លា​ហើយ​ឆ្នាំ​ចាស់ សួស្ដី​ឆ្នាំ​ថ្មី


Happy New Yearឆ្នាំ​២០១៣​ជិត​កន្លង​ផុត​ទៅ ហើយ​ដោយ​នៅ​សល់​តែ​ប៉ុន្មាន​ម៉ោង​ទៀត​តែ​ប៉ុណ្ណោះ!​ តាំង​ពី​ដើម​ឆ្នាំ​​រហូត​ដល់​ចុង​ឆ្នាំ មាន​រឿង​រ៉ាវ​ជា​ច្រើន​បាន​កើត​មាន​ឡើង ទាំង​ល្អ ទាំង​អាក្រក់ ទាំង​សប្បាយ ទាំងកើត​ទុក ទាំង​តូច ទាំង​ធំ ទាំង​អស្ចារ្យ និង​មិន​អស្ចារ្យ ទាំង​រំភើប និង​ទាំង​រអាក់​រអួល…។ល។

ជីវិត​រស់​នៅ​ប្រសព្វ​ទៅ​ដោយ​ហេតុការ​ជា​ច្រើន ដែល​មនុស្ស​ម្នាក់​ៗ​តែ​ង​តែ​ប្រាថ្នា​ចង់​បាន និង​អ្នក​ខ្លះ​ទៀត​ពើប​ប្រទះ​ដោយ​មិន​ទាំងប្រាថ្នា​អ្វី​ទាល់​តែ​សោះ។

ក្នុង​ឆ្នាំ​ថ្មី​នេះ ខ្ញុំ​នឹងគ្រួសារ ពិត​ជា​ចង់​ថ្លែង​អំណរ​គុណ​ដល់​មិត្ត​ភក្តិ​ទាំងអស់ ទាំង​ចាស់​ទាំងថ្មី ដែល​បាន​រាប់​អាន​ និង​ស្រឡាញ់​ដល់​ក្រុម​គ្រួសាររបស់​យើង​យ៉ាង​អស់​ពី​ចិត្ត។ យើង​គ្មាន​អ្វី​វិញ​ជា​ការ​តប​ស្នង​ទេ គឺ​គ្រាន់​តែ​អរគុណ​ចំពោះ​សណ្ដាន​ចិត្ត​របស់​មិត្ត​ទាំង​អស់​គ្នា ដែល​បាន​រាប់​អាន​ដោយ​មិន​ប្រកាន់​វណ្ណះ ទ្រព្យធន និង​យសសក្ដិ។​ យើង​ពិត​ជា​រីក​រាយ​គ្រប់​តំណាក់​កាល​នៃ​ជីវិត​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍ និង​ពី​មួយ​ខែ​ទៅ​មួយ​ខែ។

ឆ្នាំ​២០១៣ ចាត់​ទុក​ជា​មេរៀន​មួយ​ដ៏​ល្អ​សំរាប់​ជីវិត​រស់​នៅ​ជា​ក្រុម​គ្រួសារ។ ខ្ញុំ​បាន​រីក​ចំរើន​យ៉ាង​ខ្លាំង ក្នុង​នាម​ជា​ប្ដី សំរាប់​ប្រពន្ធ​របស់​ខ្ញុំ និង​ជា​ឪពុក​សំរាប់​កូនៗ​របស់​ខ្ញុំ។ ទោះ​បី​ខ្ញុំ​មិន​មែន​ជា​ប្ដី​ដ៏​ល្អ តែ​ខ្ញុំ​ក៏​មិន​អាក្រក់​សំរាប់​ប្រពន្ធ​របស់​ខ្ញុំ​ដែរ ព្រោះ​តែង​តែ​មាន​ភាព​កំសោយ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​ ខាង​ផ្នែក​មនោសញ្ចេតនា ការ​យក​ចិត្ត​ទុក​ដាក់ និងទំនាក់​ទំនង។ តែ​ខ្ញុំ​ពិត​ជា​អរគុណ​ដល់​ព្រះ សំរាប់​ប្រពន្ធរបស់​ខ្ញុំ គាត់​តែង​តែ​ជួយ​ដល់​ខ្ញុំ​ក្នុង​ភាព​កំសោយ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​ខ្លួន​ដែរ​ថា ខ្ញុំ​មិន​មែន​ជាមនុស្ស​ដ៏​អស្ចារ្យ​ ដែល​អាច​ធ្វើ​គ្រប់​អ្វីៗ​ទាំង​អស់​បាន​នោះ​ទេ។

