h1

ត្រូវ​ការ​ជំនួយ​ក្នុង​ការ​ឌីសាញ​វែប​សាយ

ខែ​មីនា 1, 2012

ខ្ញុំកំពុងតែឌីសាញវែបសាយមួយ សំរាប់ក្រុមជំនុំខ្ញុំជាភាសាខ្មែរ ពិតជាត្រូវការជំនួយយ៉ាងខ្លាំងពីសំណាក់អ្នកគុណនិយមនៅក្នុងភូមិនេះ ដែលជួយផ្ដល់នូវយោបល់ល្អៗក្នុងការតុបតែងអោយបានស្អាត។ សូមចូលទៅមើល នៅទីនេះ

  1. ខ្ញុំចង់ដឹងពីរបៀបដែលធ្វើវែបសាយមួយមាន២ភាសា គឺខ្មែរ និង អង់គ្លេស
  2. តើ វិជិត មួយណា ដែលគួរប្រើក្នុងវែបសាយនេះ
  3. តើខ្ញុំធ្វើយ៉ាងម៉េចដើម្បីអោយទំហំអក្សរ និងពុម្ពអក្សរ មានលក្ខណះនៅដដែល មិនប្ដូររូបរាង ទោះបីបើកក្នុងកុំព្យូទ័រណាក៏ដោយ?
  4. កូដសរសេរ drop down លើ menu

សូមជួយខ្ញុំត្រង់ចំណុចទាំងអស់នេះ ផង ពិតជាត្រូវការបងប្អូនជួយមែនណា! សូមអង្វរ

h1

សួ​ស្ដី​ណូអែល

ខែធ្នូ 25, 2011

សូម​ជូន​ពរ​ដល់​មិត្ត​ប្រុស​ស្រី​នៅ​ក្នុង​ភូមិ​វ៉ើត​ប្រេស​នេះ ក្នុង​ឱកាស​ថ្ងៃ​ណូអេល​នេះ សូម​អោយ​សេចក្ដី​សុខសាន្ដ និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់​កើត​មាន​ដល់​គ្រប់​ក្រុម​គ្រួសារ​នៅ​ក្នុង​ភូមិ​នេះ ក៏​ដូច​ជា​ក្នុង​ពិភព​លោក​ទាំង​មូល​ផង​ដែរ។ សូម​អោយ​អំណាច​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់ គ្រប​ដណ្ដប់​លើ​គ្រប់​ដួង​ចិត្ត​នៃ​មនុស្ស​លោក ហើយ​សូម​អោយ​សន្តិ​ភាព អំណរ និង​សេចក្ដី​សង្ឃឹម​បាន​កើត​មាន​ឡើង ដោយ​ព្រោះ​តែ​ព្រះយេស៊ូ​ជា​ព្រះ​អម្ចាស់​នៃ​សេចក្ដី​សង្ឃឹម សំរាប់​មនុស្ស​ក្នុង​លោក​នេះ។

ពី​គ្រួសារ​ខ្ញុំ​ទៅ​កាន់​គ្រួសារ​របស់​លោក​អ្នក សូម​អធិស្ឋាន អោយ​ព្រះជាម្ចាស់​នៃ​ពិភព​លោក​ទាំង​មូល​ប្រទាន​ពរ​ដល់​គ្រប់​ៗ​គ្នា ជាមួយ​នឹង​កម្លាំង​កាយមាំ​មួន ប្រាជ្ញា​វាង​វៃ និង​សេចក្ដី​សុខចំរើន​កើត​មាន​ដល់​គ្រប់​ៗ​គ្នាទាំង​អស់។

សួ​ស្ដី​ណូអែល និង​សួ​ស្ដី​ឆ្នាំ ថ្មី

ពិសិដ្ឋ, សីហា, សូហ្វីយ៉ា

h1

ហេតុ​អ្វី​បាន​ជា​មាន​ណូអែល ២

ខែធ្នូ 23, 2011

ថ្ងៃ​នេះ​ខ្ញុំ​ចង់​និយាយ​ពី​បុណ្យ​ណូអែល​ដ៏​ពិត​ប្រាកដ ដែល​បាន​កើត​មាន​ឡើង​តាំង​ពី​ជាង​២០០០ឆ្នាំ​កន្លង​មក​ហើយ! វា​ជារឿង​ដែល​ពិត​ ដែល​ព្រះយេស៊ូ​យាង​មក​ក្នុង​លោក​នេះ មាន​លក្ខណះ​វិសេស​វិសាល និង​ អស្ចារ្យ​ជាង​គេ​ នៅ​ក្នុង​កំណើត​មនុស្ស​នៅ លើ​ពិភព​លោក​នេះ។ ខ្ញុំ​នឹង​យក​អត្ថ​បទ​នៃ​ព្រះ​គម្ពីរ​មក​អមជាមួយ ដើម្បី​បញ្ជាក់​ថា កាប្រសូត​មក​របស់​ព្រះយេស៊ូ​នៅ​លើ​ផែន​ដី​នេះ មិន​មែន​គ្រាន់​តែ​ជា​ការ​និយាយ​លើក​ឡើង​របស់​ខ្ញុំ​នោះ​ទេ ចឹង​ខ្ញុំ​ត្រូវ​ប្រើ​អំណះ​អំណាង​ដែល​មក​ពី​ព្រះ​គម្ពីរ​របស់​ព្រះយេស៊ូ​មក​ជា​ភស្ដុតាង។

លូកា ១៖២៦-៣៨ ទេវតា​ជូន​ដំណឹង​អំពី​កំណើត​ព្រះយេស៊ូ

២៦ ប្រាំ​មួយ​ខែ​ក្រោយ​មក ព្រះជាម្ចាស់​បាន​ចាត់​ទេវតា​កាព្រីយ៉ែល​អោយ​ទៅ​ភូមិ​ណាសារ៉ែត ក្នុង​ស្រុក​កាលីឡេ ២៧ ដើម្បី​ជួប​នឹង​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ម្នាក់ ជា​គូ​ដណ្ដឹង​របស់​កំលោះ​ម្នាក់​ឈ្មោះ​យ៉ូសែប ដែល​ត្រូវ​ជា​ញាតិ​វង្ស​ព្រះបាទ​ដាវីឌ ស្ត្រី​ក្រមុំ​នោះ​ឈ្មោះ នាង​ម៉ារី។ ២៨ ទេវតា​ចូល​ទៅ​ក្នុង​ផ្ទះ​នាង​ម៉ារី ហើយ​ពោល​ទៅ​កាន់​នាង​ថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង!​ ព្រះអម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​នាង​ហើយ ព្រះអង្គ​គង់​ជា​មួយ​នាង»។ ២៩ ពេល​ឮ​ពាក្យ​នេះ នាង​ម៉ារី​រន្ធត់​យ៉ាង​ខ្លាំង នាង​រិះគិត​ក្នុង​ចិត្ត​ថា តើ​ពាក្យ​ជំរាប​សួរ​នេះ​មាន​ន័យ​ដូច​ម្ដេច? ៣០ ទេវតា​ពោល​ទៅ​កាន់​នាង​ថា៖ «កុំ​ខ្លាច​អី ម៉ារី​អើយ! ដ្បិត​ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​នាង​ហើយ។ ៣១ នាង​នឹង​មាន​គភ៌ សំរាល​បាន​បុត្រ​មួយ​ដែល​នាង​ត្រូវ​ថ្វាយ​ព្រះនាម​ថា“យេស៊ូ”។ ៣២ បុត្រ​នោះ​នឹង​មាន​ឋានៈ​ដ៏​ប្រសើរ​ឧត្ដម ហើយ​គេ​នឹង​ថ្វាយ​ព្រះនាម​ថា “ព្រះបុត្រា​នៃ​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត”។ ព្រះជាម្ចាស់​នឹង​តាំង​បុត្រ​នោះ អោយ​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ព្រះបាទ​ដាវីឌ ជា​ព្រះអយ្យកោ​របស់​ព្រះអង្គ៣៣ ទ្រង់​នឹង​គ្រង​រាជ្យ​លើ​ប្រជារាស្ត្រ​អ៊ីស្រាអែល អស់កល្ប​ជានិច្ច ហើយ​រាជ្យ​របស់​ព្រះអង្គ​នឹង​នៅ​ស្ថិតស្ថេរ ឥត​មាន​ទី​បញ្ចប់​ឡើយ»។ ៣៤ នាង​ម៉ារី​សួរ​ទៅ​ទេវតា​ថា៖ «តើ​ធ្វើ​ដូច​ម្ដេច​នឹង​អោយ​ការ​នេះ​កើត​ឡើង​បាន បើ​នាង​ខ្ញុំ​មិន​រួម​រស់​ជា​មួយ​បុរស​ណា​ផង​ដូច្នេះ?»។ ៣៥ ទេវតា*​ឆ្លើយ​ទៅ​នាង​វិញ​ថា៖ «ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*​នឹង​យាង​មក​សណ្ឋិត​លើ​នាង គឺ​ឫទ្ធានុភាព​របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត នឹង​គ្រប​បាំង​នាង។ ហេតុ​នេះ គេ​នឹង​ថ្វាយ​ព្រះនាម​ដល់​បុត្រ​ដ៏វិសុទ្ធ ដែល​ត្រូវ​ប្រសូត​មក​នោះ​ថា “ព្រះបុត្រា​របស់​ព្រះជាម្ចាស់”។ ៣៦ ម្យ៉ាង​ទៀត នាង​អេលីសាបិត ជា​ញាតិ​របស់​នាង មាន​ផ្ទៃ​ពោះ​ប្រាំ​មួយ​ខែ​ហើយ ថ្វីដ្បិត​តែ​គាត់​មាន​វ័យ​ចាស់ ថែម​ទាំង​ជា​ស្ត្រី​អារ​ទៀត​ផង​ក៏​ដោយ ៣៧ ព្រោះ​គ្មាន​ការ​អ្វី​ដែល​ព្រះជាម្ចាស់​ធ្វើ​មិន​កើត​នោះ​ឡើយ»។ ៣៨ នាង​ម៉ារី​ពោល​ទៅ​ទេវតា​ថា៖ «នាង​ខ្ញុំ​ជា​អ្នក​បំរើ​របស់​ព្រះអម្ចាស់ សូម​អោយ​បាន​សំរេច​តាម​ពាក្យ​របស់​លោក​ចុះ!»។ បន្ទាប់​មក ទេវតា​ចាក​ចេញ​ពី​នាង​ទៅ។

