​ជា​មាន​រឿង​ស្អី​ទេ ប៉ុន្មាន​ថ្ងៃ​នេះ​ ចេះ​តែ​រសាប់​រសល់​រក​ធ្វើ​អី​មិន​ត្រូវ​ទាល់​តែ​សោះ! ក្នុង​ចិត្ត​ពេល​ខ្លះ​រំភើប​ តែ​ពេល​ខ្លះ​ទៀត​ដូច​ជាភ័យអរៗ។ នេះ​ប្រហែល​ជា​ដោយ​សារ​តែ​ខ្ញុំ​ហ្នឹង​អន្ទះ​សារ​ចង់​ឃើញ​មុខ​កូន​ខ្លាំង​ពេក​ហើយ! វា​ពិត​មែន ខ្ញុំ​ពិត​ជា​អន្ទះ​សារ​ចង់​ដាច់ខ្យល់​ម្ដងៗ​ហើយ​ ពេល​ដែល​ដឹង​ថា​ ដល់​ពេល​កំណត់​ដែល​កូន​ត្រូវ​កើត​មក​ តែមិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​អ្វី​ច្រើន​សោះ។

 កាល​ពី​ម្សិល​ម៉ិញ បន្ទាប់​ពី​សំរាក​ថ្ងៃ​ហើយ ក៏​ងើប​ងូត​ទឹក​នឹង​ត្រៀម​ខ្លួន​ដើម្បី​ចេញ​ទៅ​ធ្វើ​ការ​ តែ​ងូត​ទឹក​ហើយ​ត្រូវ​សិត​សក់ មិន​ទៅ​ទាញ​ក្រាស់​សិត​សក់​បែរ​ជា​ទាញ​ប្រដាប់​បញ្ជារទូរទស្សន៍​មិន​សិត​សក់​វិញ។ ប្រពន្ធ​ខ្ញុំ​តាម​សម្លឹង​មើល​ខ្ញុំ ហើយ​គាត់​ក៏​សើច​យ៉ាង​ខ្លាំង ខ្ញុំ​នេះ​វិញ​ហួស​ចិត្ត​មិន​ដឹង​ធ្វើ​អី ខ្មាស់​ប្រពន្ធ​ផង​ អៀន​ផង ក៏​យក​ប្រដាប់​បញ្ជារ​ទូរទស្សន៍​មក​ទុក​វិញ ហើយ​យក​ក្រាស់​មិន​សិត​សក់​ធម្ម​តា​វិញ។ ទាំង​ពីរ​នាក់​សើច​ដាក់​គ្នា​ទាំង​ហួស​ចិត្ត។

ដល់​ពេល​ល្ងាច​នឹក​ចង់​អោយ​ប្រពន្ធ​ញ៉ាំ​អី​ឆ្ងាញ់ៗ មុន​នឹង​សំរាល​កូន​ក៏​នឹក​ចង់​ទៅ​ញ៉ាំ​នៅ​ឯ The Pizza company។ យើង​បាន​​កម៉្មង់​ម្ហូប​ជា​ច្រើន​ដូចជា Extrem Pizza with 3 layers crush and half meat lover and half of other flavor, 10 wings mixed, and spagetti ham and mushroom។ អូយ! អ្វី​ៗ​មើល​ទៅ​គួរ​អោយ​ចង់​ញ៉ាំ ដាក់​បាន​តែ​មួយ​ម៉ាត់ ប្រពន្ធ​ប្រាប់​ថា​ឈឺ​ចង្កេះ​កាន់​តែ​ខ្លាំង​ទៅ​ៗ (រោគ​សញ្ញា​សំរាប់​អ្នក​ដែល​ជិត​សំរាល​កូន) ហើយ​ខ្ញុំ​នេះ​វិញ​គ្រាន់​តែ​លឺ​អីចឹង ញ័រ​ដៃ​ញ័រ​ជើង ញ៉ាំ​អី​លែង​បាន ក្នុង​ក្រពះ​នោះ​ហាក់​ដូច​ជា​ពេញ ឯ​ខ្លួន​ប្រាណ​វិញ​ក្ដៅ​បន្តិច រងារ​បន្តិច ដូច​ចង់​គ្រុន​ម៉េច​មិនដឹង​ទេ! ហ្អើយ! ឲ្យ​តែ​យ៉ាង​ហ្នឹង​ញឹក​ញ៉ាប់​ទៅ​ យ៉ាប់​ហើយ​ខ្ញុំ។ ប្រពន្ធ​ខ្ញុំ​ប្រាប់​ថា take it easy កូន​មិន​ទាន់​កើត​ទេ គ្រាន់​តែ​ឈឺ​ចង្កេះ​ប៉ុណ្ណោះ! តែ​ខ្ញុំ​នេះ​វា​ទ្រាំមិន​បានសោះ។

