អាពាហ៍ពិពាហ៍​ជា​ព្រះ​ពរ


កាល​ពី​៥ឆ្នាំ​មុន ខ្ញុំ​ចាំ​បាន​ថា ពេល​ខ្ញុំ​រៀប​ការ​ខ្ញុំ​កំពុង​តែ​ត្រៀម​ខ្លួន​ចូល​ទៅ​កាន់​ជីវិតមួយ​បែប​ទៀត​ ដែល​ខ្ញុំ​ពុំ​ដែល​មាន​បទ​ពិសោធន៍​ពី​មុន​មក។ ធ្លាប់​តែ​បាន​លឺ​ចាស់​ៗ​ និង​អ្នក​ដែល​បាន​រៀប​ការ​ហើយ គាត់​និយាយ​ពី​ជីវិត​ដែល​រៀប​ការ​ហើយ ដោយ​មាន​អ្នក​ខ្លះ​គាត់​និយាយ​ថា​៖

  • អ្នក​នឹង​លែង​មាន​សេរី​ភាព ដើរ​ហើរ​ស្រេច​តែ​ចិត្ត​ទៀត​ហើយ!
  • អ្នក​នឹង​មិន​សូវ​សំបូរ​លុយ​ចាយ​វាយ​ទេ ព្រោះ​ប្រពន្ធ​យក​ទុក​អស់​ហើយ!
  • ពិបាកណាស់! ឈ្លោះ​គ្នារាល់​តែ​ថ្ងៃ
  • ហត់​ណាស់! ដល់​ផ្ទះ​ម្ដងៗ​លឺ​តែ​សំលេង​ឈ្លោះ​គ្នា​ពាស​ណា​ពាស​ណី!
  • ….

នេះ​វា​បាន​ធ្វើ​អោយ​ខ្ញុំ​នឹក​ចាំ​មិន​ភ្លេច​ទេ​ ថា​ជីវិត​របស់​ខ្ញុំ​ប្រហែល​ជា​នឹង​បែប​ហ្នឹង​ដែរ ឬ​មាន​អ្វី​មួយ​ថ្មី​ទៀត! តែ​ខ្ញុំ​មិន​បាន​យក​គំនិត​បែប​នោះ​មក​ដាក់​នៅ​ក្នុង​ចិត្ត​ឡើយ​ ព្រោះ​ខ្ញុំ​ក៏​ដឹង​ទៀត​ដែរ​ថា មាន​មនុស្ស​មួយ​ចំនួន​នៅ​ពេល​ដែល​គាត់​រៀប​ការ​ហើយ គាត់​មាន​សេចក្ដី​សុខ​ខ្លាំង​ណាស់ ហើយ​ពួក​គាត់​បាន​អោយ​តំបូន្មាន​ថា៖

  • ជីវិត​អាពាហ៍ពិពាហ៍ នឹង​ធ្វើ​អោយ​អ្នក​ទៅ​ជាមនុស្សពេញ​វ័យ ចេះ​គិត​ពិចារណា និង​ស្វែង​យល់​ពី​រសជាតិ​នៃ​ជីវិត​ច្រើន
  • ស្រឡាញ់​ប្រពន្ធ​របស់​អ្នក​ទៅ​ នោះ​ជីវិត​របស់​អ្នក​នឹង​មាន​សុភមង្គល!
  • ជីវិត​អាពាហ៍​ពិពាហ៍​ជា​ព្រះ​ពរ​មក​ពី​ព្រះ!

ខ្ញុំ​ចាប់​ផ្ដើម​សម្លឹង​មើល​នូវ​អ្វី​ដែល​ជា​ភាព​វិជ្ជមាន​មក​ពី​មនុស្ស​ដែល​មាន​ជោគ​ជ័យ​ក្នុង​ជីវិត​ហើយ​ខ្ញុំ​ក៏​មិន​បាន​ភ្លេច​ដែរ​នូវ​ការ​គិត​របស់​អ្នក​មួយ​ចំនួន​ដែល​មើល​ឃើញ​ជីវិត​អាពាហ៍​ពិពាហ៍​ជា​ភាព​អាវិជ្ជមាន នោះ​ហើយ​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​ជៀសវាង។