Christmas Family Photoក្នុង​ភាព​ជា​ឪពុក​វិញ វា​ជា​មេរៀន​ថ្មី​សំរាប់​ជីវិត​ ព្រោះ​មាន​កិច្ច​ការ​ជា​ច្រើន និង​រឿង​ជា​ច្រើន​ដែល​កើត​ឡើង​ដោយ​នឹក​ស្មាន​មិន​ដល់! ប្រសិន​បើ​មាន​ថ្នាក់​រៀន​ក្នុង​ភាព​ជា​ឪពុក នោះ​ខ្ញុំ​នឹងចុះ​ឈ្មោះ​រៀន​ជាមិន​ខាន ព្រោះ​ខ្ញុំ​មិន​ចង់​បង្កើត​កំហុស​ ដែល​នាំ​អោយ​មាន​វិប្បដិសារី ដល់​ជីវិត​ខ្ញុំ និ​ង​កូន​ៗ​ឡើយ។ ខ្ញុំ​គិតថា​ខ្ញុំ​អាច​ធ្វើ​ជាឪពុក​ដ៏​ល្អ​ម្នាក់​បាន ហើយ​ខ្ញុំ​នឹង​តាំង​ចិត្ត​នេះ​អោយ​បាន ព្រោះ​ខ្ញុំ​ជឿ និង​មានទំនុក​ចិត្ត​ថាខ្ញុំ​អាច​ធ្វើ​បាន។

ខ្ញុំ​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ការ​ពារ​ដល់​ក្រុម​គ្រួសារ​របស់ខ្ញុំ ស្រឡាញ់ ចិត្ត​ចិត្ត​ទុក​ដាក់ និង​ថែរក្សា​ដល់​ពួក​គាត់។ ដើម្បី​អោយ​មាន​ក្រុម​គ្រួសារ​មួយ​ដែល​មាន​ភាព​កក់​ក្ដៅ និង​សុភមង្គល ទាម​ទារ​អោយ​គ្រប់​សមាជិក​នីមួយៗ​ ធ្វើ​ការ​ទំនាក់​ទំនង និង​ផ្ដល់​នូវ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។

ឆ្នាំ​២០១៤ នឹង​មក​ដល់ ហើយ​ខ្ញុំ​ពិត​ជា​រំភើប​សំរាប់​ឆ្នាំ​ថ្មី​នោះ ព្រោះ​អ្វី​ៗ​ដែល​ជា​បទពិសោធន៍​នៅ​ឆ្នាំ​២០១៣ វា​នឹង​ក្លាយ​ទៅជា​មេរៀន​ដែល​អាច​ឆ្លុះ​បញ្ចាំង​សំរាប់​ឆ្នាំ​២០១៤។ ហើយ​ខ្ញុំ​ពិត​ជា​រំភើប​សំរាប់​កិច្ច​ការ​ល្អៗ​ជា​ច្រើន​ដែល​មាន​ចំពោះ​ខ្ញុំ​នឹង​ក្រុម​គ្រួសារ។

ទីបញ្ចប់ សូម​ជូន​ពរ​ដល់​មិត្ត​ទាំង​ប្រុសស្រី និង​ក្នុង​ស្រុក ក្រៅស្រុក សូម​ប្រកប​ទៅ​ដោយ​សេចក្ដីសុខសាន និង​សុភមង្គល! សូម​អោយ​ភាព​ជោគ​ជ័យ​តាម​ជាប់​ដូច​ជា​ស្រមោល និង​ភាព​ចំរុងចំរើន​រស់​នៅ​ក្នុង​ជីវិត​ជា​រៀងរាល់​ថ្ងៃ។ ពីគ្រួសារខ្ញុំ ដល់​គ្រួសារ​អ្នក

Happy Wife, Happy Life!