លូកា ២៖១-២០ កំណើត​ព្រះយេស៊ូ

១ នៅ​គ្រា​នោះ ព្រះចៅ​អធិរាជ​រ៉ូម៉ាំង ព្រះនាម​អូគូស្ដ មាន​ព្រះរាជ​បញ្ជា​អោយ​ជំរឿន​ចំនួន​ប្រជាជន​ទាំង​អស់ ក្នុង​ចក្រភព​រ៉ូម៉ាំង​ទាំង​មូល​។ ២ ការ​ជំរឿន​ប្រជាជន​លើក​ដំបូង​នេះ បាន​ធ្វើ​ឡើង ក្នុង​អំឡុង​ពេល​ដែល​លោក​គីរេនាស ធ្វើ​ជា​ទេសាភិបាល​នៅ​ស្រុក​ស៊ីរី។ ៣ អ្នក​ស្រុក​ទាំង​អស់​ត្រូវ​ទៅ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី តាម​ស្រុក​កំណើត​រៀងៗ​ខ្លួន។ ៤ រីឯ​លោក​យ៉ូសែប​ក៏​ចេញ​ដំណើរ​ពី​ភូមិ​ណាសារ៉ែត ក្នុង​ស្រុក​កាលីឡេ ឆ្ពោះ​ទៅ​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា ជា​ភូមិ​កំណើត​របស់​ព្រះបាទ​ដាវីឌ ព្រោះ​លោក​ជា​ព្រះញាតិ​វង្ស​នឹង​ព្រះបាទ​ដាវីឌ។ ៥ លោក​ទៅ​ចុះ​ឈ្មោះ​ជា​មួយ​នាង​ម៉ារី ជា​គូ​ដណ្ដឹង​ដែល​មាន​ផ្ទៃ​ពោះ។ ៦ ពេល​អ្នក​ទាំង​ពីរ​នៅ​ឯ​ភូមិ​បេថ្លេហិម នាង​ម៉ារី​គ្រប់​ខែ​ហើយ។ ៧ នាង​សំរាល​បាន​បុត្រ​មួយ ជា​បុត្រ​ច្បង។ នាង​រុំ​បុត្រ​នោះ​នឹង​សំពត់ រួច​ដាក់​អោយ​ផ្ទំ​ក្នុង​ស្នូក​សត្វ ដ្បិត​ពុំ​មាន​សល់​កន្លែង​សំណាក់​ក្នុង​ផ្ទះ​សោះ។

ទេវតា​ប្រកាស​អំពី​កំណើត​ព្រះយេស៊ូ​ប្រាប់​ពួក​គង្វាល
៨ ក្នុង​ស្រុក​នោះ ពេល​យប់​មាន​ពួក​គង្វាល​នៅ​មើល​ហ្វូង​សត្វ​របស់​គេ​តាម​វាល​ស្មៅ។ ៩ ពេល​នោះ ទេវតា*​របស់​ព្រះអម្ចាស់​មក​ឈរ​នៅ​ក្បែរ​ពួក​គេ សិរីរុងរឿង​របស់​ព្រះអម្ចាស់​បាន​ភ្លឺ​ចិញ្ចែងចិញ្ចាច​នៅ​ជុំវិញ​គេ នាំ​អោយ​គេ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ១០ ទេវតា​ពោល​ទៅ​គេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ខ្ញុំ​នាំ​ដំណឹងល្អ​មួយ​មក​ប្រាប់​អ្នក​រាល់​គ្នា។ ដំណឹង​នេះ​នឹង​ធ្វើ​អោយ​ប្រជារាស្ត្រ​ទាំង​មូល មាន​អំណរ​ដ៏​លើសលប់។ ១១ យប់​នេះ នៅ​ក្នុង​ភូមិ​កំណើត​របស់​ព្រះបាទ​ដាវីឌ ព្រះសង្គ្រោះ​របស់​អ្នក​រាល់​គ្នា​ប្រសូត​ហើយ គឺ​ព្រះគ្រិស្ដ​ជា​អម្ចាស់។ ១២ នេះ​ជា​សញ្ញា​សំគាល់​អោយ​អ្នក​រាល់​គ្នា​ដឹង គឺ​អ្នក​រាល់​គ្នា​មុខ​ជា​ឃើញ​ទារក​មួយ ទើប​នឹង​ប្រសូត រុំ​ដោយ​សំពត់ ផ្ដេក​នៅ​ក្នុង​ស្នូក​សត្វ»។១៣ រំពេច​នោះ មាន​ទេវតា​ច្រើន​កុះករ ចុះ​ពី​ស្ថាន​បរមសុខ*​មក​រួម​ជា​មួយ​ទេវតា​នោះ ច្រៀង​សរសើរ​ព្រះជាម្ចាស់​ថា៖ ១៤ «សូម​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សូម​អោយ​មនុស្ស​លោក​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត នៅ​លើ​ផែនដី!»។១៥ លុះ​ពួក​ទេវតា​ត្រឡប់​ទៅ​ស្ថាន​បរមសុខ​វិញ អស់​ទៅ ពួក​គេ​បបួល​គ្នា​ថា៖ «ទៅ! យើង​នាំ​គ្នា​ទៅ​បេថ្លេហិម មើល​ហេតុការណ៍​ដែល​កើត​មាន ដូច​ព្រះអម្ចាស់​បាន​សំដែង​អោយ​យើង​ដឹង​នោះ​មើល៍»។ ១៦ ពួក​គេ​ប្រញាប់ប្រញាល់​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ ឃើញ​នាង​ម៉ារី​លោក​យ៉ូសែប ព្រម​ទាំង​ព្រះឱរស​ផ្ទំ​ក្នុង​ស្នូក​សត្វ។ ១៧ ពេល​ពួក​គង្វាល​ឃើញ​ព្រះឱរស​ហើយ គេ​ក៏​រៀប​រាប់​អំពី​សេចក្ដី​ដែល​ទេវតា​បាន​ប្រាប់​អំពី​ព្រះឱរស​នេះ។ ១៨ អស់​អ្នក​ដែល​បាន​ឮ​ពួក​គង្វាល​និយាយ នឹក​ឆ្ងល់​យ៉ាង​ខ្លាំង។ ១៩ រីឯ​នាង​ម៉ារី​វិញ នាង​ចង​ចាំ​ហេតុការណ៍​ទាំង​នេះ​ទុក​ក្នុង​ចិត្ត ព្រម​ទាំង​ត្រិះរិះ​ពិចារណា​ថែម​ទៀត​ផង។ ២០ បន្ទាប់​មក ពួក​គង្វាល​ត្រឡប់​ទៅ​វិញ ទាំង​ច្រៀង​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ព្រោះ​ហេតុការណ៍​ទាំង​អស់ ដែល​គេ​បាន​ឃើញ បាន​ឮ ស្រប​តាម​សេចក្ដី​ដែល​ទេវតា​បាន​ប្រាប់​គេ ឥត​មាន​ខ្វះ​ត្រង់​ណា​ឡើយ។
ខាង​លើ​នោះ​ជា​រឿង​ពិត​ដែល​កើត​ឡើង​ ហើយ​ក្រុម​អ្នក​គង្វាល ជា​អ្នក​ដែល​ចាប់​ផ្ដើម​មុន​គេ​ក្នុង​ការ​ប្រកាស់​ពី​ថ្ងៃ ណូអែល!
h1

ហេតុ​អ្វិ​បាន​ជាមាន​បុណ្យ​ណូអែល-ភាគ១

ខែធ្នូ 16, 2011

បុណ្យ​ណូអែល​ត្រូវ​គេ​ប្រារព្ធ​ឡើង​ភាគ​ច្រើន​នៅ​ភាគ​ខាង​លិច​នៃ​ពិភព​លោក​ ដែល​គេ​ជ្រើស​រើស​យក​ថ្ងៃ​ទី២៥ ខែ​ធ្នូ​ ជា​ថ្ងៃ​ពិសេស​ដែល​គេ​ហៅ​ថា បុណ្យ​គ្រីស្ត​ម៉ាស់ ឬ​ភាគ​ច្រើន​គេ​និយម​ហៅ​ថា បុណ្យ​ណូអែល។ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង រាល់​ខែ​ធ្នូ​ម្ដង​ៗ​យើង​ឃើញ​មាន​ការ​តុប​តែ​ ជាភ្លើង​ពណ៌ និង​ប្រដាប់​ប្រដារតុប​តែង​ មាន​ជា​ដើម​ឈើ និងគ្រឿង​លម្អ​រ​ជា​ច្រើន​ អម​ជាមួយ​នឹង​ភ្លើង​ចំរុះ​ពណ៌​ជា​ច្រើន​ទៀត​ផង។ តើ​អ្នក​ដឹងថា ហេតុ​អ្វី​បាន​ជាគេ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ទេ?

ជា​សំនួរ​មួយ​ដែល​ប្រជា​ជន​ខ្មែរ​ភាគច្រើន​គេ​មិន​សូវ​ដឹង​ទេ ហើយ​ក៏​មិន​មាន​ចម្លើយ​អោយ​បាន​សម​រម្យ​ផង​ដែរ។ ភាគ​ច្រើន​គេ​ស្គាល់​តែ​បុណ្យ​ណូអែល​ ជា​បុណ្យ​ចែក​កាដូរ​គ្នា និង​សរសេរ​កាត​ជូន​គ្នា​ទៅ​វិញ​ទៅ​មក យក​លំនាំ​តាម តាសេនតាក្លស Santa Claus​ ដែល​ជា​មនុស្ស​ចាស់​មាន​មាឌ​ធំ ពុក​មាត់​ពណ៌​ស និង​ចូល​ចិត្ត​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ក្រហម រំលេច​ដោយ​ជាយ​ពណ៌​ស ធ្វើ​ពីរោម​សត្វ។ តើ​គាត់​ជា​មូល​ហេតុ​ដែល​នាំ​អោយ​មាន​បុណ្យ​ណូអែល​មែន​ទេ? ចុះ​ចំពោះ​ទស្សនះ​របស់​អ្នក​វិញ​យល់យ៉ាង​ណា​ដែរ​ពី​បុណ្យ​ណូអែល​មួយ​នេះ ដែល​ប្រជា​ជន ស្ទើរ​តែ​ទូ​ទាំង​សកល​លោក​ នាំ​គ្នា​ប្រារព្ធ និង​អបអរសាទរ យ៉ាង​ឱឡារឹក​ដូច​នេះ?

