៣ម៉ោង​៤៥នាទី​ក្នុង​បន្ទប់​សម្រាល​កូន-ភាគបញ្ចប់


សូម​ចុច​ទី​នេះ​ក្នុង​ការ​អាន​ភាគ​ទី១

សូម​ចុច​ទី​នេះ​ក្នុង​ការ​អាន​ភាគ​ទី២

ភាព​អស្ចារ្យ​នៃ​កំណើត​ទារក

“​ប្រឹង​ កូន​ប្រឹងៗ” សំលេង​បង្គាប់​បញ្ជារដោយ​ស្រទន់​របស់​គ្រូ​ពេទ្យ​ជាមួយ​នឹង​ម៉ាក់​របស់​ខ្ញុំ បាន​លើក​ទឹក​ចិត្ត​ប្រពន្ធ​របស់​ខ្ញុំ​អោយ​ខំ​បន្ត​ទៅ​ទៀត។ ញើស​នៅ​តែ​បន្តហូរ​មក​ជំនះ​អស់​ចំហាយ​ម៉ាស៊ីន​ត្រជាក់ ដែល​មិន​អាច​មាន​អនុភាព​លើ​គាត់​បាន​ឡើយ។ ប្រពន្ធ​របស់​ខ្ញុំ​តោង​ទាញ​ដែក​ ដែល​បញ្ឈរ​នៅ​ក្បែរ​ជង្គង់​សំរាប់​ជំនួយ​ដល់​កម្លាំង​ប្រឹង អម​ជាមួយ​ខ្នើយ​២​នៅ​ខាង​ផ្នែក​ខ្នង​ ដើម្បី​ជួយ​ដល់​ការ​ប្រឹង​រុញ​កូន​មក។ “​ល្អ​ណាស់​កូន! ធ្វើ​បាន​ល្អ​ណាស់ ខំ​បន្តិច​ទៀត​ទៅ​ណា” អ្នក​គ្រូ​ពេទ្យ​បាន​លើក​ទឹក​ចិត្ត។ ចំណែក​ជំនួយ​ការពេទ្យ​ក៏​បន្ត​វាស់​សង្វាក់​បេះ​ដូង​ទារក​បន្ត​ទៀត។ ប្រពន្ធ​របស់​ខ្ញុំ​ប្រឹង​ខាំ​ធ្មេញ បិទ​មាត់​ អត់​ធ្មត់ ខ្លាំង​ណាស់ ខ្ញុំ​សម្លឹង​មើល​ទៅ​ទឹក​មុខ​របស់​គាត់​ហាក់​ដូច​ជា​កំពុង​តែ​អស់​កម្លាំង​ទៅៗ ហើយ។ បន្ទាប់​ពី​ប្រឹង​ហើយ គាត់​សម្រាក​បន្តិច ដើម្បី​ដក​ដង្ហើម​អោយ​បាន​ធូរ​ស្រាល។

ខ្ញុំ​បាន​អោន​ក្បាល​និង​និយាយ​ទៅ​កាន់​ប្រពន្ធរបស់​ខ្ញុំ​ថា “អូន​ធ្វើ​បាន​ល្អណាស់! ខំបន្តិច​ទៀត​ទៅ​ណា…” ប្រពន្ធ​របស់​ខ្ញុំ​ខំប្រឹង​តាម​ការ​ដែល​កូន​បណ្ដាល​អោយ​ប្រឹង។ ក្រោយ​ពី​ប្រឹង​ប្រហែល​ជា​បូន​ដប់​ដង ក្បាល​ទារក​ក៏​ធ្លាក់​មក​កាន់​ទ្វារ​សំរាល​កាន់​តែ​រហ័ស​ដែរ។ អ្នក​គ្រូ​ពេទ្យ​បានរៀប​ចំ​ខ្លួន​រៀប​រយ ពាក់​ថង់ផ្លាស្ទិក​ថ្លា​នៅ​ខាង​មុខ​គាត់ ដូច​ជា​ចុង​ភៅ និង​ពាក់​ស្រោម​ដៃ​ថ្មី​ដើម្បី សំរាល​កូន។ នេះ​ជា​ការ​ប្រឹង​ចុង​ក្រោយ​ក្នុង​រយះ​ពេល​ប្រហែល​ជា១០នាទីប៉ុណ្ណោះ។ ប្រពន្ធ​របស់​ខ្ញុំ​ខាំ​មាត់​ប្រឹង​ ដៃ​ទាញ​ដែក​យក​កម្លាំងជំនួយ ពេល​នោះ​គ្រូ​ពេទ្យ​បាន​និយាយ​ថា “ធ្វើ​បាន​ល្អណាស់ ឥឡូវ​ឃើញ​សក់​ក្បាល​កូន​ហើយ!” ខ្ញុំ​លឺ​ដូច្នេះ អារម្មណ៍​រំភើប ដួង​ចិត្តក៏​បាន​រីក​ឡើង​ដូច​ផ្ការ​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ និង ទឹក។ ប្រពន្ធ​របស់​ខ្ញុំ​ហាក់​ដូច​ជា​អស់​កម្លាំង​ហើយ ចំណែក​ខ្ញុំ​ក៏​បន្ត​អធិស្ឋាន​ទៅ​កាន់​ព្រះជាម្ចាស់ សូម​ព្រះ​អង្គ​បន្ត​ប្រទាន​កម្លាំង​ដល់​គាត់​បន្ថែម​ទៀត​ដើម្បី​អោយ​ទៅ​កាន់​ការ​សម្រាល​ប្រកប​ដោយ​ភាព​ជោគ​ជ័យ។ ក្បាល​កូន​ក៏​លេច​ចេញ​មកបាន​១/៥ ខ្ញុំ​បាន​ប្រាប់​ប្រពន្ធ​ខ្ញុំ​ថា ខ្ញុំ​បាន​ឃើញ​ក្បាល​កូន​ចេញ​មក​ហើយ កូន​មាន​សក់​ច្រើន​ណាស់។ ចំណែក​ប្រពន្ធ​ខ្ញុំ​ហាក់​ដូច​បាន​កម្លាំង​ចិត្ត ក៏​ខំ​ប្រឹង​បន្តិច​ទៀត​តាម​កម្លាំង​ជម្រុញ​របស់​កូន និង​ការណែនាំ​របស់​ពេទ្យ។

