លា​ហើយ​ឆ្នាំ​ចាស់ សួស្ដី​ឆ្នាំ​ថ្មី


Happy New Yearឆ្នាំ​២០១៣​ជិត​កន្លង​ផុត​ទៅ ហើយ​ដោយ​នៅ​សល់​តែ​ប៉ុន្មាន​ម៉ោង​ទៀត​តែ​ប៉ុណ្ណោះ!​ តាំង​ពី​ដើម​ឆ្នាំ​​រហូត​ដល់​ចុង​ឆ្នាំ មាន​រឿង​រ៉ាវ​ជា​ច្រើន​បាន​កើត​មាន​ឡើង ទាំង​ល្អ ទាំង​អាក្រក់ ទាំង​សប្បាយ ទាំងកើត​ទុក ទាំង​តូច ទាំង​ធំ ទាំង​អស្ចារ្យ និង​មិន​អស្ចារ្យ ទាំង​រំភើប និង​ទាំង​រអាក់​រអួល…។ល។

ជីវិត​រស់​នៅ​ប្រសព្វ​ទៅ​ដោយ​ហេតុការ​ជា​ច្រើន ដែល​មនុស្ស​ម្នាក់​ៗ​តែ​ង​តែ​ប្រាថ្នា​ចង់​បាន និង​អ្នក​ខ្លះ​ទៀត​ពើប​ប្រទះ​ដោយ​មិន​ទាំងប្រាថ្នា​អ្វី​ទាល់​តែ​សោះ។

ក្នុង​ឆ្នាំ​ថ្មី​នេះ ខ្ញុំ​នឹងគ្រួសារ ពិត​ជា​ចង់​ថ្លែង​អំណរ​គុណ​ដល់​មិត្ត​ភក្តិ​ទាំងអស់ ទាំង​ចាស់​ទាំងថ្មី ដែល​បាន​រាប់​អាន​ និង​ស្រឡាញ់​ដល់​ក្រុម​គ្រួសាររបស់​យើង​យ៉ាង​អស់​ពី​ចិត្ត។ យើង​គ្មាន​អ្វី​វិញ​ជា​ការ​តប​ស្នង​ទេ គឺ​គ្រាន់​តែ​អរគុណ​ចំពោះ​សណ្ដាន​ចិត្ត​របស់​មិត្ត​ទាំង​អស់​គ្នា ដែល​បាន​រាប់​អាន​ដោយ​មិន​ប្រកាន់​វណ្ណះ ទ្រព្យធន និង​យសសក្ដិ។​ យើង​ពិត​ជា​រីក​រាយ​គ្រប់​តំណាក់​កាល​នៃ​ជីវិត​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍ និង​ពី​មួយ​ខែ​ទៅ​មួយ​ខែ។

ឆ្នាំ​២០១៣ ចាត់​ទុក​ជា​មេរៀន​មួយ​ដ៏​ល្អ​សំរាប់​ជីវិត​រស់​នៅ​ជា​ក្រុម​គ្រួសារ។ ខ្ញុំ​បាន​រីក​ចំរើន​យ៉ាង​ខ្លាំង ក្នុង​នាម​ជា​ប្ដី សំរាប់​ប្រពន្ធ​របស់​ខ្ញុំ និង​ជា​ឪពុក​សំរាប់​កូនៗ​របស់​ខ្ញុំ។ ទោះ​បី​ខ្ញុំ​មិន​មែន​ជា​ប្ដី​ដ៏​ល្អ តែ​ខ្ញុំ​ក៏​មិន​អាក្រក់​សំរាប់​ប្រពន្ធ​របស់​ខ្ញុំ​ដែរ ព្រោះ​តែង​តែ​មាន​ភាព​កំសោយ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​ ខាង​ផ្នែក​មនោសញ្ចេតនា ការ​យក​ចិត្ត​ទុក​ដាក់ និងទំនាក់​ទំនង។ តែ​ខ្ញុំ​ពិត​ជា​អរគុណ​ដល់​ព្រះ សំរាប់​ប្រពន្ធរបស់​ខ្ញុំ គាត់​តែង​តែ​ជួយ​ដល់​ខ្ញុំ​ក្នុង​ភាព​កំសោយ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​ខ្លួន​ដែរ​ថា ខ្ញុំ​មិន​មែន​ជាមនុស្ស​ដ៏​អស្ចារ្យ​ ដែល​អាច​ធ្វើ​គ្រប់​អ្វីៗ​ទាំង​អស់​បាន​នោះ​ទេ។