យប់​ម៉ិញ​ដេក​មិន​សូវ​លក់ ចេះ​តែ​បំរះ​ចុះ​បំរះ​ឡើង ដេក​ភ្ញាក់ៗ ព្រោះ​ខ្លាច​ប្រពន្ធ​ឈឺ​ពោះ​! សំរាប់​ថ្ងៃ​នេះវិញ មក​ដល់​កន្លែង​ធ្វើ​ការ ក្នុង​ចិត្ត​នេះ​នៅ​តែ​នៅ​មិន​សុខ ចាប់​នេះ​ខុស ចាប់​នោះ​ខុស! ហឹម! យ៉ាប់​ហ្មង​ខ្ញុំ​នេះ។ តែ​យ៉ាង​ណា​ក៏​ដោយ​ត្រូវ​ធ្វើ​ចិត្ត​អោយ​បាន គង់​តែ បាន​ជួប​មុខ​កូន​ទេ បើ​មិន​ថ្ងៃនេះ គង់​តែ​ថ្ងៃ​ស្អែក​ទេ!

បទ​ពិសោធន៍​នៃ​ជីវិត


តើ​អ្នក​មាន​បទ​ពិសោធន៍​ក្នុង​ជីវិត​ដែល​អ្នក​មិន​ចូល​ចិត្តទេ? ហើយ​តាម​រយះ​បទ​ពិសោធន៍​នោះ ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា? តើ​ការ​ឆ្លើយ​តប​របស់​អ្នក​ចំពោះ​អ្វី​ដែល​អ្នក​មិន​ចូល​ចិត្ត ដោយ​របៀប​ណា​ដែរ?

មាន​បទ​ពិសោធន៍​ជា​ច្រើន​ដែល​អ្នក​ជួប​ប្រទះ​ក្នុង​ជីវិតរស់​នៅ​សព្វ​ថ្ងៃ​នេះ។ យើង​អាច​បែង​ចែក​នូវ​បទ​ពិសោធន៍​នោះ​ជា​២គឺ ល្អ និង​អាក្រក់។ មនុស្ស​គ្រប់​ៗ​គ្នា​តែង​តែ​ចង់​ជួប​ប្រទះ​នូវ​បទ​ពិសោធន៍​ដែល​ល្អៗ​ប៉ុណ្ណោះ និង​ជៀស​វាង​អ្វី​ដែល​អាក្រក់។ ពិត​មែន​សូម្បី​តែ​ខ្ញុំ​ក៏​មិន​ចូល​ចិត្ត​អ្វី​ដែល​អាក្រក់ៗ​នោះ​ដែរ ព្រោះ​វា​នឹង​បន្សល់​នូវ​​ ស្លាក​ស្នាម​នៃ​ជីវិត​ ដែល​មាន​តែ​ការ​ឈឺ​ចាប់​នឹង​ការ​ស្ដាយ​ក្រោយ​តែ​ប៉ុណ្ណោះ។​ ចំពោះ​អ្វីៗ​ដែល​ល្អ​វិញ គឺ​សុំ​អោយ​ជួប​ជារៀង​រហូត តែ​យ៉ាង​ណា​វិញ យើង​មិន​អាច​អត់​មាន​បទ​ពិសោធន៍​ណា​មួយ​នៅ​ក្នុង​ជីវិត​របស់​យើង​បាន​ឡើយ ទោះ​ល្អ ឬ​អាក្រក់។ ដើម្បី​អោយ​ជីវិត​ពេញលក្ខណះ យើង​ត្រូវ​ហ៊ាន​ប្រឈម​មុខ​ជាមួយ​បទ​ពិសោធន៍​នោះ​ទាំង២។

