ជា​ស្វា​មី​ ភរិយា ត្រូវ​ចេះ​ថ្នម​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក


ពេល​​ដែល​យើង​រៀប​ការ​ជាមួយ​នរណា​ម្នាក់ វា​ជា​ការ​សម្រេច​ចិត្ត​មួយ​ ដែល​ធំ​បំផុត នៅ​ក្នុង​ជីវិត​របស់​យើង។ តោង​ដឹង​ថា យើង​នឹង​ត្រូវ​រស់​នៅ​ជាមួយ​ដៃ​គូរ​របស់​យើង​អស់​មួយ​ជីវិត។ នៅ​ពេល​ដែល​យើង​រៀប​ការ នោះ​ជីវិត​២នាក់​នឹង​រួម​មក​តែ​មួយ! ជា​ប្ដី​ជា​ប្រពន្ធ គឺ​យើង​នឹង​ក្លាយ​មក​ជា​រូប​កាយ​តែ​មួយ​ដោយ​សារ​ចំណង​នៃ​អាពាហ៍ពិពាហ៍។

ក្នុង​​ពេល​នេះ​ ខ្ញុំ​និយាយ​ក្នុង​នាម​ជា​ប្ដី​មួយ​រូប និង​បាន​ឆ្លង​កាត់​បទពិសោធន៍​រៀប​ការ​ជាង​៤​ឆ្នាំ​កន្លង​មក​នេះ។ ទោះបី​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ​នៅ​ក្មេង​ខ្ចី​ក្ដី ខ្ញុំ​រៀន​បាន​អ្វី​ៗ​ថ្មីៗ​ជា​ច្រើន ក្នុង​ទំនាក់​ទំនង​នៃ​ជីវិត​អាពាហ៍​ពិពាហ៍ ហើយ​ខ្ញុំ​នឹងរៀន​មិន​ដែល​ចប់​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ នោះ​ខ្ញុំ​ក៏​ដឹង​ថា ខ្ញុំ​នឹង​បញ្ចប់​ថ្នាក់​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​បាន​លាចាក​ពី​លោក​នេះ​ទៅ។ ចំណុច​មួយ​នៃ​ចំណុច​ជា​ច្រើន​ក្នុង​ទំនាក់ទំនង​ស្នេហា គឺ​ប្ដី​ត្រូវ​ចេះ​ថ្នម​ចិត្ត​ប្រពន្ធ។ ការ​ថ្នម​ចិត្ត និង​ការ​យល់​ចិត្ត ជា​អ្វី​មួយ​ដែល​យើង​ត្រូវ​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ខ្ញុំ​ចង់​រក្សា​នូវ​ទំនាក់​ទំនង​ដូច​ពី​ពេល​ដែល​ខ្ញុំ​ជួប​គាត់​ជា​លើក​តំបូង​​ដែរ។ កាល​ពី​ជួប​ពី​លើក​តំបូង យើង​តែ​ង​តែ​ចង់​ធ្វើ​នេះ​ ធ្វើ​នោះ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ទៅ​ណា​មក​ណា​គឺ​មានតែ​យើង​តែ​២នាក់​ទេ ក្នុង​ពិភព​លោក​នេះ ហើយ​យើង​ចេះ​ថ្នម​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក មាន​អ្វី​ញ៉ាំ ក៏​​ចិត្ត​មិន​ដាច់​ក្នុង​ការ​ញ៉ាំ​តែ​ឯង ។ល។ មាន​គូរ​ស្វាមី​ភរិយា​ខ្លះ មុន​ពេល​រៀប​ការ គឺ​ផ្អែម​ល្ហែម តែ​ពេល​រៀប​ការ​ហើយ ពួក​គេ​បែរ​ជាមាន​ការ​ផ្លាស់​ប្ដូរ​គឺ​មិន​ដូច​មុន​ឡើយ! តែ​ក៏​មាន​គូរ​ស្វាមី​ភរិយា​ខ្លះ នៅ​បន្ត​ធ្វើ​ដូច​ជា​ពេល​ដែល​ពួក​គេ​ជួប​គ្នា​ជា​លើក​តំបូង​ដែរ គឺ​ភាព​ផ្អែម​ល្ហែម​នៃ​សេចក្ដី​ស្នេហ៍​ក្នុង​គ្រា​តំបូង!

