ធ្វើ​នំ​អោយ​កូន


កាល​ពី​ថ្ងៃ​សៅ រវល់​សឹង​បែក​ជើង​ហើយ ព្រោះ​ជា​ថ្ងៃ​ដែល​ធ្វើ​ខួប​អោយ​កូន​គំរប់​អាយុ​ម៉ាឆ្នាំ​គត់! កិកិកិ ធ្មេច​បើ​ៗ កូន​ធំ​ហើយ គិត​ទៅ​ពេល​វេលា​រត់​លឿន​មែន​ទែន។ តែ​បន្តិច​ទៀត នឹង​ត្រូវ​ដើរ រត់ ទៅ​រៀន ! វ៉ូវ! ច្រើន​ណាស់! តែ​ចង់​យាយ​តិច​ដែរ! ហើយ​ក៏​មិន​អួត​ទេ ព្រោះ​អី ​អ្វី​ដែល​ចេះគឺ​យក​មក​ប្រើ​ការ​ទាំង​អស់! នំទាំង​នេះ ធ្វើ​ដោយ​ខ្លួ​ន​ឯង​ទេ!

សម្លរ ខួរ​ក្ដាម​ស្រែ​ល្ហុង


ថ្ងៃ​នេះ​មក​លេង​ផ្ទះ​ញ៉ុម​អត់​មាន​អី ទទួល​ក្រៅ​ពី​ម្ហូប​មួយ​មុខ​នេះ​ទេ! ភាគ​ច្រើន​បងប្អូន​ខ្មែរ​យើង​ នៅ​ក្នុង​ទី​ក្រុង​នឹង​មិន​សូវ​លឺ​មុខ​ម្ហូប​មួយ​បែប​នេះ​ឡើយ ហើយ​ក៏​កំរ​នឹង​មាន​អ្នក​ដែល​ធ្វើ​ម្ហូប​នេះ ណាស់ ព្រោះ​ប្រហែល​ជា​មិន​ចេះ ឬ​ក៏​មិន​ដែល​ទាំង​ដឹង​ផង។

ង៉ៃ​មុន​ទៅ​លេង​ផ្ទះ​ម្ដាយ​ខ្ញុំ​ក៏​ប្រទះ​ឃើញ​គាត់​ធ្វើ​ម្ហូប​នេះ ហើយ​ក៏​បាន​ញាំ​ដែរ ឆ្ងាញ់ៗ! តាម​បែប​អ្នក​ស្រែ គឺ​បើ​បាន​ញ៉ាំ​ពិត​ជា​ឆ្ងាញ់​ពិត​មែន ហើយ​មាន​អាម្មណ៍​ថា សម្លរ​នេះ​នាំ​ញ៉ុម​ទៅ​កាន់​អតី​តកាល​វិញ​ នៅ​ពេល​ដែល​យើង​ស្លរ​សម្លរ​នេះ​ម្ដងៗ។ វា​ពិត​ជា​ពិសេស ព្រោះ​អី​ខាន​បាន​ញ៉ាំ​ជិត​៥​ឆ្នាំ​ហើយ!

នេះ​ប្រើ​ត្រី​រ៉ស បើ​បាន​កូន​ត្រី​ជញ្ជាត់​វិញ មិន​ដឹង​ជា​អែម​ស៊ែម​ដល់​កំរឹត​ណា​ទៀត​ទេ។ សំរាប់​វិធី​ធ្វើ​នោះ​គឺ​ងាយ​ស្រួល​ទេ ត្រូវ​ការ​តែ​ល្ហុងជា​បន្លែ ត្រី និង​ក្ដាម​ស្រែ​ជា​សាច់​ប៉ុណ្ណោះ។ ក្ដាម​ត្រូវ​យក​មក​បក​លាង​ទឹក​អោយ​ស្អាត​ហើយ​បុក​យក​ឈាម​(ហិហិហិ ក្ដាម​អត់​ឈាម​ហង) ។ បើ​ចង់​ដឹង​ពី​របៀប​ធ្វើ​ម្ហូប​ហ្នឹង​​ចាំ​ញ៉ុម​តេ​ទៅ​សួរ​ម្ដាយ​ញ៉ុម​សិន។

