Happy Wife, Happy Life!


វាជាប្រយោគមួយដែលសាមញ្ញតែបើគិតអោយច្បាស់ទៅជាប្រយោគមួយដ៏សំខាន់សំរាប់គ្រួសារ! Happy Wife, Happy Life (ប្រពន្ធសប្បាយចិត្ត ជីវិតរីករាយ)។ តើពេលណាជាពេលដែលប្រពន្ធអ្នកសប្បាយចិត្ត? តើអ្នកបានធ្វើអ្វីខ្លះ ដែលធ្វើអោយប្រពន្ធរបស់អ្នកសប្បាយចិត្ត? មានសំនួរជាច្រើនទៀតដែលអាចចោទសួរទៅកាន់បុរសជាប្ដី អោយគិតពិចារណាអំពីគ្រួសាររបស់ខ្លួន ជាពិសេសគឺភរិយា។
ចឹងមានន័យថា បើប្រពន្ធសប្បាយចិត្ត ជីវិតរីករាយ ចុះប្ដីវិញ? តើបើប្ដីសប្បាយចិត្ត ជីវិតរីករាយដែរឬទេ? បាទពិតណាស់! ប្ដីតែងតែចង់សប្បាយ ហើយជីវិតរបស់គាត់គឺចង់សប្បាយអស់មួយជីវិតតែម្ដង។ សំរាប់ខ្ញុំវិញ ខ្ញុំស្វែងយល់ថា ការសប្បាយតែម្នាក់ឯងចំពោះអ្នកដែលមានគ្រួសារវិញ គឺជារឿងអាត្មានិយមបំផុត! តើអ្នកនឹងទុកប្រពន្ធរបស់អ្នកអោយនៅចាំផ្ទះ មើលកូន, បោសផ្ទះ, ជូតផ្ទះ, ដាំបាយ, លាងចាន, ឬខ្មែរយើងហៅមួយបែបទៀតថា កិច្ចការមួយរយជំពូកឬ? ខ្ញុំគិតថាការដែលយើងអាចជួយគ្នា និងនាំភរិយារបស់យើងទៅសប្បាយជាមួយគ្នាតាមបែបគ្រួសារវាជារឿងមួយដែលប្រសើរជាជាងក្នុងការសប្បាយតែម្នាក់ឯង។

ប្រពន្ធសប្បាយចិត្ត ជីវិតរីករាយ គឺជាពាក្យមួយដែលត្រឹមត្រូវសំរាប់ខ្ញុំ ព្រោះពេលដែលប្រពន្ធសប្បាយចិត្ត គាត់នាំអោយយើងសប្បាយដែរ នោះបង្ហាញពីសុភមង្គលមួយដែលយើងជាប្ដីបានផ្ដល់ដល់គាត់។ ពេលនោះហើយ ដែលជាពេលវេលាមួយដែលភរិយាមិនអាចបំភ្លេចបាននូវអ្វីដែលប្ដីបានធ្វើចំពោះគាត់។ មានចំណុចច្រើនទៀតដែលខ្ញុំចង់និយាយ ឥឡូវងុយដេកហើយ! នឹងមានវគ្គបន្ត!

Advertisements

ជា​ស្វា​មី​ ភរិយា ត្រូវ​ចេះ​ថ្នម​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក


ពេល​​ដែល​យើង​រៀប​ការ​ជាមួយ​នរណា​ម្នាក់ វា​ជា​ការ​សម្រេច​ចិត្ត​មួយ​ ដែល​ធំ​បំផុត នៅ​ក្នុង​ជីវិត​របស់​យើង។ តោង​ដឹង​ថា យើង​នឹង​ត្រូវ​រស់​នៅ​ជាមួយ​ដៃ​គូរ​របស់​យើង​អស់​មួយ​ជីវិត។ នៅ​ពេល​ដែល​យើង​រៀប​ការ នោះ​ជីវិត​២នាក់​នឹង​រួម​មក​តែ​មួយ! ជា​ប្ដី​ជា​ប្រពន្ធ គឺ​យើង​នឹង​ក្លាយ​មក​ជា​រូប​កាយ​តែ​មួយ​ដោយ​សារ​ចំណង​នៃ​អាពាហ៍ពិពាហ៍។