ចំពោះបងប្អូនដែលមានប្រពន្ធវិញ ចូរស្រឡាញ់​ភរិយា…” អេភេសូ ៥៖២៥

នេះ​ជា​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​ប្រាប់​ដល់​បុរស​ដែល​រៀប​ការ​ហើយ​អោយ​ស្រឡាញ់​ប្រពន្ធ ព្រោះ​នាង​គឺ​ជា​ទី​ស្រឡាញ់​របស់​យើង ហើយ​នាង​មិន​មែន​ជា​សត្រូវ​របស់​យើង​ទេ! ដូច្នេះ​ហើយ បុរស​ត្រូវ​ ស្រឡាញ់​ប្រពន្ធ! ត្រូវ​ថ្នម​ចិត្ត​នាង! ត្រូវ​អោយ​តម្លៃ​នាង! ត្រូវ​ផ្ដល់​សុភមង្គល​ដល់​នាង!​ ត្រូវ​ចំណាយ​ពេល​ជាមួយ​នាង! ត្រូវចេះ​ទុក​ចិត្ត​លើ​នាង! ត្រូវ​ផ្ដល់​តម្លៃ​ដល់​សមត្ថ​ភាព​ចាត់​ចែង​របស់​នាង! និង​មាន​ច្រើន​ទៀត​ដែល​បុរស​ជា​ប្ដី​ត្រូវ​ស្រឡាញ់​ប្រពន្ធ!

បងប្អូនដែលកោតខ្លាចព្រះគ្រិស្ដ ត្រូវគោរពចុះចូលគ្នាទៅវិញទៅមក។បងប្អូនជាស្ដ្រីដែលមានស្វាមី ត្រូវគោរពចុះចូល​នឹង​ស្វាមីរៀង​ៗ​ខ្លួន ដូចជាគោរពចុះចូលនឹងព្រះអម្ចាស់ដែរ ដ្បិតស្វាមីនាំមុខភរិយា …” អេភេសូ ៥៖២១-២៣

ដោយ​ឡែក​ប្រពន្ធ គឺ​គោរព ចុះ​ចូល​ នឹង​ស្វាមី ព្រោះ​ស្វាមី​ជា​មេគ្រួសារ ជា​អ្នក​ដឹកនាំ​ក្នុង​គ្រួសារ! បុរស​ត្រូវការ​កិត្តិយស​ពី​ប្រពន្ធ និង​ការ​ផ្ដល់​តម្លៃ​ដូច​គ្នា​ផង​ដែរ។ នៅ​ពេល​ដែល​ប្ដី​នឹង​ប្រពន្ធ​ចេះ​យល់​ចិត្ត​គ្នា នោះ​យើង​នឹង​ឃើញ​ក្រុម​គ្រួសារ​ របស់​យើង​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ដែន​ដី​មួយ​ដែល​យើង​ហៅ​ថា ដែន​ដី​សុភមង្គល!

នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ចាត់​ទុក​ជា​រឿង​មាន​តម្លៃ​បំផុត​សំរាប់​ជីវិត​របស់​ខ្ញុំ ព្រោះ​គ្រួសារ ជា​អទិភាព​ចម្បង​របស់​ខ្ញុំ ហើយ​នៅ​ពេល​ដែល​ខ្ញុំ​រាប់​វា​ជា​រឿង​សំខាន់ នោះ​ខ្ញុំ​ពិត​ជា​យក​ចិត្ត​ទុកដាក់ និង​ផ្ដល់​តម្លៃ​ខ្លាំង​ណាស់! ព្រោះ​គ្រួសារ​ជា​ព្រះ​ពរ ហើយ​អាពាហ៍ពិពាហ៍​ជា​ព្រះ​ពរ!

Happy Wife, Happy Life!