នៅ​ពេល​ដែល​គូរ​ស្វាមី​ភរិយា មាន​ទំនាស់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក សូម​គិត​ត្រឡប់​ក្រោយ​វិញ​ពី​សេចក្ដី​ស្នេហ៍​គ្រា​តំបូង ដែល​យើង​បាន​និយាយ​គ្នា​ថា បង​ស្រឡាញ់​អូន​អស់​មួយ​ជីវិត! បង​មិន​ធ្វើ​អោយ​អូន​ពិបាក​ចិត្ត​ទេ! បង​មិន​បន្ទោស​អូន​ទេ!! ហើយ​ចំណុច​មួយ​ដែល​សំខាន់​គឺថា យើង​មិន​បាន​រៀប​ការ​ ហើយ​អ្នក​ដែល​យើង​រៀប​ការ​ជាមួយ​នោះ​ជា​សត្រូវ​របស់​យើងទេ! គាត់​ជា​អ្នក​ដែល​ជា​ទី​ស្រឡាញ់​របស់​យើង​អស់​មួយ​ជីវិត។ ថ្នម​ចិត្ត​គាត់​ទៅ! អត់​ទោស​ចំពោះ​គ្នាទៅវិញ​ទៅ​មក និង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ខ្លាំង​ឡើងៗ!

ការ​ជួប​ជុំ​មិត្ត​ភក្ដិ​ វ៉ើត​ប្រេស និង​ ហ្វេសប៊ុក


វា​ជា​ពេល​រសៀល​មួយ​ដែល​រីក​រាយ​សំរាប់​ខ្ញុំ​ក្នុង​ការ​ជួប​ជុំ​មិត្ត​ភក្ដិ​ដែល​ខ្ញុំ​មិន​ដែល​ស្គាល់​មុខ​គេ​ទាល់​តែ​សោះ (ស្គាល់​៥-៦នាក់​ដែរ មិន​មែន​អត់​សោះ​នោះទេ) នា​ពេល​រសៀល​មួយ​ ក្នុង​តំណើ​រ​កំសាន្ដ​រីក​រាយ​លើ​ទូក​មួយ​នា​ក្រុង​ភ្នំ​ពេញ។ នៅ​ពេល​ដែល​ខ្ញុំ​ទទួល​ដំណឹង​ថា​មាន​ដំណើរ​កំសាន្ដ​បែប​នោះ ខ្ញុំ​រំភើប​រួច​ទៅ​ហើយ ព្រោះ​ខ្ញុំ​តែង​តែ​ចង់​ចំណាយ​ពេល​ស្គាល់​​អ្នក​ភូមិ​យើង​បន្ថែម​ទៀត​នៅ​ក្នុង​ភូមិ​វ៉ើត​ប្រេស និង​ហ្វេស​ប៊ុក។ នេះ​ជា​លើក​តំបូង​ដែល​ខ្ញុំ​បាន​នាំ​ប្រពន្ធ​របស់​ខ្ញុំ​ទៅ​ចូល​រួម​ ហើយ​គាត់​ក៏​សប្បាយ​ដែរ​ដែល​បាន​ស្គាល់​មិត្ត​ភក្ដិ​ថ្មី​ៗ​បន្ថែម​ទៀត។

សំរាប់​ខ្ញុំ​ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ ដែល​បាន​ឃើញ​យុវជន​សម័យ​នេះ​មួយ​ចំនួន​បាន​ប្រើ​ប្រាស់​ពេលវេលា​របស់​ខ្លួន​អោយ​មាន​ប្រយោជន៍​ដល់​សង្គម​ជាតិ​ដុច​ជាមនុស្ស​នៅ​លើ​ទូក​ដែល​ខ្ញុំ​បាន​ជួប​នោះ​ដែរ។ យើង​ធ្លាប់​តែ​បាន​និយាយ​គ្នា​ត្រឹម​ការ​សរសេរ​បញ្ចេញ​មតិ​នៅ​លើ​ហ្វេសប៊ុក និង​នៅ​លើ​វ៉ើត​ប្រេស​ប៉ុណ្ណោះ តែ​នៅ​លើ​ទូក​យើង​បាន​ជជែក​គ្នា និង​ផា​គ្នា​យ៉ាង​សប្បាយ​រីក​រាយ។ មិន​តែ​ប៉ុណ្ណោះ​យើង​បាន​ជួប​ជាមួយ​នឹង​បង​ប្រុស​នៅ​ប្រទេស​បារាំង ដែល​គាត់​ជា​អ្នក​ភូមិ​របស់​យើង​ដែរ​ គាត់​បាន​នាំ​គ្រួសារ​របស់​គាត់​មក​លេង​នៅ​ស្រុក​ខ្មែរ​ ហើយ​យើង​បាន​ជជែក​គ្នា​សួរពី​នេះពី​នោះ​យ៉ាង​សប្បាយ​រីករាយ។