វាជាប្រយោគមួយដែលសាមញ្ញតែបើគិតអោយច្បាស់ទៅជាប្រយោគមួយដ៏សំខាន់សំរាប់គ្រួសារ! Happy Wife, Happy Life (ប្រពន្ធសប្បាយចិត្ត ជីវិតរីករាយ)។ តើពេលណាជាពេលដែលប្រពន្ធអ្នកសប្បាយចិត្ត? តើអ្នកបានធ្វើអ្វីខ្លះ ដែលធ្វើអោយប្រពន្ធរបស់អ្នកសប្បាយចិត្ត? មានសំនួរជាច្រើនទៀតដែលអាចចោទសួរទៅកាន់បុរសជាប្ដី អោយគិតពិចារណាអំពីគ្រួសាររបស់ខ្លួន ជាពិសេសគឺភរិយា។
ចឹងមានន័យថា បើប្រពន្ធសប្បាយចិត្ត ជីវិតរីករាយ ចុះប្ដីវិញ? តើបើប្ដីសប្បាយចិត្ត ជីវិតរីករាយដែរឬទេ? បាទពិតណាស់! ប្ដីតែងតែចង់សប្បាយ ហើយជីវិតរបស់គាត់គឺចង់សប្បាយអស់មួយជីវិតតែម្ដង។ សំរាប់ខ្ញុំវិញ ខ្ញុំស្វែងយល់ថា ការសប្បាយតែម្នាក់ឯងចំពោះអ្នកដែលមានគ្រួសារវិញ គឺជារឿងអាត្មានិយមបំផុត! តើអ្នកនឹងទុកប្រពន្ធរបស់អ្នកអោយនៅចាំផ្ទះ មើលកូន, បោសផ្ទះ, ជូតផ្ទះ, ដាំបាយ, លាងចាន, ឬខ្មែរយើងហៅមួយបែបទៀតថា កិច្ចការមួយរយជំពូកឬ? ខ្ញុំគិតថាការដែលយើងអាចជួយគ្នា និងនាំភរិយារបស់យើងទៅសប្បាយជាមួយគ្នាតាមបែបគ្រួសារវាជារឿងមួយដែលប្រសើរជាជាងក្នុងការសប្បាយតែម្នាក់ឯង។

ប្រពន្ធសប្បាយចិត្ត ជីវិតរីករាយ គឺជាពាក្យមួយដែលត្រឹមត្រូវសំរាប់ខ្ញុំ ព្រោះពេលដែលប្រពន្ធសប្បាយចិត្ត គាត់នាំអោយយើងសប្បាយដែរ នោះបង្ហាញពីសុភមង្គលមួយដែលយើងជាប្ដីបានផ្ដល់ដល់គាត់។ ពេលនោះហើយ ដែលជាពេលវេលាមួយដែលភរិយាមិនអាចបំភ្លេចបាននូវអ្វីដែលប្ដីបានធ្វើចំពោះគាត់។ មានចំណុចច្រើនទៀតដែលខ្ញុំចង់និយាយ ឥឡូវងុយដេកហើយ! នឹងមានវគ្គបន្ត!

ជា​ស្វា​មី​ ភរិយា ត្រូវ​ចេះ​ថ្នម​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក


ពេល​​ដែល​យើង​រៀប​ការ​ជាមួយ​នរណា​ម្នាក់ វា​ជា​ការ​សម្រេច​ចិត្ត​មួយ​ ដែល​ធំ​បំផុត នៅ​ក្នុង​ជីវិត​របស់​យើង។ តោង​ដឹង​ថា យើង​នឹង​ត្រូវ​រស់​នៅ​ជាមួយ​ដៃ​គូរ​របស់​យើង​អស់​មួយ​ជីវិត។ នៅ​ពេល​ដែល​យើង​រៀប​ការ នោះ​ជីវិត​២នាក់​នឹង​រួម​មក​តែ​មួយ! ជា​ប្ដី​ជា​ប្រពន្ធ គឺ​យើង​នឹង​ក្លាយ​មក​ជា​រូប​កាយ​តែ​មួយ​ដោយ​សារ​ចំណង​នៃ​អាពាហ៍ពិពាហ៍។