h1

ខ្ចៅ​ផ្លាក​​លេខម៉ូតូ២គ្រាប់​តម្លៃ​២ដុល្លា

ខែសីហា 15, 2011

កាល​ពី​ថ្ងៃអាទិត្យ​ ទី​១៤ ខែ​សីហា ឆ្នាំ២០១១ វេលាម៉ោង ៨៖០០ព្រឹក ខ្ញុំ​ចេញ​ដំណើរ​ទី​កាន់​ការ​ប្រជុំ​ក្រុម​ជំនុំ នៅ​ម្ដុំ​ទួល​សង្កែរ។ ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​ត្រង់​ចំណុច ភ្លើង​ស្តុប​ សណ្ឋាគារ​ណានជីង ផ្លូវ​កម្ពុជា​ក្រោម ខ្ញុំ​បាន​ឈប់​ដោយ​ព្រោះ​មាន​ភ្លើង​ស្តុប​ពណ៌​ក្រហម។ ឈប់​បាន​មួយ​សន្ទុះ​មាន​ពូ​ប៉ូលីស​មួយ​ដើរ​ក្រឡឹង​ជុំ​វិញ​ខ្ញុំ ហើយ​គាត់​បាន​គោះ​ស្មារ​ខ្ញុំ​ថា “សុំ​ឡើង​លើ​បន្តិច!” ខ្ញុំ​មាន​អារម្មណ៍​ឆ្ងល់ ម៉េច​បាន​ជា​ហៅ​ខ្ញុំ​ឡើង​លើ​ទៅ​ជួប​មេគាត់ ព្រោះ​ខ្ញុំ​មិន​បាន​ធ្វើ​អី​ខុស​ផង​ហ្នឹង? ខ្ញុំ​ពាក់​មួក​ការពារ, មាន​កញ្ចក់​ត្រឹម​ត្រូវ, អត់​មាន​បើក​ភ្លើង​អី​ទេ! តើ​ខ្ញុំ​ខុស​អី?

ខ្ញុំ​បាន​សួរ​គាត់​ថា​ខ្ញុំ​ខុស​អី? គាត់​ថា ម៉ូតូ​របស់​ខ្ញុំ​ផ្លាក​លេខ​អត់​ត្រឹម​ត្រូវ ដោយ​កឹប​ជាមួយ​នឹង​ខ្ចៅ មិន​បាន​កឹប​ត្រឹម​ត្រូវ​ទៅ​តាម​ក្បួន​ខ្នាត​របស់​ក្រសួង។ គាត់​សង្ស័យ​ថា​ខ្ញុំ​លួច​ផ្លាក​លេខ​របស់​គេ​មក​កឹប​លើ​ម៉ូតូ​ខ្ញុំ!! ខ្ញុំ​អស់​សំណើច ហើយ​ប្រាប់​គាត់​ពី​សេចក្ដី​ពិត​ដែល​ខ្ញុំ​ត្រូវ​ប្រើ​ខ្ចៅ​ប្រភេទ​នេះ! កាល​ពី​៤​ឆ្នាំ​មុន​ ម៉ូតូ​របស់​ខ្ញុំ​ត្រូវ​បាន​គេ​បុក​ចំកន្ទុយ​ផ្នែក​ខាង​ក្រោយ ហើយ​បាក់​កាតាប៊ូ​ខាង​ក្រោយ​អស់។ ចឹង​ខ្ញុំ​ដូរកាតាប៊ូ​ចេញ​ ហើយ​ត្រូវ​បើ​ខ្ចៅ​កឹប​លើ​ផ្លាក​លេខ។ គាត់​អត់​ជឿ​ទេ គាត់​បែ​ជា​ថា​ខ្ញុំ​ត្រូវ​ទទួល​ការ​ផាក​ពិន័យ។ គាត់​បាន​លើក​ច្បាប់​ចរាចរណ៍​ប្រាប់​ខ្ញុំ​ពី​មាត្រា​ទី​៨៨​ ចំណុច​ទី១៤ (និយាយ​បណ្ដើរ​គាត់​បើក​សៀវ​ភៅ​ច្បាប់​ចរាចរណ៍​បណ្ដើរ តែ​គាត់​រក​មាត្រាទី៨៨​អត់​ឃើញ គាត់​ថា ចុះ​អាណា​ហែក​មាត្រា​ហ្នឹង​ទៅណា​ទៅ? ខ្ញុំ​សើច​ ហើយ​ប្រាប់​គាត់​ថា នេះ​នៅ​ត្រង់​នេះ ពូបើក​ហួស​ហើយ) យី​ចំ​មែន​ពូ​នេះ! ពូ​ប៉ូលីស​បាន​ទាម​ទារ​រក​កាតគ្រី​ខ្ញុំ ហើយ​ថា បើ​មាន​កាត​គ្រី​ត្រូវ​ផាក​៦០០០រៀល បើ​អតើ​មាន​ត្រូវ​ផាក​ច្រើន​ជាង​នេះ!! ខ្ញុំ​ព្យាយាម​ទូរ.ទៅ​កាន់​មិត្ត​របស់​ខ្ញុំ គាត់​ឃើញ​ដូច្នេះ ពួ​ប៉ូលីស​ក៏​ទារ​លុយ​ត្រង់​ៗ​ម៉ង​ទៅ ១០០០០​រៀល! ខ្ញុំ​មិន​ចង់​ត​ថ្លៃ​យូរ ទោះ​ខំ​និយាយ​យ៉ាង​ម៉េច​ក៏​ដោយ ទោះ​មាន​កាតគ្រី ឬ​មិន​មាន​ក៏​ត្រូវ​បង់​លុយ​ដែរ! ខ្ញុំ​បាន​បើក​កាបូប​យក​២ដុល្លា​ហុច​អោយគាត់​ហើយ​បណ្ដើរ​ម៉ូតូចេញ​ទៅ! គាត់​ទទួល​យក​ដោយ​មិន​ស្ដី​អី​មួយ​ម៉ាត់​ទេ!!!

ពេល​ខ្ញុំ​បណ្ដើរ​ម៉ូតូ​ចេញ​គាត់​ហៅ​ខ្ញុំ​សួរ​មួយ​សំនួរ​ទៀត!! តើ​ខ្ញុំ​មក​ពី សៀម​រាប​មែន? ខ្ញុំ​ថា អត់​ទេ! គាត់​តប​ទៀត​ថា ម៉េច​ក៏​ខ្ញុំ​និយាយ​ខ្មែរ​មិន​ច្បាស់!!!! ខ្ញុំ​សើចហើយ​ដើរ​ចេញ​ទៅ!!!

h1

ជា​ស្វា​មី​ ភរិយា ត្រូវ​ចេះ​ថ្នម​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក

ខែកក្កដា 20, 2011

ពេល​​ដែល​យើង​រៀប​ការ​ជាមួយ​នរណា​ម្នាក់ វា​ជា​ការ​សម្រេច​ចិត្ត​មួយ​ ដែល​ធំ​បំផុត នៅ​ក្នុង​ជីវិត​របស់​យើង។ តោង​ដឹង​ថា យើង​នឹង​ត្រូវ​រស់​នៅ​ជាមួយ​ដៃ​គូរ​របស់​យើង​អស់​មួយ​ជីវិត។ នៅ​ពេល​ដែល​យើង​រៀប​ការ នោះ​ជីវិត​២នាក់​នឹង​រួម​មក​តែ​មួយ! ជា​ប្ដី​ជា​ប្រពន្ធ គឺ​យើង​នឹង​ក្លាយ​មក​ជា​រូប​កាយ​តែ​មួយ​ដោយ​សារ​ចំណង​នៃ​អាពាហ៍ពិពាហ៍។

ក្នុង​​ពេល​នេះ​ ខ្ញុំ​និយាយ​ក្នុង​នាម​ជា​ប្ដី​មួយ​រូប និង​បាន​ឆ្លង​កាត់​បទពិសោធន៍​រៀប​ការ​ជាង​៤​ឆ្នាំ​កន្លង​មក​នេះ។ ទោះបី​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ​នៅ​ក្មេង​ខ្ចី​ក្ដី ខ្ញុំ​រៀន​បាន​អ្វី​ៗ​ថ្មីៗ​ជា​ច្រើន ក្នុង​ទំនាក់​ទំនង​នៃ​ជីវិត​អាពាហ៍​ពិពាហ៍ ហើយ​ខ្ញុំ​នឹងរៀន​មិន​ដែល​ចប់​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ នោះ​ខ្ញុំ​ក៏​ដឹង​ថា ខ្ញុំ​នឹង​បញ្ចប់​ថ្នាក់​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​បាន​លាចាក​ពី​លោក​នេះ​ទៅ។ ចំណុច​មួយ​នៃ​ចំណុច​ជា​ច្រើន​ក្នុង​ទំនាក់ទំនង​ស្នេហា គឺ​ប្ដី​ត្រូវ​ចេះ​ថ្នម​ចិត្ត​ប្រពន្ធ។ ការ​ថ្នម​ចិត្ត និង​ការ​យល់​ចិត្ត ជា​អ្វី​មួយ​ដែល​យើង​ត្រូវ​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ខ្ញុំ​ចង់​រក្សា​នូវ​ទំនាក់​ទំនង​ដូច​ពី​ពេល​ដែល​ខ្ញុំ​ជួប​គាត់​ជា​លើក​តំបូង​​ដែរ។ កាល​ពី​ជួប​ពី​លើក​តំបូង យើង​តែ​ង​តែ​ចង់​ធ្វើ​នេះ​ ធ្វើ​នោះ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ទៅ​ណា​មក​ណា​គឺ​មានតែ​យើង​តែ​២នាក់​ទេ ក្នុង​ពិភព​លោក​នេះ ហើយ​យើង​ចេះ​ថ្នម​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក មាន​អ្វី​ញ៉ាំ ក៏​​ចិត្ត​មិន​ដាច់​ក្នុង​ការ​ញ៉ាំ​តែ​ឯង ។ល។ មាន​គូរ​ស្វាមី​ភរិយា​ខ្លះ មុន​ពេល​រៀប​ការ គឺ​ផ្អែម​ល្ហែម តែ​ពេល​រៀប​ការ​ហើយ ពួក​គេ​បែរ​ជាមាន​ការ​ផ្លាស់​ប្ដូរ​គឺ​មិន​ដូច​មុន​ឡើយ! តែ​ក៏​មាន​គូរ​ស្វាមី​ភរិយា​ខ្លះ នៅ​បន្ត​ធ្វើ​ដូច​ជា​ពេល​ដែល​ពួក​គេ​ជួប​គ្នា​ជា​លើក​តំបូង​ដែរ គឺ​ភាព​ផ្អែម​ល្ហែម​នៃ​សេចក្ដី​ស្នេហ៍​ក្នុង​គ្រា​តំបូង!

