ថ្ងៃនេះខ្ញុំចង់និយាយពីបុណ្យណូអែលដ៏ពិតប្រាកដ ដែលបានកើតមានឡើងតាំងពីជាង២០០០ឆ្នាំកន្លងមកហើយ! វាជារឿងដែលពិត ដែលព្រះយេស៊ូយាងមកក្នុងលោកនេះ មានលក្ខណះវិសេសវិសាល និង អស្ចារ្យជាងគេ នៅក្នុងកំណើតមនុស្សនៅ លើពិភពលោកនេះ។ ខ្ញុំនឹងយកអត្ថបទនៃព្រះគម្ពីរមកអមជាមួយ ដើម្បីបញ្ជាក់ថា កាប្រសូតមករបស់ព្រះយេស៊ូនៅលើផែនដីនេះ មិនមែនគ្រាន់តែជាការនិយាយលើកឡើងរបស់ខ្ញុំនោះទេ ចឹងខ្ញុំត្រូវប្រើអំណះអំណាងដែលមកពីព្រះគម្ពីររបស់ព្រះយេស៊ូមកជាភស្ដុតាង។
លូកា ១៖២៦-៣៨ ទេវតាជូនដំណឹងអំពីកំណើតព្រះយេស៊ូ
២៦ ប្រាំមួយខែក្រោយមក ព្រះជាម្ចាស់បានចាត់ទេវតាកាព្រីយ៉ែលអោយទៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ២៧ ដើម្បីជួបនឹងស្ត្រីក្រមុំព្រហ្មចារីម្នាក់ ជាគូដណ្ដឹងរបស់កំលោះម្នាក់ឈ្មោះយ៉ូសែប ដែលត្រូវជាញាតិវង្សព្រះបាទដាវីឌ ស្ត្រីក្រមុំនោះឈ្មោះ នាងម៉ារី។ ២៨ ទេវតាចូលទៅក្នុងផ្ទះនាងម៉ារី ហើយពោលទៅកាន់នាងថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ ព្រះអង្គគង់ជាមួយនាង»។ ២៩ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា តើពាក្យជំរាបសួរនេះមានន័យដូចម្ដេច? ៣០ ទេវតាពោលទៅកាន់នាងថា៖ «កុំខ្លាចអី ម៉ារីអើយ! ដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ។ ៣១ នាងនឹងមានគភ៌ សំរាលបានបុត្រមួយដែលនាងត្រូវថ្វាយព្រះនាមថា“យេស៊ូ”។ ៣២ បុត្រនោះនឹងមានឋានៈដ៏ប្រសើរឧត្ដម ហើយគេនឹងថ្វាយព្រះនាមថា “ព្រះបុត្រានៃព្រះដ៏ខ្ពង់ខ្ពស់បំផុត”។ ព្រះជាម្ចាស់នឹងតាំងបុត្រនោះ អោយគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោរបស់ព្រះអង្គ៣៣ ទ្រង់នឹងគ្រងរាជ្យលើប្រជារាស្ត្រអ៊ីស្រាអែល អស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរ ឥតមានទីបញ្ចប់ឡើយ»។ ៣៤ នាងម៉ារីសួរទៅទេវតាថា៖ «តើធ្វើដូចម្ដេចនឹងអោយការនេះកើតឡើងបាន បើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផងដូច្នេះ?»។ ៣៥ ទេវតា*ឆ្លើយទៅនាងវិញថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធ*នឹងយាងមកសណ្ឋិតលើនាង គឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត នឹងគ្របបាំងនាង។ ហេតុនេះ គេនឹងថ្វាយព្រះនាមដល់បុត្រដ៏វិសុទ្ធ ដែលត្រូវប្រសូតមកនោះថា “ព្រះបុត្រារបស់ព្រះជាម្ចាស់”។ ៣៦ ម្យ៉ាងទៀត នាងអេលីសាបិត ជាញាតិរបស់នាង មានផ្ទៃពោះប្រាំមួយខែហើយ ថ្វីដ្បិតតែគាត់មានវ័យចាស់ ថែមទាំងជាស្ត្រីអារទៀតផងក៏ដោយ ៣៧ ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។ ៣៨ នាងម៉ារីពោលទៅទេវតាថា៖ «នាងខ្ញុំជាអ្នកបំរើរបស់ព្រះអម្ចាស់ សូមអោយបានសំរេចតាមពាក្យរបស់លោកចុះ!»។ បន្ទាប់មក ទេវតាចាកចេញពីនាងទៅ។
លូកា ២៖១-២០ កំណើតព្រះយេស៊ូ
