៣ម៉ោង៤៥នាទីក្នុងបន្ទប់សម្រាលកូន-ភាគទី១
ក្នុងបន្ទប់សំរាល…
ខ្ញុំត្រូវបានអនុញ្ញាតិ នឹងបានលើកទឹកចិត្តអោយចូលក្នុងបន្ទប់សំរាលជាមួយប្រពន្ធខ្ញុំ ដើម្បីជាកម្លាំងចិត្តដល់ប្រពន្ធក្នុងពេលដែលគាត់កំពុងតែឈឺពោះ។ ប្រពន្ធរបស់ខ្ញុំសំរាកនៅលើគ្រែសំរាល ហើយខ្ញុំបានក្រលេកមើលជុំវិញ មានឧបករណ៍សំរាប់សំរាលជាច្រើន និងគ្រែសំរាល២ផ្សេងទៀតនៅក្នុងបន្ទប់នោះ។ ប្រពន្ធរបស់ខ្ញុំដេកនៅលើគ្រែ ទាំងមានអាការះឈឺពោះកាន់តែខ្លាំងឡើងៗ! ចំណែកខ្ញុំបានលូកដៃថ្នមៗទាញប្រអប់ដៃប្រពន្ធរបស់ខ្ញុំមក ក្ដាប់កាន់យ៉ាងណែន ដើម្បីប្រាប់គាត់ថា “បងនៅទីនេះជាមួយអូន បងនឹងធ្វើជាអ្នកដែលផ្ដល់កម្លាំងចិត្តដល់អូន”។ ប្រពន្ធរបស់ខ្ញុំថ្ងូរទាំងការឈឺចាប់ ចំណែកឯស្បូនក៏បើកកាន់តែខ្លាំងឡើងៗ ពេល៥នាទីម្ដង ជំនួយការពេទ្យបានមកពិនិត្យ និងតាមដានចង្វាក់បេះដូងកូន ដើម្បីជៀសវាងនូវការអាក្រក់ណាមួយកើតឡើងដល់កូន។ ការឈឺពោះកាន់តែញ៉ាប់ទៅៗ និងខ្លាំងជាងមុន ប្រពន្ធរបស់ខ្ញុំខំខាំមាត់ មិនចង់ស្រែក តែយូរៗម្ដងព្រលែងសម្រែកមួយ និងដកដង្ហើមយ៉ាងធំ ដើម្បីបន្ថយការឈឺចាប់។ តែវាមិនអាចជួយបានច្រើនទេ ហើយចំណែកខ្ញុំវិញកាន់ដៃនាងជាប់ នឹងសម្លឺងមើលទៅកាន់កែវភ្នែកដ៏ឈឺចាប់របស់គាត់ ព្រមទាំងឃើញដំណក់ទឹកភ្នែកហូរចេញពីភ្នែក រួមជាមួយដំណក់ញើសហូរចេញមក ប៉ុនគ្រាប់ពោត ទោះបីបន្ទប់នោះមានម៉ាស៊ីនត្រជាក់យ៉ាងណា ក៏មិនអាចឃាត់ញើសមិនអោយហូរមកបានដែរ។ ដង្ហើមដង្ហក់មួយៗ វែងៗរបស់ប្រពន្ធខ្ញុំ និងសម្រែកនៃការឈឺចាប់បានអូសបន្លាយជាងមួយម៉ោង ចំណែកខ្ញុំវិញមិនអាចជួយសំរាលការឈឺចាប់អី្វបានដល់គាត់ក្រៅពីអង្គុយនៅក្បែរគាត់ សម្លឹងមើលការឈឺចាប់នោះកាន់តែខ្លាំងឡើងៗ។ យូរៗម្ដងគាត់និយាយមកកាន់ខ្ញុំថា “អូនចង់វះ ឈឺណាស់ សូមអោយអូនវះទៅ!” ខ្ញុំសម្លឹងមើលទៅកែវភ្នែករបស់គាត់ទាំងទឹកភ្នែករៀបនឹងហូរមក ហើយនិយាយទៅគាត់ថា “កុំអីអូន បងដឹងថាអូនឈឺណាស់ តែទ្រាំបន្តិចទៅអូន ទ្រាំទៅណា ព្រោះអីនេះជាសញ្ញាមួយតឿនថា កូនជិតកើតមែនទៀតហើយ” គាត់គ្រវីក្បាលបណ្ដើរ និយាយបណ្ដើរ “អត់ទេ… ឈឺណាស់… យល់ពីអារម្មណ៍អូនផង…!” ខ្ញុំឆ្លើយតបទៅកាន់គាត់វិញទាំងញញឹម នឹងយល់ពីអារម្មណ៍របស់គាត់ ឆ្លើយតប តែយ៉ាងណាម៉ិញ ក្នុងចិត្តរបស់ខ្ញុំ ក៏ចង់អោយវះ ដែរដើម្បីកាត់បន្ថយការឈឺចាប់ខ្លាំង! នោះបានគ្រាន់តែគិត តែចិត្តមួយទៀត