លា​ហើយ​ឆ្នាំ​ចាស់ សួស្ដី​ឆ្នាំ​ថ្មី


Happy New Yearឆ្នាំ​២០១៣​ជិត​កន្លង​ផុត​ទៅ ហើយ​ដោយ​នៅ​សល់​តែ​ប៉ុន្មាន​ម៉ោង​ទៀត​តែ​ប៉ុណ្ណោះ!​ តាំង​ពី​ដើម​ឆ្នាំ​​រហូត​ដល់​ចុង​ឆ្នាំ មាន​រឿង​រ៉ាវ​ជា​ច្រើន​បាន​កើត​មាន​ឡើង ទាំង​ល្អ ទាំង​អាក្រក់ ទាំង​សប្បាយ ទាំងកើត​ទុក ទាំង​តូច ទាំង​ធំ ទាំង​អស្ចារ្យ និង​មិន​អស្ចារ្យ ទាំង​រំភើប និង​ទាំង​រអាក់​រអួល…។ល។

ជីវិត​រស់​នៅ​ប្រសព្វ​ទៅ​ដោយ​ហេតុការ​ជា​ច្រើន ដែល​មនុស្ស​ម្នាក់​ៗ​តែ​ង​តែ​ប្រាថ្នា​ចង់​បាន និង​អ្នក​ខ្លះ​ទៀត​ពើប​ប្រទះ​ដោយ​មិន​ទាំងប្រាថ្នា​អ្វី​ទាល់​តែ​សោះ។

ក្នុង​ឆ្នាំ​ថ្មី​នេះ ខ្ញុំ​នឹងគ្រួសារ ពិត​ជា​ចង់​ថ្លែង​អំណរ​គុណ​ដល់​មិត្ត​ភក្តិ​ទាំងអស់ ទាំង​ចាស់​ទាំងថ្មី ដែល​បាន​រាប់​អាន​ និង​ស្រឡាញ់​ដល់​ក្រុម​គ្រួសាររបស់​យើង​យ៉ាង​អស់​ពី​ចិត្ត។ យើង​គ្មាន​អ្វី​វិញ​ជា​ការ​តប​ស្នង​ទេ គឺ​គ្រាន់​តែ​អរគុណ​ចំពោះ​សណ្ដាន​ចិត្ត​របស់​មិត្ត​ទាំង​អស់​គ្នា ដែល​បាន​រាប់​អាន​ដោយ​មិន​ប្រកាន់​វណ្ណះ ទ្រព្យធន និង​យសសក្ដិ។​ យើង​ពិត​ជា​រីក​រាយ​គ្រប់​តំណាក់​កាល​នៃ​ជីវិត​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍ និង​ពី​មួយ​ខែ​ទៅ​មួយ​ខែ។

ឆ្នាំ​២០១៣ ចាត់​ទុក​ជា​មេរៀន​មួយ​ដ៏​ល្អ​សំរាប់​ជីវិត​រស់​នៅ​ជា​ក្រុម​គ្រួសារ។ ខ្ញុំ​បាន​រីក​ចំរើន​យ៉ាង​ខ្លាំង ក្នុង​នាម​ជា​ប្ដី សំរាប់​ប្រពន្ធ​របស់​ខ្ញុំ និង​ជា​ឪពុក​សំរាប់​កូនៗ​របស់​ខ្ញុំ។ ទោះ​បី​ខ្ញុំ​មិន​មែន​ជា​ប្ដី​ដ៏​ល្អ តែ​ខ្ញុំ​ក៏​មិន​អាក្រក់​សំរាប់​ប្រពន្ធ​របស់​ខ្ញុំ​ដែរ ព្រោះ​តែង​តែ​មាន​ភាព​កំសោយ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​ ខាង​ផ្នែក​មនោសញ្ចេតនា ការ​យក​ចិត្ត​ទុក​ដាក់ និងទំនាក់​ទំនង។ តែ​ខ្ញុំ​ពិត​ជា​អរគុណ​ដល់​ព្រះ សំរាប់​ប្រពន្ធរបស់​ខ្ញុំ គាត់​តែង​តែ​ជួយ​ដល់​ខ្ញុំ​ក្នុង​ភាព​កំសោយ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​ខ្លួន​ដែរ​ថា ខ្ញុំ​មិន​មែន​ជាមនុស្ស​ដ៏​អស្ចារ្យ​ ដែល​អាច​ធ្វើ​គ្រប់​អ្វីៗ​ទាំង​អស់​បាន​នោះ​ទេ។