ClampingCordពេល​ដែល​ខ្ញុំ​បាន​ឃើញ​ក្បាល​ទារក​ចេញ​មក បេះ​ដូង​របស់​ខ្ញុំ​រំភើប​ឥត​ឧបមារ! ហើយ​ខ្ញុំបន្ត​អធិស្ឋាន​បន្ត​ទៀត​សូម​អោយ​កើត​មក​ដោយ​សុខ​សាន្ដ និង​សុវត្ថិភាព។ ក្បាល​របស់​ទារក ចាប់​ផ្ដើម​លេច​ចេញ​បាន​២/៥​ហើយ ចំណែក​ប្រពន្ធ​របស់​ខ្ញុំក៏​បន្ត​ប្រឹង​ទៅ​ទៀត​។ ខ្ញុំ​វិញ​សម្លឹង​មើល​ការ​ចេញ​មក​របស់​ទារក ហើយ​ធ្វើ​អោយ​ខ្ញុំ​គិត​ថា នេះ​ហើយ​ជា​ការ​អស្ចារ្យ​នៃ​មនុស្ស​ ដែល​បាន​កើត​មក ព្រះ​ពិត​ជា​បាន​បង្កើត​មនុស្ស​ស្រី​មក​យ៉ាង​អស្ចារ្យ និង​ពិសេស​ខ្លាំង​ណាស់! គាត់​អាច​ផ្ទុក​មនុស្ស​ម្នាក់​នៅ​ក្នុង​ខ្លួន​គាត់ ទាំង​បង្កើត​មនុស្ស​ម្នាក់​មក ទោះ​បីឈឺចាប់​ ក៏​អស្ចារ្យ​ខ្លាំង​ណាស់! ខ្ញុំ​ស្ងើច​ខ្លាំង​ណាស់! កំពុង​តែ​គិត ពី ការ​អស្ចារ្យ ស្រាប់​តែ​លឺ​សំលេង​ប្រពន្ធ​របស់​ខ្ញុំ​ប្រឹងមួយ​ភូស​ទៀត ក្បាល​កូន​ទាំង​ស្រុង​ក៏​លេច​ចេញ​មក ខ្ញុំ​ភ្ញាក់​ទាំង​ស្រក់​ទឹក​ភ្នែក ហើយ​ដួង​ចិត្ត​ត្រេ​ក​អរ​ឥត​ឧបមារ! ខ្ញុំ​ប្រាប់​ប្រពន្ធ​ថា​ កូន​កើត​ហើយ ៗ! អូន​ធ្វើ​បាន​ល្អ​ណាស់ អូន​សម្លាញ់! បាន​កម្លាំង​ចិត្ត​បែប​នេះ ប្រពន្ធ​របស់​ខ្ញុំ​ខំ​ប្រឹង​បន្តិច​ទៀត រួម​ជាមួយ​នឹងជំនួយ​របស់​ពេទ្យ​ ទារក​ទាំង​ស្រុង​ក៏​បាន​លេច​ចេញ​មក យ៉ាង​អស្ចារ្យ​ជា​ទី​បំផុត នៅ​វេលា​ម៉ោង​៣៖៤៥នាទី​ល្ងាច!  អ្នក​គ្រូ​ពេទ្យ​បាន​លើក​ទារក​ចេញ​មក មាន​ទាំង​ទង​សុក​មក​ជាមួយ​ផង គាត់​បាន​ដាក់​លើ​ពោះ​ម្ដាយ ដើម្បី​ជូត​សម្អាត​អោយ​បាន​ស្អាត! ខ្ញុំ​សម្លឹង​មើល​ទៅ​កូន​ខ្ញុំ​ដែល​ទើប​តែ​នឹង​កើត​មក​បាន​ប្រហែល​ជា១នាទី ទាំង​ទឹក​ភ្នែក​ហូរ​ចេញ​មក ទាំង​មិន​បាន​ដឹង​ខ្លួន។ នេះ​ហើយ​ជា​ផល​ផ្លែ​នៃ​សេចក្ដី​ស្នេហា​របស់​យើង ជា​ចំណង​ដៃ​នៃ​អាពាហ៍ពិពាហ៍​របស់​យើង។  ក្រោយ​ពី​សម្អាត​ហើយ ពេទ្យ​បាន​លើក​មក​ដាក់​លើ​ទ្រូង​ម្ដាយ ដើម្បី​អោយ​មាន​អារម្មណ៍​នៃ​ភាព​កក់​ក្ដៅ សាច់​ប៉ះសាច់!  គ្រូ​ពេទ្យ​ក៏​បន្ត​ធ្វើ​ការ​របស់​គាត់​បន្ត​ទៅ​ទៀត ហើយ​អ្នក​គ្រូ​ពេទ្យ​ម្នាក់​ទៀត​បាន​កឹប​ទ​ង​ផ្ចិត​រួច​ហើយ ក៏​ហុច​កន្ត្រៃ​មួយ​មក​អោយខ្ញុំ​ដើម្បី​អោយ​ខ្ញុំ​កាត់​ទង​ផ្ចិត! ខ្ញុំ​កាន់​កន្ត្រៃ​ហើយ​ កាត់​ទង​ផ្ចិត​បណ្ដើរ​ទាំង​អារម្មណ៍​រំភើប​បណ្ដើរៗ។

