Happy Wife, Happy Life!


វាជាប្រយោគមួយដែលសាមញ្ញតែបើគិតអោយច្បាស់ទៅជាប្រយោគមួយដ៏សំខាន់សំរាប់គ្រួសារ! Happy Wife, Happy Life (ប្រពន្ធសប្បាយចិត្ត ជីវិតរីករាយ)។ តើពេលណាជាពេលដែលប្រពន្ធអ្នកសប្បាយចិត្ត? តើអ្នកបានធ្វើអ្វីខ្លះ ដែលធ្វើអោយប្រពន្ធរបស់អ្នកសប្បាយចិត្ត? មានសំនួរជាច្រើនទៀតដែលអាចចោទសួរទៅកាន់បុរសជាប្ដី អោយគិតពិចារណាអំពីគ្រួសាររបស់ខ្លួន ជាពិសេសគឺភរិយា។
ចឹងមានន័យថា បើប្រពន្ធសប្បាយចិត្ត ជីវិតរីករាយ ចុះប្ដីវិញ? តើបើប្ដីសប្បាយចិត្ត ជីវិតរីករាយដែរឬទេ? បាទពិតណាស់! ប្ដីតែងតែចង់សប្បាយ ហើយជីវិតរបស់គាត់គឺចង់សប្បាយអស់មួយជីវិតតែម្ដង។ សំរាប់ខ្ញុំវិញ ខ្ញុំស្វែងយល់ថា ការសប្បាយតែម្នាក់ឯងចំពោះអ្នកដែលមានគ្រួសារវិញ គឺជារឿងអាត្មានិយមបំផុត! តើអ្នកនឹងទុកប្រពន្ធរបស់អ្នកអោយនៅចាំផ្ទះ មើលកូន, បោសផ្ទះ, ជូតផ្ទះ, ដាំបាយ, លាងចាន, ឬខ្មែរយើងហៅមួយបែបទៀតថា កិច្ចការមួយរយជំពូកឬ? ខ្ញុំគិតថាការដែលយើងអាចជួយគ្នា និងនាំភរិយារបស់យើងទៅសប្បាយជាមួយគ្នាតាមបែបគ្រួសារវាជារឿងមួយដែលប្រសើរជាជាងក្នុងការសប្បាយតែម្នាក់ឯង។

ប្រពន្ធសប្បាយចិត្ត ជីវិតរីករាយ គឺជាពាក្យមួយដែលត្រឹមត្រូវសំរាប់ខ្ញុំ ព្រោះពេលដែលប្រពន្ធសប្បាយចិត្ត គាត់នាំអោយយើងសប្បាយដែរ នោះបង្ហាញពីសុភមង្គលមួយដែលយើងជាប្ដីបានផ្ដល់ដល់គាត់។ ពេលនោះហើយ ដែលជាពេលវេលាមួយដែលភរិយាមិនអាចបំភ្លេចបាននូវអ្វីដែលប្ដីបានធ្វើចំពោះគាត់។ មានចំណុចច្រើនទៀតដែលខ្ញុំចង់និយាយ ឥឡូវងុយដេកហើយ! នឹងមានវគ្គបន្ត!

សួ​ស្ដី​ណូអែល


សូម​ជូន​ពរ​ដល់​មិត្ត​ប្រុស​ស្រី​នៅ​ក្នុង​ភូមិ​វ៉ើត​ប្រេស​នេះ ក្នុង​ឱកាស​ថ្ងៃ​ណូអេល​នេះ សូម​អោយ​សេចក្ដី​សុខសាន្ដ និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់​កើត​មាន​ដល់​គ្រប់​ក្រុម​គ្រួសារ​នៅ​ក្នុង​ភូមិ​នេះ ក៏​ដូច​ជា​ក្នុង​ពិភព​លោក​ទាំង​មូល​ផង​ដែរ។ សូម​អោយ​អំណាច​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់ គ្រប​ដណ្ដប់​លើ​គ្រប់​ដួង​ចិត្ត​នៃ​មនុស្ស​លោក ហើយ​សូម​អោយ​សន្តិ​ភាព អំណរ និង​សេចក្ដី​សង្ឃឹម​បាន​កើត​មាន​ឡើង ដោយ​ព្រោះ​តែ​ព្រះយេស៊ូ​ជា​ព្រះ​អម្ចាស់​នៃ​សេចក្ដី​សង្ឃឹម សំរាប់​មនុស្ស​ក្នុង​លោក​នេះ។