ក្នុង​​ពេល​នេះ​ ខ្ញុំ​និយាយ​ក្នុង​នាម​ជា​ប្ដី​មួយ​រូប និង​បាន​ឆ្លង​កាត់​បទពិសោធន៍​រៀប​ការ​ជាង​៤​ឆ្នាំ​កន្លង​មក​នេះ។ ទោះបី​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ​នៅ​ក្មេង​ខ្ចី​ក្ដី ខ្ញុំ​រៀន​បាន​អ្វី​ៗ​ថ្មីៗ​ជា​ច្រើន ក្នុង​ទំនាក់​ទំនង​នៃ​ជីវិត​អាពាហ៍​ពិពាហ៍ ហើយ​ខ្ញុំ​នឹងរៀន​មិន​ដែល​ចប់​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ នោះ​ខ្ញុំ​ក៏​ដឹង​ថា ខ្ញុំ​នឹង​បញ្ចប់​ថ្នាក់​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​បាន​លាចាក​ពី​លោក​នេះ​ទៅ។ ចំណុច​មួយ​នៃ​ចំណុច​ជា​ច្រើន​ក្នុង​ទំនាក់ទំនង​ស្នេហា គឺ​ប្ដី​ត្រូវ​ចេះ​ថ្នម​ចិត្ត​ប្រពន្ធ។ ការ​ថ្នម​ចិត្ត និង​ការ​យល់​ចិត្ត ជា​អ្វី​មួយ​ដែល​យើង​ត្រូវ​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ខ្ញុំ​ចង់​រក្សា​នូវ​ទំនាក់​ទំនង​ដូច​ពី​ពេល​ដែល​ខ្ញុំ​ជួប​គាត់​ជា​លើក​តំបូង​​ដែរ។ កាល​ពី​ជួប​ពី​លើក​តំបូង យើង​តែ​ង​តែ​ចង់​ធ្វើ​នេះ​ ធ្វើ​នោះ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ទៅ​ណា​មក​ណា​គឺ​មានតែ​យើង​តែ​២នាក់​ទេ ក្នុង​ពិភព​លោក​នេះ ហើយ​យើង​ចេះ​ថ្នម​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក មាន​អ្វី​ញ៉ាំ ក៏​​ចិត្ត​មិន​ដាច់​ក្នុង​ការ​ញ៉ាំ​តែ​ឯង ។ល។ មាន​គូរ​ស្វាមី​ភរិយា​ខ្លះ មុន​ពេល​រៀប​ការ គឺ​ផ្អែម​ល្ហែម តែ​ពេល​រៀប​ការ​ហើយ ពួក​គេ​បែរ​ជាមាន​ការ​ផ្លាស់​ប្ដូរ​គឺ​មិន​ដូច​មុន​ឡើយ! តែ​ក៏​មាន​គូរ​ស្វាមី​ភរិយា​ខ្លះ នៅ​បន្ត​ធ្វើ​ដូច​ជា​ពេល​ដែល​ពួក​គេ​ជួប​គ្នា​ជា​លើក​តំបូង​ដែរ គឺ​ភាព​ផ្អែម​ល្ហែម​នៃ​សេចក្ដី​ស្នេហ៍​ក្នុង​គ្រា​តំបូង!

នៅ​ពេល​ដែល​គូរ​ស្វាមី​ភរិយា មាន​ទំនាស់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក សូម​គិត​ត្រឡប់​ក្រោយ​វិញ​ពី​សេចក្ដី​ស្នេហ៍​គ្រា​តំបូង ដែល​យើង​បាន​និយាយ​គ្នា​ថា បង​ស្រឡាញ់​អូន​អស់​មួយ​ជីវិត! បង​មិន​ធ្វើ​អោយ​អូន​ពិបាក​ចិត្ត​ទេ! បង​មិន​បន្ទោស​អូន​ទេ!! ហើយ​ចំណុច​មួយ​ដែល​សំខាន់​គឺថា យើង​មិន​បាន​រៀប​ការ​ ហើយ​អ្នក​ដែល​យើង​រៀប​ការ​ជាមួយ​នោះ​ជា​សត្រូវ​របស់​យើងទេ! គាត់​ជា​អ្នក​ដែល​ជា​ទី​ស្រឡាញ់​របស់​យើង​អស់​មួយ​ជីវិត។ ថ្នម​ចិត្ត​គាត់​ទៅ! អត់​ទោស​ចំពោះ​គ្នាទៅវិញ​ទៅ​មក និង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ខ្លាំង​ឡើងៗ!