ចិត្ត​រំភើប លាយ​ជាមួយ​អំណរ​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន! កូន​ខ្ញុំ​ត្រូវ​បាន​ដាក់​ដេក​លើ​ទ្រូង​ម្ដាយ យ៉ាងកក់​ក្ដៅ​ជាទី​បំផុត មើល​ទៅ​គួរ​អោយ​ខ្នាញ់​ណាស់!  បាន​ប្រហែល​ជា​១០នាទី​ក្រោយ​មក​ពេទ្យ​បាន​យក​កូន​មក​វាស់​វែង និងថ្លឹង​ទម្ងន់ ព្រម​ទាំង​ចាក់​ថ្នាំ​វីតាមីនK ​(អត់​ដឹង​ថា​ វីតាមីន K និង​សំរាប់​អីផង ភ្លេច​សួរ​ពេទ្យ​អោយ​ឈឹង​ម៉ង)អោយ​ផង។

376113_10200427755590684_496316011_n

៣ម៉ោង៤៥នាទី​ក្នុង​បន្ទប់​សម្រាល​កូន ពិត​ជា​បាន​ផ្ដល់​នូវ​អនុស្សាវរីយ៍​ដែល​មិន​អាច​បំភ្លេច​បាន និង​ធ្វើ​អោយ​ខ្ញុំ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្ញុំ​កាន់​តែ​ខ្លាំង​ឡើងៗ ដោយ​ព្រោះ​តែ​អ្វី​ដែល​កាត់​បាន​ឆ្លង​កាត់​នៅ​ក្នុង​នោះ។ មិន​តែ​ប៉ុណ្ណោះ​ធ្វើ​អោយ​ខ្ញុំ​ក៏​ស្រឡាញ់​ម្ដាយ​របស់​ខ្ញុំ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត ដោយ​ព្រោះ​តែ​ការ​ឈឺ​ចាប់​ក្នុងការ​សម្រាល​ខ្ញុំ​មក។ ក៏​សូម​លើក​កិត្តិយស និង​គោរព​ដល់​ម្ដាយ​ៗ​ទាំង​ឡាយ​នៅ​ក្នុង​សលក​លោក​ទាំង​មូល​ ដែល​បាន​បង្កើត​កូនៗ​ប្រុស​ស្រី​មក ទោះ​បី​ដឹង​ថា​ខ្លួន​ត្រូវ​ពើប​ប្រទះនឹង​ការ​ឈឺចាប់ បាត់​បង់​ឈាម រូប​កាយ​ផ្លាស់ប្ដូរ យ៉ាងណា​ក៏​ដោយ​ចុះ។ ក៏​សូម​លើក​ទឹក​ចិត្ត​ដល់​បុរស​ជា​ស្វាមី ត្រូវ​ស្រឡាញ់​ភរិយា​ដូច​ស្រឡាញ់​ខ្លួន​ឯង ព្រោះ​ភរិយា​បាន​លះ​បង់​ច្រើន​ណាស់​សម្រាប់គ្រួសារ គាត់​ត្រូវ​រង​សម្ពាធ​ជា​ច្រើន​នៅ​ពេល​ដែល​គាត់​បាន​ដឹង​ថា​គាត់​ត្រូវមាន​ផ្ទៃ​ពោះ ដូច​ជា៖ ការ​ចាញ់​កូន ត្រូវ​ពរពោះ របប​អាហារ​មិន​ទៀង​ទាត់ មិន​ស្រួល​ខ្លួន ញ៉ាំ​មិន​បាន គេង​មិន​សូវ​ស្រួល កូន​ធ្វើ​ទុក្ខ កូន​ធាក់ ឈឺ​ពោះ បាត់​បង់​ឈាម…។ល។