ក្នុង​​ពេល​នេះ​ ខ្ញុំ​និយាយ​ក្នុង​នាម​ជា​ប្ដី​មួយ​រូប និង​បាន​ឆ្លង​កាត់​បទពិសោធន៍​រៀប​ការ​ជាង​៤​ឆ្នាំ​កន្លង​មក​នេះ។ ទោះបី​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ​នៅ​ក្មេង​ខ្ចី​ក្ដី ខ្ញុំ​រៀន​បាន​អ្វី​ៗ​ថ្មីៗ​ជា​ច្រើន ក្នុង​ទំនាក់​ទំនង​នៃ​ជីវិត​អាពាហ៍​ពិពាហ៍ ហើយ​ខ្ញុំ​នឹងរៀន​មិន​ដែល​ចប់​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ នោះ​ខ្ញុំ​ក៏​ដឹង​ថា ខ្ញុំ​នឹង​បញ្ចប់​ថ្នាក់​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​បាន​លាចាក​ពី​លោក​នេះ​ទៅ។ ចំណុច​មួយ​នៃ​ចំណុច​ជា​ច្រើន​ក្នុង​ទំនាក់ទំនង​ស្នេហា គឺ​ប្ដី​ត្រូវ​ចេះ​ថ្នម​ចិត្ត​ប្រពន្ធ។ ការ​ថ្នម​ចិត្ត និង​ការ​យល់​ចិត្ត ជា​អ្វី​មួយ​ដែល​យើង​ត្រូវ​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ខ្ញុំ​ចង់​រក្សា​នូវ​ទំនាក់​ទំនង​ដូច​ពី​ពេល​ដែល​ខ្ញុំ​ជួប​គាត់​ជា​លើក​តំបូង​​ដែរ។ កាល​ពី​ជួប​ពី​លើក​តំបូង យើង​តែ​ង​តែ​ចង់​ធ្វើ​នេះ​ ធ្វើ​នោះ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ទៅ​ណា​មក​ណា​គឺ​មានតែ​យើង​តែ​២នាក់​ទេ ក្នុង​ពិភព​លោក​នេះ ហើយ​យើង​ចេះ​ថ្នម​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក មាន​អ្វី​ញ៉ាំ ក៏​​ចិត្ត​មិន​ដាច់​ក្នុង​ការ​ញ៉ាំ​តែ​ឯង ។ល។ មាន​គូរ​ស្វាមី​ភរិយា​ខ្លះ មុន​ពេល​រៀប​ការ គឺ​ផ្អែម​ល្ហែម តែ​ពេល​រៀប​ការ​ហើយ ពួក​គេ​បែរ​ជាមាន​ការ​ផ្លាស់​ប្ដូរ​គឺ​មិន​ដូច​មុន​ឡើយ! តែ​ក៏​មាន​គូរ​ស្វាមី​ភរិយា​ខ្លះ នៅ​បន្ត​ធ្វើ​ដូច​ជា​ពេល​ដែល​ពួក​គេ​ជួប​គ្នា​ជា​លើក​តំបូង​ដែរ គឺ​ភាព​ផ្អែម​ល្ហែម​នៃ​សេចក្ដី​ស្នេហ៍​ក្នុង​គ្រា​តំបូង!

នៅ​ពេល​ដែល​គូរ​ស្វាមី​ភរិយា មាន​ទំនាស់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក សូម​គិត​ត្រឡប់​ក្រោយ​វិញ​ពី​សេចក្ដី​ស្នេហ៍​គ្រា​តំបូង ដែល​យើង​បាន​និយាយ​គ្នា​ថា បង​ស្រឡាញ់​អូន​អស់​មួយ​ជីវិត! បង​មិន​ធ្វើ​អោយ​អូន​ពិបាក​ចិត្ត​ទេ! បង​មិន​បន្ទោស​អូន​ទេ!! ហើយ​ចំណុច​មួយ​ដែល​សំខាន់​គឺថា យើង​មិន​បាន​រៀប​ការ​ ហើយ​អ្នក​ដែល​យើង​រៀប​ការ​ជាមួយ​នោះ​ជា​សត្រូវ​របស់​យើងទេ! គាត់​ជា​អ្នក​ដែល​ជា​ទី​ស្រឡាញ់​របស់​យើង​អស់​មួយ​ជីវិត។ ថ្នម​ចិត្ត​គាត់​ទៅ! អត់​ទោស​ចំពោះ​គ្នាទៅវិញ​ទៅ​មក និង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ខ្លាំង​ឡើងៗ!

