៣ម៉ោង៤៥នាទីក្នុង​បន្ទប់​សម្រាល​កូន-ភាគទី២

៣ម៉ោង៤៥នាទី​ក្នុង​បន្ទប់​សម្រាល​កូន-ភាគ​ទី១

ក្នុងបន្ទប់​សំរាល…

delivery-bedខ្ញុំ​ត្រូវ​បាន​អនុញ្ញាតិ នឹង​បាន​លើក​ទឹក​ចិត្ត​អោយចូល​ក្នុង​បន្ទប់​សំរាល​ជាមួយ​ប្រពន្ធ​ខ្ញុំ ដើម្បី​ជា​កម្លាំង​ចិត្ត​ដល់​ប្រពន្ធ​ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​ឈឺ​ពោះ។ ប្រពន្ធ​របស់​ខ្ញុំ​សំរាក​នៅ​លើ​គ្រែ​សំរាល ហើយ​ខ្ញុំ​បាន​ក្រលេក​មើល​ជុំវិញ​ មាន​ឧបករណ៍​សំរាប់​សំរាល​ជា​ច្រើន និង​គ្រែសំរាល២​ផ្សេង​ទៀត​នៅ​ក្នុង​បន្ទប់​នោះ។ ប្រពន្ធ​របស់​ខ្ញុំ​ដេក​នៅ​លើ​គ្រែ ទាំង​មាន​អាការះ​ឈឺ​ពោះ​កាន់​តែ​ខ្លាំង​ឡើងៗ! ចំណែក​ខ្ញុំ​បាន​លូក​ដៃ​ថ្នម​ៗ​ទាញ​ប្រអប់​ដៃ​ប្រពន្ធ​របស់​ខ្ញុំ​មក​ ក្ដាប់​កាន់​យ៉ាង​ណែន ដើម្បី​ប្រាប់​គាត់​ថា “​បង​នៅ​ទី​នេះ​ជាមួយ​អូន បង​នឹង​ធ្វើ​ជា​អ្នក​ដែល​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អូន”។ ប្រពន្ធ​របស់​ខ្ញុំ​ថ្ងូរ​ទាំង​ការ​ឈឺ​ចាប់ ចំណែក​ឯស្បូន​ក៏​បើ​ក​កាន់​តែ​ខ្លាំង​ឡើង​ៗ ពេល​៥នាទី​ម្ដង ជំនួយ​ការ​ពេទ្យ​បាន​មក​ពិនិត្យ​ និង​តាម​ដាន​ចង្វាក់​បេះ​ដូង​កូន ដើម្បី​ជៀស​វា​ង​នូវ​ការអាក្រក់​ណា​មួ​យកើត​ឡើង​ដល់​កូន​។ ការ​ឈឺ​ពោះ​កាន់​តែ​ញ៉ាប់​ទៅៗ និង​ខ្លាំង​ជា​ង​មុន ប្រពន្ធ​របស់​ខ្ញុំ​ខំ​ខាំ​មាត់ មិន​ចង់​ស្រែក តែ​យូរៗម្ដង​ព្រលែង​សម្រែក​មួយ​ និង​ដក​ដង្ហើម​យ៉ាងធំ ដើម្បី​បន្ថយ​ការ​ឈឺ​ចាប់។ តែ​វា​មិន​អាច​ជួយ​បាន​ច្រើន​ទេ ហើយ​ចំណែក​ខ្ញុំ​វិញ​កាន់​ដៃ​នាង​ជាប់ នឹង​សម្លឺង​មើល​ទៅ​កាន់​កែវ​ភ្នែក​ដ៏​ឈឺ​ចាប់​របស់​គាត់ ព្រម​ទាំង​ឃើញ​ដំណក់​ទឹក​ភ្នែក​ហូរ​ចេញ​ពី​ភ្នែក​ រួម​ជាមួយ​ដំណក់​ញើស​ហូរ​ចេញមក ប៉ុន​គ្រាប់​ពោត ទោះ​បី​បន្ទប់​នោះ​មាន​ម៉ាស៊ីន​ត្រជាក់​យ៉ាង​ណា ក៏​មិន​អាច​ឃាត់​ញើសមិន​អោយ​ហូរ​មក​បាន​ដែរ។ ដង្ហើម​ដង្ហក់​មួយ​ៗ​ វែង​ៗ​របស់​ប្រពន្ធ​ខ្ញុំ​ និង​សម្រែក​នៃ​ការ​ឈឺ​ចាប់​បាន​អូស​បន្លាយ​ជាងមួយ​ម៉ោង​ ចំណែក​ខ្ញុំវិញ​មិន​អាច​ជួយ​សំរាល​ការ​ឈឺ​ចាប់​អី្វ​បាន​ដល់​គាត់​ក្រៅ​ពី​អង្គុយ​នៅ​ក្បែរ​គាត់​ សម្លឹង​មើល​ការ​ឈឺ​ចាប់​នោះកាន់​តែ​ខ្លាំង​ឡើង​ៗ។ យូរៗ​ម្ដង​គាត់​និយាយ​មក​កាន់​ខ្ញុំ​ថា “​អូន​ចង់​វះ ឈឺ​ណាស់ សូម​អោយ​អូន​វះ​ទៅ!” ខ្ញុំ​សម្លឹង​មើល​ទៅ​កែវ​ភ្នែក​របស់​គាត់​ទាំង​ទឹក​ភ្នែក​រៀប​នឹង​ហូរ​មក ហើយ​និយាយ​ទៅ​គាត់​ថា “​កុំ​អី​អូន បង​ដឹង​ថា​អូន​ឈឺ​ណាស់ តែទ្រាំ​បន្តិច​ទៅ​អូន ទ្រាំ​ទៅ​ណា ព្រោះអី​នេះ​ជាសញ្ញា​មួយ​តឿន​ថា កូន​ជិត​កើត​មែន​ទៀត​ហើយ” គាត់​គ្រវី​ក្បាល​បណ្ដើរ និយាយ​បណ្ដើរ​ “​អត់​ទេ… ឈឺណាស់… យល់​ពី​អារម្មណ៍អូន​ផង…!” ខ្ញុំ​ឆ្លើយ​តប​ទៅ​កាន់​គាត់​វិញ​ទាំង​ញញឹម នឹង​យល់​ពី​អារម្មណ៍​របស់​គាត់ ឆ្លើយ​តប​ តែ​យ៉ាង​ណា​ម៉ិញ​ ក្នុង​ចិត្ត​របស់​ខ្ញុំ​​ ក៏​ចង់​អោយ​វះ ដែរ​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ខ្លាំង​! នោះ​បាន​គ្រាន់តែ​គិត តែ​ចិត្ត​មួយ​ទៀត ត្រូវ​ជំនះ និង​ទ្រាំទ្រ​អោយ​បាន។ ក្នុង​រយះ​ពេល​ដែល​ប្រពន្ធ​ខ្ញុំ​ឈឺ​ចាប់​ជាង​មួយ​ម៉ោង ក្នុង​កំឡុង​ពេល​ដែល​ខ្ញុំ​នៅ​ជាមួយ​គាត់ មើល​ឃើញ​ពី​ភាព​ឈឺ​ចាប់​នេះ រួម​ជាមួយ​សម្រែក​ថ្ងូរ​អម​ដោយ​​ដង្ហើម​វែង​ៗ​របស់​ប្រពន្ធ​ខ្ញុំ​ វា​ធ្វើ​អោយ​ខ្ញុំ​មើល​ឃើញ​ពី​បរិយាកាស​នៅ​ទីនោះ ហាក់​ដូច​ជា​ slow motion នៃ​ភាព​យន្ដ​មួយ ចំណែក​ពេល​១ម៉ោង​ជាង វា​ស្មើរ​នឹង​១ខែ ១​ឆ្នាំ យូរ​យ៉ាង​នេះ! តើ​ពេល​ណា​ទៅ​ទើប​ការ​ឈឺ​ចាប់​របស់​ប្រពន្ធ​ខ្ញុំ​ចប់? ខ្ញុំ​ទ្រាំ​មិន​បាន​ទេ ដួង​ចិត្ត​របស់​ខ្ញុំ​ស្រក់​ទឹក​ភ្នែក​ តែ​ខ្ញុំ​ត្រូវ​ធ្វើ​ទឹក​មុខ​អោយ​មាំ​ ដើម្បី​កុំ​អោយ​ប្រពន្ធ​ខ្ញុំ​ឃើញ​ពី​បេះ​ដូង​ទន់​ខ្សោយរបស់​ខ្ញុំ​! ខ្ញុំ​ត្រូវ​នៅ​ជា​បង្អែក និង​ជាកម្លាំង​ចិត្ត​របស់​គាត់​នៅ​ឡើយ។