Christmas Family Photoក្នុង​ភាព​ជា​ឪពុក​វិញ វា​ជា​មេរៀន​ថ្មី​សំរាប់​ជីវិត​ ព្រោះ​មាន​កិច្ច​ការ​ជា​ច្រើន និង​រឿង​ជា​ច្រើន​ដែល​កើត​ឡើង​ដោយ​នឹក​ស្មាន​មិន​ដល់! ប្រសិន​បើ​មាន​ថ្នាក់​រៀន​ក្នុង​ភាព​ជា​ឪពុក នោះ​ខ្ញុំ​នឹងចុះ​ឈ្មោះ​រៀន​ជាមិន​ខាន ព្រោះ​ខ្ញុំ​មិន​ចង់​បង្កើត​កំហុស​ ដែល​នាំ​អោយ​មាន​វិប្បដិសារី ដល់​ជីវិត​ខ្ញុំ និ​ង​កូន​ៗ​ឡើយ។ ខ្ញុំ​គិតថា​ខ្ញុំ​អាច​ធ្វើ​ជាឪពុក​ដ៏​ល្អ​ម្នាក់​បាន ហើយ​ខ្ញុំ​នឹង​តាំង​ចិត្ត​នេះ​អោយ​បាន ព្រោះ​ខ្ញុំ​ជឿ និង​មានទំនុក​ចិត្ត​ថាខ្ញុំ​អាច​ធ្វើ​បាន។

ខ្ញុំ​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ការ​ពារ​ដល់​ក្រុម​គ្រួសារ​របស់ខ្ញុំ ស្រឡាញ់ ចិត្ត​ចិត្ត​ទុក​ដាក់ និង​ថែរក្សា​ដល់​ពួក​គាត់។ ដើម្បី​អោយ​មាន​ក្រុម​គ្រួសារ​មួយ​ដែល​មាន​ភាព​កក់​ក្ដៅ និង​សុភមង្គល ទាម​ទារ​អោយ​គ្រប់​សមាជិក​នីមួយៗ​ ធ្វើ​ការ​ទំនាក់​ទំនង និង​ផ្ដល់​នូវ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។

ឆ្នាំ​២០១៤ នឹង​មក​ដល់ ហើយ​ខ្ញុំ​ពិត​ជា​រំភើប​សំរាប់​ឆ្នាំ​ថ្មី​នោះ ព្រោះ​អ្វី​ៗ​ដែល​ជា​បទពិសោធន៍​នៅ​ឆ្នាំ​២០១៣ វា​នឹង​ក្លាយ​ទៅជា​មេរៀន​ដែល​អាច​ឆ្លុះ​បញ្ចាំង​សំរាប់​ឆ្នាំ​២០១៤។ ហើយ​ខ្ញុំ​ពិត​ជា​រំភើប​សំរាប់​កិច្ច​ការ​ល្អៗ​ជា​ច្រើន​ដែល​មាន​ចំពោះ​ខ្ញុំ​នឹង​ក្រុម​គ្រួសារ។

ទីបញ្ចប់ សូម​ជូន​ពរ​ដល់​មិត្ត​ទាំង​ប្រុសស្រី និង​ក្នុង​ស្រុក ក្រៅស្រុក សូម​ប្រកប​ទៅ​ដោយ​សេចក្ដីសុខសាន និង​សុភមង្គល! សូម​អោយ​ភាព​ជោគ​ជ័យ​តាម​ជាប់​ដូច​ជា​ស្រមោល និង​ភាព​ចំរុងចំរើន​រស់​នៅ​ក្នុង​ជីវិត​ជា​រៀងរាល់​ថ្ងៃ។ ពីគ្រួសារខ្ញុំ ដល់​គ្រួសារ​អ្នក