ការ​ជួប​ជុំ​មិត្ត​ភក្ដិ​ វ៉ើត​ប្រេស និង​ ហ្វេសប៊ុក


វា​ជា​ពេល​រសៀល​មួយ​ដែល​រីក​រាយ​សំរាប់​ខ្ញុំ​ក្នុង​ការ​ជួប​ជុំ​មិត្ត​ភក្ដិ​ដែល​ខ្ញុំ​មិន​ដែល​ស្គាល់​មុខ​គេ​ទាល់​តែ​សោះ (ស្គាល់​៥-៦នាក់​ដែរ មិន​មែន​អត់​សោះ​នោះទេ) នា​ពេល​រសៀល​មួយ​ ក្នុង​តំណើ​រ​កំសាន្ដ​រីក​រាយ​លើ​ទូក​មួយ​នា​ក្រុង​ភ្នំ​ពេញ។ នៅ​ពេល​ដែល​ខ្ញុំ​ទទួល​ដំណឹង​ថា​មាន​ដំណើរ​កំសាន្ដ​បែប​នោះ ខ្ញុំ​រំភើប​រួច​ទៅ​ហើយ ព្រោះ​ខ្ញុំ​តែង​តែ​ចង់​ចំណាយ​ពេល​ស្គាល់​​អ្នក​ភូមិ​យើង​បន្ថែម​ទៀត​នៅ​ក្នុង​ភូមិ​វ៉ើត​ប្រេស និង​ហ្វេស​ប៊ុក។ នេះ​ជា​លើក​តំបូង​ដែល​ខ្ញុំ​បាន​នាំ​ប្រពន្ធ​របស់​ខ្ញុំ​ទៅ​ចូល​រួម​ ហើយ​គាត់​ក៏​សប្បាយ​ដែរ​ដែល​បាន​ស្គាល់​មិត្ត​ភក្ដិ​ថ្មី​ៗ​បន្ថែម​ទៀត។

សំរាប់​ខ្ញុំ​ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ ដែល​បាន​ឃើញ​យុវជន​សម័យ​នេះ​មួយ​ចំនួន​បាន​ប្រើ​ប្រាស់​ពេលវេលា​របស់​ខ្លួន​អោយ​មាន​ប្រយោជន៍​ដល់​សង្គម​ជាតិ​ដុច​ជាមនុស្ស​នៅ​លើ​ទូក​ដែល​ខ្ញុំ​បាន​ជួប​នោះ​ដែរ។ យើង​ធ្លាប់​តែ​បាន​និយាយ​គ្នា​ត្រឹម​ការ​សរសេរ​បញ្ចេញ​មតិ​នៅ​លើ​ហ្វេសប៊ុក និង​នៅ​លើ​វ៉ើត​ប្រេស​ប៉ុណ្ណោះ តែ​នៅ​លើ​ទូក​យើង​បាន​ជជែក​គ្នា និង​ផា​គ្នា​យ៉ាង​សប្បាយ​រីក​រាយ។ មិន​តែ​ប៉ុណ្ណោះ​យើង​បាន​ជួប​ជាមួយ​នឹង​បង​ប្រុស​នៅ​ប្រទេស​បារាំង ដែល​គាត់​ជា​អ្នក​ភូមិ​របស់​យើង​ដែរ​ គាត់​បាន​នាំ​គ្រួសារ​របស់​គាត់​មក​លេង​នៅ​ស្រុក​ខ្មែរ​ ហើយ​យើង​បាន​ជជែក​គ្នា​សួរពី​នេះពី​នោះ​យ៉ាង​សប្បាយ​រីករាយ។

ស្ដាយ​ដែរ​ ដែល​កាមេរ៉ា​ខ្ញុំ​នៅ​ជាមួយ​ អាយហ្វូន កុំ​អី​បានរូប​ចែក​អោយ​បងប្អូន​មើល​បាត់​ហើយ!!! តែ​យ៉ាងណា​ម៉ិញ ខ្ញុំ​ពិត​ជាមាន​អារម្មណ៍​រំភើប​សប្បាយ​រីក​រាយ​ណាស់។

ហេង​ហាង​ណាស់! អត់​អាយ​ហ្វូន


មួយ​រយះ​​នេះ​បន្ទាប់​ពី​អាយហ្វូន​ខ្ញុំ​ខូច​មក មាន​អារម្មណ៍​ដូច​ហេងហាង បាត់​បង់អី​មួយ​ដែល​សំខាន់ចឹង!!! ធ្លាប់​តែ​កាន់​វា​ទៅ​ណា​មក​ណា គ្រប់​ទី​កន្លែង, ឆែក​ហ្វេសប៊ុក​បាន​គ្រប់​ពេល, លេង​ហ្គេម​បាន​គ្រប់​ពេល​ដែល​អផ្សុក, ដឹង​ពី​កាល​វិភាគ​គ្រប់​ពេល​វេលា, ភ្ជាប់​ទំនាក់​ទំនង​ទៅ​កាន់​មិត្ត​ភក្ដិ​និង​ក្រុម​គ្រួសារ​បាន​គ្រប់​ពេល… តែ​ពេល​នេះ!!!