បទ​ពិសោធន៍​ក្នុង​បន្ទប់​កើត​កូន​លើក​នេះ គឺ​ខុស​ពី​លើក​មុន​ដែល​កាល​ពី​កូន​តំបូង ដែល​ខ្ញុំ​មិន​បាន​នៅ​ដោយ​ផ្ទាល់​ជាមួយ​ប្រពន្ធ! តែ​ពេល​នេះ ខ្ញុំ​បាន​ឃើញ​ភាព​អស្ចារ្យ​នៃ​កំណើត​មនុស្ស​ យ៉ាង​អស្ចារ្យ​ជា​ទី​បំផុត។ ពេល​នេះ​ខ្ញុំ​បាន​កូន​ប្រុស​ម្នាក់​ទៀត ឈ្មោះ ពិសិដ្ឋ រិទ្ធីសក្ដិ ណូអេ កើត​ថ្ងៃ​ទី ២០ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង៣៖៤៥នាទីល្ងាច ​នៅ​សម្ភពសោភា វីអាយភី ទំងន់៤គីឡូក្រាម ប្រវែង៥៣សង់ទីម៉ែត។ កិច្ច​ការ​បន្ទាប់​ទៅ​ទៀត គឺ​ដល់​ពេល​វេលា​ដែល​យើង​ទាំង​២នាក់​ត្រូវបំពេញ​កាតព្វ​កិច្ច​ជា​ឪពុក​ម្ដាយ​បន្ថែម​ទៀត​ ដើម្បី ផ្ដល់​នូវ​ សេចក្ដីស្រឡាញ់ ការ​ប្រៀន​ប្រដៅ អប់​រំ ដល់​កូន​ៗ​របស់​យើង។ សេចក្ដី​អធិស្ឋាន​មួយ​ដែល​យើង​ចង់​បាន គឺ​សូម​អោយ​ព្រះជាម្ចាស់ ជួយ​យើង​ជា​ឪពក​ម្ដាយ អោយ​ចេះ​ស្រឡាញ់​កូន​កាន់​តែ​ច្រើន​ជា​ង​មុន នឹង​ជួយ​យើង​ប្រៀន​ប្រដៅ​កូន​អោយ​ប្រតិបត្តន៍​តាម​សេចក្ដី​បង្រៀន​របស់​ព្រះជាម្ចាស់។