វាជាប្រយោគមួយដែលសាមញ្ញតែបើគិតអោយច្បាស់ទៅជាប្រយោគមួយដ៏សំខាន់សំរាប់គ្រួសារ! Happy Wife, Happy Life (ប្រពន្ធសប្បាយចិត្ត ជីវិតរីករាយ)។ តើពេលណាជាពេលដែលប្រពន្ធអ្នកសប្បាយចិត្ត? តើអ្នកបានធ្វើអ្វីខ្លះ ដែលធ្វើអោយប្រពន្ធរបស់អ្នកសប្បាយចិត្ត? មានសំនួរជាច្រើនទៀតដែលអាចចោទសួរទៅកាន់បុរសជាប្ដី អោយគិតពិចារណាអំពីគ្រួសាររបស់ខ្លួន ជាពិសេសគឺភរិយា។
ចឹងមានន័យថា បើប្រពន្ធសប្បាយចិត្ត ជីវិតរីករាយ ចុះប្ដីវិញ? តើបើប្ដីសប្បាយចិត្ត ជីវិតរីករាយដែរឬទេ? បាទពិតណាស់! ប្ដីតែងតែចង់សប្បាយ ហើយជីវិតរបស់គាត់គឺចង់សប្បាយអស់មួយជីវិតតែម្ដង។ សំរាប់ខ្ញុំវិញ ខ្ញុំស្វែងយល់ថា ការសប្បាយតែម្នាក់ឯងចំពោះអ្នកដែលមានគ្រួសារវិញ គឺជារឿងអាត្មានិយមបំផុត! តើអ្នកនឹងទុកប្រពន្ធរបស់អ្នកអោយនៅចាំផ្ទះ មើលកូន, បោសផ្ទះ, ជូតផ្ទះ, ដាំបាយ, លាងចាន, ឬខ្មែរយើងហៅមួយបែបទៀតថា កិច្ចការមួយរយជំពូកឬ? ខ្ញុំគិតថាការដែលយើងអាចជួយគ្នា និងនាំភរិយារបស់យើងទៅសប្បាយជាមួយគ្នាតាមបែបគ្រួសារវាជារឿងមួយដែលប្រសើរជាជាងក្នុងការសប្បាយតែម្នាក់ឯង។

ប្រពន្ធសប្បាយចិត្ត ជីវិតរីករាយ គឺជាពាក្យមួយដែលត្រឹមត្រូវសំរាប់ខ្ញុំ ព្រោះពេលដែលប្រពន្ធសប្បាយចិត្ត គាត់នាំអោយយើងសប្បាយដែរ នោះបង្ហាញពីសុភមង្គលមួយដែលយើងជាប្ដីបានផ្ដល់ដល់គាត់។ ពេលនោះហើយ ដែលជាពេលវេលាមួយដែលភរិយាមិនអាចបំភ្លេចបាននូវអ្វីដែលប្ដីបានធ្វើចំពោះគាត់។ មានចំណុចច្រើនទៀតដែលខ្ញុំចង់និយាយ ឥឡូវងុយដេកហើយ! នឹងមានវគ្គបន្ត!

ជា​ស្វា​មី​ ភរិយា ត្រូវ​ចេះ​ថ្នម​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក


ពេល​​ដែល​យើង​រៀប​ការ​ជាមួយ​នរណា​ម្នាក់ វា​ជា​ការ​សម្រេច​ចិត្ត​មួយ​ ដែល​ធំ​បំផុត នៅ​ក្នុង​ជីវិត​របស់​យើង។ តោង​ដឹង​ថា យើង​នឹង​ត្រូវ​រស់​នៅ​ជាមួយ​ដៃ​គូរ​របស់​យើង​អស់​មួយ​ជីវិត។ នៅ​ពេល​ដែល​យើង​រៀប​ការ នោះ​ជីវិត​២នាក់​នឹង​រួម​មក​តែ​មួយ! ជា​ប្ដី​ជា​ប្រពន្ធ គឺ​យើង​នឹង​ក្លាយ​មក​ជា​រូប​កាយ​តែ​មួយ​ដោយ​សារ​ចំណង​នៃ​អាពាហ៍ពិពាហ៍។

