កាលពីថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០១១ វេលាម៉ោង ៨៖០០ព្រឹក ខ្ញុំចេញដំណើរទីកាន់ការប្រជុំក្រុមជំនុំ នៅម្ដុំទួលសង្កែរ។ ធ្វើដំណើរមកតាមផ្លូវត្រង់ចំណុច ភ្លើងស្តុប សណ្ឋាគារណានជីង ផ្លូវកម្ពុជាក្រោម ខ្ញុំបានឈប់ដោយព្រោះមានភ្លើងស្តុបពណ៌ក្រហម។ ឈប់បានមួយសន្ទុះមានពូប៉ូលីសមួយដើរក្រឡឹងជុំវិញខ្ញុំ ហើយគាត់បានគោះស្មារខ្ញុំថា “សុំឡើងលើបន្តិច!” ខ្ញុំមានអារម្មណ៍ឆ្ងល់ ម៉េចបានជាហៅខ្ញុំឡើងលើទៅជួបមេគាត់ ព្រោះខ្ញុំមិនបានធ្វើអីខុសផងហ្នឹង? ខ្ញុំពាក់មួកការពារ, មានកញ្ចក់ត្រឹមត្រូវ, អត់មានបើកភ្លើងអីទេ! តើខ្ញុំខុសអី?
ខ្ញុំបានសួរគាត់ថាខ្ញុំខុសអី? គាត់ថា ម៉ូតូរបស់ខ្ញុំផ្លាកលេខអត់ត្រឹមត្រូវ ដោយកឹបជាមួយនឹងខ្ចៅ មិនបានកឹបត្រឹមត្រូវទៅតាមក្បួនខ្នាតរបស់ក្រសួង។ គាត់សង្ស័យថាខ្ញុំលួចផ្លាកលេខរបស់គេមកកឹបលើម៉ូតូខ្ញុំ!! ខ្ញុំអស់សំណើច ហើយប្រាប់គាត់ពីសេចក្ដីពិតដែលខ្ញុំត្រូវប្រើខ្ចៅប្រភេទនេះ! កាលពី៤ឆ្នាំមុន ម៉ូតូរបស់ខ្ញុំត្រូវបានគេបុកចំកន្ទុយផ្នែកខាងក្រោយ ហើយបាក់កាតាប៊ូខាងក្រោយអស់។ ចឹងខ្ញុំដូរកាតាប៊ូចេញ ហើយត្រូវបើខ្ចៅកឹបលើផ្លាកលេខ។ គាត់អត់ជឿទេ គាត់បែជាថាខ្ញុំត្រូវទទួលការផាកពិន័យ។ គាត់បានលើកច្បាប់ចរាចរណ៍ប្រាប់ខ្ញុំពីមាត្រាទី៨៨ ចំណុចទី១៤ (និយាយបណ្ដើរគាត់បើកសៀវភៅច្បាប់ចរាចរណ៍បណ្ដើរ តែគាត់រកមាត្រាទី៨៨អត់ឃើញ គាត់ថា ចុះអាណាហែកមាត្រាហ្នឹងទៅណាទៅ? ខ្ញុំសើច ហើយប្រាប់គាត់ថា នេះនៅត្រង់នេះ ពូបើកហួសហើយ) យីចំមែនពូនេះ! ពូប៉ូលីសបានទាមទាររកកាតគ្រីខ្ញុំ ហើយថា បើមានកាតគ្រីត្រូវផាក៦០០០រៀល បើអតើមានត្រូវផាកច្រើនជាងនេះ!! ខ្ញុំព្យាយាមទូរ.ទៅកាន់មិត្តរបស់ខ្ញុំ គាត់ឃើញដូច្នេះ ពួប៉ូលីសក៏ទារលុយត្រង់ៗម៉ងទៅ ១០០០០រៀល! ខ្ញុំមិនចង់តថ្លៃយូរ ទោះខំនិយាយយ៉ាងម៉េចក៏ដោយ ទោះមានកាតគ្រី ឬមិនមានក៏ត្រូវបង់លុយដែរ! ខ្ញុំបានបើកកាបូបយក២ដុល្លាហុចអោយគាត់ហើយបណ្ដើរម៉ូតូចេញទៅ! គាត់ទទួលយកដោយមិនស្ដីអីមួយម៉ាត់ទេ!!!
ពេលខ្ញុំបណ្ដើរម៉ូតូចេញគាត់ហៅខ្ញុំសួរមួយសំនួរទៀត!! តើខ្ញុំមកពី សៀមរាបមែន? ខ្ញុំថា អត់ទេ! គាត់តបទៀតថា ម៉េចក៏ខ្ញុំនិយាយខ្មែរមិនច្បាស់!!!! ខ្ញុំសើចហើយដើរចេញទៅ!!!