Advertisements

៣ម៉ោង៤៥នាទីក្នុង​បន្ទប់​សម្រាល​កូន-ភាគទី២


៣ម៉ោង៤៥នាទី​ក្នុង​បន្ទប់​សម្រាល​កូន-ភាគ​ទី១

ក្នុងបន្ទប់​សំរាល…

delivery-bedខ្ញុំ​ត្រូវ​បាន​អនុញ្ញាតិ នឹង​បាន​លើក​ទឹក​ចិត្ត​អោយចូល​ក្នុង​បន្ទប់​សំរាល​ជាមួយ​ប្រពន្ធ​ខ្ញុំ ដើម្បី​ជា​កម្លាំង​ចិត្ត​ដល់​ប្រពន្ធ​ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​ឈឺ​ពោះ។ ប្រពន្ធ​របស់​ខ្ញុំ​សំរាក​នៅ​លើ​គ្រែ​សំរាល ហើយ​ខ្ញុំ​បាន​ក្រលេក​មើល​ជុំវិញ​ មាន​ឧបករណ៍​សំរាប់​សំរាល​ជា​ច្រើន និង​គ្រែសំរាល២​ផ្សេង​ទៀត​នៅ​ក្នុង​បន្ទប់​នោះ។ ប្រពន្ធ​របស់​ខ្ញុំ​ដេក​នៅ​លើ​គ្រែ ទាំង​មាន​អាការះ​ឈឺ​ពោះ​កាន់​តែ​ខ្លាំង​ឡើងៗ! ចំណែក​ខ្ញុំ​បាន​លូក​ដៃ​ថ្នម​ៗ​ទាញ​ប្រអប់​ដៃ​ប្រពន្ធ​របស់​ខ្ញុំ​មក​ ក្ដាប់​កាន់​យ៉ាង​ណែន ដើម្បី​ប្រាប់​គាត់​ថា “​បង​នៅ​ទី​នេះ​ជាមួយ​អូន បង​នឹង​ធ្វើ​ជា​អ្នក​ដែល​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អូន”។ ប្រពន្ធ​របស់​ខ្ញុំ​ថ្ងូរ​ទាំង​ការ​ឈឺ​ចាប់ ចំណែក​ឯស្បូន​ក៏​បើ​ក​កាន់​តែ​ខ្លាំង​ឡើង​ៗ ពេល​៥នាទី​ម្ដង ជំនួយ​ការ​ពេទ្យ​បាន​មក​ពិនិត្យ​ និង​តាម​ដាន​ចង្វាក់​បេះ​ដូង​កូន ដើម្បី​ជៀស​វា​ង​នូវ​ការអាក្រក់​ណា​មួ​យកើត​ឡើង​ដល់​កូន​។ ការ​ឈឺ​ពោះ​កាន់​តែ​ញ៉ាប់​ទៅៗ និង​ខ្លាំង​ជា​ង​មុន ប្រពន្ធ​របស់​ខ្ញុំ​ខំ​ខាំ​មាត់ មិន​ចង់​ស្រែក តែ​យូរៗម្ដង​ព្រលែង​សម្រែក​មួយ​ និង​ដក​ដង្ហើម​យ៉ាងធំ ដើម្បី​បន្ថយ​ការ​ឈឺ​ចាប់។ តែ​វា​មិន​អាច​ជួយ​បាន​ច្រើន​ទេ ហើយ​ចំណែក​ខ្ញុំ​វិញ​កាន់​ដៃ​នាង​ជាប់ នឹង​សម្លឺង​មើល​ទៅ​កាន់​កែវ​ភ្នែក​ដ៏​ឈឺ​ចាប់​របស់​គាត់ ព្រម​ទាំង​ឃើញ​ដំណក់​ទឹក​ភ្នែក​ហូរ​ចេញ​ពី​ភ្នែក​ រួម​ជាមួយ​ដំណក់​ញើស​ហូរ​ចេញមក ប៉ុន​គ្រាប់​ពោត ទោះ​បី​បន្ទប់​នោះ​មាន​ម៉ាស៊ីន​ត្រជាក់​យ៉ាង​ណា ក៏​មិន​អាច​ឃាត់​ញើសមិន​អោយ​ហូរ​មក​បាន​ដែរ។ ដង្ហើម​ដង្ហក់​មួយ​ៗ​ វែង​ៗ​របស់​ប្រពន្ធ​ខ្ញុំ​ និង​សម្រែក​នៃ​ការ​ឈឺ​ចាប់​បាន​អូស​បន្លាយ​ជាងមួយ​ម៉ោង​ ចំណែក​ខ្ញុំវិញ​មិន​អាច​ជួយ​សំរាល​ការ​ឈឺ​ចាប់​អី្វ​បាន​ដល់​គាត់​ក្រៅ​ពី​អង្គុយ​នៅ​ក្បែរ​គាត់​ សម្លឹង​មើល​ការ​ឈឺ​ចាប់​នោះកាន់​តែ​ខ្លាំង​ឡើង​ៗ។ យូរៗ​ម្ដង​គាត់​និយាយ​មក​កាន់​ខ្ញុំ​ថា “​អូន​ចង់​វះ ឈឺ​ណាស់ សូម​អោយ​អូន​វះ​ទៅ!” ខ្ញុំ​សម្លឹង​មើល​ទៅ​កែវ​ភ្នែក​របស់​គាត់​ទាំង​ទឹក​ភ្នែក​រៀប​នឹង​ហូរ​មក ហើយ​និយាយ​ទៅ​គាត់​ថា “​កុំ​អី​អូន បង​ដឹង​ថា​អូន​ឈឺ​ណាស់ តែទ្រាំ​បន្តិច​ទៅ​អូន ទ្រាំ​ទៅ​ណា ព្រោះអី​នេះ​ជាសញ្ញា​មួយ​តឿន​ថា កូន​ជិត​កើត​មែន​ទៀត​ហើយ” គាត់​គ្រវី​ក្បាល​បណ្ដើរ និយាយ​បណ្ដើរ​ “​អត់​ទេ… ឈឺណាស់… យល់​ពី​អារម្មណ៍អូន​ផង…!” ខ្ញុំ​ឆ្លើយ​តប​ទៅ​កាន់​គាត់​វិញ​ទាំង​ញញឹម នឹង​យល់​ពី​អារម្មណ៍​របស់​គាត់ ឆ្លើយ​តប​ តែ​យ៉ាង​ណា​ម៉ិញ​ ក្នុង​ចិត្ត​របស់​ខ្ញុំ​​ ក៏​ចង់​អោយ​វះ ដែរ​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ខ្លាំង​! នោះ​បាន​គ្រាន់តែ​គិត តែ​ចិត្ត​មួយ​ទៀត ត្រូវ​ជំនះ និង​ទ្រាំទ្រ​អោយ​បាន។ ក្នុង​រយះ​ពេល​ដែល​ប្រពន្ធ​ខ្ញុំ​ឈឺ​ចាប់​ជាង​មួយ​ម៉ោង ក្នុង​កំឡុង​ពេល​ដែល​ខ្ញុំ​នៅ​ជាមួយ​គាត់ មើល​ឃើញ​ពី​ភាព​ឈឺ​ចាប់​នេះ រួម​ជាមួយ​សម្រែក​ថ្ងូរ​អម​ដោយ​​ដង្ហើម​វែង​ៗ​របស់​ប្រពន្ធ​ខ្ញុំ​ វា​ធ្វើ​អោយ​ខ្ញុំ​មើល​ឃើញ​ពី​បរិយាកាស​នៅ​ទីនោះ ហាក់​ដូច​ជា​ slow motion នៃ​ភាព​យន្ដ​មួយ ចំណែក​ពេល​១ម៉ោង​ជាង វា​ស្មើរ​នឹង​១ខែ ១​ឆ្នាំ យូរ​យ៉ាង​នេះ! តើ​ពេល​ណា​ទៅ​ទើប​ការ​ឈឺ​ចាប់​របស់​ប្រពន្ធ​ខ្ញុំ​ចប់? ខ្ញុំ​ទ្រាំ​មិន​បាន​ទេ ដួង​ចិត្ត​របស់​ខ្ញុំ​ស្រក់​ទឹក​ភ្នែក​ តែ​ខ្ញុំ​ត្រូវ​ធ្វើ​ទឹក​មុខ​អោយ​មាំ​ ដើម្បី​កុំ​អោយ​ប្រពន្ធ​ខ្ញុំ​ឃើញ​ពី​បេះ​ដូង​ទន់​ខ្សោយរបស់​ខ្ញុំ​! ខ្ញុំ​ត្រូវ​នៅ​ជា​បង្អែក និង​ជាកម្លាំង​ចិត្ត​របស់​គាត់​នៅ​ឡើយ។