នៅ​ពេល​ដែល​គូរ​ស្វាមី​ភរិយា មាន​ទំនាស់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក សូម​គិត​ត្រឡប់​ក្រោយ​វិញ​ពី​សេចក្ដី​ស្នេហ៍​គ្រា​តំបូង ដែល​យើង​បាន​និយាយ​គ្នា​ថា បង​ស្រឡាញ់​អូន​អស់​មួយ​ជីវិត! បង​មិន​ធ្វើ​អោយ​អូន​ពិបាក​ចិត្ត​ទេ! បង​មិន​បន្ទោស​អូន​ទេ!! ហើយ​ចំណុច​មួយ​ដែល​សំខាន់​គឺថា យើង​មិន​បាន​រៀប​ការ​ ហើយ​អ្នក​ដែល​យើង​រៀប​ការ​ជាមួយ​នោះ​ជា​សត្រូវ​របស់​យើងទេ! គាត់​ជា​អ្នក​ដែល​ជា​ទី​ស្រឡាញ់​របស់​យើង​អស់​មួយ​ជីវិត។ ថ្នម​ចិត្ត​គាត់​ទៅ! អត់​ទោស​ចំពោះ​គ្នាទៅវិញ​ទៅ​មក និង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ខ្លាំង​ឡើងៗ!

h1

ការ​ជួប​ជុំ​មិត្ត​ភក្ដិ​ វ៉ើត​ប្រេស និង​ ហ្វេសប៊ុក

ខែកក្កដា 18, 2011

វា​ជា​ពេល​រសៀល​មួយ​ដែល​រីក​រាយ​សំរាប់​ខ្ញុំ​ក្នុង​ការ​ជួប​ជុំ​មិត្ត​ភក្ដិ​ដែល​ខ្ញុំ​មិន​ដែល​ស្គាល់​មុខ​គេ​ទាល់​តែ​សោះ (ស្គាល់​៥-៦នាក់​ដែរ មិន​មែន​អត់​សោះ​នោះទេ) នា​ពេល​រសៀល​មួយ​ ក្នុង​តំណើ​រ​កំសាន្ដ​រីក​រាយ​លើ​ទូក​មួយ​នា​ក្រុង​ភ្នំ​ពេញ។ នៅ​ពេល​ដែល​ខ្ញុំ​ទទួល​ដំណឹង​ថា​មាន​ដំណើរ​កំសាន្ដ​បែប​នោះ ខ្ញុំ​រំភើប​រួច​ទៅ​ហើយ ព្រោះ​ខ្ញុំ​តែង​តែ​ចង់​ចំណាយ​ពេល​ស្គាល់​​អ្នក​ភូមិ​យើង​បន្ថែម​ទៀត​នៅ​ក្នុង​ភូមិ​វ៉ើត​ប្រេស និង​ហ្វេស​ប៊ុក។ នេះ​ជា​លើក​តំបូង​ដែល​ខ្ញុំ​បាន​នាំ​ប្រពន្ធ​របស់​ខ្ញុំ​ទៅ​ចូល​រួម​ ហើយ​គាត់​ក៏​សប្បាយ​ដែរ​ដែល​បាន​ស្គាល់​មិត្ត​ភក្ដិ​ថ្មី​ៗ​បន្ថែម​ទៀត។

សំរាប់​ខ្ញុំ​ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ ដែល​បាន​ឃើញ​យុវជន​សម័យ​នេះ​មួយ​ចំនួន​បាន​ប្រើ​ប្រាស់​ពេលវេលា​របស់​ខ្លួន​អោយ​មាន​ប្រយោជន៍​ដល់​សង្គម​ជាតិ​ដុច​ជាមនុស្ស​នៅ​លើ​ទូក​ដែល​ខ្ញុំ​បាន​ជួប​នោះ​ដែរ។ យើង​ធ្លាប់​តែ​បាន​និយាយ​គ្នា​ត្រឹម​ការ​សរសេរ​បញ្ចេញ​មតិ​នៅ​លើ​ហ្វេសប៊ុក និង​នៅ​លើ​វ៉ើត​ប្រេស​ប៉ុណ្ណោះ តែ​នៅ​លើ​ទូក​យើង​បាន​ជជែក​គ្នា និង​ផា​គ្នា​យ៉ាង​សប្បាយ​រីក​រាយ។ មិន​តែ​ប៉ុណ្ណោះ​យើង​បាន​ជួប​ជាមួយ​នឹង​បង​ប្រុស​នៅ​ប្រទេស​បារាំង ដែល​គាត់​ជា​អ្នក​ភូមិ​របស់​យើង​ដែរ​ គាត់​បាន​នាំ​គ្រួសារ​របស់​គាត់​មក​លេង​នៅ​ស្រុក​ខ្មែរ​ ហើយ​យើង​បាន​ជជែក​គ្នា​សួរពី​នេះពី​នោះ​យ៉ាង​សប្បាយ​រីករាយ។

ស្ដាយ​ដែរ​ ដែល​កាមេរ៉ា​ខ្ញុំ​នៅ​ជាមួយ​ អាយហ្វូន កុំ​អី​បានរូប​ចែក​អោយ​បងប្អូន​មើល​បាត់​ហើយ!!! តែ​យ៉ាងណា​ម៉ិញ ខ្ញុំ​ពិត​ជាមាន​អារម្មណ៍​រំភើប​សប្បាយ​រីក​រាយ​ណាស់។

h1

ហេង​ហាង​ណាស់! អត់​អាយ​ហ្វូន

ខែកក្កដា 15, 2011

មួយ​រយះ​​នេះ​បន្ទាប់​ពី​អាយហ្វូន​ខ្ញុំ​ខូច​មក មាន​អារម្មណ៍​ដូច​ហេងហាង បាត់​បង់អី​មួយ​ដែល​សំខាន់ចឹង!!! ធ្លាប់​តែ​កាន់​វា​ទៅ​ណា​មក​ណា គ្រប់​ទី​កន្លែង, ឆែក​ហ្វេសប៊ុក​បាន​គ្រប់​ពេល, លេង​ហ្គេម​បាន​គ្រប់​ពេល​ដែល​អផ្សុក, ដឹង​ពី​កាល​វិភាគ​គ្រប់​ពេល​វេលា, ភ្ជាប់​ទំនាក់​ទំនង​ទៅ​កាន់​មិត្ត​ភក្ដិ​និង​ក្រុម​គ្រួសារ​បាន​គ្រប់​ពេល… តែ​ពេល​នេះ!!!

មួយ​អាទិត្យ​តំបូង ពេល​ដែល​អាយ​ហ្វូន​ ទើប​តែ​នឹង​ខូច​ថ្មី​ៗ អារម្មណ៍​ដូច​នៅ​មិន​សុខ! ខូច​ចិត្ត មិន​សូវ​បាយ​ទឹក កាងារ​ក៏​នឹក​ឃើញ​ធ្វើ​មិន​ចេញ! មាន​អារម្មណ៍​បាត់​ដៃ​បាត់​ជើង ឬក៏​អ្វី​មួយ​មិន​ដឹង​ទេ!! អាលូវ​ប្រើ​ទូរ.​មិន​សូវ​កាលីប ពេល​ទូរ.រោទ៍​ម្ដង​ៗ​ គ្មាន​អារម្មណ៍​លើក​ទេ!

អាឡូវ​អាយ​ហ្វូន​ធ្វើ​មិន​ទាន់​ហើយ​ទៀត! ឈប់​សរសេរ​ហើយ! ចង់​តែ​ស្រក់​ទឹក​ភ្នែក​ទេ!!!

h1

ទុក្ខ​ធ្ងន់​ព្រោះ​អត់​អាយ​ហ្វូន​ប្រើ

ខែកក្កដា 6, 2011

ជិត​មួយ​អាទិត្យ​ហើយ បន្ទាប់​ពីអាយហ្វូន​ខ្ញុំ​ខូច​ទៅ ដូច​ជាបាត់​បង​អ្វី​ម្យ៉ាង​ពី​ក្នុង​ខ្លួន​ខ្ញុំ!!! រាល់​លេខ​មិត្ត​ភក្ដិ​ដែល​មិន​ទាន់​អាប់ឌែត, រាល់​កម្ម​វិធី​ផ្សេង​ៗ​ដែល​ចូល​ចិត្ត, រាល់​ចំរៀង​​ដែល​ធ្លាប់​ស្ដាប់, រាល់វីដេអូ​ដែល​ចូល​ចិត្ត​មើល! អាឡូវ​ខ្លាយ​ជា​ផេះ​ផង់ ដោយ​សារ​តែ​វា error 1002។ អែរឺ​ប្រភេទ​ហ្នឹង​គឺ​ត្រូវ​ជួស​ជុល​ផ្នែក​រឹង ដោយ​អស់​លុយ​យ៉ាង​ហោច​ណាស់​ពី​៥០ដុល្លា ទៅ​១០០ដុល្លា​ដែរ!

គិត​ទៅ​មាន​ទូរសព្ធ័​កាលីប​ប្រើ​ហើយ លុះ​ដល់​តាវាខូច លែង​ចង់​ប្រើ​ទូរមិន​ដល់​លំដាប់​អាយហ្វូន!!! តែ​ពេល​នេះ​ត្រូវ​ទ្រាំ​សិន​ហើយ ទំរាំ​តែ វា​ត្រូវ​គេ​ឆក់​បេះ​ដូង​ហើយ​សិន!!! ខុច​ចិត្ត​ណាស់​ខ្ញុំ!!! ខូច​អី​មិន​ខូច​ទៅ​ខូច​១០០២ អោយ​អស់​លុយ​ថែម​មួយ​កំរឹត​ទៀត។

h1

ខក​ចិត្ត​បន្តិច អន់​ចិត្ត​បន្តិច​ ជាមួយ​ NUM

ខែមិថុនា 3, 2011

ដោយ​ព្រោះ​តែ​ចង់​ដឹង​ពី​ព័ត៌មាន​មួយ​ចំនួន​ទាក់​ទង​ទៅ​នឹង​វគ្គ​សិក្សា ផលិត​ភាព​យន្ដ ដែល​បាន​ដាក់​ប្រកាស់​លើ​ផ្ទាំង​ផ្សព្វ​ផ្សាយ​មួយ​បិទ​នៅ​លើ​របង​សាលា NUM ខ្ញុំក៏​ស្រាវ​ជ្រាវ​ទូរសព្ទ័​ទាក់​ទង​ទៅ​សាលានោះ! លុះ​បាន​ចូល​ហើយ​ សួរ​ព៍ត៌មាន​អី ក៏​អត់​បាន​ការ ខ្ញុំ​គ្រាន់​តែ​ចង់​ដឹង​ពី​វគ្គ​សិក្សា ការ​ផលិត​ខ្សែ​ភាព​យន្ដ ដែល​មាន​នៅ​សាលា​នោះ អ្នក​ដែល​នៅ​សាលា​នោះ​គ្រាន់​តែ​ប្រាប់​ចម្លើយ​មួយ​យ៉ាង​ខ្លី​ថា សូម​មក​សួរ​នៅ​ការិយាល័យ សិក្សា​ទៅ!! បើ​ត្រូវ​ទៅ​ដដែល តើ​ចាំ​បាច់​មាន​លេខ​ទូរ​សព្ទ័​ទាក់​ទង​ធ្វើ​អី? អ្នក​ឆ្លើយ​ទូរសព្ទ័​​នៅ​សាលា​ហ្នឹង​ដូច​ជា​មិន​ដឹង​ស្អី​តា​ម៉ង!!!  បើ​ដាក់​លេខ​ទូរសព្ទ័​អោយ​គេ​ទាក់​ទង គួរ​តែ​សាលា​ហ្នឹង​ដឹង​ព័ត៌​មាន​ដែល​នៅ​ជុំ​វិញ​ខ្លួន​អោយ​បានច្រើន តែនេះ​ដូច​ជា​អត់​សោះ​ម៉ង! សេវាកម្ម​ដូច​មិន​ល្អ​សោះ! រី​ឯ​វែប​សាយ​វិញ NUM នោះអត់​មាន​ព័ត៌​មាន​អី​ច្បាស់​លាស់​ពី​កម្ម​វិធី​សិក្សា​សោះ!!!

