មានកូនក៏សប្បាយម្យ៉ាងដែរ! នោះបង្ហាញយើងពីភាពលូតលាស់ខាងឯការគិត ការធ្វើ និងការនិយាយស្ដី។ ព្រោះកូននឹងបង្រៀនយើងពីរបៀបនៃការគិត ការធ្វើ និងការនិយាយស្ដីចំពោះគាត់។ នេះជាបទពិសោធន៍ផ្ទាល់ដែលខ្ញុំបានជួបប្រទះក្នុងរយះពេលប៉ុន្មានខែកន្លងមកនេះ។
ការគិត៖ ឥឡូវកូនគឺជាចំណុចតំបូងបង្អស់នៃការគិតរបស់ខ្ញុំ ព្រោះទៅណាមកណា គាត់មាននៅក្នុងអារម្មណ៍ និងឧត្ដមគតិរបស់ខ្ញុំជានិច្ច។ ត្រូវគិតគ្រប់ពេលវេលា ថាតើនឹងត្រូវរៀបចំអ្វីខ្លះសំរាប់ជីវិតរបស់គាត់ក្នុងពេលខាងមុខ ហើយតើត្រូវអោយគាត់រៀនពីជំនាញអ្វី? តើគាត់នឹងទទួលនូវបំណែកអ្វីខ្លះពីដុង(សមត្ថភាព)របស់ខ្ញុំ? តើខ្ញុំនឹងមានទំនាក់ទំនងជិតស្និទ្ធយ៉ាងណាជាមួយគាត់? វាមានច្រើនលើសហ្នឹងទៅទៀត។
ការប្រព្រឹត្ត៖ ត្រូវលេងថ្នមៗព្រោះ អីកូននៅតូច មិនត្រូវ មានអារម្មណ៍ឆេវឆាវ, ត្រូវប្រព្រឹត្តចំពោះគាត់ដោយសេចក្ដីស្រឡាញ់ និងមានការអត់ធ្មត់។
ការនិយាយស្ដី៖ ត្រូវបង្ហាញសេចក្ដីស្រឡាញ់ច្រើនដល់កូន និងប្រាប់គាត់ជារៀងរាល់ថ្ងៃថា ប៉ាស្រឡាញ់កូន ហើយប៉ាពិតជាសប្បាយចិត្តដែលមានកូននៅក្នុងក្រុមគ្រួសាររបស់យើង។ កូនជាមនុស្សពិសេសរបស់ប៉ានិងម៉ាក់ ហើយយើងទាំងពីរនាក់នឹងធ្វើគ្រប់កិច្ចការដើម្បីការពារ និងផ្ដល់នូវសេចក្ដីស្រឡាញ់ដល់កូន។ ដល់ពេលអាចឹងទៅ ខ្ញុំត្រូវចេញថើប ចូលថើប ហើយប្រាប់គាត់ព្រឹក ល្ងាចនូវពាំក្យសម្ដីទាំងនោះ។
ម្យ៉ាងវិញទៀត ត្រូវអរគុណច្រើនដល់ប្រពន្ធរបស់ខ្ញុំដែលគាត់បានលះបង់ខ្ពស់ក្នុងការបីបាច់ និងរក្សាដល់កូន ព្រោះគាត់ត្រូវងើបយប់ឡើងដើម្បីបំបៅកូន និងពេលកូនយំត្រូវលួងមិនអោយយំ។ ខ្ញុំសប្បាយចិត្តដែលមានភរិយាដែលជាទីស្រឡាញ់ និងឆ្លាតវៃ!
បច្ចុប្បន្នកាលនេះ Sophia គាត់មានអាយុជិត៥ខែហើយ។ ការលូតលាស់របស់គាត់ក៏បន្តទៅមុខដោយឥតឈប់ឈរ ព្រោះពីមួយខែទៅមួយខែ ខ្ញុំសង្គេតឃើញថា គាត់មានការប្រែប្រួលរហូត។ ឥឡុវនេះកាត់ចេះក្រឡាប់ ហើយចាប់ផ្ដើមនិយាយភាសារទារកច្រើនជាងមុន និងចេះលេង ទាំងស្កាល់មុខឳពុកម្ដាយទៀតផង។
ខ្ញុំសប្បាយចិត្តជាខ្លាំងដែលបានធ្វើជាឳពុករបស់កូនខ្ញុំ ព្រោះបង្ហាញថា ផលផ្លែនៃគ្រួសារត្រូវបានបង្កើតឡើង ហើយខ្ញុំកំពុងធ្វើជាមេគ្រួសារមួយរូប ដែលត្រូវមានទំនួលខុសត្រូវខ្ពស់។