អាថ៌កំបាំង​នៃ​ការ​ធ្វើ​ម្ហូប


ថ្ងៃ​នេះ​ខ្ញុំ​នឹង​បង្ហាញ​ពី​អាថ៌​កំបាំង​មួយ​នៃ​ការ​ធ្វើ​ម្ហូប​របស់​ខ្ញុំ។ ក្នុង​ការ​ធ្វើ​ម្ហូបទាម​ទារ​អោយ​មាន​នូវ​​ភាព​ប៉ិន​ប្រសព្វ និង​ភាព​ច្នៃ​ប្រឌិត ម្ហូប​ដែល​ឆ្ងាញ់ តែង​តែ​មាន​សម្រស់​គួរ​អោយ​ទាក់​ទាញ។ អាថ៌​កំបាំង​នៃ​ម្ហូប​ដែល​ឆ្ងាញ់​ និង​មាន​ឱជារស​ល្អ​គឺ​អាស្រ័យ​ទៅ​លើ​ការ​ផ្សំ​គ្រឿង ដែល​ត្រូវ​តាម​ក្បួន​ខ្នាត និង​បាន​ល្អ។ ថ្ងៃ​នេះ​ខ្ញុំ​នឹង​លើក​យក​អាថ៌កំបាំង​នៃ​គ្រឿង​ផ្សំ​មួយ​មុខ​ដែល​ខ្ញុំ​តែង​តែ​ប្រើ​ក្នុង​ពេល​ដែល​ខ្ញុំ​ធ្វើ​ម្ហូប ជា​ពិសេស​ប្រើ​ទៅ​លើ​ម្ហូប​ប្រភេទ​ឆា។ តើ​នោះ​គឺ​ជា​អ្វី ទៅ? តាម​ពិត​វា​មិន​ពិបាក​រក​នោះ​ទេ ហើយ​សម្បូរ​ណ៌​ណាស់​នៅ​ក្នុង​ស្រុក​ខ្មែរ​របស់​យើង​នេះ នោះ​គឺ​ ស្ករត្នោត

គ្រប់​ពេល​ដែល​ខ្ញុំ​ធ្វើ​ម្ហូប​ឆា ខ្ញុំ​តែង​តែ​ប្រើ​ស្ករ​ត្នោត​ក្នុង​ការ​ផ្សំ​គ្រឿង ឃើញថា ម្ហូប​ឆា​របស់​ខ្ញុំ​បាន​បន្ថែម​រស់​ជាតិ​ឆ្ងាញ់​ពីសារ។ ជា​ញឹក​ញ៉ាប់​ខ្ញុំ​តែង​តែប្រើ​គ្រឿង​ផ្សំ​មួយ​ចំនួន​នេះ ក្នុង​ការ​ធ្វើ​ម្ហូប​ប្រភេទ​ឆា និង​ប្រឡាក់​សាច់។

ប្រភេទ​ឆា ខ្ញុំ​តែង​តែ​ប្រើ​គ្រឿង​ផ្សំ​ដូច​ជាៈ ស្ករត្នោត ទឹក​ត្រី ប្រេង​ខ្យង និង​ម្សៅ​ស៊ុប​មាន់​។ បើ​ប្រភេទ​ម្ហូប​ប្រឡាក់​គឺ​ស្រដៀង​ហ្នឹង​ដែរ។

ចឹង​ស្ករត្នោត​ខ្មែរ​យើង​ជា​គ្រឿង​ផ្សំ​ឱជារស​មួយ​ដ៏​សំខាន់​ ដែល​ជា​អាថ៌​កំបាំង​នៃ​ការ​ធ្វើ​ម្ហូប​របស់​ខ្ញុំ។ បង​ប្អូន​អាច​ប្រើ​ប្រាស់​របៀប​នេះ​បាន នោះ​នឹង​ឃើញថា​ម្ហូប​អាហារ​របស់​អ្នក​នឹង​មាន​ឱជារស​ឆ្ងាញ់​ជាង​មុន​ទៅ​ទៀត។