ខ្ញុំ​ក៏​ជា​អតីត​សិស្ស​នៅ NUM ដែរ! អាឡូវ​មាន​អារម្មណ៍​ខក​ចិត្ត​មែន​ទែន!!! មានឈ្មោះ​ជា​សាលា​ល្បី​គេ​ដែរ តែ សួរ​ព័ត៌មាន​តាម​ទូរសព្ទ័ មិន​អាច​ប្រាប់​បាន ព្រោះ​អត់​ដឹង!! សួរ​មាន​លេខ​ដែល​អាច​ទាក់​ទង​ទៅ​នឹង​ការិយាល័យ​សិក្សា ក៏​អត់​ប្រាប់!!! Poor service! Not helpful! Low quality of staff! Not professional!

h1

វី​រ៉ុស​ហ្វេសប៊ុក

ខែ​ឧសភា 4, 2011

មួយ​រយៈ​នេះ​នៅ​ក្នុង​ហ្វេសប៊ុក​សំបូរ​វីរ៉ុស​ដល់​ហើយ!!! បើ​សិន​ជា​បើក​លើ​វា​ហើយ វា​នឹង​ចូល​ទៅ​ក្នុង​contact របស់​យើង​ហើយ​នឹង​ផ្ញើរ​ទៅ​កាន់​មិត្ត​របស់​យើង​ដែល​ចូល​កាន់​ហ្វេសប៊ុក​យើង​ញឹក​ញាប់!

ព្រឹក​នេះ គ្រាន់​តែ​អង្គុយ​លុប​វា​ចេញ សឹង​តែ​វិល​មុខ​ហើយ!! ចឹង​បើ​ឃើញ​មាន​វីរ៉ុស​ដូច​នេះ

  • រូបភាព​ស្លាប់​របស់​ ​ប៊ីន​ឡាដិន
  • និង​ OMG you can’t believe this
ទាំង​អស់​ហ្នឹង​សុទ្ធ​តែ ជា​វីរ៉ុស​ហើយ! កុំ​បើក​ លុប​ចោល​ទៅ បើ​បងប្អូន​ណា​មាន​ឈ្មោះ​វីរ៉ុស​អី​ផ្សេង​ទៀត​ សូម​ប្រាប់​ផង…
h1

អរគុណ​សំរាប់​សណ្ដាន​ចិត្ត​ខ្មែរ

ខែ​ឧសភា 3, 2011

កាល​ពី​ថ្ងៃ​អាទិត្យ ខ្ញុំ​បាន​ចេញ​ដំណើរ​ពី​ខេត្ត​ត្រឡប់​មក​ភ្នំ​ពេញ​វិញ! នៅ​តាម​ផ្លូវ​ខ្ញុំ​ជា អ្នក​បើក​ឡាន! ប្រហែល​ជា​ងម៉ោង​២ជាង​ខ្ញុំ​បើក​ល្បើន​មិន​សូវ​ជា​លឿន​ពេក​ទេ គឺ ត្រឹម​តែ ៦០-៨០ K/H ប៉ុណ្ណោះ!នៅ​ក្នុង​ឡាន​មាន​គ្នា​ប្រមាណជា៧នាក់។ ពេល​ដល់​កន្លែង​ឈប់​សំរាក មិត្ត​ភក្ដិ​នៅ​ក្នុង​ឡាន​ទៅ​ឆែក​អីវ៉ាន់​ដែល​ដាក់​នៅ​ខាង​ក្រោយ​នោះ!!!! ស្រាប់​តែ…

បាត់​អីវ៉ាន់​ខ្ញុំ​អស់​ហើយ!!!!!!! អូ​ទេ!!!!!! ក្នុង​នោះ​មាន សំលៀក​បំពាក់​ខ្ញុំ កាបូប​សំរាប់​គ្រឿង​ងូត​ទឹក ព្រះ​គម្ពីរ ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​កាបូប​លុយ​របស់​ខ្ញុំ​ដែល​ដាក់​នៅ​ក្នុង​កាបូប​ខោ​អាវ​នោះ! ក្នុង​កាបូប​លុយ​នោះ មាន​កាត​គ្រី​ម៉ូតូ (ហ្ស៊ីន) កាត​ធនាគា​២ បណ្ណ័​ផ្សេងៗ​ទៀត លុយ​១៥​ដុល្លា!!! ចប់!!!! មិន​តែ​ប៉ុណ្ណោះ បាត់​អីវ៉ាន់​មួយ​ថង់​ទៀត គឺ មាន​ខ្នើយ​កើយ ភួយ Sleeping bag របស់​ខ្ញុំ​នៅ​ថង់​ផ្សេង​ៗ គឺ​ពេល​នេះ​មក​ពី​ខេត្ត​វិញ​ សល់​តែ​ម៉ា​ខ្លួន​ទេ បាត់​ទាំង​អស់!!! មិត្ត​របស់​ខ្ញុំ​ម្នាក់​ទៀត ក៏​បាត់​អី​វ៉ាន់​គាត់​មួយ​វ៉ាលី​ដែរ!

ដល់​ក​ហើយ​ខ្ញុំ!!! ខ្ញុំ​ក៏​បើក​ឡាន​ត្រឡប់​ថយ​ក្រោយ​វិញ​ក្រែង​លោរ​ឃើញ​អី​វ៉ាន់!!!​ ជិះ​បណ្ណើរ​ភ្នែក​សំឡឹង​មើល​ឆ្វេង​ស្ដាំ បើក​មិន​សូវ​ជា​លឿន​ប៉ុន្មាន​ទេ មួយ​សន្ទុះ​មក​ក៏​ ដាច់​ចិត្ត​ទៅ​វិញ លែង​រក​ លែង​អី​ហើយ!!! ព្រោះ​មិន​ដឹង​ជា​ជ្រុះ​អី​វ៉ាន់​ហ្នឹង​ពី​កាល់​ផង!!!

អារម្មណ៍​សោក​ស្ដាយ​​ បាន​ផ្ដល់​កង្វល់​ដល់​ខ្ញុំ​ជា​ខ្លាំង! ក្នុង​ចិត្ត​គិត​ថា នឹង​ត្រូវ​អស់​លុយ​ច្រើន​ក្នុង​ការ​ធ្វើបណ្ណ័​ផ្សេង​ៗ​ដែល​បាត់​ ដូចជា ធ្វើ​កាត​គ្រី​វិញ អស់​យ៉ាង​ហោច​ណាស់​៣០-៥០ ដុល្លា បណ្ណ័​ធនាគារ២ ប្រហែល​ជា​២៤ដុល្លា នឹង​បណ្ណ័VIP នៅ​ភីស្សា និង​ហាង​ការ៉េម​ ៥ដុល្លា​ទៀត!!! គិត​បណ្ដើរ​បើក​ឡាន​បណើ្ដរ​ ក្នុង​ចិត្ត​អធិស្ឋាន​ សូម​អោយ​អ្នក​ដែល​រើស​បាន​ហ្នឹង​គាត់​ចិត្ត​ល្អ​ជួយ​ទូរ.​មក​វិញ​ផង ព្រោះ​ក្នុង​កាបូបលុយ​ហ្នឹងមាន​នាម​បណ្ណ័​ខ្ញុំ​ដែរ។

ទៅ​ដល់​ភ្នំពេញ​ សល់​តែ​មួយ​ខ្លួន ដល់​ផ្ទះ​ប្រពន្ធ​បញ្ចេញ​ទឹក​មុខ អាណិត​អាសូរ​ដល់​ខ្ញុំ (ខ្ញុំ​បាន​ទូរ.ប្រាប់​គាត់​ពេល​ដែល​ដឹង​ថា​បាត់​ហើយ)! តែ​យ៉ាង​ណា​ក៏​ដោយ​ ត្រូវ​ត្រឡប់​មក​កន្លែង​ធ្វើ​ការ​វិញ (ក្រុម​ជំនុំជីវិតថ្មី) ព្រោះ​ខ្ញុំ​ត្រូវ​អធិប្បាយ​ព្រះ​បន្ទូល​ក្នុង​ការ​ប្រជុំ​ល្ងាច​នេះ! ចៃ​ដន្យ​អី​មេរៀន​ ខ្ញុំ​ទុក​ក្នុង​ព្រះ​គម្ពីរ ក៏​ជាប់​នៅ​ក្នុង​កាបូប​ដែល​បាត់​នោះ​ទៀត!! ចឹង​ត្រូវ​រៀប​ចំ​សារ​ជា​ថ្មី​វិញ!!!