បទ​ពិសោធន៍​ទាំង​នោះ​នឹង​បង្រៀន​យើង នឹង​ពង្រឹង​យើង ក្នុង​ការ​រស់​នៅ​អោយ​មាន​លក្ខណះ​សម​ស្រប និងដឹង​ខ្នាត​ពី​គ្រប់​ជ្រុង​ជ្រោយ​នៃ​ជីវិត។ ការ​អ្វី​ដែល​សំខាន់​នោះ មិន​មែន​អាស្រ័យ​ទៅ​លើ​បទពិសោធន៍​ទាំង​នោះ​តែ​មួយ​មុខ​ទេ គឺ​តើ​អ្នក​ទទួល នឹង​ឆ្លើយ​តប​ទៅ​កាន់​បទ​ពិសោធន៍​នោះ​ដោយរបៀប​ណា?

តើ​អ្នក​មាន​បទ​ពិសោធន៍​ណា​ដែល​ល្អ ចង់​ប្រាប់​យើង​ទេ? ចុះ​អ្វី​ដែល​មិន​ល្អ​វិញ តើ​អ្នក​ប្រឈម​មុខ​ជាមួយ​នឹង​វា​ដោយ​របៀប​ណា?

យូអីក៏​យូ​ម្លេះ!


ខ្ញុំ​បាន​រង់​ចាំ​អស់​រយះ​ពេល​ជា​ច្រើន​ខែ​កន្លង​មក​ហើយ​ ដើម្បី​ទទួល​ស្វាគមន៍​កូន​ស្រី​របស់​ខ្ញុំ សូហ្វីយ៉ា ដែល​នឹង​កើត​មក​នា​ពេល​ឆាប់ៗ​នេះ។ តាម​ពិត​ទៅ​ គាត់​ត្រូវ​កើត​ក្នុង​សប្ដាហ៍​នេះ​ហើយ តែ​ចិត្ត​ជា​ឳពុក​នេះ មិន​អាច​រង់​ចាំ​ទៀត​ឡើយ!

​មិន​ដឹង​ជា​យ៉ាង​ម៉េច​ទេ! ចេះ​តែ​ចង់​ឃើញ​កូន​អោយ​បាន​ឆាប់ៗ មិន​ដឹង​ជា​គាត់​កាត់​ទៅ​ខាង​ណាច្រើន​ជាង ម្យ៉ាង​ទៀត​ចង់​បីបម​ថ្នាក់​ថ្នមគាត់​នៅ​ក្នុង​រង្វង់​ដៃ​របស់​ខ្ញុំ​ទៀត​ដែរ!

កំពុង​តែ​រង់​ចាំ…


ការ​រង់​ចាំ​អ្វី​មួយ​ធ្វើ​អោយ​យើង​ទ្រាំ​មិន​បាន! ព្រោះ​អ្វី​ដែល​យើង​ចង់​បាន និ​ង​ត្រូវ​ការ​នោះ​មាន​សារះ​សំខាន់​សំរាប់​ខ្លួន​យើង​ពេក! ដូច​ជា​ពេល​បច្ចុប្បន្ន​នេះ ខ្ញុំ​កំពុង​រង់​ចាំ​ឱកាស​ក្នុង​ការ​ទិញ​ទូរសព្ទ័​ដៃ​ទំនើប​មួយ​គ្រឿង​សំរាប់​ប្រើ​ប្រាស់ តែ​ឱកាស​ក្នុង​ការ​ដែល​មាន​ថវិការ​ទិញ​នោះ វា​ស្ដួច​ស្ដើង​ពេក ដូច្នេះ​ត្រូវ​រង់​ចាំ​បន្ត​ទៀត!