ពី​គ្រួសារ​ខ្ញុំ​ទៅ​កាន់​គ្រួសារ​របស់​លោក​អ្នក សូម​អធិស្ឋាន អោយ​ព្រះជាម្ចាស់​នៃ​ពិភព​លោក​ទាំង​មូល​ប្រទាន​ពរ​ដល់​គ្រប់​ៗ​គ្នា ជាមួយ​នឹង​កម្លាំង​កាយមាំ​មួន ប្រាជ្ញា​វាង​វៃ និង​សេចក្ដី​សុខចំរើន​កើត​មាន​ដល់​គ្រប់​ៗ​គ្នាទាំង​អស់។

សួ​ស្ដី​ណូអែល និង​សួ​ស្ដី​ឆ្នាំ ថ្មី

ពិសិដ្ឋ, សីហា, សូហ្វីយ៉ា

ទៅ​បោះ​ជំរំ​នៅ​គិរី​រម្យ


នៅ​ថ្ងៃ​បុណ្យ​អ៊ុំ​ទូក អក​អំបុក និង​សំពះ​លោក​ខែ ខាង​មុខ​នេះ នឹង​មាន​មនុស្ស​ជាង​២លាន​នាក់​ នឹង​សំរុក​មក​ទី​ក្រុង​ភ្នំពេញ នោះ​ទី​ក្រុង​ភ្នំ​ពេញ នឹង​មាន​សភាព​អ៊ូ​អរ​ខ្លាំង​ណាស់! ដោយ​មិន​ចង់​នៅ​ភ្នំពេញ​ក្នុង​កំឡុង​ពេល​នោះ ខ្ញុំ​និង​ក្រុម​ការងារ​មួយ​ចំនួន​សម្រេច​ចិត្ត​ថា នឹង​ទៅ​បោះ​តង់ បោះ​ជំរំ នៅ​សួន​ឧទ្យាន​ជាតិ​គិរីរម្យ​វិញ។

គ្នា​ខ្ញុំ​ប្រមាណ​ ជិត​៣០នាក់ នឹង​ទៅ​បោះ​តង់​នៅ​ក្នុង​ព្រៃ​គិរី​រម្យ​ក្នុង​រយះ​ពេល​៣​ថ្ងៃ ហើយ​យើង​នឹង​ចំណាយ​ពេល​សប្បាយ​ជាមួយ​គ្នា និង​ផ្សង​ព្រេង​ ជាមួយ​គ្នា​ក្នុង​ព្រៃ​នោះ!!  តើ​មាន​អ្នក​ធ្លាប់​ធ្វើ​ដូច​ពួក​យើង​ទេ ? យើង​ធ្លាប់​បាន​ធ្វើ​ការ​បោះ​ជំរំ​នោះ ២​ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ ២០០៧ និង ២០០៨។ សប្បាយ​ណាស់ ប្លែក ហើយ​មាន​អារម្មណ៍​ថា បទ​ពិសោធន៌​ថ្មី​នៃ​ការ​ រស់​នៅ ការ​ហូប​ចុក និង​ការ​សប្បាយ។ យើង​នឹង​រៀប​ចំអាហារ​សំរាប់​ពេល​៣​ថ្ងៃ ប្រើ​ប្រាស់​បង្គន់ ធម្ម​ជាតិ និង ផ្សង​ព្រេង​ក្នុង​ព្រៃ។

សូម​ប្រាប់​ថា​ សប្បាយ​ម្យ៉ាង​ដែរ!!! យើង​មិន​បាន​ភ័យ​ខ្លាច​ទេ ទោះ​ក្នុង​ព្រៃ​នោះ​មាន​សត្វ​ក៏​ដោយ!!! កិកិកិ ចង់​ទៅ​អត់?

ហេតុ​អ្វី​ត្រូវ​វេច​នំ​អន្សម?