នៅ​ក្នុង​បន្ទប់​នោះ ក្រៅ​ពី​ម៉ីង​របស់​ខ្ញុំ និងជំនួយ​ការ​ពេទ្យ​២នាក់​ផ្សេង​ទៀត ក៏​មាន​វេជ្ជបណ្ឌិត​ស្រី​ម្នាក់នៅ​ទីនោះ​ រួម​ជាមួយ​ម្ដាយ​របស់​ខ្ញុំ​ផង​ដែរ។ ម្ដាយ​របស់​ខ្ញុំ​ជា​ឆ្មប​ស្រាប់ គាត់​បាន​ផ្ដល់​យោបល់​ជា​ច្រើន​ដល់​ប្រពន្ធ​របស់​ខ្ញុំ ព្រម​ទាំង​ប្រាប់​គាត់​ អោយ​ផ្លាស់​ប្ដូរ​ឥរិយាបទ​ផ្សេងៗ​ ដើម្បី​សំរាល​ការ​ឈឺ​ចាប់​ ដូច​ជាក្រោក​ឈរ, អង្គុយ​ចោង​ហោង ដើម្បី​អោយ​ក្បាល​ទាក​ធ្លាក់​កាន់​តែ​ចុះ​ជាង​មុន។ ចំណែក​ជំនួយ​ការពេទ្យ​ ក៏​បន្ត​ធ្វើ​ការ​របស់​គាត់​បន្ត​ទៀត​ ដោយ​យក​ឧបករណ៍​ស្ដាប់​សំលេង​បេះ​ដូង​ មក​ស្ដាប់​បេះ​ដូង​កូន​របស់​ខ្ញុំ​ម្ដង​ទៀត រួច​ហើយ​គាត់​ងាក​មក​ប្រាប់​ថា ចង្វាក់​បេះ​ដូង​កូន​នៅ​ល្អ​ទេ។ ម្ដាយ​របស់​ខ្ញុំ​បានពិភាក្សា និងសុំ​អោយ​វេជ្ជ​បណ្ឌិត​ជួយ​សំរាល​កូន​អោយ​ប្រពន្ធ​ខ្ញុំ​តាម​បែប ធម្ម​ជាតិ ដោយ​មិន​ចង់​អោយ​មាន​ការ​ ចាក់​ថ្នាំ​បង្ខំ​អោយ​ស្បូន​បើក ឬ​ក៏ធ្វើ​អ្វី​ផ្សេង​ទៀត​ដែរ។ ម្ដាយ​របស់​ខ្ញុំ​និយាយ​លេង​ជាមួយ​វេជ្ជ​បណ្ឌិត ហើយ​ពួក​គាត់​ដូច​ជា​និយាយ​ត្រូវ​រ៉ូវ​គ្នា​ណាស់ ហើយ​វេជ្ជ​បណ្ឌិត​ក៏​ញញឺម​តប​មក​វិញ ទាំង​សប្បាយ​រីករាយ ថា “ខ្ញុំ​សប្បាយ​ណាស់​ ដែល​មាន​អ្នក​ជំងឺ​ចង់​សម្រាល​កូន​តាម​របៀប​បែប​ធម្ម​ជាតិបែប​នេះ​នោះ”។ បើ​សម្លឹង​មើល​ប្រពន្ធ​ខ្ញុំ​វិញ នាង​នៅ​តែ​បន្ត​ការ​ឈឺ​ចាប់​បែប​សម្រាល​កូន​ដដែល។