ខ្ញុំ​បាន​រៀន​មេ​រៀន​មួយ​ក្នុង​ចំណោម​មេ​រៀន​ជា​ច្រើន​ដែល​មាន​នៅ​ក្នុង​ការ​រង់​ចាំ​នោះ​គឺ ការ​រង់​ចាំ​របស់​ដែល​សំខាន់​ក្នុង​ជីវិត​របស់​យើង​ នឹង​ពង្រីក​នូវ​ការ​អត់ធ្មត់​របស់​យើង! ខ្ញុំ​យល់​ឃើញ​ថា មាន​ការ​អត់ធ្មត់​ច្រើន​ជា​មុន​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ! តែ​អ្វី​ដែល​សំខាន់​​ដែល​ខ្ញុំ​កំពុង​រង់​ចាំ​នោះមិន​មែន​ជា​ទូរសព្ទ័​ដែល​ខ្ញុំ​ចង់​បាន ឬ​មិន​មែ​ន​អ្វី​ផ្សេង​ទៀត​ឡើយ ​គឺ កូន​ស្រី របស់​ខ្ញុំ ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ! ខ្ញុំ​ពិត​ជា​ចង់​ក្លាយ​ជា​ឳពុក​របស់​កូន​ស្រី​ខ្ញុំ! ខ្ញុំ​ចង់​ពង្រីក​សមត្ថ​ភាព​ខ្ញុំ​ថែម​ទៀត​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​មនុស្ស​ពេញ​វ័យ និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់!

ខ្ញុំ​សង្ឃឹម​ថា​ ការ​អត់​ធ្មត់​ទន្ទឹង​រង់ចាំរបស់​ខ្ញុំ​ជាមួយ​នឹង​ភរិយា​របស់​ខ្ញុំ​អស់​រយះ​ពេល​ជាង​៩ខែ​កន្លង​មក​នេះ នឹង​ផ្ដល់​ផល​ល្អ ហើយ​នឹង​ផ្ដល់​នូវ​ការ​ផ្លាស់​ប្រែ​មួយ​យ៉ាង​ធំ​នៅ​ក្នុង​ជីវិត​របស់​យើង។

ចុះ​អ្នក​វិញ តើ​អ្នក​កំពុង​រង់​ចាំ​អ្វី? ហើយ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​ការ​រង់​ចាំ​ដ៏​មាន​តម្លៃ​របស់​អ្នក​នោះ?

ការ​ផ្លាស់​ប្រែ​មួយ​ដ៏​ធំ


Seiha
Seiha

នៅ​ក្នុង​តំណាក់​កាល​នៃ​ជីវិត​រស់​នៅ​របស់​យើង​តែង​តែ​ជួប​ប្រទះ​នូវ​ការ​ផ្លាស់​ប្រែ​ជាលំដាប់ ដូចជា កាល​នៅ​ពី​ជា​ទារក យើង​ត្រូវ​ទទួលការ​ចិញ្ចឹម​បី​បាច់​ថែ​រក្សាពីឳពុកម្ដាយ​ រហូត​ដល់​គ្រប់​អាយុក្នុង​ការ​ចូល​រៀន យើង​ត្រូវ​ឃ្លាត​ពី​ឳពុក​ម្ដាយ​មួយ​រយះ​តូច​ក្នុង​ការ​ទៅ​សិក្សា រហូត​ដល់​ធំពេញ​វ័យ​ និង​គ្រប់​រៀប​ការ យើង​ត្រូវ​ទទួល​ការ​ផ្លាស់​ប្រែ​មួយ​ដ៏​ធំ​ទៀត​គឺ​ការ​ផ្លាស់​ប្រែ​ពី​ភាព​ជា​នៅ​លីវ ចូល​ទៅ​ដល់​ការ​មាន​គ្រួ​សារ។