នំ​អន្សម​ជ្រូក អន្សម​ចេក នំ​គោម នំបត់ នំជៀល ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ឱឡារឹក​នៅ​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ! ប្រជា​ជន​កម្ពុជា​សឹង​តែ​គ្រប់ៗ​គ្នា​ បាន​វេច​នំ​ទាំង​នោះ សំរាប់​ថ្ងៃ​ភ្ជុំ​បិណ្ឌ ជា​ពិសេស​គឺ​៣​ថ្ងៃ​មុន​បិណ្ឌ​ធំ។ មិន​ដឹង​ជា​ប្រវត្តិ​នៃ​ការ​ធ្វើ​នំ​នោះ​យ៉ាង​ណា​ទេ ហើយ​ហេតុ អ្វី​ត្រូវ​វេច​នំ អន្សមទាំង​នោះ​ទៅ​វិញ ម៉េច​ក៏​មិន​ប្រើ​នំ​អ្វី​ផ្សេង​មក​ជំនួស​វិញ​ទៅ? បើ​មាន​បងប្អូន​ណា​ ដឹង​ពី​ប្រវត្តិ​នៃ​ការ​ធ្វើ​នំទាំង​នោះ សូម​ប្រាប់​ផង ហេតុ​អ្វី​មាន​នំ​ច្រើន​ម្លេះ នៅ​ថ្ងៃ​នោះ តើ​ចាំ​បាច់​អ្វី​ត្រូវ​វេច​ នំ​អន្សម​ជ្រូក នំអន្សម​ចេក នំ​គោម នំបត់ នំជៀល?​ ហើយ​នំ​ទាំង​នោះ​តំណាង​អ្វី​ដែរ?

ល្វីង ជូរ ចត់ ចុងក្រោយ ផ្អែម


ង៉ៃ​ហ្នឹង​ទៅ​ផ្សា​ម្ដុំ​ភូមិ​យើង​ហ្នឹង​​ថា​ទៅ​ទិញ​ខោអាវ​អោយ​កូន​ស្លៀក​ហែល​ទឹក​សំរាប់​ថ្ងៃ​កំណើត ទិញ​បាន​ហើយ​ក៏​ហួស​ទៅ​ទិញ​ម្ហូប​បន្តិច លុះ​ដើរ​ដល់​កន្លែង​លក់​បន្លែ​រ​មួយ​ក៏​ប្រទះ​ឃើញ​ផ្លែ​ព្រៃ​មួយ​ប្រភេទ​នេះ​ ដែល​ញ៉ុម​កាល​ពី​តូចៗ​ ចូល​ចិត្ត​ញ៉ាំ​ណាស់។ បងប្អូន​យើង​នៅ​តាម​ជន​បទ​ស្រុក​ស្រែ ប្រហែល​ជាស្គាល់​ផ្លែនេះ ឬ​ក៏​មិន​អាច​ស្គាល់​ក៏​ថា​បាន​ដែរ។​​  ញ៉ុម​ទិញ​ហើយ​ ក៏​ហុច​អោយ​ប្រពន្ធ​សាក​មើល! ហិហិហិ ខាំ​ញ៉ាច់ ធ្វើ​មុខ​ជូរហួញ ចង់​យក​បោះ​ចោល​ តែ​ញ៉ុម​បាន​អោយ​គាត់​សាក​រហូត​ដល់​អស់​មួយ​ផ្លែ! អត់​ចូល​ចិត្ត​សោះ! ញ៉ុម​ទិញ​កន្លះ​គឺ​ឡូ ៛១៥០០​ យក​ទៅ​ផ្ទះ​ដើម្បី​ទុក​ញ៉ាំ និង​មក​ទទួល​បងប្អូន​យើង​ពេល​ដែល​កាត់​មក​លេង​ផ្ទះ​ញ៉ុម​នៅ​ង៉ៃ​នេះ។

រស់​ជាតិ​របស់​វា​ នឹង​ធ្វើ​មិន​អោយ​យើង​ចូល​ចិត្ត​រ៉េ ព្រោះ​វា​នឹង​មាន​រស់​ជាតិ​ ល្វីង ជូរ ចត់ និង​ពិបាក​លេប​បន្តិច តែ​នៅ​ពេល​ដែល​យើង​ញ៉ាំ​អស់ ពេល​ផឹក​ទឹក​ទៅ​វា​នឹង​មាន​រស់​ជាតិ​ផ្អែម​តាម​បែប​ធម្មជាតិ ស្រាល ស្រទន់ និង​គួរ​ចង់​អោយ​ញ៉ាំ​ម្ដង​ទៀត។ បើ​ញ៉ាំ ផ្លែ​ហ្នឹង​ត្រូវ​ញ៉ាំ​ជាមួយ​អំបិល​បុក​ម្ទេស អោយ​ហិរ​តិច​បាន​ឆ្ងាញ់។