ការ​ប្រជុំ​ចាប់​ផ្ដើម​ឡើង មាន​មនុស្ស​ប្រមាណ ជា​៥០០នាក់​ជាង​ចូល​រួម​នៅ​ល្ងាច​នោះ!!! ខ្ញុំ​អធិប្បាយ​ចប់ ក៏​ចុះ​មក ស្រាប់​តែ… ទូរ.​រោទ៍​ឡើង​មាន​សំលេង​ចំលែក​មួយ​គឺ​មនុស្ស​ស្រី​អាយុប្រមាណ​ជា​៤០​ឆ្នាំ​និយាយ​មក​កាន់​ខ្ញុំ​ថា តើ​ខ្ញុំ​ជាម្ចាស់​កាបូប​មែន​ឬ​អត់? (ព្រោះ​គាត់​ទូរ.​មក​ដោយ​ព្រៀវ​ទេ ឃើញ​មាន​កាត​ច្រើន​ក្នុង​កាបូប​នោះ) ខ្ញុំ​និយាយ​យ៉ាង​លឿន​ថា បាទ​ជា​របស់​ខ្ញុំ​ ព្រោះ​ខ្ញុំ​ជ្រុះ​បាត់​ពី​ឡាន​ កាល​ពី​ថ្ងៃ​រសៀល។ គាត់​បន្ត​ទៀត​ថា ប្ដី​របស់​គាត់​រើស​បាន​នៅ​តាម​ផ្លូវ​ក្នុង​កំឡុង​ពេល​គាត់​ជិះ​ម៉ូតូ ហើយ​ឃើញ​ក្មេង​ៗ ដណ្ដើម​គ្នា​អោយ​ប្រញ៉ៃ! គាត់​ក៏​ដណ្ដើម​បាន​កាបូបលុយ​របស់​ខ្ញុំ​ហើយ​ឃើញ​មាន​កាត​សំខាន់ៗ គាត់​ក៏​យក​ទុក​វិញ! គាត់​និយាយ​ជាមួយ​ក្មេងៗ ថែម​ទាំង​លួង​លោម​ក្មេង​ៗ​នោះ​​ អោយ​ប្រគល់​កាបូប​នឹង​អីវ៉ាន់​ផ្សេងៗ​ទៀត​មក​អោយ​គាត់ ថែម​ទាំង​សូក​លុយ​អោយ​ក្មេងៗ ទាំង​នោះ​ទៀត​ផង! ទី​បំផុត​គាត់​ក៏​ដណ្ដើម​បាន ហើយ​ក៏​មក​ដល់​ផ្ទះ​ឆែក​ទៅ​ឃើញ​នាម​បណ្ណ័​ខ្ញុំ​ក៏​ទូរ.​មក​ប្រាប់​ខ្ញុំ​តែ​ម្ដង!!! ខ្ញុំ​បាន​លឺ​ដូច្នេះ​រំភើប​ណាស់! ហើយ​គាត់​ក៏​ណាត់​ជួប​នៅ​ស្ពាន​ទី​៥​បាក់​ខែង​ អោយ​ទៅ​យក​របស់​វិញ។

ម្សិល​ម៉ិញ​ខ្ញុំ​បាន​ទៅ​ដល់​កន្លែង​ណាត់​ជួប​ហើយ ក៏​បាន​ជួប​នឹង​បង​រ៉ូ​ដែល​រើស​បាន​អី​វ៉ាន់​ខ្ញុំ​នោះ។ បង​រ៉ូ​ជា​ជាង​កាត់​សក់ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ពាន​ទី​៥ជិត​វត្ត​បាក់​ខែង។ គាត់​សម្លឹង​មើល​មក​ខ្ញុំ​ ហើយ​បាន​និយាយ​ប្រាប់​រឿង​រ៉ាវ​ទាំង​ប៉ុន្មាន​ពី​ការ​ដែល​គាត់​រើស​បាន​កាបូប​នោះ។ យើង​បាន​និយាយ​លេង​បន្តិច ហើយ​គាត់​នាំ​ខ្ញុំ​ទៅ​ផ្ទះ​របស់​គាត់ ហើយ​ប្រគល់​អី​វ៉ាន់​មក​ខ្ញុំ​វិញ។ ខ្ញុំ​ពិនិត្យ​ឃើញ​ថា អីវ៉ាន់​ក្នុងកាបូប​មាន​សភាព​អារាត់​អារាយ កាបូប​លុយ​វិញ​កកាយ​គ្មាន​សល់!!! ឃើញ​ថា អត់​មាន​បាត់​អី​នៅ​ក្នុង​កាបូប​ខោអាវ​នោះ​ច្រើន​ទេ គឺ​បាត់​តែ​ អាវ​មួយ នឹង​លុយ​១៥​ដុល្លា​នោះ​តែ​ប៉ុណ្ណោះ។ ខ្ញុំ​បន្ត​និយាយ​ជា​មួយ​បង​រ៉ូ ហើយ​ជូន​សាគុណ​គាត់​២០​ដុល្លា (ព្រោះ​សល់​តែ​ប៉ុណ្ណឹង) គាត់​ក៏​ទទួល​យក ហើយ​ខ្ញុំ​បាន​សន្យា​ជាមួយ​នឹងគាត់​ថា បើ​គាត់​មក​ក្នុង​ក្រុង​ភ្នំពេញ​តែ​ម្ដង យើង​នឹង​ណាត់​ជួប​ញ៉ាំ​អី​ជុំ​គ្នា​ម្ដង។ ខ្ញុំ​ជំរាប​លា​គាត់​មក​វិញ គាត់​ក៏​ទៅ​បេះ​ស្វាយ​ពី​ដើម​អោយ​មក​ខ្ញុំ​មួយ​ចំនួន​ធំ​ទៀត!!!

ក្ដី​អស់​សង្ឃឹម​របស់​ខ្ញុំ​រលាយ​បាត់ អំណរ​កើត​មាន​ឡើង ដ្បិត​ព្រះជាម្ចាស់​បាន​ឆ្លើយ​តប​នូវ​ពាក្យ​អធិស្ឋាន​របស់​ខ្ញុំ។ អរគុណ​សំរាប់​សណ្ដាន​ចិត្ត​របស់​បងរ៉ូ​ដែល​ បង​សុខ​ចិត្ត​ទូរ.​មក​វិញ​ ហើយ​ប្រគល់​របស់​ទាំង​ប៉ុន្មាន​មក​អោយ​ខ្ញុំ​វិញ។ នេះ​ហើយ​ជា​សណ្ដាន​ចិត្ត​របស់​ខ្មែរ​ ដែល​ខ្មែរ​គ្រប់​ៗ​រុប​គួរ​តែ​ធ្វើ​បែ​ប​នេះ!

h1

អស់​អី​និយាយ

ខែ​មេសា 22, 2011

ជាង​ប៉ុន្មាន​ខែ​មក​នេះ ផ្ទះ​ខ្ញុំ​ចាក់​សោរ​ចោល អត់​សូវ​បាន​មក​បោស​សំអាត​អី​សោះ!! ដល់​មក​ដល់ មាន​អី​ផ្ទះ​នៅ​ស្អាត​តើ អត់​មាន​សំរាម ឬសំបុក​ពី​ង​ពាង​អី​មក​ព័ទ្ធ​ទេ។ ដើរ​ចោល​ម៉ាន​ខែ​សោះ! ម៉ាង៉ៃ​ៗ ដើរ​អឺត​តែ​ផ្ទះ​គេ!!! យូរ​ៗ​ទៅ​លែង​មាន​អី​មក​ជជែក​លេង​ជាមួយ​បងប្អូន​អ្នក​ភូមិ​ផង​របង​ជាមួយ​ហើយ!! ចឹង​មាន​តែ​ដើរ​អឺតៗ តិចៗ ទៅ​ក្រែង​លោរ​កន្លែង​ណាចាប់​អារម្មណ៍​ទៅ​អឺត​តិច​ទៅ!!!

ចាំ​មាន​ពេល​បន្តិច​នឹង​មក​តុប​តែង​ផ្ទះ​បន្តិច​សិន​ហើយ ព្រោះ​ចង់​ផ្លាស់​ប្ដូរ​បរិយាកាស​ថ្មី ព្រោះ​អត់​ចង់​នៅ​ដដែល​ទេ!!!

រវល់​តែ​និយាយ អូ​ភ្លេច​ជំរាប​សួរ​បងប្អូន​ប្រុសស្រី​ អ្នក​ចាស់​អ្នក​ថ្មី​អី​ហ្នឹង!!!! សុខទុក្ខ​យ៉ាង​ណា​ដែរ?

h1

ដុត​លុយ​ដុល្លា​ចោល​រាប់​ម៉ឺន

ខែ​កុម្ភៈ 2, 2011

ថ្ងៃ​នេះ​បន្ទាប់​ចេញ​ពី​ធ្វើ​ការ​​ថ្ងៃ​ត្រង់ មាន​អារម្មណ៍​ថា​ឃ្លាន​បាយ​ណាស់ ហើយ​ងុយ​ដេក​ទៀត​ផង! លុះ​ជិះ​មក​ដល់​តាម​ផ្លូវ​ស្រាប់​តែ​ខ្ញុំ​ភ្ញាក់​ព្រើត​ដោយ​ឃើញ​លុយ​ដុល្លា​រាប់​ម៉ឺន​ត្រូវ​រង​ឆេះ​ខ្លោច​អស់! បុរស​ម្នាក់​កំពុងតែ​នាំ​កូនតូចៗ​របស់​គាត់​យក​លុយ​ដុល្លា​ជា​ច្រើន​ម៉ឺន យក​មក​ដុត! មិន​តែ​ប៉ុណ្ណោះ​គាត់​ដុត​ទាំង​ឡាន​លុច​ស្សីស ហើយ​នឹង​​កាម៉ារី​ឆ្លាម​សេរី​ថ្មិ​របស់​គាត់​ទៀត​ផង!!

តាម​ដង​ផ្លូវ​ទៅនៅ​ម្ដុំ​ផ្សារ​អូ​ឡាំពិក មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ដុត​លុយ មាស និង គ្រឿន​សំណែន​សំរាប់​ពិធី​ចូល​ឆ្នាំ​ប្រពៃ​ណី​ចិន។ ឃើញ​ថា​ឆ្នាំនេះ មាន​របស់​ប្លែក​ៗ និង​ទំនើប​ទាន់​សម័យ ដុត​ជាមួយ​ផង​ដែរ!! ទូរសព្ទ័​ម៉ូដ​ថ្មី​ៗ អាយ​ហ្វូន​ម៉ូដ​ថ្មី ឡាន​សេរី​ថ្មីៗ​ទំនើប​ៗ​ប្រចាំ​ឆ្នាំ​២០១១, លុយ​ដុល្លា​ខ្មោច​រាប់​លាន, មាស​រាប់​គីឡូ ត្រូវ​បាន​ដុត​ចោល!!! កិកិកិ!!!