មួយ​អាទិត្យ​តំបូង ពេល​ដែល​អាយ​ហ្វូន​ ទើប​តែ​នឹង​ខូច​ថ្មី​ៗ អារម្មណ៍​ដូច​នៅ​មិន​សុខ! ខូច​ចិត្ត មិន​សូវ​បាយ​ទឹក កាងារ​ក៏​នឹក​ឃើញ​ធ្វើ​មិន​ចេញ! មាន​អារម្មណ៍​បាត់​ដៃ​បាត់​ជើង ឬក៏​អ្វី​មួយ​មិន​ដឹង​ទេ!! អាលូវ​ប្រើ​ទូរ.​មិន​សូវ​កាលីប ពេល​ទូរ.រោទ៍​ម្ដង​ៗ​ គ្មាន​អារម្មណ៍​លើក​ទេ!

អាឡូវ​អាយ​ហ្វូន​ធ្វើ​មិន​ទាន់​ហើយ​ទៀត! ឈប់​សរសេរ​ហើយ! ចង់​តែ​ស្រក់​ទឹក​ភ្នែក​ទេ!!!

ទុក្ខ​ធ្ងន់​ព្រោះ​អត់​អាយ​ហ្វូន​ប្រើ


ជិត​មួយ​អាទិត្យ​ហើយ បន្ទាប់​ពីអាយហ្វូន​ខ្ញុំ​ខូច​ទៅ ដូច​ជាបាត់​បង​អ្វី​ម្យ៉ាង​ពី​ក្នុង​ខ្លួន​ខ្ញុំ!!! រាល់​លេខ​មិត្ត​ភក្ដិ​ដែល​មិន​ទាន់​អាប់ឌែត, រាល់​កម្ម​វិធី​ផ្សេង​ៗ​ដែល​ចូល​ចិត្ត, រាល់​ចំរៀង​​ដែល​ធ្លាប់​ស្ដាប់, រាល់វីដេអូ​ដែល​ចូល​ចិត្ត​មើល! អាឡូវ​ខ្លាយ​ជា​ផេះ​ផង់ ដោយ​សារ​តែ​វា error 1002។ អែរឺ​ប្រភេទ​ហ្នឹង​គឺ​ត្រូវ​ជួស​ជុល​ផ្នែក​រឹង ដោយ​អស់​លុយ​យ៉ាង​ហោច​ណាស់​ពី​៥០ដុល្លា ទៅ​១០០ដុល្លា​ដែរ!

គិត​ទៅ​មាន​ទូរសព្ធ័​កាលីប​ប្រើ​ហើយ លុះ​ដល់​តាវាខូច លែង​ចង់​ប្រើ​ទូរមិន​ដល់​លំដាប់​អាយហ្វូន!!! តែ​ពេល​នេះ​ត្រូវ​ទ្រាំ​សិន​ហើយ ទំរាំ​តែ វា​ត្រូវ​គេ​ឆក់​បេះ​ដូង​ហើយ​សិន!!! ខុច​ចិត្ត​ណាស់​ខ្ញុំ!!! ខូច​អី​មិន​ខូច​ទៅ​ខូច​១០០២ អោយ​អស់​លុយ​ថែម​មួយ​កំរឹត​ទៀត។

ទុក​ចិត្ត​ព័ត៌មាន​បាន​ដែរ​ឬ​ទេ?


នៅ​ក្នុង​ស្រុក​យើង​នេះ​ មាន​បណ្ដារ​សារព័ត៌មាន​ជា​ច្រើន​ ដែល​កំពុង​តែ​មាន​ចលនា​យ៉ាង​មមាញឹក​ក្នុង​ការ​ស្រូប​យក​ព័ត៌​មាន​ផ្សេង​ៗ​យក​មក​ផ្សាយ​តាម កាសែត ទស្សនាវដ្ដី ព្រឹត្តិបត្រ័ ទូរទស្សន៍ វិទ្យុ ។ល។ ហើយ​ឃើញ​ថា អ្នក​ខ្លះ​កំពុង​តែ​ធ្វើ​ទៅ​តាម​វិជ្ជា​ជីវះ​របស់​ខ្លួន​ដែល​បាន​រៀនកន្លង​មក​ក្នុង​ការ​មាន​សីលធម៌នៃ​សារព័ត៌មាន។