១ នៅគ្រានោះ ព្រះចៅអធិរាជរ៉ូម៉ាំង ព្រះនាមអូគូស្ដ មានព្រះរាជបញ្ជាអោយជំរឿនចំនួនប្រជាជនទាំងអស់ ក្នុងចក្រភពរ៉ូម៉ាំងទាំងមូល។ ២ ការជំរឿនប្រជាជនលើកដំបូងនេះ បានធ្វើឡើង ក្នុងអំឡុងពេលដែលលោកគីរេនាស ធ្វើជាទេសាភិបាលនៅស្រុកស៊ីរី។ ៣ អ្នកស្រុកទាំងអស់ត្រូវទៅចុះឈ្មោះក្នុងបញ្ជី តាមស្រុកកំណើតរៀងៗខ្លួន។ ៤ រីឯលោកយ៉ូសែបក៏ចេញដំណើរពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ឆ្ពោះទៅភូមិបេថ្លេហិម ក្នុងស្រុកយូដា ជាភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រោះលោកជាព្រះញាតិវង្សនឹងព្រះបាទដាវីឌ។ ៥ លោកទៅចុះឈ្មោះជាមួយនាងម៉ារី ជាគូដណ្ដឹងដែលមានផ្ទៃពោះ។ ៦ ពេលអ្នកទាំងពីរនៅឯភូមិបេថ្លេហិម នាងម៉ារីគ្រប់ខែហើយ។ ៧ នាងសំរាលបានបុត្រមួយ ជាបុត្រច្បង។ នាងរុំបុត្រនោះនឹងសំពត់ រួចដាក់អោយផ្ទំក្នុងស្នូកសត្វ ដ្បិតពុំមានសល់កន្លែងសំណាក់ក្នុងផ្ទះសោះ។
ទេវតាប្រកាសអំពីកំណើតព្រះយេស៊ូប្រាប់ពួកគង្វាល

៨ ក្នុងស្រុកនោះ ពេលយប់មានពួកគង្វាលនៅមើលហ្វូងសត្វរបស់គេតាមវាលស្មៅ។ ៩ ពេលនោះ ទេវតា*របស់ព្រះអម្ចាស់មកឈរនៅក្បែរពួកគេ សិរីរុងរឿងរបស់ព្រះអម្ចាស់បានភ្លឺចិញ្ចែងចិញ្ចាចនៅជុំវិញគេ នាំអោយគេភ័យខ្លាចយ៉ាងខ្លាំង។ ១០ ទេវតាពោលទៅគេថា៖ «កុំខ្លាចអ្វីឡើយ ខ្ញុំនាំដំណឹងល្អមួយមកប្រាប់អ្នករាល់គ្នា។ ដំណឹងនេះនឹងធ្វើអោយប្រជារាស្ត្រទាំងមូល មានអំណរដ៏លើសលប់។ ១១ យប់នេះ នៅក្នុងភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រះសង្គ្រោះរបស់អ្នករាល់គ្នាប្រសូតហើយ គឺព្រះគ្រិស្ដជាអម្ចាស់។ ១២ នេះជាសញ្ញាសំគាល់អោយអ្នករាល់គ្នាដឹង គឺអ្នករាល់គ្នាមុខជាឃើញទារកមួយ ទើបនឹងប្រសូត រុំដោយសំពត់ ផ្ដេកនៅក្នុងស្នូកសត្វ»។១៣ រំពេចនោះ មានទេវតាច្រើនកុះករ ចុះពីស្ថានបរមសុខ*មករួមជាមួយទេវតានោះ ច្រៀងសរសើរព្រះជាម្ចាស់ថា៖ ១៤ «សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ នៅស្ថានដ៏ខ្ពស់បំផុត ហើយសូមអោយមនុស្សលោកដ៏ជាទីស្រឡាញ់របស់ព្រះអង្គ បានប្រកបដោយសេចក្ដីសុខសាន្ត នៅលើផែនដី!»។១៥ លុះពួកទេវតាត្រឡប់ទៅស្ថានបរមសុខវិញ អស់ទៅ ពួកគេបបួលគ្នាថា៖ «ទៅ! យើងនាំគ្នាទៅបេថ្លេហិម មើលហេតុការណ៍ដែលកើតមាន ដូចព្រះអម្ចាស់បានសំដែងអោយយើងដឹងនោះមើល៍»។ ១៦ ពួកគេប្រញាប់ប្រញាល់នាំគ្នាធ្វើដំណើរទៅ ឃើញនាងម៉ារីលោកយ៉ូសែប ព្រមទាំងព្រះឱរសផ្ទំក្នុងស្នូកសត្វ។ ១៧ ពេលពួកគង្វាលឃើញព្រះឱរសហើយ គេក៏រៀបរាប់អំពីសេចក្ដីដែលទេវតាបានប្រាប់អំពីព្រះឱរសនេះ។ ១៨ អស់អ្នកដែលបានឮពួកគង្វាលនិយាយ នឹកឆ្ងល់យ៉ាងខ្លាំង។ ១៩ រីឯនាងម៉ារីវិញ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។ ២០ បន្ទាប់មក ពួកគង្វាលត្រឡប់ទៅវិញ ទាំងច្រៀងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះហេតុការណ៍ទាំងអស់ ដែលគេបានឃើញ បានឮ ស្របតាមសេចក្ដីដែលទេវតាបានប្រាប់គេ ឥតមានខ្វះត្រង់ណាឡើយ។
ខាងលើនោះជារឿងពិតដែលកើតឡើង ហើយក្រុមអ្នកគង្វាល ជាអ្នកដែលចាប់ផ្ដើមមុនគេក្នុងការប្រកាស់ពីថ្ងៃ ណូអែល!
11.553756
104.908007