ខ្ចៅ​ផ្លាក​​លេខម៉ូតូ២គ្រាប់​តម្លៃ​២ដុល្លា


កាល​ពី​ថ្ងៃអាទិត្យ​ ទី​១៤ ខែ​សីហា ឆ្នាំ២០១១ វេលាម៉ោង ៨៖០០ព្រឹក ខ្ញុំ​ចេញ​ដំណើរ​ទី​កាន់​ការ​ប្រជុំ​ក្រុម​ជំនុំ នៅ​ម្ដុំ​ទួល​សង្កែរ។ ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​ត្រង់​ចំណុច ភ្លើង​ស្តុប​ សណ្ឋាគារ​ណានជីង ផ្លូវ​កម្ពុជា​ក្រោម ខ្ញុំ​បាន​ឈប់​ដោយ​ព្រោះ​មាន​ភ្លើង​ស្តុប​ពណ៌​ក្រហម។ ឈប់​បាន​មួយ​សន្ទុះ​មាន​ពូ​ប៉ូលីស​មួយ​ដើរ​ក្រឡឹង​ជុំ​វិញ​ខ្ញុំ ហើយ​គាត់​បាន​គោះ​ស្មារ​ខ្ញុំ​ថា “សុំ​ឡើង​លើ​បន្តិច!” ខ្ញុំ​មាន​អារម្មណ៍​ឆ្ងល់ ម៉េច​បាន​ជា​ហៅ​ខ្ញុំ​ឡើង​លើ​ទៅ​ជួប​មេគាត់ ព្រោះ​ខ្ញុំ​មិន​បាន​ធ្វើ​អី​ខុស​ផង​ហ្នឹង? ខ្ញុំ​ពាក់​មួក​ការពារ, មាន​កញ្ចក់​ត្រឹម​ត្រូវ, អត់​មាន​បើក​ភ្លើង​អី​ទេ! តើ​ខ្ញុំ​ខុស​អី?

ខ្ញុំ​បាន​សួរ​គាត់​ថា​ខ្ញុំ​ខុស​អី? គាត់​ថា ម៉ូតូ​របស់​ខ្ញុំ​ផ្លាក​លេខ​អត់​ត្រឹម​ត្រូវ ដោយ​កឹប​ជាមួយ​នឹង​ខ្ចៅ មិន​បាន​កឹប​ត្រឹម​ត្រូវ​ទៅ​តាម​ក្បួន​ខ្នាត​របស់​ក្រសួង។ គាត់​សង្ស័យ​ថា​ខ្ញុំ​លួច​ផ្លាក​លេខ​របស់​គេ​មក​កឹប​លើ​ម៉ូតូ​ខ្ញុំ!! ខ្ញុំ​អស់​សំណើច ហើយ​ប្រាប់​គាត់​ពី​សេចក្ដី​ពិត​ដែល​ខ្ញុំ​ត្រូវ​ប្រើ​ខ្ចៅ​ប្រភេទ​នេះ! កាល​ពី​៤​ឆ្នាំ​មុន​ ម៉ូតូ​របស់​ខ្ញុំ​ត្រូវ​បាន​គេ​បុក​ចំកន្ទុយ​ផ្នែក​ខាង​ក្រោយ ហើយ​បាក់​កាតាប៊ូ​ខាង​ក្រោយ​អស់។ ចឹង​ខ្ញុំ​ដូរកាតាប៊ូ​ចេញ​ ហើយ​ត្រូវ​បើ​ខ្ចៅ​កឹប​លើ​ផ្លាក​លេខ។ គាត់​អត់​ជឿ​ទេ គាត់​បែ​ជា​ថា​ខ្ញុំ​ត្រូវ​ទទួល​ការ​ផាក​ពិន័យ។ គាត់​បាន​លើក​ច្បាប់​ចរាចរណ៍​ប្រាប់​ខ្ញុំ​ពី​មាត្រា​ទី​៨៨​ ចំណុច​ទី១៤ (និយាយ​បណ្ដើរ​គាត់​បើក​សៀវ​ភៅ​ច្បាប់​ចរាចរណ៍​បណ្ដើរ តែ​គាត់​រក​មាត្រាទី៨៨​អត់​ឃើញ គាត់​ថា ចុះ​អាណា​ហែក​មាត្រា​ហ្នឹង​ទៅណា​ទៅ? ខ្ញុំ​សើច​ ហើយ​ប្រាប់​គាត់​ថា នេះ​នៅ​ត្រង់​នេះ ពូបើក​ហួស​ហើយ) យី​ចំ​មែន​ពូ​នេះ! ពូ​ប៉ូលីស​បាន​ទាម​ទារ​រក​កាតគ្រី​ខ្ញុំ ហើយ​ថា បើ​មាន​កាត​គ្រី​ត្រូវ​ផាក​៦០០០រៀល បើ​អតើ​មាន​ត្រូវ​ផាក​ច្រើន​ជាង​នេះ!! ខ្ញុំ​ព្យាយាម​ទូរ.ទៅ​កាន់​មិត្ត​របស់​ខ្ញុំ គាត់​ឃើញ​ដូច្នេះ ពួ​ប៉ូលីស​ក៏​ទារ​លុយ​ត្រង់​ៗ​ម៉ង​ទៅ ១០០០០​រៀល! ខ្ញុំ​មិន​ចង់​ត​ថ្លៃ​យូរ ទោះ​ខំ​និយាយ​យ៉ាង​ម៉េច​ក៏​ដោយ ទោះ​មាន​កាតគ្រី ឬ​មិន​មាន​ក៏​ត្រូវ​បង់​លុយ​ដែរ! ខ្ញុំ​បាន​បើក​កាបូប​យក​២ដុល្លា​ហុច​អោយគាត់​ហើយ​បណ្ដើរ​ម៉ូតូចេញ​ទៅ! គាត់​ទទួល​យក​ដោយ​មិន​ស្ដី​អី​មួយ​ម៉ាត់​ទេ!!!

ពេល​ខ្ញុំ​បណ្ដើរ​ម៉ូតូ​ចេញ​គាត់​ហៅ​ខ្ញុំ​សួរ​មួយ​សំនួរ​ទៀត!! តើ​ខ្ញុំ​មក​ពី សៀម​រាប​មែន? ខ្ញុំ​ថា អត់​ទេ! គាត់​តប​ទៀត​ថា ម៉េច​ក៏​ខ្ញុំ​និយាយ​ខ្មែរ​មិន​ច្បាស់!!!! ខ្ញុំ​សើចហើយ​ដើរ​ចេញ​ទៅ!!!

Advertisements