ថ្ងៃនេះខ្ញុំចង់និយាយពីបុណ្យណូអែលដ៏ពិតប្រាកដ ដែលបានកើតមានឡើងតាំងពីជាង២០០០ឆ្នាំកន្លងមកហើយ! វាជារឿងដែលពិត ដែលព្រះយេស៊ូយាងមកក្នុងលោកនេះ មានលក្ខណះវិសេសវិសាល និង អស្ចារ្យជាងគេ នៅក្នុងកំណើតមនុស្សនៅ លើពិភពលោកនេះ។ ខ្ញុំនឹងយកអត្ថបទនៃព្រះគម្ពីរមកអមជាមួយ ដើម្បីបញ្ជាក់ថា កាប្រសូតមករបស់ព្រះយេស៊ូនៅលើផែនដីនេះ មិនមែនគ្រាន់តែជាការនិយាយលើកឡើងរបស់ខ្ញុំនោះទេ ចឹងខ្ញុំត្រូវប្រើអំណះអំណាងដែលមកពីព្រះគម្ពីររបស់ព្រះយេស៊ូមកជាភស្ដុតាង។
លូកា ១៖២៦-៣៨ ទេវតាជូនដំណឹងអំពីកំណើតព្រះយេស៊ូ
២៦ ប្រាំមួយខែក្រោយមក ព្រះជាម្ចាស់បានចាត់ទេវតាកាព្រីយ៉ែលអោយទៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ២៧ ដើម្បីជួបនឹងស្ត្រីក្រមុំព្រហ្មចារីម្នាក់ ជាគូដណ្ដឹងរបស់កំលោះម្នាក់ឈ្មោះយ៉ូសែប ដែលត្រូវជាញាតិវង្សព្រះបាទដាវីឌ ស្ត្រីក្រមុំនោះឈ្មោះ នាងម៉ារី។ ២៨ ទេវតាចូលទៅក្នុងផ្ទះនាងម៉ារី ហើយពោលទៅកាន់នាងថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ ព្រះអង្គគង់ជាមួយនាង»។ ២៩ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា តើពាក្យជំរាបសួរនេះមានន័យដូចម្ដេច? ៣០ ទេវតាពោលទៅកាន់នាងថា៖ «កុំខ្លាចអី ម៉ារីអើយ! ដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ។ ៣១ នាងនឹងមានគភ៌ សំរាលបានបុត្រមួយដែលនាងត្រូវថ្វាយព្រះនាមថា“យេស៊ូ”។ ៣២ បុត្រនោះនឹងមានឋានៈដ៏ប្រសើរឧត្ដម ហើយគេនឹងថ្វាយព្រះនាមថា “ព្រះបុត្រានៃព្រះដ៏ខ្ពង់ខ្ពស់បំផុត”។ ព្រះជាម្ចាស់នឹងតាំងបុត្រនោះ អោយគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោរបស់ព្រះអង្គ៣៣ ទ្រង់នឹងគ្រងរាជ្យលើប្រជារាស្ត្រអ៊ីស្រាអែល អស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរ ឥតមានទីបញ្ចប់ឡើយ»។ ៣៤ នាងម៉ារីសួរទៅទេវតាថា៖ «តើធ្វើដូចម្ដេចនឹងអោយការនេះកើតឡើងបាន បើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផងដូច្នេះ?»។ ៣៥ ទេវតា*ឆ្លើយទៅនាងវិញថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធ*នឹងយាងមកសណ្ឋិតលើនាង គឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត នឹងគ្របបាំងនាង។ ហេតុនេះ គេនឹងថ្វាយព្រះនាមដល់បុត្រដ៏វិសុទ្ធ ដែលត្រូវប្រសូតមកនោះថា “ព្រះបុត្រារបស់ព្រះជាម្ចាស់”។ ៣៦ ម្យ៉ាងទៀត នាងអេលីសាបិត ជាញាតិរបស់នាង មានផ្ទៃពោះប្រាំមួយខែហើយ ថ្វីដ្បិតតែគាត់មានវ័យចាស់ ថែមទាំងជាស្ត្រីអារទៀតផងក៏ដោយ ៣៧ ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។ ៣៨ នាងម៉ារីពោលទៅទេវតាថា៖ «នាងខ្ញុំជាអ្នកបំរើរបស់ព្រះអម្ចាស់ សូមអោយបានសំរេចតាមពាក្យរបស់លោកចុះ!»។ បន្ទាប់មក ទេវតាចាកចេញពីនាងទៅ។
លូកា ២៖១-២០ កំណើតព្រះយេស៊ូ
១ នៅគ្រានោះ ព្រះចៅអធិរាជរ៉ូម៉ាំង ព្រះនាមអូគូស្ដ មានព្រះរាជបញ្ជាអោយជំរឿនចំនួនប្រជាជនទាំងអស់ ក្នុងចក្រភពរ៉ូម៉ាំងទាំងមូល។ ២ ការជំរឿនប្រជាជនលើកដំបូងនេះ បានធ្វើឡើង ក្នុងអំឡុងពេលដែលលោកគីរេនាស ធ្វើជាទេសាភិបាលនៅស្រុកស៊ីរី។ ៣ អ្នកស្រុកទាំងអស់ត្រូវទៅចុះឈ្មោះក្នុងបញ្ជី តាមស្រុកកំណើតរៀងៗខ្លួន។ ៤ រីឯលោកយ៉ូសែបក៏ចេញដំណើរពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ឆ្ពោះទៅភូមិបេថ្លេហិម ក្នុងស្រុកយូដា ជាភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រោះលោកជាព្រះញាតិវង្សនឹងព្រះបាទដាវីឌ។ ៥ លោកទៅចុះឈ្មោះជាមួយនាងម៉ារី ជាគូដណ្ដឹងដែលមានផ្ទៃពោះ។ ៦ ពេលអ្នកទាំងពីរនៅឯភូមិបេថ្លេហិម នាងម៉ារីគ្រប់ខែហើយ។ ៧ នាងសំរាលបានបុត្រមួយ ជាបុត្រច្បង។ នាងរុំបុត្រនោះនឹងសំពត់ រួចដាក់អោយផ្ទំក្នុងស្នូកសត្វ ដ្បិតពុំមានសល់កន្លែងសំណាក់ក្នុងផ្ទះសោះ។