ឆាខាត់ណាត្រីប្រាសំយ៉ុង


ថ្ងៃនេះចង់នែនាំមុខម្ហូបមួយមុខ ដែលញ៉ុមធ្លាប់ញ៉ាំនៅហាងមួយគឺ ឆាខាត់ណាត្រីប្រាសំយ៉ុង

គ្រឿងផ្សំ
ខាត់ណា ១/២ គឡ
ត្រីប្រាសំយ៉ុង ៣ខាំ
ស្ករត្នោត ១ស្លាបព្រាបាយ
ទឹកត្រី ១ស.ប
ម្សៅស៊ុបខ្នរ ១ស.ប
ប្រេងឆា ២ស.ប
ខ្ទឹមចិញ្ច្រាំ ១ស.ប
ន្ទេសក្រៀមដៃនាង ២-៣ផ្លែ

របៀបធ្វើ:
ដាក់ប្រេងឆាក្នុងខ្ទះអោយក្ដៅ រួចបំពងខ្ទឹម និងម្ទេសក្រៀមដៃនាងអោយឈ្ងុយ រួចដាក់ត្រីប្រាសំយ៉ុងដែលហាន់តូចៗ បន្ថែមស្ករត្នោត ទឹកត្រី និងម្សៅស៊ុបចូល រួចហើយ ដាក់គល់ខាត់ណា កូរអោយសព្វ និង ចាក់ទឹកបន្តិចចូល ភ្លក់មើលតាមចំណូលចិត្ត និងចុងក្រោយដាក់ស្លឹកខាត់ណា កូរអោយសព្វ រួចដួសដាក់ចានជាការស្រេច។

សាច់មាន់ឡើងថ្លៃ សាច់ជ្រូកអត់មានអ្នកញ៉ាំ


ព្រឹកម៉ិញម្ដាយក្មេកញ៉ុមទៅផ្សារទិញម្ហូប គាតទិញមាន់មួយមកតម្លៃ ៛២៤០០០ ថ្លៃណាស់ គាតថាអត់ចង់ខសាច់ជ្រូកទេព្រោះលឺថា ជ្រូកក្បាលខៀវនាំចូលពីវៀតណាម ជាជ្រូកឈឺ យកមកកាប់សាច់លក់នៅស្រុកខ្មែរ។

អ្នកភូមិអើយមានដឹងពីរឿងនេះទេ?

សាច់​មាន់​ប្រឡាក់​ប្រេង​ខ្យង​ហិរ


កាល​នៅ​អាមេរិក ក្នុង​រដ្ឋ អូក្លាហូម៉ា ខ្ញុំ​បាន​​ធ្វើ​ម្ហូប​មួយ​មុខ​ ដែល​ខ្ញុំ​សាកល្បង​ទៅ​ ឆ្ងាញ់ ៗ ៗ ពិត​មែន ហើយ​ក៏​ចង់​អោយ ប្រិយមិត្ត​សាក​ល្បង​ដែរ ដោយ​ប្រើ​នូវ​វិធី​ងាយៗ​បំផុត។

គ្រឿង​ផ្សំ

  • សាច់មាន់ផ្នែក​ស្លាប ៥គូរ ស្មើរ១០ស្លាប
  • ប្រេង​ខ្យង៣ស្លាប​ព្រា​បាយ
  • ទឹក​ស៊ីអ៊ីវ១ស្លាប​ព្រា​បាយ
  • ស្ករ​ត្នោត១ស្លាបព្រាបាយ​កន្លះ
  • ម្សៅ​ស៊ុប​ខ្នរ ២ស្លាបព្រាបាយ
  • និង​ម្ទេស​បុក ១ស្លាបព្រាបាយ

របៀប​ធ្វើៈ

គ្រាន់​តែ​ប្រឡាក់​សាច់​មាន់ជាមួយ​និង​គ្រឿង​ទាំង​នោះ ហើយ​ទុក​រយះ​ពេល​កន្លះ​ម៉ោង រួច​ហើយ​ប្រើ​ប្រេង​សណ្ដែក​ក្នុង​ខ្ទះ រួច​ចៀន ដោយ​ប្រើ​ភ្លើង​ល្មម មិន​ខ្លាំង​ពេក នោះ​អ្នក​នឹង​បាន​រស់​ជាតិ​សាច់​មាន់​ដែល​ឆ្ងាញ់​ជាទី​គាប់​ចិត្ត។

ខ្ញុំ​បាន​សាក​រួច​ហើយ មិត្ត​របស់​ខ្ញុំ​ជនជាតិ​បរទេស​ញ៉ាំ​ទាល់​តែ​លិទ្ធ​ដៃ​ឯណោះ!