Seiha
នៅក្នុងតំណាក់កាលនៃជីវិតរស់នៅរបស់យើងតែងតែជួបប្រទះនូវការផ្លាស់ប្រែជាលំដាប់ ដូចជា កាលនៅពីជាទារក យើងត្រូវទទួលការចិញ្ចឹមបីបាច់ថែរក្សាពីឳពុកម្ដាយ រហូតដល់គ្រប់អាយុក្នុងការចូលរៀន យើងត្រូវឃ្លាតពីឳពុកម្ដាយមួយរយះតូចក្នុងការទៅសិក្សា រហូតដល់ធំពេញវ័យ និងគ្រប់រៀបការ យើងត្រូវទទួលការផ្លាស់ប្រែមួយដ៏ធំទៀតគឺការផ្លាស់ប្រែពីភាពជានៅលីវ ចូលទៅដល់ការមានគ្រួសារ។
ខ្ញុំបានឆ្លងកាត់នូវការផ្លាស់ប្រែទាំងនេះ! មកដល់នឹងពេលនេះ ខ្ញុំនិងភរិយារបស់ខ្ញុំបានរៀបការជាង២ឆ្នាំហើយ ក្នុងរយះពេល២ឆ្នាំជាងកន្លងមកនេះ យើងបានពើបប្រទះនូវរឿងរ៉ាវជាច្រើនក្នុងជីវិតរបស់យើងដែលបង្រៀនយើងពីការរស់នៅរបស់ក្រុមគ្រួសារ២ដែលមានទម្លាប់រស់នៅខុសប្លែកគ្នារហូតដល់បានស៊ាំជាមួយនឹងទម្លាប់ទាំងនេះ។
មកដល់បច្ចុប្បន្ននេះ សីហា មានផ្ទៃពោះនឹងជិតគ្រប់ខែក្នុងខែកញ្ញានេះតែម្ដង។ សូហ្វីយ៉ា ហ្គ្រេស ពិសិដ្ឋ នឹងទៅជាកូនស្រីរបស់យើង ហើយជាមួយកូននេះ ការផ្លាស់ប្រែដ៏ថ្មីមួយទៀតដែលយើងត្រូវត្រៀមខ្លួនទទួលក្នុងការធ្វើជាឳពុកម្ដាយរបស់គេ។ មិនដែលមានសាលាបង្រៀនយើង អោយធ្វើជាឳពុកម្ដាយ និងបង្រៀនយើងពីរបៀបចិញ្ចឹមកូននោះឡើយ! តែយ៉ាងណាមិញ យើងសង្ឃឹមថា យើងនឹងធ្វើជាឳពុកម្ដាយដ៏ល្អសំរាប់កូនស្រីរបស់យើង ជាមួយនឹងការប្រៀនប្រដៅទៅតាមលក្ខណះនៃសេចក្ដីស្រឡាញ់ និងការបង្រៀនអោយដើរតាមមាគ៌ារបស់ព្រះ ជាម្ចាស់។ ព្រះអង្គបានប្រទានកូនស្រីមួយនេះជាអំណោយ និងជាចំណងដៃសំរាប់អាពាហ៍ពិពាហ៍របស់យើង ហើយយើងនឹងទទួលយកនូវព្រះពរនេះសំរាប់ជីវិតរបស់យើង និងស្រឡាញ់កូនស្រីរបស់យើងអោយអស់ពីដួងចិត្ត និងព្យាយាមផ្គត់ផ្គង់គ្រប់បែបយ៉ាង ដើម្បីអោយកូនស្រីនេះ ជាអ្នកដ៏ជាទីស្រឡាញ់សំរាប់អ្នកផងទាំងពួង។