បន្ទាប់ពីការបានរួចហើយ ជីវិតរបស់ខ្ញុំកាន់តែចំរើនឡើងមួយកំរឹតទៀត ដោយសារតែខ្ញុំបានរីកចំរើនខាងឯភាពទទួលខុសត្រូវ និងកិច្ចការជាច្រើនទៀតនៅក្នុងជីវិត។
កាលពីឆ្នាំ២០០៩, កូនស្រីរបស់យើង Sophia បានកើត នោះជាអ្វីមួយថ្មីសំរាប់យើង ដែលវាជាទំនួលខុសត្រូវខ្ពស់មែនទែន។ ជីវិតរបស់យើងប្រែប្រួលខ្លាំងដោយសារកូនមួយនេះ ធ្វើយអោយយើងរឹតតែមានការប្រុងប្រយ័ត្ន និងត្រូវរីកចំរើនឡើងក្នុងនាមជាឪពុកម្ដាយមួយរូប។ ការមានកូនបានបង្រៀនយើងពិតមែនគឺ នាំអោយយើងស៊ូទ្រាំ និងមានចិត្តអត់ធ្មត់ ហើយពិសេសបំផុតគឺបង្រៀនយើងអោយស្គាល់ពីសេចក្ដីស្រឡាញ់។ ដោយការមានកូនខ្លួនឯងធ្វើអោយយើងជាឪពុកម្ដាយ យល់យ៉ាងខ្លាំង ពីទំហំចិត្ត និងសេចក្ដីស្រឡាញ់របស់ឪពុកម្ដាយនីមួយៗ ជាពិសេសគឺឪពុកម្ដាយរបស់យើងផ្ទាល់តែម្ដង។
ពេលនេះ កូនទី២របស់យើងជិតកើតហើយ “ពិសិដ្ឋ សក្ដិ ណូអេ” ដែលនឹងត្រូវកើតក្នុងថ្ងៃ ទី១៥ ខែមេសា ឆ្នាំ២០១៣ ខាងមុខនេះ។ ដល់ពេលដែលយើងត្រូវត្រៀមចិត្តគំនិងមួយសារទៀតដោយសារការដែលមានកូនទៅមួយ វាប៉ុណ្ណឹងទៅហើយ ចឹងដល់ពេលដែលមានកូនទី២ តើយើងត្រូវរៀនអ្វីថ្មីទៀតទៅ? យើងជាឪពុកម្ដាយពិតជាមិនអាចរង់ចាំបានទេក្នុងការស្វាគមន៍ដល់កូនប្រុសរបស់យើង។ នេះបានបញ្ជាក់ពីការរៀបចំចិត្តគំនិតជាថ្មីសំរាប់យើងទាំង២នាក់ មានន័យថា ទំនួលខុសត្រូវកាន់តែមានទំហំធំជាមុន សេចក្ដីស្រឡាញ់ត្រូវចេះថ្លឺងថ្លែងអោយបានល្អ កុំអោយមានកូនទី២ បែរជាសេចក្ដីស្រឡាញ់សំរាប់កូនទីមួយស្រាលជាង។ តែយ៉ាងណាម៉ិញ ខ្ញុំគិតថា ខ្ញុំបានត្រៀមចិត្តបាន៧០ភាគរយហើយ! សង្ឃឹមថា ៣០ភាគរយទៀត នឹងកើតឡើងពេលដែលកូនកើតមក។ ខ្ញុំចូលចិត្ត និងស្រឡាញ់ក្នុងលក្ខណះជាឪពុករបស់កូនៗរបស់ខ្ញុំ។ មិនអាចរង់ចាំបានទៀតទេ!!!!