Christmas Family Photoក្នុង​ភាព​ជា​ឪពុក​វិញ វា​ជា​មេរៀន​ថ្មី​សំរាប់​ជីវិត​ ព្រោះ​មាន​កិច្ច​ការ​ជា​ច្រើន និង​រឿង​ជា​ច្រើន​ដែល​កើត​ឡើង​ដោយ​នឹក​ស្មាន​មិន​ដល់! ប្រសិន​បើ​មាន​ថ្នាក់​រៀន​ក្នុង​ភាព​ជា​ឪពុក នោះ​ខ្ញុំ​នឹងចុះ​ឈ្មោះ​រៀន​ជាមិន​ខាន ព្រោះ​ខ្ញុំ​មិន​ចង់​បង្កើត​កំហុស​ ដែល​នាំ​អោយ​មាន​វិប្បដិសារី ដល់​ជីវិត​ខ្ញុំ និ​ង​កូន​ៗ​ឡើយ។ ខ្ញុំ​គិតថា​ខ្ញុំ​អាច​ធ្វើ​ជាឪពុក​ដ៏​ល្អ​ម្នាក់​បាន ហើយ​ខ្ញុំ​នឹង​តាំង​ចិត្ត​នេះ​អោយ​បាន ព្រោះ​ខ្ញុំ​ជឿ និង​មានទំនុក​ចិត្ត​ថាខ្ញុំ​អាច​ធ្វើ​បាន។

ខ្ញុំ​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ការ​ពារ​ដល់​ក្រុម​គ្រួសារ​របស់ខ្ញុំ ស្រឡាញ់ ចិត្ត​ចិត្ត​ទុក​ដាក់ និង​ថែរក្សា​ដល់​ពួក​គាត់។ ដើម្បី​អោយ​មាន​ក្រុម​គ្រួសារ​មួយ​ដែល​មាន​ភាព​កក់​ក្ដៅ និង​សុភមង្គល ទាម​ទារ​អោយ​គ្រប់​សមាជិក​នីមួយៗ​ ធ្វើ​ការ​ទំនាក់​ទំនង និង​ផ្ដល់​នូវ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។

ឆ្នាំ​២០១៤ នឹង​មក​ដល់ ហើយ​ខ្ញុំ​ពិត​ជា​រំភើប​សំរាប់​ឆ្នាំ​ថ្មី​នោះ ព្រោះ​អ្វី​ៗ​ដែល​ជា​បទពិសោធន៍​នៅ​ឆ្នាំ​២០១៣ វា​នឹង​ក្លាយ​ទៅជា​មេរៀន​ដែល​អាច​ឆ្លុះ​បញ្ចាំង​សំរាប់​ឆ្នាំ​២០១៤។ ហើយ​ខ្ញុំ​ពិត​ជា​រំភើប​សំរាប់​កិច្ច​ការ​ល្អៗ​ជា​ច្រើន​ដែល​មាន​ចំពោះ​ខ្ញុំ​នឹង​ក្រុម​គ្រួសារ។

ទីបញ្ចប់ សូម​ជូន​ពរ​ដល់​មិត្ត​ទាំង​ប្រុសស្រី និង​ក្នុង​ស្រុក ក្រៅស្រុក សូម​ប្រកប​ទៅ​ដោយ​សេចក្ដីសុខសាន និង​សុភមង្គល! សូម​អោយ​ភាព​ជោគ​ជ័យ​តាម​ជាប់​ដូច​ជា​ស្រមោល និង​ភាព​ចំរុងចំរើន​រស់​នៅ​ក្នុង​ជីវិត​ជា​រៀងរាល់​ថ្ងៃ។ ពីគ្រួសារខ្ញុំ ដល់​គ្រួសារ​អ្នក

ប្រុង​ប្រៀប​ចិត្ត


ពិសិដ្ឋ​និង​ក្រុម​គ្រួសារ

បន្ទាប់​ពី​ការ​បានរួច​ហើយ ជីវិត​របស់​ខ្ញុំ​កាន់​តែ​ចំរើន​ឡើង​មួយ​កំរឹត​ទៀត​ ដោយ​សារ​តែ​ខ្ញុំ​បាន​រីក​ចំរើន​ខាង​ឯភាព​ទទួល​ខុស​ត្រូវ និង​កិច្ច​ការ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ជីវិត។

កាល​ពី​ឆ្នាំ២០០៩, កូន​ស្រី​របស់​យើង Sophia បាន​កើត នោះ​ជា​អ្វី​មួយ​ថ្មី​សំរាប់​យើង​ ដែល​វា​ជា​ទំនួល​ខុស​ត្រូវ​ខ្ពស់​មែន​ទែន។ ជីវិត​របស់​យើង​ប្រែ​ប្រួល​ខ្លាំង​ដោយ​សារ​កូន​មួយ​នេះ ធ្វើយ​អោយ​យើង​រឹត​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ត្រូវ​រីក​ចំរើន​ឡើង​ក្នុង​នាម​ជា​ឪពុក​ម្ដាយ​មួយ​រូប។ ការ​មាន​កូន​បាន​បង្រៀន​យើង​ពិត​មែន​គឺ​ នាំ​អោយ​យើង​ស៊ូ​ទ្រាំ និង​មាន​ចិត្ត​អត់​ធ្មត់​ ហើយ​ពិសេស​បំផុត​គឺ​បង្រៀន​យើង​អោយ​ស្គាល់​ពី​សេចក្ដី​ស្រឡាញ់។ ដោយ​ការ​មាន​កូន​ខ្លួន​ឯង​ធ្វើ​អោយ​យើង​ជា​ឪពុក​ម្ដាយ​ យល់​យ៉ាង​ខ្លាំង ពី​ទំហំ​ចិត្ត​ និង​សេចក្ដី​ស្រឡាញ់​របស់​ឪពុក​ម្ដាយ​នីមួយ​ៗ ជាពិសេស​គឺ​ឪពុក​ម្ដាយ​របស់​យើង​ផ្ទាល់​តែ​ម្ដង។

