វាជាពេលរសៀលមួយដែលរីករាយសំរាប់ខ្ញុំក្នុងការជួបជុំមិត្តភក្ដិដែលខ្ញុំមិនដែលស្គាល់មុខគេទាល់តែសោះ (ស្គាល់៥-៦នាក់ដែរ មិនមែនអត់សោះនោះទេ) នាពេលរសៀលមួយ ក្នុងតំណើរកំសាន្ដរីករាយលើទូកមួយនាក្រុងភ្នំពេញ។ នៅពេលដែលខ្ញុំទទួលដំណឹងថាមានដំណើរកំសាន្ដបែបនោះ ខ្ញុំរំភើបរួចទៅហើយ ព្រោះខ្ញុំតែងតែចង់ចំណាយពេលស្គាល់អ្នកភូមិយើងបន្ថែមទៀតនៅក្នុងភូមិវ៉ើតប្រេស និងហ្វេសប៊ុក។ នេះជាលើកតំបូងដែលខ្ញុំបាននាំប្រពន្ធរបស់ខ្ញុំទៅចូលរួម ហើយគាត់ក៏សប្បាយដែរដែលបានស្គាល់មិត្តភក្ដិថ្មីៗបន្ថែមទៀត។
សំរាប់ខ្ញុំ ខ្ញុំពិតជាមានមោទនភាព ដែលបានឃើញយុវជនសម័យនេះមួយចំនួនបានប្រើប្រាស់ពេលវេលារបស់ខ្លួនអោយមានប្រយោជន៍ដល់សង្គមជាតិដុចជាមនុស្សនៅលើទូកដែលខ្ញុំបានជួបនោះដែរ។ យើងធ្លាប់តែបាននិយាយគ្នាត្រឹមការសរសេរបញ្ចេញមតិនៅលើហ្វេសប៊ុក និងនៅលើវ៉ើតប្រេសប៉ុណ្ណោះ តែនៅលើទូកយើងបានជជែកគ្នា និងផាគ្នាយ៉ាងសប្បាយរីករាយ។ មិនតែប៉ុណ្ណោះយើងបានជួបជាមួយនឹងបងប្រុសនៅប្រទេសបារាំង ដែលគាត់ជាអ្នកភូមិរបស់យើងដែរ គាត់បាននាំគ្រួសាររបស់គាត់មកលេងនៅស្រុកខ្មែរ ហើយយើងបានជជែកគ្នាសួរពីនេះពីនោះយ៉ាងសប្បាយរីករាយ។
ស្ដាយដែរ ដែលកាមេរ៉ាខ្ញុំនៅជាមួយ អាយហ្វូន កុំអីបានរូបចែកអោយបងប្អូនមើលបាត់ហើយ!!! តែយ៉ាងណាម៉ិញ ខ្ញុំពិតជាមានអារម្មណ៍រំភើបសប្បាយរីករាយណាស់។