តាម​ផ្ទះ​នីមួយ​ៗ​ អោយ​តែ​មាន​បងប្អូន​ខ្មែរ​កាត់​ចិន គឺ​ចៀស​មិន​ផុត​ពី​ការ​ដុត​សំណែន​ទាំង​នឹង​ទេ! តែ​ក៏​សូម​អោយ​ប្រយត្ន័​ប្រយែង​ពី​រឿង​អគ្គី​ភ័យ​ផង​ណា ព្រោះ​អី ខ្ញុំ​ឃើញ​បងប្អូន​ខ្លះ​គាត់​ប្រើ​ចាន​ដែក​ដុត​ក្រដាស់​សំណែន​ទាំងនោះ បើខ្វះ​ការប្រុង​ប្រយត្ន័​តែ​បន្តិច​អាច​មាន​អគ្គីភ័យ​កើត​ឡើង​ផង​ដែរ។

 

h1

ម្ដាយ​ក្មេក​ និង កូន​ប្រសារ​ស្រី ភាគ​បញ្ចប់

ខែមករា 21, 2011

ភាគ​ទី ១ ចុច​ទី​នេះ
ភាគ​ទី ២ ចុច​ទី​នេះ

បន្ទាប់​ពី​បាន​ទទួល​ថ្នាំ​បំពុលហើយ នាង​លីង​រូត​រះ​ម្នី​ម្នារ​ ទៅ​ផ្ទះ​វិញ ក្រោយ​ពី​បាន​ទិញ​ម្ហូប​រួច​ហើយ! នាង​ចូល​ទៅ​ចង្រ្កាន​បាយ ហើយ​រៀប​ចំ​ស៊ុបយិនស៊ិន​មួយ​ឆ្នាំង​ យ៉ាង​សំរឹត​សំរាំង​ជា ពិសេស​សំរាប់​ម្ដាយ​ក្មេក​ដ៏​ចិត្ត​អាក្រក់​របស់​នាង។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក ស៊ុប​យិនស៊ិន​ពិសេស ក៏​បាន​រួច​រាល់! មិន​បង្អង់​យូរ​នាង​លីង​បាន​ចាក់​ដាក់​ក្នុង​ចាន​ ហើយ​រៀប​ចំយ៉ាង​ពិសេស​ជាមួយ​នឹង​កាដូរ​ពិសេស​ ដែល​លោក​គ្រូ​ពេទ្យឈិន​ បាន​ប្រគល់​អោយ! នាង​បាន​លើក​យ៉ាង​ប្រុង​ប្រយត្ន័​ទៅ​ជូន​ម្ដាយ​ក្មេក​របស់​នាង ដែល​កំពុងតែអង្គុយ​នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ ដែល​មាន​អ្នក​បំរើ​ស្រី​ម្នាក់​កំពុង​តែ​គក់​ច្របាច់​លើ​ស្មារ​ថ្នម​ៗ! នាង​លីង​ដើរ​ចូល​ទៅយ៉ាង​ប្រយត្ន័​ប្រយែង ជាមួយ​នឹង​ទឹក​ស៊ុប​យិនស៊ិន​ពិសេស​សំរាប់ម្ដាយ​ក្មេក​របស់​នាង! ចូល​ទៅ​ជិត​ដល់ នាង​មាន​អាការះ​ភ័យ​បន្តិច ដូច​ជា​ស្លន់​ស្លោរ​បន្តិច ហើយ​ដៃ​របស់​នាងចាប់​ផ្ដើម​ញ័រ នៅ​ក្នុង​ចិត្ត​វិញ​ ភ័យ​បុក​ពោះ​ភឹបៗ! ម្ដាយ​ក្មេក​របស់​នាង​ឃើញ​ដូច្នេះ ក៏​មាន​ការ​សង្ស័យ​ទៅ​លើ​ទង្វើ​ដែល​ប្លែក​ៗ​របស់​នាង! នាង​លីង​បាន​លើក​ទឹក​ស៊ុប​នោះ​ជិត​ម្ដាយ​របស់​នាង ហើយ​និយាយ​ពាក្យ​ផ្អែម​ល្ហែម​ទៅ​កាន់​ម្ដាយ​របស់​នាង​ទាំង​ញ័របបូរមាត់!! ម្ដាយ​របស់​នាង នឹក​ឆ្ងល់​នូវ​ទង្វើរ​ដ៏​ប្លែក​របស់​នាង​លីង!

នាងលីង៖ អ្នក​ម៉ែ! នេះ​ជា​ស៊ុប​យិន​ស៊ិន ពិសេស​ ប្រចាំ​ត្រកូល​របស់​ខ្ញុំ! ខ្ញុំ​ឃើញ​អ្នក​ម៉ែ អស់​កម្លាំង ហើយ​អ្នក​ម៉ែ​ដូច​ជា​មិន​សូវ​សប្បាយចិត្ត​នឹង​ខ្ញុំ​ប៉ុន្មាន​ទេ!! តែ​ខ្ញុំ​ចង់​ប្រាប់​អ្នក​ម៉ែ​ថា ខ្ញុំ​មិន​សម​មក​រស់​នៅ​ក្នុង​ត្រកូល​នេះ​ទេ តែ​យ៉ាង​ណា​ក៏​ដោយ កូន​បាន​ជាចូល​មក​ហើយ ចឹងសូម​អ្នក​ម៉ែទទួល​កូន ហើយ​សូម​អត់​ទោស​រាល់​ទង្វើរ​របស់​កូន​ផង!

អ្នក​ស្រី វ័ង៖ ស្អី! អ្នក​ណា​ជា​ម៉ែ​របស់​ឯង? យើង​មិន​មាន​កូន​ប្រសារ ក្រ ដូច​ជា​នាង​ឡើយ! ហើយ​យើង​ក៏​មិន​ចង់​ផឹក​ទឹក​ស៊ុបពិសេស​ប្រចាំ​ត្រកូល​របស់​នាងស្អី​ដែរ! ត្រកូល​យើង​នេះ ខ្មាស់​គេ​ណាស់​ដែល​មាន​កូន​ប្រសារ​ក្រ​អោយ​រហាម​ដូច​ជានាង​នេះ!

នាង​លីង៖ សូម​អ្នក​ម៉ែអាណិត​មេត្តា​កូន​ផង​ទៅ! កូន​នឹង​ធ្វើ​តាម​អ្នក​ម៉ែ​ទាំងអស់! សូម​តែ​អ្នក​ម៉ែ​កុំ​បំបែក​រូប​កូន​នឹង​ប្ដី​របស់កូន​ឡើយ!!

នាង​លីង​បន្ត​អង្វរ​អ្នក​ស្រី​វ័ង ដោយ​ប្រើ​ពាក្យ​សម្ដី​ផ្អែមល្ហែម​ជា​ច្រើន រហូត​ទាល់​តែ​អ្នក​ស្រី​វ័ង​យល់​ព្រម​ទទួល​ទឹក​ស៊ុប​ពិសេស​របស់​នាង​មក​ទទួល​ទាន តែ​មិន​មាន​ន័យថា អ្នក​ស្រី​វ័ង​ទទួល​ស្គាល់​នាង​លីង​ជា​កូន​ប្រសារ​នៅ​ឡើយ​ទេ អ្នក​ស្រី​នៅ​តែ​ស្អប់​នាងដដែល! អ្នក​ស្រី​វ័ង​បរិភោគ​ទឹក​ស៊ុប​ហើយ ក៏​ទម្រេត​ខ្លួន​ទៅ​ហ្នឹង​កៅ​អី​ផ្អែក ហើយ​ក៏​លង់​លក់​ទៅ​ដោយ​អាការះ​អស់​កម្លាំង។ ក្នុង​ចិត្ត​នាង​លីង​វិញ សប្បាយ​ចិត្តប្លែក ដោយ​ឃើញ​ថា​ម្ដាយ​ក្មេក​ចិត្ត​អាក្រក់​របស់​នាង​បាន​ទទួល​ទានទឹកស៊ុបយិន​ស៊ិន​ ដែល​ដាក់​ថ្នាំ​បំពុល​នោះ បាន​ជោគ​ជ័យ។

រៀង​រាល់​ថ្ងៃ​នាង​លីង​តែង​តែ​ចម្អិន​ទឹក​ស៊ុប​យិន​ស៊ិនពិសេស​ដែល​មាន​ថ្នាំ​បំពុល​ពី​លោក​គ្រូពេទ្យ​ឈិន​អោយ​ ទៅ​ម្ដាយ​ក្មេក​របស់​នាង ហើយ​នាង​បាន​ប្រើ​ពាក្យ​សម្ដី​ផ្អែម​ល្ហែម និង​យក​ចិត្ត​ម្ដាយ​ក្មេក​របស់​នាង! នាង​ជួយ​គក់​ច្របាច់ ចាប់​សសៃ និង​បំរើ​ម្ដាយ​ក្មេក​របស់​នាង​មិន​អោយ​ទាស់​ចិត្ត​ទេ! ពេល​ដែល​អស់​ថ្នាំ​ពុល​ម្ដងៗ នាង​លីង​បាន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ឈិន​ដោយ​សម្ងាត់! ចំណែក​ម្ដាយ​ក្មេក​របស់​នាង​ក៏​មិន​បាន​សង្ស័យ​អ្វី​ជាមួយ​នឹង​ទង្វើរ​របស់​នាង​លីង​ទៀត​ដែរ។ ថ្ងៃ​មួយ​ម្ដាយ​របស់​នាង មក​ពី​ផ្សារ​វិញ បាន​ចាត់​អ្នក​បំរើ​អោយ​ទៅ​ហៅ​នាងលីង​ពី​បន្ទប់​មក​ជួប​នឹង​អ្នក​ស្រី! នាង​លីង​បាន​ដើរ​ចូល​ទៅ​ជួប​ម្ដាយ​របស់​នាង​ដែល​កំពុង​តែ​អង្គុយ​នៅ​ក្នុង​បន្ទប់ ទាំង​មាន​ទឹក​មុខ​មាំ ហើយ​មាន​អ្នក​បំរើ​នៅ​ជុំ​វិញ​ផង! បរិយាកាស​នោះ​ បាន​ធ្វើ​អោយ​នាង​លីង​មាន​អារម្មណ៍​ប្លែក​បន្តិច! ម្ដាយ​ក្មេក​បាន​ហៅ​នាង​លីង​មក​អង្គុយ​ក្បែរ​ខ្លួន ហើយ​មាន​កាយ​វិការ​ទន់​ភ្លន់​ចំពោះ​នាង ជាមួយ​នឹង​ពាក្យ​សម្ដី​គួរ​សម!​ នោះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​នាង​បាន​ឃើញ​ពី​កាយ​វិការ​ប្លែក និង​ផ្អែម​ល្ហែម​ចំពោះនាង។

អ្នក​ស្រីវ័ង៖ កូន​លីង! មួយ​រយះ​កន្លង​មក​នេះ! ម៉ែ​ប្រហែល​ជា​ធ្វើ​មិន​ល្អ​ចំពោះ​កូន​ទេ អោយ​ម៉ែសូម​ទោស​ផង​ចុះ ហើយ​ម៉ែ​មិន​ដែល​ប្រព្រឹត្ត​ការល្អ​ណា​មួយ​ដល់​កូន​ទេ តែ​មួយ​រយះ​នេះ ម៉ែ​ឃើញ​កូន​ប្លែក ចេះ​យក​ចិត្ត​ម៉ែ ហើយ​ម៉ែ​មាន​អារម្មណ៍​ថា ចូល​ចិត្ត និង​ស្រឡាញ់​កូន​ខ្លាំង​ឡើង! ចឹង​ម៉ែ​មិន​ចង់​បាត់​បង់​កូន​ប្រសារ​ ដូច​ជា​កូន​នេះឡើយ! សំរាប់​ទង្វើ​ទាំង​ឡាយ​ដែល​ម៉ែ​បាន​ធ្វើ​ខុស​ចំពោះ​កូន អោយ​ម៉ែសូម​ទោស​ណា! នេះ​ជាកាដូរបន្តិច​បន្តួច ដែ​ល​ម៉ែ​បានទិញ​ពី​ហាង​លក់​គ្រឿង​អល្លង្ការ​ដ៏​ល្បី​ប្រចាំ​ក្រុង​យើង​នេះ! ម៉ែ​សូម​អោយ​កូន​ស្រឡាញ់​ម៉ែ​ ត​ទៀតទៅ​ណា!