កាសែតៈ ជួន​កាល​ញ៉ុម​លែង​ចង់​អាន​ព័ត៌មាន​ដែល​មាន​នៅ​តាម​កាសែត​​ មួយ​ចំនួន​ដែល​ ជួន​កាល​ព័ត៌មាន​ទាំង​នោះ​ពន្លើស​ទាំង​ស្រុង ហើយ​យក​មក​ប្រឌិត​អោយ​ទៅ​ជា​រឿង​មួយ​ដែល​គួរ​អោយចាប់​អារម្មណ៍ ដើម្បី​ទាក់​ទាញ​អ្នក​អាន​អោយ​អាន​ដំណឹង​ដែល​មិន​ពិតទាំង​នោះ​ទៅ​វិញ។ ជួន​កាល​បើ​អ្នក​អាន​គាត់​មិន​ដឹង​ទៅ​ នៅ​ពេល​ដែល​អាន​ដំណឹង​នោះ​ហើយ​ចាប់​ផ្ដើម​ មាន​គំនិត​អវិជ្ជមាន​ទៅ​លើ​បុគ្គល​ដែល​មាន​នៅ​ក្នុង​ព័ត៌មាន​នោះ ទាំង​ទទឹង​ទិស។ មាន​ព័ត៌​មាន​ខ្លះ​ហួស​ហេតុ​ពេក​ ដែល​បណ្ដាល​អោយ​រឿង​តូច​ក្លាយ​ទៅ​ជា​ធំ គឺ​ដោយ​សារ​តែ​ការ​ពន្លើស​នៃ​បុគ្គល​មួយ​រូប​ក្នុង​ការ​យក​ព័ត៌​មាន​មិនប្រាកដ​មក​ចុះ​ផ្សាយ (នោះ​ជា​ការ​កុហក់​ទាំង​ស្រុង។)។

ទស្សនាវដ្ដីៈ ជា​ព័ត៌មាន​ចេចចូច​តែ​ម្ដង និយាយ​ដើម​គ្នា! ហើយ​ចូល​ចិត្ត​ផ្សាយ​ពី​រឿង​ បែក​បាក់​គ្រួសារ ប្រុស​មាន​សាហាយ ស្រី​ផិត​ប្ដី និង​រឿង​ខ្មោច​ជា​ច្រើន​ទៀត និង​យក​រឿង​តារា​មក​បង្ខូច​លេង និង​យក​រឿង​អាស​អាភាសន៍​មក​ផ្សាយ​ជា​សាធារណះ។ មាន​អត្ថ​បទ​មាន​ប្រយោជន៍​តិច​តួច​ប៉ុណ្ណោះ! មិន​មែន​ទស្សនាវដ្ដី​ទាំង​អស់​ចឹង​ទេ!

ទូរទស្សន៍ៈ ទើប​តែ​ឃើញ​មាន​ទូរទស្សន៍​មួយ​ចំនួន​ដែល​មាន​ការ​ផ្សាយ​ មាន​ស្តង់ដារបន្តិច ហើយ​ក៏​នៅ​យ៉ាប់​ម៉ាចំនួន​ដែរ។ តែ​ទូរទស្សន៍​ក៏​ជា​ប្រភព​ទំលំទូលាយ​ជាង​គេ​ក្នុង​ការ​បំប៉ោង​រឿង​តូច​អោយ​ទៅ​ជា​ធំ។ យក​ទូរទស្សន៍​មក​ជេរ​គ្នា​លេង! មិន​ទាំង​អស់​នោះ​ទេ!

វិទ្យុៈ កំរឹត​នៃ ការ​ផ្សាយ​មាន​ការ​កៀប​សង្កត់ មិន​អាច​បញ្ចេញ​មតិ​បាន​ជា​ទូលំទូលាយ បើ​និយាយ​ប៉ះពាល់​តិច កម្ម​វិធី​ហ្នឹង​ត្រូវ​បាត់​មុខ​ភ្លាម។

ចឹង​តើ​ញ៉ុម​អាច​ទទួ​លផល​ប្រយោជន៍​ពី​ប្រពន្ធ័​ផ្សព្វ​ផ្សាយ​ទាំង​នោះ​បាន​ដោយ​របៀប​ណា? ទុក​ចិត្ត​បាន​ដែរ​ឬ​ទេ? ចុះ​សីលធម៌នៃ​ការ​ផ្សាយ​យ៉ាង​ណាដែរ?