ខ្ញុំគ្រាន់តែចង់ចែករំលែកពី បទពិសោធន៍ដ៏ថ្មីស្រឡាងមួយសំរាប់ជីវិតរបស់ខ្ញុំ ដែលខ្ញុំមិនដែលជួបប្រទះដោយផ្ទាល់នៅក្នុងឆាកជីវិតរបស់ខ្ញុំក្នុងរយះពេល៣៣ឆ្នាំចុងក្រោយនេះ។ នេះជារឿងរ៉ាវមួយដែលបានកើតមានឡើងក្នុងកំឡុងពេលដែលប្រពន្ធរបស់ខ្ញុំសំរាកកូនទី២របស់យើង។
នៅផ្ទះរបស់យើង..
ព្រឹកថ្ងៃសៅរ៍ទី ២០ ខែមេសា ឆ្នាំ២០១៣, ប្រពន្ធរបស់ខ្ញុំបានប្រាប់ថា នាងមានហូរទឹកចេញមក (ប្រពន្ធរបស់ខ្ញុំគ្រប់ខែត្រូវឆ្លងទន្លេរហើយ ថែមទាំងលើសថ្ងៃកំណត់៤ថ្ងៃទៀតផង) នោះវាជាសញ្ញាមួយបានប្រាប់ពួកយើងអោយដឹងថា នេះប្រហែលជាត្រូវដល់ពេលកូនកើតហើយ ព្រោះយើងបានរង់ចាំពេលវេលានេះអស់រយះពេលជាយូរយារណាស់មកហើយ! (បន្ទាប់ពីកូនស្រីទី១របស់យើង ពិសិដ្ឋ ហ្រ្គេស សូហ្វៀ មានអាយុ៣ឆ្នាំកន្លះ យើងសម្រេចចិត្ត និងយល់ព្រមជាមួយគ្នាថានឹងយកកូនមួយទៀត ហើយសង្ឃឹមថាជាកូនប្រុសទៅ ចុះ។) យើងទាំង២នាក់រៀបចំខ្លួនរួចជាស្រេច ដើម្បីទៅមន្ទីរពេទ្យឯកជន សម្ភពសោភា ចំណែកអីវ៉ាន់ផ្សេងៗសំរាប់កូនតូច និងសំរាប់ឪពុកម្ដាយក៏រៀបចំរួចជាស្រេចនៅក្នុងឡានតាំងពីមួយខែមុនមកម្លេះ (ប្រពន្ធខ្ញុំចេះតែរៀបចំអោយហើយទៅ ក្រែងលោកូនកើតមកមុនទៅ យើងមិនចាំបាច់ប្រញ៉េបប្រញ៉ាប់ ភ្លេចនេះ ភ្លេចនោះ ខ្វះមុខ ខ្វះក្រោយ)។ រង់ចាំបន្តិច ទំរាំម៉ីងរបស់ខ្ញុំមកដល់ យើងត្រូវទៅមន្ទីរពេទ្យជាមួយគ្នា។ ចំណែកឯកូនស្រីរបស់ខ្ញុំ សូហ្វៀ ត្រូវនៅជាមួយយាយនៅផ្ទះ។ ម៉ីងខ្ញុំមកដល់ហើយ ចឹងយើងឡើងឡានទៅមន្ទីរពេទ្យជាមួយគ្នា។ ធ្វើដំណើរតាមផ្លូវចិត្តរបស់ខ្ញុំច្រាសច្រាល ចង់ចាប់នេះចាប់នោះខុស តែខ្ញុំត្រូវបង្អាក់បន្តិច ហើយដកដង្ហើមធំមួយដើម្បីបន្ធូរភាពតានតឹង នឹងប្រមូលអារម្មណ៍មកវិញ។ ងាកមើលមកទឹកមុខប្រពន្ធរបស់ខ្ញុំ គាត់បញ្ចេញអារម្មណ៍ឈឺចាប់តាមបែបស្ត្រីឈឺពោះសំរាលកូន តែមិនទាន់ដល់តំណាក់កាលខ្លាំងនៅឡើយទេ។
មកដល់មន្ទីរពេទ្យ…