តាម​ពិត​ផ្លែ​ហ្នឹង​មិន​សូវ​មាន​គេ​លក់​នៅ​តាម​ទី​ផ្សារ​ទេ យូៗ​ម្ដង​ទើប​ជួប​ប្រទះ ព្រោះ​វា​ជាផ្លែ​ឈើ​ព្រៃ ហើយ​ផ្លែ​ប៉ិនៗ​មេដៃ។

បរិយាយ​ម៉ាគនរ អត់​ដឹង​ផ្លែអី​សោះ! ចឹង​បងប្អូន​យើង​សាក​អោយ​ឈ្មោះ​ផ្លែហ្នឹង​ទៅ​មើល! ញ៉ុម​ចង់​ដឹង​ណាស់​ថា​ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ធ្លាប់​ញ៉ាំ​ផ្លែ​ហ្នឹង ហើយ​ស្គាល់​ផ្លែ​ហ្នឹង​ទៅ?

ផ្កាអី​ទៅហ្ន៎


មាន​បុគ្គលិក​ញ៉ុម​ម៉ា​ចនួន​ទៅ​លេង​នៅ​​ខេត្ត​ព្រះ​សីហនុ ហើយ​នៅ​តាម​ផ្លូវ​ពួក​គេ​ប្រទះ​ឃើញ​ផ្កា​មួយ​ចំឡែក​ហើយ​ក៏​បេះ​យក​មក​លេង និង​ចោទ​ជា​សំនួរ​មក​កាន់​គ្នា​ទៅ វិញ​ទៅមក។ ពេល​ពួក​គេ​ត្រឡប់​មក​វិញ ពួក​គេ​ក៏​យក​រូប​ភាព​ផ្កា​ហ្នឹង​មក​សួរ​ញ៉ុម​ថា​តើ​ញ៉ុម​ដឹង​ថា​ផ្កានេះ​ឈ្មោះ​អ្វី​ទេ? អ្វី​ដែល​គេ​សួរ​ញ៉ុម​ហ្នឹង​គឺ​គេ​ស្មាន​ថា​ញ៉ុម​មិន​ដឹង​! ច្រឡំ​ធំ​ហើយ​អានាង! ស្គាល់​តើ​ផ្កាហ្នឹង​នោះ ព្រោះ​ធ្លាប់​​ឃើញ​នៅ​ក្នុង​ ឌីសខោវើរី​ ឆាណែល ​។ តាម​ពិត​ពួក​គេ​សួរ​ហ្នឹង​ ព្រោះ​ពួក​គេ​គិត​ថា ញ៉ុម​នឹង​ហៅ​ឈ្មោះ​ផ្កា​ហ្នឹង​ គឺ​ផ្កា… ព្រោះ​វា​ស្រដៀង​ទៅ​នឹង​ប្រដាប់​ភេទបុរស!

ចុះ​បងប្អូន​ក្នុង​ភូមិ​យើង​វិញ មាន​ស្គាល់​ថា​ផ្កា​នេះ មាន​ឈ្មោះ​អី​រ៉េ? បើ​តាម​ញ៉ុម​ធ្លាប់​បាន​មើល​គឺ​ផ្កា​នេះ​មាន​ឈ្មោះ​ថា Bus Trapper (អន្ទាក់​សត្វ​ល្អិត)។ លក្ខណះ​នៃ​ផ្កានេះ​គឺ​វា​ជា​ផ្កា​រៀង​បំពង់ ដែល​មាន​គំរប​នៅ​ខាង​លើ (ពិត​មែន​បើ​មើល​យូ​ទៅ​វា​មាន​លក្ខណះ​ស្រដៀង​នឹង​ប្រដាប់​ភេទ​បុរស​មែន​ តែ​វា​មិន​ពិត​នោះ​ទេ) ហើយ​នៅ​ក្នុង​បំពុង​របស់​វា វា​នឹង​ដាក់​ទឹក​ប្រហែល​ជា​កន្លះ​បំពង់ លុះ​ដល់​ពេល​ដែល​មាន​សត្វ​ល្អិត​តូច​ៗ​ចុះ​មក​ផឹក​ទឹក​នៅ​ក្នុង​ផ្កា​នោះ​ វា​នឹង​បិទ គំរប ហើយ​សត្វ​ល្អិត​​តូចៗ​នោះ​មិន​អា​ច​រត់​ចេញ​បាន​រ៉េ ចង់​នឹង​ត្រូវ​ស្លាប់​នៅ​ក្នុង​បំពង់​នោះ​ហើយ វា​នឹង​បឺត​យក​ជីវជាតិ​ពី​សត្វ​នោះ​ដើម្បី​ចិញ្ចឹម​ខ្លួន​របស់​វា។