នៅ​ក្នុង​បន្ទប់​នោះ ក្រៅ​ពី​ម៉ីង​របស់​ខ្ញុំ និងជំនួយ​ការ​ពេទ្យ​២នាក់​ផ្សេង​ទៀត ក៏​មាន​វេជ្ជបណ្ឌិត​ស្រី​ម្នាក់នៅ​ទីនោះ​ រួម​ជាមួយ​ម្ដាយ​របស់​ខ្ញុំ​ផង​ដែរ។ ម្ដាយ​របស់​ខ្ញុំ​ជា​ឆ្មប​ស្រាប់ គាត់​បាន​ផ្ដល់​យោបល់​ជា​ច្រើន​ដល់​ប្រពន្ធ​របស់​ខ្ញុំ ព្រម​ទាំង​ប្រាប់​គាត់​ អោយ​ផ្លាស់​ប្ដូរ​ឥរិយាបទ​ផ្សេងៗ​ ដើម្បី​សំរាល​ការ​ឈឺ​ចាប់​ ដូច​ជាក្រោក​ឈរ, អង្គុយ​ចោង​ហោង ដើម្បី​អោយ​ក្បាល​ទាក​ធ្លាក់​កាន់​តែ​ចុះ​ជាង​មុន។ ចំណែក​ជំនួយ​ការពេទ្យ​ ក៏​បន្ត​ធ្វើ​ការ​របស់​គាត់​បន្ត​ទៀត​ ដោយ​យក​ឧបករណ៍​ស្ដាប់​សំលេង​បេះ​ដូង​ មក​ស្ដាប់​បេះ​ដូង​កូន​របស់​ខ្ញុំ​ម្ដង​ទៀត រួច​ហើយ​គាត់​ងាក​មក​ប្រាប់​ថា ចង្វាក់​បេះ​ដូង​កូន​នៅ​ល្អ​ទេ។ ម្ដាយ​របស់​ខ្ញុំ​បានពិភាក្សា និងសុំ​អោយ​វេជ្ជ​បណ្ឌិត​ជួយ​សំរាល​កូន​អោយ​ប្រពន្ធ​ខ្ញុំ​តាម​បែប ធម្ម​ជាតិ ដោយ​មិន​ចង់​អោយ​មាន​ការ​ ចាក់​ថ្នាំ​បង្ខំ​អោយ​ស្បូន​បើក ឬ​ក៏ធ្វើ​អ្វី​ផ្សេង​ទៀត​ដែរ។ ម្ដាយ​របស់​ខ្ញុំ​និយាយ​លេង​ជាមួយ​វេជ្ជ​បណ្ឌិត ហើយ​ពួក​គាត់​ដូច​ជា​និយាយ​ត្រូវ​រ៉ូវ​គ្នា​ណាស់ ហើយ​វេជ្ជ​បណ្ឌិត​ក៏​ញញឺម​តប​មក​វិញ ទាំង​សប្បាយ​រីករាយ ថា “ខ្ញុំ​សប្បាយ​ណាស់​ ដែល​មាន​អ្នក​ជំងឺ​ចង់​សម្រាល​កូន​តាម​របៀប​បែប​ធម្ម​ជាតិបែប​នេះ​នោះ”។ បើ​សម្លឹង​មើល​ប្រពន្ធ​ខ្ញុំ​វិញ នាង​នៅ​តែ​បន្ត​ការ​ឈឺ​ចាប់​បែប​សម្រាល​កូន​ដដែល។

ពេល​សំរាក​ពី​ការ​ឈឺ​បន្តិច ខ្ញុំ​សុំ​ចេញ​ទៅ​ក្រៅ​បន្ទប់​សំរាល​ ដើម្បី​ចូល​បន្ទប់​ទឹក។ ពេលត្រឡប់​ចូល​មក​វិញ ឃើញ​ប្រពន្ធ​ខ្ញុំ​ផ្លាស់​ប្ដូរ​ចូល​កាយ​វិការ​ត្រូវ​ប្រឹង​ដើម្បី សំរាល ព្រោះ​ម៉ោង២ជាង​ទៅ​ហើយ! ប្រពន្ធ​របស់​ខ្ញុំ​ខំ​ប្រឹង តាម​ការ​ណែរនាំ​របស់​គ្រូពេទ្យ ពេល​នោះ​ខ្ញុំ​បាន​ត្រៀម​រួច​រាល់​មាន​កាមេរ៉ា ដើម្បី​ចាប់​យក​រូប​ភាព​ តែ​អត់​បាន​ប្រើ​ទេ ព្រោះ​រវល់​តែ ប្រពន្ធចាប់​ដៃ​ជាប់​យ៉ាង​ណែន។

សូម​រង់​ចាំ​ភាគ​ចុង​ក្រោយ…

៣ម៉ោង៤៥នាទីក្នុង​បន្ទប់​សម្រាល​កូន-ភាគទី១


ខ្ញុំ​គ្រាន់​តែ​ចង់​ចែក​រំលែក​ពី បទ​ពិសោធន៍​ដ៏​ថ្មី​ស្រឡាង​មួយ​សំរាប់​ជីវិត​របស់​ខ្ញុំ​ ដែល​ខ្ញុំ​មិន​ដែល​ជួប​ប្រទះ​ដោយ​ផ្ទាល់​នៅ​ក្នុង​ឆាក​ជីវិត​របស់​ខ្ញុំ​ក្នុង​រយះ​ពេល​៣៣ឆ្នាំ​ចុង​ក្រោយ​នេះ។ នេះ​ជា​រឿង​រ៉ាវ​មួយ​ដែល​បាន​កើត​មាន​ឡើង​ក្នុង​កំឡុង​ពេល​ដែល​ប្រពន្ធ​របស់​ខ្ញុំ​សំរាក​កូន​ទី​២​របស់​យើង​។

នៅផ្ទះរបស់​យើង..