ខ្ញុំ​បាន​ឆ្លង​កាត់​នូវ​ការ​ផ្លាស់​ប្រែ​ទាំង​នេះ! មក​ដល់​នឹង​ពេល​នេះ ខ្ញុំ​និង​ភរិយា​របស់​ខ្ញុំ​បាន​រៀប​ការ​ជាង​២​ឆ្នាំ​ហើយ ក្នុង​រយះ​ពេល​២​ឆ្នាំ​ជាង​កន្លង​មក​នេះ យើង​បាន​ពើប​ប្រទះ​នូវ​រឿង​រ៉ាវ​ជា​ច្រើន​ក្នុង​ជីវិត​របស់​យើង​ដែល​បង្រៀន​យើង​ពី​ការ​រស់​នៅ​របស់​ក្រុម​គ្រួសារ២​ដែល​មាន​ទម្លាប់​រស់​នៅ​ខុស​ប្លែក​គ្នា​រហូត​ដល់​បាន​​ស៊ាំ​ជាមួយ​នឹង​ទម្លាប់​ទាំង​នេះ។

មក​ដល់​បច្ចុប្បន្ន​នេះ សីហា មាន​ផ្ទៃ​ពោះ​នឹង​ជិត​គ្រប់​ខែ​ក្នុង​ខែ​កញ្ញា​នេះ​តែ​ម្ដង។ សូហ្វីយ៉ា ហ្គ្រេស​ ពិសិដ្ឋ នឹង​ទៅជា​កូន​ស្រី​របស់​យើង ហើយ​ជាមួយ​កូន​នេះ ការ​ផ្លាស់​ប្រែ​ដ៏​ថ្មី​មួយ​ទៀត​ដែល​យើង​ត្រូវ​ត្រៀម​ខ្លួន​ទទួល​ក្នុង​ការ​ធ្វើ​ជា​ឳពុក​ម្ដាយ​របស់​គេ។ មិន​ដែល​មាន​សាលា​បង្រៀន​យើង​ អោយ​ធ្វើ​ជា​ឳ​ពុក​ម្ដាយ​ និង​បង្រៀន​យើង​ពី​របៀប​ចិញ្ចឹម​កូន​នោះ​ឡើយ! តែ​យ៉ាង​ណា​មិញ យើង​សង្ឃឹម​ថា យើង​នឹង​ធ្វើ​ជា​ឳ​ពុក​ម្ដាយ​ដ៏​ល្អ​សំរាប់​កូន​ស្រី​របស់​យើង ជាមួយ​នឹង​ការ​ប្រៀន​ប្រដៅ​ទៅ​តាម​លក្ខណះ​នៃ​សេចក្ដី​ស្រឡាញ់ និង​ការ​បង្រៀន​អោយ​ដើរ​តាម​មាគ៌ា​របស់​ព្រះ ជាម្ចាស់។ ព្រះ​អង្គ​បាន​ប្រទាន​កូន​ស្រី​មួយ​នេះ​ជា​អំណោយ​ និង​ជា​ចំណង​ដៃ​សំរាប់​អាពាហ៍​ពិពាហ៍​របស់​យើង ហើយ​យើង​នឹង​ទទួល​​យក​នូវ​ព្រះ​ពរ​នេះ​សំរាប់​ជីវិត​របស់​យើង និងស្រឡាញ់​កូន​ស្រី​របស់​យើង​អោយ​អស់​ពី​ដួង​ចិត្ត និង​ព្យាយាម​ផ្គត់ផ្គង់​គ្រប់​បែប​យ៉ាង​ ដើម្បី​អោយ​កូន​ស្រី​នេះ ជា​អ្នក​ដ៏​ជា​ទី​ស្រឡាញ់​សំរាប់​អ្នក​ផង​ទាំង​ពួង។