កាលពី៥ឆ្នាំមុន ខ្ញុំចាំបានថា ពេលខ្ញុំរៀបការខ្ញុំកំពុងតែត្រៀមខ្លួនចូលទៅកាន់ជីវិតមួយបែបទៀត ដែលខ្ញុំពុំដែលមានបទពិសោធន៍ពីមុនមក។ ធ្លាប់តែបានលឺចាស់ៗ និងអ្នកដែលបានរៀបការហើយ គាត់និយាយពីជីវិតដែលរៀបការហើយ ដោយមានអ្នកខ្លះគាត់និយាយថា៖
- អ្នកនឹងលែងមានសេរីភាព ដើរហើរស្រេចតែចិត្តទៀតហើយ!
- អ្នកនឹងមិនសូវសំបូរលុយចាយវាយទេ ព្រោះប្រពន្ធយកទុកអស់ហើយ!
- ពិបាកណាស់! ឈ្លោះគ្នារាល់តែថ្ងៃ
- ហត់ណាស់! ដល់ផ្ទះម្ដងៗលឺតែសំលេងឈ្លោះគ្នាពាសណាពាសណី!
- ….
នេះវាបានធ្វើអោយខ្ញុំនឹកចាំមិនភ្លេចទេ ថាជីវិតរបស់ខ្ញុំប្រហែលជានឹងបែបហ្នឹងដែរ ឬមានអ្វីមួយថ្មីទៀត! តែខ្ញុំមិនបានយកគំនិតបែបនោះមកដាក់នៅក្នុងចិត្តឡើយ ព្រោះខ្ញុំក៏ដឹងទៀតដែរថា មានមនុស្សមួយចំនួននៅពេលដែលគាត់រៀបការហើយ គាត់មានសេចក្ដីសុខខ្លាំងណាស់ ហើយពួកគាត់បានអោយតំបូន្មានថា៖
- ជីវិតអាពាហ៍ពិពាហ៍ នឹងធ្វើអោយអ្នកទៅជាមនុស្សពេញវ័យ ចេះគិតពិចារណា និងស្វែងយល់ពីរសជាតិនៃជីវិតច្រើន
- ស្រឡាញ់ប្រពន្ធរបស់អ្នកទៅ នោះជីវិតរបស់អ្នកនឹងមានសុភមង្គល!
- ជីវិតអាពាហ៍ពិពាហ៍ជាព្រះពរមកពីព្រះ!
ខ្ញុំចាប់ផ្ដើមសម្លឹងមើលនូវអ្វីដែលជាភាពវិជ្ជមានមកពីមនុស្សដែលមានជោគជ័យក្នុងជីវិតហើយខ្ញុំក៏មិនបានភ្លេចដែរនូវការគិតរបស់អ្នកមួយចំនួនដែលមើលឃើញជីវិតអាពាហ៍ពិពាហ៍ជាភាពអាវិជ្ជមាន នោះហើយជាអ្វីដែលខ្ញុំត្រូវជៀសវាង។
“ចំពោះបងប្អូនដែលមានប្រពន្ធវិញ ចូរស្រឡាញ់ភរិយា…” អេភេសូ ៥៖២៥
នេះជាអ្វីដែលព្រះគម្ពីរបានប្រាប់ដល់បុរសដែលរៀបការហើយអោយស្រឡាញ់ប្រពន្ធ ព្រោះនាងគឺជាទីស្រឡាញ់របស់យើង ហើយនាងមិនមែនជាសត្រូវរបស់យើងទេ! ដូច្នេះហើយ បុរសត្រូវ ស្រឡាញ់ប្រពន្ធ! ត្រូវថ្នមចិត្តនាង! ត្រូវអោយតម្លៃនាង! ត្រូវផ្ដល់សុភមង្គលដល់នាង! ត្រូវចំណាយពេលជាមួយនាង! ត្រូវចេះទុកចិត្តលើនាង! ត្រូវផ្ដល់តម្លៃដល់សមត្ថភាពចាត់ចែងរបស់នាង! និងមានច្រើនទៀតដែលបុរសជាប្ដីត្រូវស្រឡាញ់ប្រពន្ធ!
“បងប្អូនដែលកោតខ្លាចព្រះគ្រិស្ដ ត្រូវគោរពចុះចូលគ្នាទៅវិញទៅមក។បងប្អូនជាស្ដ្រីដែលមានស្វាមី ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ដូចជាគោរពចុះចូលនឹងព្រះអម្ចាស់ដែរ ដ្បិតស្វាមីនាំមុខភរិយា …” អេភេសូ ៥៖២១-២៣
ដោយឡែកប្រពន្ធ គឺគោរព ចុះចូល នឹងស្វាមី ព្រោះស្វាមីជាមេគ្រួសារ ជាអ្នកដឹកនាំក្នុងគ្រួសារ! បុរសត្រូវការកិត្តិយសពីប្រពន្ធ និងការផ្ដល់តម្លៃដូចគ្នាផងដែរ។ នៅពេលដែលប្ដីនឹងប្រពន្ធចេះយល់ចិត្តគ្នា នោះយើងនឹងឃើញក្រុមគ្រួសារ របស់យើងកំពុងធ្វើដំណើរទៅកាន់ដែនដីមួយដែលយើងហៅថា ដែនដីសុភមង្គល!
នេះជាអ្វីដែលខ្ញុំបានចាត់ទុកជារឿងមានតម្លៃបំផុតសំរាប់ជីវិតរបស់ខ្ញុំ ព្រោះគ្រួសារ ជាអទិភាពចម្បងរបស់ខ្ញុំ ហើយនៅពេលដែលខ្ញុំរាប់វាជារឿងសំខាន់ នោះខ្ញុំពិតជាយកចិត្តទុកដាក់ និងផ្ដល់តម្លៃខ្លាំងណាស់! ព្រោះគ្រួសារជាព្រះពរ ហើយអាពាហ៍ពិពាហ៍ជាព្រះពរ!