ពេល​នេះ កូន​ទី២​របស់​យើង​ជិត​កើត​ហើយ “ពិសិដ្ឋ សក្ដិ ណូអេ” ដែល​នឹង​ត្រូវ​កើត​ក្នុង​ថ្ងៃ ទី១៥ ខែមេសា ឆ្នាំ២០១៣ ខាង​មុខ​នេះ។ ដល់​ពេល​ដែល​យើង​ត្រូវ​ត្រៀម​ចិត្ត​គំនិង​មួយ​សារ​ទៀត​ដោយ​សារ​ការ​ដែល​មាន​កូន​ទៅ​មួយ​ វា​ប៉ុណ្ណឹង​ទៅ​ហើយ ចឹង​ដល់​ពេល​ដែល​មាន​កូន​ទី២​ តើ​យើង​ត្រូវ​រៀន​អ្វី​ថ្មី​ទៀត​ទៅ? យើង​ជា​ឪពុក​ម្ដាយ​ពិត​ជាមិន​អាច​រង់​ចាំ​បាន​ទេ​ក្នុង​ការ​ស្វាគមន៍​ដល់​កូន​ប្រុស​របស់​យើង។ នេះ​បាន​បញ្ជាក់​ពី​ការ​រៀប​ចំ​ចិត្ត​គំនិត​ជាថ្មី​សំរាប់យើង​ទាំង​២នាក់ មាន​ន័យ​ថា ទំនួល​ខុសត្រូវ​កាន់​តែ​មាន​ទំហំ​ធំ​ជាមុន សេចក្ដី​ស្រឡាញ់​ត្រូវ​ចេះ​ថ្លឺង​ថ្លែង​អោយ​បាន​ល្អ កុំ​អោយ​មាន​កូន​ទី២ បែ​រជា​សេចក្ដីស្រឡាញ់​សំរាប់​កូន​ទី​មួយ​ស្រាល​ជាង។ តែ​យ៉ាង​ណា​ម៉ិញ ខ្ញុំ​គិត​ថា ខ្ញុំ​បាន​ត្រៀម​ចិត្ត​បាន​៧០ភាគរយ​ហើយ! សង្ឃឹម​ថា ៣០​ភាគរយ​ទៀត នឹង​កើត​ឡើង​ពេល​ដែល​កូន​កើត​មក។ ខ្ញុំ​ចូល​ចិត្ត និង​ស្រឡាញ់​ក្នុង​លក្ខណះ​ជាឪពុករបស់​កូនៗ​របស់​ខ្ញុំ។ មិន​អាច​រង់​ចាំ​បាន​ទៀត​ទេ!!!!

 

សួ​ស្ដី​ណូអែល


សូម​ជូន​ពរ​ដល់​មិត្ត​ប្រុស​ស្រី​នៅ​ក្នុង​ភូមិ​វ៉ើត​ប្រេស​នេះ ក្នុង​ឱកាស​ថ្ងៃ​ណូអេល​នេះ សូម​អោយ​សេចក្ដី​សុខសាន្ដ និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់​កើត​មាន​ដល់​គ្រប់​ក្រុម​គ្រួសារ​នៅ​ក្នុង​ភូមិ​នេះ ក៏​ដូច​ជា​ក្នុង​ពិភព​លោក​ទាំង​មូល​ផង​ដែរ។ សូម​អោយ​អំណាច​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់ គ្រប​ដណ្ដប់​លើ​គ្រប់​ដួង​ចិត្ត​នៃ​មនុស្ស​លោក ហើយ​សូម​អោយ​សន្តិ​ភាព អំណរ និង​សេចក្ដី​សង្ឃឹម​បាន​កើត​មាន​ឡើង ដោយ​ព្រោះ​តែ​ព្រះយេស៊ូ​ជា​ព្រះ​អម្ចាស់​នៃ​សេចក្ដី​សង្ឃឹម សំរាប់​មនុស្ស​ក្នុង​លោក​នេះ។

ពី​គ្រួសារ​ខ្ញុំ​ទៅ​កាន់​គ្រួសារ​របស់​លោក​អ្នក សូម​អធិស្ឋាន អោយ​ព្រះជាម្ចាស់​នៃ​ពិភព​លោក​ទាំង​មូល​ប្រទាន​ពរ​ដល់​គ្រប់​ៗ​គ្នា ជាមួយ​នឹង​កម្លាំង​កាយមាំ​មួន ប្រាជ្ញា​វាង​វៃ និង​សេចក្ដី​សុខចំរើន​កើត​មាន​ដល់​គ្រប់​ៗ​គ្នាទាំង​អស់។

សួ​ស្ដី​ណូអែល និង​សួ​ស្ដី​ឆ្នាំ ថ្មី

ពិសិដ្ឋ, សីហា, សូហ្វីយ៉ា