គិតទៅការដែលមានសក់វែង យើងអាចលេងម៉ូដបានតាមចិត្ត ហើយមិនបាច់ខ្វល់ពីអ្វីឡើយ។ ថ្មីៗនេះខ្ញុំបានសាកល្បងដូរម៉ូដសក់របស់ខ្ញុំម្ដង។ ដូចជាអ្នកដែលបានធ្លាប់ស្គាល់ខ្ញុំពីមុនមក ខ្ញុំមានសក់រួញ ហើយបើទុកខ្លីវានឹងរួញជាប់គ្នាមើលទៅមិនល្អមើលសោះ! បើកាត់វិញ ត្រូវកាត់អោយខ្លី គឺប្រើត្រង់ដឺលេខ៣។ បើទុកវិញត្រូវទុកវែងអីចឹងហ្នែ៎! ទុកវែងទៅវាចេះតែរួញ បើអីចឹងក៏លេងម៉ូដបន្តិចគឺប្រើ ជែលសំរាប់សក់ពេលងូតទឹករួច និងសសុសវាអោយមានលក្ខណះរួញតាមរបៀប មើលទៅដូចសក់អ៊ុតអីចឹង។
មកដល់ពេលនេះខ្ញុំសាកក្រងតាមជនជាតិអាហ្វ្រិកវិញ គឺក្រងជាប់នឹងស្បែកក្បាល មានអីមើលទៅកាលីបម្យ៉ាងដែរតើ! វាក៏សមនឹងទម្រង់មុខរបស់ខ្ញុំដែរ។ ក្រងបាន២ថ្ងៃ មានមនុស្សជាច្រើនបានឃើញខ្ញុំ ហើយខ្លះគេនិយាយថា កាលីប និងលូយផស់គេមែន អ្នកខ្លះទៀតពេបមាត់មិនចូលចិត្ត ហើយអ្នកខ្លះទៀតក៏សើចអោយខ្ញុំ តែយ៉ាងណាម៉ិញ អោយតែប្រពន្ធខ្ញុំថាមិនអី អាហ្នឹងវារួចទៅហើយ! យ៉ាងណាម៉ិញប្រពន្ធខ្ញុំជាអ្នកដែលជំរុញអោយខ្ញុំសាកល្បងក្រងបែបនេះ លុះក្រងរួចហើយគាត់ក៏សរសើរដែរថាវាសមនឹងមុខខ្ញុំ គាត់ចង់អោយខ្ញុំទុកវាអោយបានមួយសប្ដាហ៍។
បើនិយាយពីផលវិបាកវិញ ពិបាកនឹងគេងបន្តិច ព្រោះមិនទាន់ស៊ាំ និងទើសៗម៉េចមិនដឹងទេ! ពិបាកថែរក្សាបន្តិច ព្រោះពេលរមាស់ក្បាលម្ដងៗ ធ្លាប់តែក្រញាំទាំង៥អេះយ៎ៗ តែពេលនេះត្រូវប្រើតែម្រាមមួយអេះកន្លែងដែលរម៉ាស់! មួយទៀតគឺពិបាកកក់សក់ ព្រោះបើទុកមួយអាទិត្យដោយមិនបានកក់សក់ ល្អដែរដែលខ្ញុំបានកក់សក់មុនពេលទៅក្រង កុំអីយ៉ាប់ហ្មង! ចុងក្រោយគឺពេលដោះសក់វិញ ខ្ញុំគិតថានឹងឈឺហើយមើលទៅ!
យ៉ាងណាម៉ិញវាក៏ជាបទពិសោធន៍មួយសំរាប់ឆ្នាំនេះដែរ។!