ពេល​សំរាក​ពី​ការ​ឈឺ​បន្តិច ខ្ញុំ​សុំ​ចេញ​ទៅ​ក្រៅ​បន្ទប់​សំរាល​ ដើម្បី​ចូល​បន្ទប់​ទឹក។ ពេលត្រឡប់​ចូល​មក​វិញ ឃើញ​ប្រពន្ធ​ខ្ញុំ​ផ្លាស់​ប្ដូរ​ចូល​កាយ​វិការ​ត្រូវ​ប្រឹង​ដើម្បី សំរាល ព្រោះ​ម៉ោង២ជាង​ទៅ​ហើយ! ប្រពន្ធ​របស់​ខ្ញុំ​ខំ​ប្រឹង តាម​ការ​ណែរនាំ​របស់​គ្រូពេទ្យ ពេល​នោះ​ខ្ញុំ​បាន​ត្រៀម​រួច​រាល់​មាន​កាមេរ៉ា ដើម្បី​ចាប់​យក​រូប​ភាព​ តែ​អត់​បាន​ប្រើ​ទេ ព្រោះ​រវល់​តែ ប្រពន្ធចាប់​ដៃ​ជាប់​យ៉ាង​ណែន។

សូម​រង់​ចាំ​ភាគ​ចុង​ក្រោយ…

Advertisements

7 thoughts on “៣ម៉ោង៤៥នាទីក្នុង​បន្ទប់​សម្រាល​កូន-ភាគទី២

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s