ស្ដាយ​ដែរ​ ដែល​កាមេរ៉ា​ខ្ញុំ​នៅ​ជាមួយ​ អាយហ្វូន កុំ​អី​បានរូប​ចែក​អោយ​បងប្អូន​មើល​បាត់​ហើយ!!! តែ​យ៉ាងណា​ម៉ិញ ខ្ញុំ​ពិត​ជាមាន​អារម្មណ៍​រំភើប​សប្បាយ​រីក​រាយ​ណាស់។

ហេង​ហាង​ណាស់! អត់​អាយ​ហ្វូន


មួយ​រយះ​​នេះ​បន្ទាប់​ពី​អាយហ្វូន​ខ្ញុំ​ខូច​មក មាន​អារម្មណ៍​ដូច​ហេងហាង បាត់​បង់អី​មួយ​ដែល​សំខាន់ចឹង!!! ធ្លាប់​តែ​កាន់​វា​ទៅ​ណា​មក​ណា គ្រប់​ទី​កន្លែង, ឆែក​ហ្វេសប៊ុក​បាន​គ្រប់​ពេល, លេង​ហ្គេម​បាន​គ្រប់​ពេល​ដែល​អផ្សុក, ដឹង​ពី​កាល​វិភាគ​គ្រប់​ពេល​វេលា, ភ្ជាប់​ទំនាក់​ទំនង​ទៅ​កាន់​មិត្ត​ភក្ដិ​និង​ក្រុម​គ្រួសារ​បាន​គ្រប់​ពេល… តែ​ពេល​នេះ!!!

មួយ​អាទិត្យ​តំបូង ពេល​ដែល​អាយ​ហ្វូន​ ទើប​តែ​នឹង​ខូច​ថ្មី​ៗ អារម្មណ៍​ដូច​នៅ​មិន​សុខ! ខូច​ចិត្ត មិន​សូវ​បាយ​ទឹក កាងារ​ក៏​នឹក​ឃើញ​ធ្វើ​មិន​ចេញ! មាន​អារម្មណ៍​បាត់​ដៃ​បាត់​ជើង ឬក៏​អ្វី​មួយ​មិន​ដឹង​ទេ!! អាលូវ​ប្រើ​ទូរ.​មិន​សូវ​កាលីប ពេល​ទូរ.រោទ៍​ម្ដង​ៗ​ គ្មាន​អារម្មណ៍​លើក​ទេ!

អាឡូវ​អាយ​ហ្វូន​ធ្វើ​មិន​ទាន់​ហើយ​ទៀត! ឈប់​សរសេរ​ហើយ! ចង់​តែ​ស្រក់​ទឹក​ភ្នែក​ទេ!!!

ទុក្ខ​ធ្ងន់​ព្រោះ​អត់​អាយ​ហ្វូន​ប្រើ


ជិត​មួយ​អាទិត្យ​ហើយ បន្ទាប់​ពីអាយហ្វូន​ខ្ញុំ​ខូច​ទៅ ដូច​ជាបាត់​បង​អ្វី​ម្យ៉ាង​ពី​ក្នុង​ខ្លួន​ខ្ញុំ!!! រាល់​លេខ​មិត្ត​ភក្ដិ​ដែល​មិន​ទាន់​អាប់ឌែត, រាល់​កម្ម​វិធី​ផ្សេង​ៗ​ដែល​ចូល​ចិត្ត, រាល់​ចំរៀង​​ដែល​ធ្លាប់​ស្ដាប់, រាល់វីដេអូ​ដែល​ចូល​ចិត្ត​មើល! អាឡូវ​ខ្លាយ​ជា​ផេះ​ផង់ ដោយ​សារ​តែ​វា error 1002។ អែរឺ​ប្រភេទ​ហ្នឹង​គឺ​ត្រូវ​ជួស​ជុល​ផ្នែក​រឹង ដោយ​អស់​លុយ​យ៉ាង​ហោច​ណាស់​ពី​៥០ដុល្លា ទៅ​១០០ដុល្លា​ដែរ!

គិត​ទៅ​មាន​ទូរសព្ធ័​កាលីប​ប្រើ​ហើយ លុះ​ដល់​តាវាខូច លែង​ចង់​ប្រើ​ទូរមិន​ដល់​លំដាប់​អាយហ្វូន!!! តែ​ពេល​នេះ​ត្រូវ​ទ្រាំ​សិន​ហើយ ទំរាំ​តែ វា​ត្រូវ​គេ​ឆក់​បេះ​ដូង​ហើយ​សិន!!! ខុច​ចិត្ត​ណាស់​ខ្ញុំ!!! ខូច​អី​មិន​ខូច​ទៅ​ខូច​១០០២ អោយ​អស់​លុយ​ថែម​មួយ​កំរឹត​ទៀត។