ព្រឹក​ថ្ងៃ​សៅរ៍​ទី ២០​ ខែ​មេសា​ ឆ្នាំ២០១៣, ប្រពន្ធ​របស់​ខ្ញុំ​បាន​ប្រាប់​ថា នាង​មាន​ហូរ​ទឹក​ចេញ​មក (ប្រពន្ធ​របស់​ខ្ញុំ​គ្រប់​ខែ​ត្រូវ​ឆ្លង​ទន្លេរហើយ ថែម​ទាំង​លើស​ថ្ងៃ​កំណត់​៤​ថ្ងៃ​ទៀត​ផង) នោះ​វា​ជា​សញ្ញា​មួយ​បាន​ប្រាប់​ពួក​យើង​អោយ​ដឹង​ថា នេះ​ប្រហែល​ជា​ត្រូវ​ដល់​ពេល​កូន​កើត​ហើយ ព្រោះ​យើង​បាន​រង់​ចាំ​ពេល​វេលានេះ​អស់​រយះពេល​ជា​យូរ​យារ​ណាស់​មក​ហើយ! (បន្ទាប់​ពី​កូន​ស្រី​ទី១​របស់​យើង ពិសិដ្ឋ ហ្រ្គេស សូហ្វៀ មាន​អាយុ៣ឆ្នាំកន្លះ យើង​សម្រេច​ចិត្ត​ និង​យល់​ព្រម​ជាមួយ​គ្នា​ថា​នឹង​យក​កូន​មួយ​ទៀត ហើយ​សង្ឃឹម​ថា​ជាកូន​ប្រុស​ទៅ ចុះ។)  យើង​ទាំង​២នាក់​រៀប​ចំខ្លួន​រួច​ជា​ស្រេច ដើម្បី​ទៅ​មន្ទីរ​ពេទ្យ​ឯក​ជន សម្ភព​សោភា ចំណែក​អីវ៉ាន់​ផ្សេងៗ​សំរាប់​កូន​តូច និង​សំរាប់​ឪពុក​ម្ដាយ​ក៏​រៀប​ចំរួច​ជា​ស្រេច​នៅ​ក្នុង​ឡាន​តាំង​ពីមួយ​ខែមុន​មក​ម្លេះ (ប្រពន្ធ​ខ្ញុំ​ចេះ​តែ​រៀប​ចំ​អោយ​ហើយ​ទៅ ក្រែង​លោ​កូន​កើត​មក​មុន​​ទៅ​ យើង​មិន​ចាំ​បាច់​ប្រញ៉េប​ប្រញ៉ាប់ ភ្លេច​នេះ​ ភ្លេច​នោះ ខ្វះ​មុខ ខ្វះ​ក្រោយ)។ រង់​ចាំ​បន្តិច ទំរាំ​ម៉ីង​របស់​ខ្ញុំ​មក​ដល់ យើង​ត្រូវ​ទៅ​មន្ទីរពេទ្យ​ជាមួយ​គ្នា។ ចំណែក​ឯ​កូន​ស្រី​របស់​ខ្ញុំ សូ​ហ្វៀ ត្រូវ​នៅ​ជាមួយ​យាយ​នៅ​ផ្ទះ។ ម៉ីង​ខ្ញុំ​មក​ដល់​ហើយ ចឹង​យើង​ឡើង​ឡាន​ទៅ​មន្ទីរពេទ្យ​ជាមួយ​គ្នា។ ធ្វើ​ដំណើរ​តាម​ផ្លូវ​ចិត្ត​របស់​ខ្ញុំ​ច្រាស​ច្រាល ចង់​ចាប់​នេះ​ចាប់​នោះ​ខុស តែ​ខ្ញុំ​ត្រូវ​បង្អាក់​បន្តិច​ ហើយ​ដក​ដង្ហើម​ធំ​មួយ​ដើម្បី​បន្ធូរ​ភាព​តាន​តឹង នឹង​ប្រមូល​អារម្មណ៍​មក​វិញ។ ងាក​មើល​មក​ទឹក​មុខ​ប្រពន្ធ​របស់ខ្ញុំ គាត់​បញ្ចេញ​អារម្មណ៍​ឈឺ​ចាប់​តាម​បែប​ស្ត្រី​ឈឺ​ពោះ​សំរាល​កូន តែ​មិន​ទាន់​ដល់​តំណាក់​កាល​ខ្លាំង​នៅ​ឡើយ​ទេ។

 