ក្នុង​​ពេល​នេះ​ ខ្ញុំ​និយាយ​ក្នុង​នាម​ជា​ប្ដី​មួយ​រូប និង​បាន​ឆ្លង​កាត់​បទពិសោធន៍​រៀប​ការ​ជាង​៤​ឆ្នាំ​កន្លង​មក​នេះ។ ទោះបី​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ​នៅ​ក្មេង​ខ្ចី​ក្ដី ខ្ញុំ​រៀន​បាន​អ្វី​ៗ​ថ្មីៗ​ជា​ច្រើន ក្នុង​ទំនាក់​ទំនង​នៃ​ជីវិត​អាពាហ៍​ពិពាហ៍ ហើយ​ខ្ញុំ​នឹងរៀន​មិន​ដែល​ចប់​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ នោះ​ខ្ញុំ​ក៏​ដឹង​ថា ខ្ញុំ​នឹង​បញ្ចប់​ថ្នាក់​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​បាន​លាចាក​ពី​លោក​នេះ​ទៅ។ ចំណុច​មួយ​នៃ​ចំណុច​ជា​ច្រើន​ក្នុង​ទំនាក់ទំនង​ស្នេហា គឺ​ប្ដី​ត្រូវ​ចេះ​ថ្នម​ចិត្ត​ប្រពន្ធ។ ការ​ថ្នម​ចិត្ត និង​ការ​យល់​ចិត្ត ជា​អ្វី​មួយ​ដែល​យើង​ត្រូវ​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ខ្ញុំ​ចង់​រក្សា​នូវ​ទំនាក់​ទំនង​ដូច​ពី​ពេល​ដែល​ខ្ញុំ​ជួប​គាត់​ជា​លើក​តំបូង​​ដែរ។ កាល​ពី​ជួប​ពី​លើក​តំបូង យើង​តែ​ង​តែ​ចង់​ធ្វើ​នេះ​ ធ្វើ​នោះ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ទៅ​ណា​មក​ណា​គឺ​មានតែ​យើង​តែ​២នាក់​ទេ ក្នុង​ពិភព​លោក​នេះ ហើយ​យើង​ចេះ​ថ្នម​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក មាន​អ្វី​ញ៉ាំ ក៏​​ចិត្ត​មិន​ដាច់​ក្នុង​ការ​ញ៉ាំ​តែ​ឯង ។ល។ មាន​គូរ​ស្វាមី​ភរិយា​ខ្លះ មុន​ពេល​រៀប​ការ គឺ​ផ្អែម​ល្ហែម តែ​ពេល​រៀប​ការ​ហើយ ពួក​គេ​បែរ​ជាមាន​ការ​ផ្លាស់​ប្ដូរ​គឺ​មិន​ដូច​មុន​ឡើយ! តែ​ក៏​មាន​គូរ​ស្វាមី​ភរិយា​ខ្លះ នៅ​បន្ត​ធ្វើ​ដូច​ជា​ពេល​ដែល​ពួក​គេ​ជួប​គ្នា​ជា​លើក​តំបូង​ដែរ គឺ​ភាព​ផ្អែម​ល្ហែម​នៃ​សេចក្ដី​ស្នេហ៍​ក្នុង​គ្រា​តំបូង!

នៅ​ពេល​ដែល​គូរ​ស្វាមី​ភរិយា មាន​ទំនាស់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក សូម​គិត​ត្រឡប់​ក្រោយ​វិញ​ពី​សេចក្ដី​ស្នេហ៍​គ្រា​តំបូង ដែល​យើង​បាន​និយាយ​គ្នា​ថា បង​ស្រឡាញ់​អូន​អស់​មួយ​ជីវិត! បង​មិន​ធ្វើ​អោយ​អូន​ពិបាក​ចិត្ត​ទេ! បង​មិន​បន្ទោស​អូន​ទេ!! ហើយ​ចំណុច​មួយ​ដែល​សំខាន់​គឺថា យើង​មិន​បាន​រៀប​ការ​ ហើយ​អ្នក​ដែល​យើង​រៀប​ការ​ជាមួយ​នោះ​ជា​សត្រូវ​របស់​យើងទេ! គាត់​ជា​អ្នក​ដែល​ជា​ទី​ស្រឡាញ់​របស់​យើង​អស់​មួយ​ជីវិត។ ថ្នម​ចិត្ត​គាត់​ទៅ! អត់​ទោស​ចំពោះ​គ្នាទៅវិញ​ទៅ​មក និង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ខ្លាំង​ឡើងៗ!