ម៉ោងប្រហែលជា១១ យើងបានទៅដល់មន្ទីរពេទ្យ។ ទៅដល់មន្ទីរពេទ្យ ប្រពន្ធនឹងម៉ីងរបស់ខ្ញុំចេញពីឡាន ឯចំណែកខ្ញុំវិញត្រូវរកកន្លែងចតឡាន។ ចូលទៅដល់ប្រពន្ធរបស់ខ្ញុំត្រូវបានពេទ្យនាំយកទៅ បន្ទប់ពិនិត្យ ចេញមកវិញខ្ញុំសួរគាត់ថា “ពេទ្យថាយ៉ាងម៉េចទៅហើយ?” គាត់គ្រាន់តែលើកដៃជាសញ្ញា ដោយប្រើម្រាមដៃ៣ នោះបញ្ជាក់ថា ស្បូនបើកបាន៣សង់ទីម៉ែត្រហើយ។ បន្ទាប់ពីរៀបចំឯកសាររួចរាល់ហើយ យើងត្រូវបាននាំទៅបន្ទប់សំរាករង់ចាំមួយ ពេលនោះបងប្រុសរបស់ប្រពន្ធខ្ញុំ និងប្អូនថ្លៃគាត់បានមកដល់ល្មម ក៏បានជួយយកអីវ៉ាន់ចេញពីឡានឡើងទៅបន្ទប់សំរាកនៅជាន់ទី៧។ ចំណែកប្រពន្ធខ្ញុំនឹងម៉ីងត្រូវទៅសំរាកនៅបន្ទប់បន្ដោះអាសន្នសិន។ នៅក្នុងបន្ទប់សំរាកបន្ដោះអាសន្ននោះ ប្រពន្ធរបស់ខ្ញុំចាប់ផ្ដើមមានកាអាការះឈឺពោះខ្លាំងជាងមុន។ ខ្ញុំបានទាញយក Ipad រួច បើកកម្មវិធីវាស់ការរំញោចស្បូន ដើម្បីអោយដឹងថា តើវាឈឺញ៉ាប់ ឬរង្វើល។ ការវាស់បានបង្ហាញថា ការឈឺពោះកាន់តែឈឺញ៉ាប់ទៅៗ ពេលនោះម៉ោងប្រហែលជា១២ថ្ងៃទឹកភ្លោះក៏បានហូរច្រើនជាងមុន នឹងមានលាយឈាមផង (នោះបង្ហាញថា ការឈឺពោះនេះជិតដល់ការសំរាលកូនកៀកជាងមុនហើយ។) យើងក៏បានហៅជំនួយការពេទ្យមក។ ពេទ្យបានមកដល់ ហើយបានផ្ដល់យោបល់ និងលំហាត់មួយចំនួនសំរាប់ប្រពន្ធរបស់ខ្ញុំ ដើម្បីកាត់បន្ថយការឈឺចាប់ រួចហើយពេទ្យបានប្រាប់អោយញ៉ាំអាហារថ្ងៃត្រង់បន្តិចសិនទៅ ដើម្បីយកកម្លាំងសំរាប់សំរាលកូនក្នុងពេលបន្តិចទៀតនេះ។ ខ្ញុំបានជួយសំរួលដល់ប្រពន្ធរបស់ខ្ញុំដោយ រៀបចំអាហារសំរាប់គាត់ (អាហារផ្ដល់ដោយមន្ទីរពេទ្យ) ហើយបញ្ចុកគាត់។ បន្តិចៗម្ដងៗ គាត់បើកមាត់មួយៗហារមាត់ ទាំងយកដៃអោបពោះ ដោយអាការះឈឺផ្អួលៗ។ ញ៉ាំបានតែ២ទៅ៣ម៉ាត់គាត់ក៏ឈប់ថាគ្មានអារម្មណ៍ញាំទេ ព្រោះឈឺពោះណាស់ ខ្ញុំក៏បានអោយទឹកគាត់ផឹកបន្តិចហើយក៏រៀបចំសំរាប់គាត់ទៅកាន់បន្ទប់សំរាល។ ម៉ីងរបស់ខ្ញុំទៅ ជាមួយគាត់ ចំណែកខ្ញុំត្រូវនៅញ៉ាំបាយបន្តិចសិន រួចហើយចាំដូរគ្នាជាមួយនឹងគាត់ម្ដង។
សូមរង់ចាំភាគទី២…
2 thoughts on “៣ម៉ោង៤៥នាទីក្នុងបន្ទប់សម្រាលកូន-ភាគទី១”