មកដល់​មន្ទីរពេទ្យ…

ម៉ោង​ប្រហែល​ជា​១១ យើង​បាន​ទៅ​ដល់​មន្ទីរ​ពេទ្យ។ ទៅ​ដល់​មន្ទីរពេទ្យ ប្រពន្ធ​នឹង​ម៉ីង​របស់​ខ្ញុំ​ចេញ​ពី​ឡាន ឯ​ចំណែក​ខ្ញុំ​វិញ​ត្រូវ​រក​កន្លែង​ចត​ឡាន។ ចូល​ទៅ​ដល់​ប្រពន្ធ​របស់​ខ្ញុំ​ត្រូវ​បាន​ពេទ្យ​នាំ​យក​ទៅ បន្ទប់​ពិនិត្យ ចេញ​មក​វិញ​ខ្ញុំ​សួរ​គាត់​ថា “ពេទ្យ​ថា​យ៉ាង​ម៉េច​ទៅ​ហើយ?” គាត់​គ្រាន់​តែ​លើក​ដៃ​ជា​សញ្ញា​ ដោយ​ប្រើ​ម្រាម​ដៃ​៣ នោះ​បញ្ជាក់​ថា ស្បូន​បើកបាន​៣សង់ទីម៉ែត្រហើយ។ បន្ទាប់​ពីរៀប​ចំឯកសារ​រួច​រាល់​ហើយ យើង​ត្រូវ​បាន​នាំ​ទៅ​បន្ទប់​សំរាក​រង់​ចាំ​មួយ ពេល​នោះ​បង​ប្រុស​របស់​ប្រពន្ធខ្ញុំ និង​ប្អូន​ថ្លៃ​គាត់​បាន​មក​ដល់​ល្មម ក៏​បាន​ជួយ​យក​អីវ៉ាន់​ចេញ​ពី​ឡាន​ឡើង​ទៅ​បន្ទប់​សំរាក​នៅ​ជាន់​ទី៧។ ចំណែក​ប្រពន្ធ​ខ្ញុំ​នឹង​ម៉ីង​ត្រូវ​ទៅ​សំរាក​នៅ​បន្ទប់​បន្ដោះអាសន្ន​សិន។ នៅ​ក្នុង​បន្ទប់​សំរាក​បន្ដោះ​អាសន្ន​នោះ ប្រពន្ធ​របស់​ខ្ញុំ​ចាប់​ផ្ដើម​មាន​កាអាការះឈឺ​ពោះ​ខ្លាំង​ជាង​មុន។ ខ្ញុំ​បាន​ទាញ​យក Ipad រួច​ បើក​កម្ម​វិធី​វាស់​ការ​រំញោច​ស្បូន  ដើម្បី​អោយ​ដឹង​ថា តើ​វា​ឈឺ​ញ៉ាប់​ ឬ​រង្វើល។ ការ​វាស់​បាន​បង្ហាញ​ថា ការ​ឈឺ​ពោះ​កាន់​តែឈឺ​ញ៉ាប់​ទៅៗ ពេល​នោះ​ម៉ោង​ប្រហែល​ជា១២ថ្ងៃ​ទឹក​ភ្លោះ​ក៏​បាន​ហូរ​ច្រើន​ជាង​មុន នឹង​មាន​លាយ​ឈាម​ផង (នោះ​បង្ហាញថា ការ​ឈឺពោះនេះ​ជិត​ដល់​ការ​សំរាល​កូន​កៀក​ជាង​មុន​ហើយ។) យើង​ក៏​បាន​ហៅ​ជំនួយ​ការ​ពេទ្យ​មក។ ពេទ្យ​បាន​មក​ដល់ ហើយ​បាន​ផ្ដល់​យោបល់​ និង​លំហាត់​មួយ​ចំនួន​សំរាប់​ប្រពន្ធ​របស់​ខ្ញុំ ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់ រួច​ហើយ​ពេទ្យ​បាន​ប្រាប់​អោយ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​បន្តិច​សិន​ទៅ ដើម្បី​យក​កម្លាំង​​សំរាប់​សំរាល​កូន​ក្នុង​ពេល​បន្តិច​ទៀត​នេះ។ ខ្ញុំ​បាន​ជួយ​សំរួល​ដល់​ប្រពន្ធ​របស់​ខ្ញុំ​ដោយ​​ រៀបចំអាហារ​សំរាប់​គាត់ (អាហារ​ផ្ដល់​ដោយ​មន្ទីរពេទ្យ) ហើយ​បញ្ចុក​គាត់។ បន្តិចៗ​ម្ដងៗ​ គាត់​បើកមាត់​មួយ​ៗ​ហារ​មាត់ ទាំង​យក​ដៃ​អោប​ពោះ ដោយ​អាការះឈឺផ្អួលៗ។ ញ៉ាំ​បាន​តែ​២ទៅ៣ម៉ាត់​គាត់​ក៏​ឈប់​ថា​គ្មាន​អារម្មណ៍​ញាំ​ទេ ព្រោះ​ឈឺ​ពោះ​ណាស់ ខ្ញុំ​ក៏​បាន​អោយ​ទឹក​គាត់​ផឹក​បន្តិច​ហើយ​ក៏​រៀប​ចំសំរាប់​គាត់​ទៅ​កាន់​បន្ទប់​សំរាល។ ម៉ីង​របស់​ខ្ញុំ​ទៅ ជាមួយ​គាត់ ចំណែក​ខ្ញុំ​ត្រូវ​នៅ​ញ៉ាំបាយ​បន្តិច​សិន រួច​ហើយ​ចាំ​ដូរ​គ្នា​ជាមួយ​នឹង​គាត់ម្ដង។

សូម​រង់​ចាំ​ភាគ​ទី២…