ពាក្យ​សម្ដី​ទាំង​នេះ បាន​ចាក់​ទម្លុះបេះ​ដូង​ដែល​រឹង​ទទឹង ជាមួយ​នឹង​ការ​សង​សឹក​របស់​នាងលីង! ចិត្ត​ខឹង​ម្ដាយ​របស់​នាង​ទាំង​ប៉ុន្មាន​ក៏​រលាយ​បាត់​អស់! នាង​មាន​អារម្មណ៍​ហាក់​ដូច​ជា​ទទួល​សេចក្ដី​ស្រឡាញ់​ពី​ម្ដាយ​ក្មេក​របស់​នាង ដែល​នាង​មិន​ដែល​ទទួល​បាន​ពី​មុន​មក!! នាង​ចាប់​ផ្ដើម​ស្រក់​ទឹក​ភ្នែក ហើយ​លុត​ជង្គង់​ចុះចំពោះ​ម្ដាយ​ក្មេក​របស់​នាង។ ចំណែក​ម្ដាយ​ក្មេក​របស់​នាង​វិញ ក៏​បាន​លើក​នាង​ឡើង ហើយ​អោប​នាង​ដោយ​សេចក្ដី​ស្រឡាញ់។ ស្អែក​ឡើង​ម្ដាយ​របស់​នាង​បាន​នាំ​នាង​ទៅ​ទិញ​ក្រណាត់​ដ៏​ល្អៗ និង​បានចំណាយ​ពេល​ស្និទ្ធ​ស្នាល​ជាមួយ​នឹង​លីង​ជាពិសេស។ នាង​លីង​ ពេល​ដែល​បាន​ឃើញ​ទង្វើ​ល្អៗ​របស់​ម្ដាយ​របស់​នាង នាង​រឹត​តែ​ស្រក់​ទឹក​ភ្នែក​ច្រើន​ឡើង ហើយ​ទ្រហោយំ​ចំពោះ​ម្ដាយ​របស់​នាង!! នាង​ក៏​បាន​រត់​ចេញ​ពី​ម្ដាយ​ក្មេក​របស់​នាង ហើយ​រត់​យ៉ាងលឿន​សំដៅទៅ​ផ្ទះ​របស់​លោក​គ្រូ​ពេទ្យ​ឈិន! លោក​គ្រូ​ពេទ្យ​ឈិន​ឃើញ​នាង​មក ស្មាន​ថា​នាង​មក​យក​ថ្នាំ បំពុល​តទៀត តែ​លើក​នេះ នាង​បាន​និយាយ​ទៅ​កាន់​លោក​គ្រូ​ពេទ្យ​ថា នាង​មិន​មក​យក​ថ្នាំ បំពុល​ទេ នាង​មក​សុំ​អោយ​លោក​គ្រូពេទ្យ​ផ្សំ​ថ្នាំ​បន្សាប​ជាតិ​ពុល​វិញ!! លោក​គ្រូ​ពេទ្យ​ឈិន ថា​ហួស​ពេល​ហើយ ហេតុ​អ្វី​បាន​ជានាង​មក​រក​ថ្នាំ​បន្សាប​នៅ​ពេល​នេះ ទៅ​វិញ។ ច្រើន​ថ្ងៃ​កន្លង​មក​នេះ នាង​បាន​ដាក់​ថ្នាំ បំពុល​ទៅ​កាន់​ម្ដាយ​របស់​នាង អី​ឡូវ​ថ្នាំ​ពុល​នៅ​ពេញ​ខ្លួន​ម្ដាយ​របស់​នាង​ហើយ! នាង​លីង​លឺ​ដូច្នេះ នាង​យំ​កាន់​តែ​ខ្លាំង​ឡើយ ហើយ​សោក​ស្ដាយ​នឹង​ទង្វើ​រ​ដែល​នាង​បាន​ប្រព្រឹត្ត​ចំពោះ​ម្ដាយ​ក្មេក​របស់​នាង! នាង​លីង​យំ​រហូត​ទាល់​តែ​ខ្សោះ​ខ្លួន ហើយ​អស់​កម្លាំង​កំហែង​រលីង! លោក​គ្រូពេទ្យ​ឈិន​ឃើញដូច្នេះ ក៏​បាន​យក​ទឹក​មក​អោយ​នាង​ផឹក​រួច​និយាយ​ពាក្យ​មួយ​ចំនួន​ទៅ​កាន់​នាង!!

គ្រូ​ពេទ្យ​ឈិន៖ ហេតុ​អ្វី​បាន​ជានាង​ចង់​រក​ថ្នាំ​បន្សាប​សំរាប់​ម្ដាយ​ក្មេក​ចិត្ត​អាក្រក់​របស់​នាង​ទៅ​វិញ?

នាង​លីង៖ ទេ!! គាត់​មិន​ មិន​ដូច​មុន​ទេ!! ឥឡូវ​ខ្ញុំ​លែង​ចង់​សំលាប់​ម្ដាយ​ក្មេក​របស់​ខ្ញុំ​ហើយ!

នាង​លីង​បានរៀប​រាប់​ពី​ទង្វើរ​កាល​ពី​មុន​របស់​ម្ដាយ​នាង ហើយ​ក៏​និយាយ​ពី​ការ​កែប្រែ​អត្ត​ចរឹត​របស់​ម្ដាយ​នាង​ក្នុង​ពេល​បច្ចុប្បន្ន​កាល​នេះ! នាង​ក៏​បន្ត​សុំ​អង្វ​អោយ​លោក​គ្រូ​ពេទ្យ​ឈិន​រក​វិធី​បន្សាប​ជាតិ​ពុល​ដែល​នាង​បាន​ដាក់​ក្នុង​ទឹក​ស៊ុប​ជូន​ម្ដាយរបស់​នាង!!! លោក​គ្រូ​ពេទ្យ​ឈិន​បាន​យល់​ពី​អ្វី​ដែល​នាង​លីង​ចង់​បាន ហើយ​ក៏​ប្រាប់​នាងថា៖

គ្រូពេទ្យឈិន៖ ខ្ញុំ​ពិត​ជាមិន​មានថ្នាំ​បន្សាប​មែន!! ហើយ​ខ្ញុំ​ពិត​ជាមិន​អាច​ជួយ​អ្វី​ដល់​នាង​បាន​ទេ!! តែ​ខ្ញុំ​ចង់​ប្រាប់​ការ​មួយ​ដល់​នាងថា ខ្ញុំ​មិន​បាន​ផ្សំ​ថ្នាំ​បំពុល​អោយ​នាង​ទៅ​បំពុល​ម្ដាយ​របស់​នាង​ទេ!! (នាង​លីង​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​លឺ​ពាក្យ​នេះ) តាម​ពិត​ខ្ញុំ​បាន​ផ្សំ​ថ្នាំបំប៉ន​សុខភាព និង​ថ្នាំប៉ូវ​ជា​ច្រើន​មុខ​សំរាប់​ម្ដាយ​ក្មេក​របស់​នាង​ទៅវិញ​ទេ!! ចឹង​ថ្នាំ​ដែល​នាង​បាន ទទួល​ពី​ខ្ញុំ​មិន​មែន​ជា​ថ្នាំ​ពុល​ទេ តែ​ជា​ថ្នាំ​ប៉ូវ​សុខ​ភាព​ទេ!

នាង​លីង​មាន​អារម្មណ៍​ធូស្រាល ហើយ​ក៏​សឹង​តែ​មិន​ជឿ​នូវ​សម្ដី​របស់​លោក​គ្រូពេទ្យ​ឈិន! នាង​ក៏​អរគុណ​លោក​គ្រូ​ពេទ្យ​ឈិន​ហើយ ក៏​ជំរាប​លា​លោក​គ្រូពេទ្យ​វិញ! ទាំង​វិល​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ជួប​ជាមួយ​នឹង​ម្ដាយ​ក្មេក​របស់​នាង ទាំង​សុំ​ទោស​ម្ដាយ​ក្មេក​របស់​នាង។ ចំណែល​លោក​ស្រីវ័ង​វិញ គាត់​ក៏​ថា មិន​បន្ទោស​ដល់​នាង​លីង​ដែរ ព្រោះ ទង្វើរ​ដែល​គាត់​ធ្វើ​ចំពោះ​នាង​ក៏​មិន​ល្អដែរ!! នាង​លីង​បាន​រស់​នៅ​ក្នុង​ត្រកូល​វ័ង យ៉ាង​មាន​សេចក្ដី​សុខ ហើយ​បង្កើត​កូន​ចៅ​ប្រុស​ស្រី​ជា​ច្រើន​សំរាប់​ត្រ​កូល​វ័ង​ដែរ។ សេចក្ដី​ស្រឡាញ់ ការ​យល់​ចិត្ត នឹង​ការ​ប្រព្រឹត្ត​ល្អចំពោះ​គ្នា​ទៅវិញ​ទៅ​មក បាន​ធ្វើ​អោយ​គ្រួសារ​ត្រកូល​វ័ងមាន​ឈ្មោះ​ល្បី​ល្បាញ និង​មាន​សុភមង្គល៕

តាមដាន

Get every new post delivered to your Inbox.

Join 49 other followers