ត្រូវជំនះ និងទ្រាំទ្រអោយបាន។ ក្នុងរយះពេលដែលប្រពន្ធខ្ញុំឈឺចាប់ជាងមួយម៉ោង ក្នុងកំឡុងពេលដែលខ្ញុំនៅជាមួយគាត់ មើលឃើញពីភាពឈឺចាប់នេះ រួមជាមួយសម្រែកថ្ងូរអមដោយដង្ហើមវែងៗរបស់ប្រពន្ធខ្ញុំ វាធ្វើអោយខ្ញុំមើលឃើញពីបរិយាកាសនៅទីនោះ ហាក់ដូចជា slow motion នៃភាពយន្ដមួយ ចំណែកពេល១ម៉ោងជាង វាស្មើរនឹង១ខែ ១ឆ្នាំ យូរយ៉ាងនេះ! តើពេលណាទៅទើបការឈឺចាប់របស់ប្រពន្ធខ្ញុំចប់? ខ្ញុំទ្រាំមិនបានទេ ដួងចិត្តរបស់ខ្ញុំស្រក់ទឹកភ្នែក តែខ្ញុំត្រូវធ្វើទឹកមុខអោយមាំ ដើម្បីកុំអោយប្រពន្ធខ្ញុំឃើញពីបេះដូងទន់ខ្សោយរបស់ខ្ញុំ! ខ្ញុំត្រូវនៅជាបង្អែក និងជាកម្លាំងចិត្តរបស់គាត់នៅឡើយ។
នៅក្នុងបន្ទប់នោះ ក្រៅពីម៉ីងរបស់ខ្ញុំ និងជំនួយការពេទ្យ២នាក់ផ្សេងទៀត ក៏មានវេជ្ជបណ្ឌិតស្រីម្នាក់នៅទីនោះ រួមជាមួយម្ដាយរបស់ខ្ញុំផងដែរ។ ម្ដាយរបស់ខ្ញុំជាឆ្មបស្រាប់ គាត់បានផ្ដល់យោបល់ជាច្រើនដល់ប្រពន្ធរបស់ខ្ញុំ ព្រមទាំងប្រាប់គាត់ អោយផ្លាស់ប្ដូរឥរិយាបទផ្សេងៗ ដើម្បីសំរាលការឈឺចាប់ ដូចជាក្រោកឈរ, អង្គុយចោងហោង ដើម្បីអោយក្បាលទាកធ្លាក់កាន់តែចុះជាងមុន។ ចំណែកជំនួយការពេទ្យ ក៏បន្តធ្វើការរបស់គាត់បន្តទៀត ដោយយកឧបករណ៍ស្ដាប់សំលេងបេះដូង មកស្ដាប់បេះដូងកូនរបស់ខ្ញុំម្ដងទៀត រួចហើយគាត់ងាកមកប្រាប់ថា ចង្វាក់បេះដូងកូននៅល្អទេ។ ម្ដាយរបស់ខ្ញុំបានពិភាក្សា និងសុំអោយវេជ្ជបណ្ឌិតជួយសំរាលកូនអោយប្រពន្ធខ្ញុំតាមបែប ធម្មជាតិ ដោយមិនចង់អោយមានការ ចាក់ថ្នាំបង្ខំអោយស្បូនបើក ឬក៏ធ្វើអ្វីផ្សេងទៀតដែរ។ ម្ដាយរបស់ខ្ញុំនិយាយលេងជាមួយវេជ្ជបណ្ឌិត ហើយពួកគាត់ដូចជានិយាយត្រូវរ៉ូវគ្នាណាស់ ហើយវេជ្ជបណ្ឌិតក៏ញញឺមតបមកវិញ ទាំងសប្បាយរីករាយ ថា “ខ្ញុំសប្បាយណាស់ ដែលមានអ្នកជំងឺចង់សម្រាលកូនតាមរបៀបបែបធម្មជាតិបែបនេះនោះ”។ បើសម្លឹងមើលប្រពន្ធខ្ញុំវិញ នាងនៅតែបន្តការឈឺចាប់បែបសម្រាលកូនដដែល។
ពេលសំរាកពីការឈឺបន្តិច ខ្ញុំសុំចេញទៅក្រៅបន្ទប់សំរាល ដើម្បីចូលបន្ទប់ទឹក។ ពេលត្រឡប់ចូលមកវិញ ឃើញប្រពន្ធខ្ញុំផ្លាស់ប្ដូរចូលកាយវិការត្រូវប្រឹងដើម្បី សំរាល ព្រោះម៉ោង២ជាងទៅហើយ! ប្រពន្ធរបស់ខ្ញុំខំប្រឹង តាមការណែរនាំរបស់គ្រូពេទ្យ ពេលនោះខ្ញុំបានត្រៀមរួចរាល់មានកាមេរ៉ា ដើម្បីចាប់យករូបភាព តែអត់បានប្រើទេ ព្រោះរវល់តែ ប្រពន្ធចាប់ដៃជាប់យ៉ាងណែន។
សូមរង់ចាំភាគចុងក្រោយ…