គិត​ទៅ​ផ្កា​នេះ​ពិត​ជា​ចា​ហាវ​ណាស់! នៅ​ទ្វី​ប​អាហ្វ្រិក​ក៏​មាន​ផ្កា​ស្រដៀង​ហ្នឹង​ដែរ​ តែ វា​ធំៗ​ជាងនេះ ហើយ​វា​ស៊ី​​សត្វ​ណា​ដែល​ចូល​មកក្នុង​បំពង់​របស់​វា ដូច​ជា​ ចាប សត្វ​បក្សី និង​សត្វ​កណ្ដុរ​ ឬ​សត្វ​អ្វី​ផ្សេង​ទៀត​ដែល​មក​ផឹក​ទឹក​នៅ​ក្នុង​បំពង់​នោះ។

នេះ​ជា​អ្វី​ដែល​ញ៉ុម​ធ្លាប់​ដឹង​ធ្លាប់​លឺ ប្រសិន​បើ​បងប្អូន​ណា​ ស្គាល់​ផ្កា​នេះ ហើយ​អាច​យល់​ដឹង​ខុស​ពី​ញ៉ុម​សូម​ជួយ​ប្រាប់​ហង ក្រែង​លោរ​បាន​ដឹង​ម៉ា​ចនួន​ទៀត។

សម្លរ ខួរ​ក្ដាម​ស្រែ​ល្ហុង


ថ្ងៃ​នេះ​មក​លេង​ផ្ទះ​ញ៉ុម​អត់​មាន​អី ទទួល​ក្រៅ​ពី​ម្ហូប​មួយ​មុខ​នេះ​ទេ! ភាគ​ច្រើន​បងប្អូន​ខ្មែរ​យើង​ នៅ​ក្នុង​ទី​ក្រុង​នឹង​មិន​សូវ​លឺ​មុខ​ម្ហូប​មួយ​បែប​នេះ​ឡើយ ហើយ​ក៏​កំរ​នឹង​មាន​អ្នក​ដែល​ធ្វើ​ម្ហូប​នេះ ណាស់ ព្រោះ​ប្រហែល​ជា​មិន​ចេះ ឬ​ក៏​មិន​ដែល​ទាំង​ដឹង​ផង។

ង៉ៃ​មុន​ទៅ​លេង​ផ្ទះ​ម្ដាយ​ខ្ញុំ​ក៏​ប្រទះ​ឃើញ​គាត់​ធ្វើ​ម្ហូប​នេះ ហើយ​ក៏​បាន​ញាំ​ដែរ ឆ្ងាញ់ៗ! តាម​បែប​អ្នក​ស្រែ គឺ​បើ​បាន​ញ៉ាំ​ពិត​ជា​ឆ្ងាញ់​ពិត​មែន ហើយ​មាន​អាម្មណ៍​ថា សម្លរ​នេះ​នាំ​ញ៉ុម​ទៅ​កាន់​អតី​តកាល​វិញ​ នៅ​ពេល​ដែល​យើង​ស្លរ​សម្លរ​នេះ​ម្ដងៗ។ វា​ពិត​ជា​ពិសេស ព្រោះ​អី​ខាន​បាន​ញ៉ាំ​ជិត​៥​ឆ្នាំ​ហើយ!

នេះ​ប្រើ​ត្រី​រ៉ស បើ​បាន​កូន​ត្រី​ជញ្ជាត់​វិញ មិន​ដឹង​ជា​អែម​ស៊ែម​ដល់​កំរឹត​ណា​ទៀត​ទេ។ សំរាប់​វិធី​ធ្វើ​នោះ​គឺ​ងាយ​ស្រួល​ទេ ត្រូវ​ការ​តែ​ល្ហុងជា​បន្លែ ត្រី និង​ក្ដាម​ស្រែ​ជា​សាច់​ប៉ុណ្ណោះ។ ក្ដាម​ត្រូវ​យក​មក​បក​លាង​ទឹក​អោយ​ស្អាត​ហើយ​បុក​យក​ឈាម​(ហិហិហិ ក្ដាម​អត់​ឈាម​ហង) ។ បើ​ចង់​ដឹង​ពី​របៀប​ធ្វើ​ម្ហូប​ហ្នឹង​​ចាំ​ញ៉ុម​តេ​ទៅ​សួរ​ម្ដាយ​ញ៉ុម​សិន។