៣ម៉ោង​៤៥នាទី​ក្នុង​បន្ទប់​សម្រាល​កូន-ភាគបញ្ចប់


សូម​ចុច​ទី​នេះ​ក្នុង​ការ​អាន​ភាគ​ទី១

សូម​ចុច​ទី​នេះ​ក្នុង​ការ​អាន​ភាគ​ទី២

ភាព​អស្ចារ្យ​នៃ​កំណើត​ទារក

“​ប្រឹង​ កូន​ប្រឹងៗ” សំលេង​បង្គាប់​បញ្ជារដោយ​ស្រទន់​របស់​គ្រូ​ពេទ្យ​ជាមួយ​នឹង​ម៉ាក់​របស់​ខ្ញុំ បាន​លើក​ទឹក​ចិត្ត​ប្រពន្ធ​របស់​ខ្ញុំ​អោយ​ខំ​បន្ត​ទៅ​ទៀត។ ញើស​នៅ​តែ​បន្តហូរ​មក​ជំនះ​អស់​ចំហាយ​ម៉ាស៊ីន​ត្រជាក់ ដែល​មិន​អាច​មាន​អនុភាព​លើ​គាត់​បាន​ឡើយ។ ប្រពន្ធ​របស់​ខ្ញុំ​តោង​ទាញ​ដែក​ ដែល​បញ្ឈរ​នៅ​ក្បែរ​ជង្គង់​សំរាប់​ជំនួយ​ដល់​កម្លាំង​ប្រឹង អម​ជាមួយ​ខ្នើយ​២​នៅ​ខាង​ផ្នែក​ខ្នង​ ដើម្បី​ជួយ​ដល់​ការ​ប្រឹង​រុញ​កូន​មក។ “​ល្អ​ណាស់​កូន! ធ្វើ​បាន​ល្អ​ណាស់ ខំ​បន្តិច​ទៀត​ទៅ​ណា” អ្នក​គ្រូ​ពេទ្យ​បាន​លើក​ទឹក​ចិត្ត។ ចំណែក​ជំនួយ​ការពេទ្យ​ក៏​បន្ត​វាស់​សង្វាក់​បេះ​ដូង​ទារក​បន្ត​ទៀត។ ប្រពន្ធ​របស់​ខ្ញុំ​ប្រឹង​ខាំ​ធ្មេញ បិទ​មាត់​ អត់​ធ្មត់ ខ្លាំង​ណាស់ ខ្ញុំ​សម្លឹង​មើល​ទៅ​ទឹក​មុខ​របស់​គាត់​ហាក់​ដូច​ជា​កំពុង​តែ​អស់​កម្លាំង​ទៅៗ ហើយ។ បន្ទាប់​ពី​ប្រឹង​ហើយ គាត់​សម្រាក​បន្តិច ដើម្បី​ដក​ដង្ហើម​អោយ​បាន​ធូរ​ស្រាល។

ខ្ញុំ​បាន​អោន​ក្បាល​និង​និយាយ​ទៅ​កាន់​ប្រពន្ធរបស់​ខ្ញុំ​ថា “អូន​ធ្វើ​បាន​ល្អណាស់! ខំបន្តិច​ទៀត​ទៅ​ណា…” ប្រពន្ធ​របស់​ខ្ញុំ​ខំប្រឹង​តាម​ការ​ដែល​កូន​បណ្ដាល​អោយ​ប្រឹង។ ក្រោយ​ពី​ប្រឹង​ប្រហែល​ជា​បូន​ដប់​ដង ក្បាល​ទារក​ក៏​ធ្លាក់​មក​កាន់​ទ្វារ​សំរាល​កាន់​តែ​រហ័ស​ដែរ។ អ្នក​គ្រូ​ពេទ្យ​បានរៀប​ចំ​ខ្លួន​រៀប​រយ ពាក់​ថង់ផ្លាស្ទិក​ថ្លា​នៅ​ខាង​មុខ​គាត់ ដូច​ជា​ចុង​ភៅ និង​ពាក់​ស្រោម​ដៃ​ថ្មី​ដើម្បី សំរាល​កូន។ នេះ​ជា​ការ​ប្រឹង​ចុង​ក្រោយ​ក្នុង​រយះ​ពេល​ប្រហែល​ជា១០នាទីប៉ុណ្ណោះ។ ប្រពន្ធ​របស់​ខ្ញុំ​ខាំ​មាត់​ប្រឹង​ ដៃ​ទាញ​ដែក​យក​កម្លាំងជំនួយ ពេល​នោះ​គ្រូ​ពេទ្យ​បាន​និយាយ​ថា “ធ្វើ​បាន​ល្អណាស់ ឥឡូវ​ឃើញ​សក់​ក្បាល​កូន​ហើយ!” ខ្ញុំ​លឺ​ដូច្នេះ អារម្មណ៍​រំភើប ដួង​ចិត្តក៏​បាន​រីក​ឡើង​ដូច​ផ្ការ​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ និង ទឹក។ ប្រពន្ធ​របស់​ខ្ញុំ​ហាក់​ដូច​ជា​អស់​កម្លាំង​ហើយ ចំណែក​ខ្ញុំ​ក៏​បន្ត​អធិស្ឋាន​ទៅ​កាន់​ព្រះជាម្ចាស់ សូម​ព្រះ​អង្គ​បន្ត​ប្រទាន​កម្លាំង​ដល់​គាត់​បន្ថែម​ទៀត​ដើម្បី​អោយ​ទៅ​កាន់​ការ​សម្រាល​ប្រកប​ដោយ​ភាព​ជោគ​ជ័យ។ ក្បាល​កូន​ក៏​លេច​ចេញ​មកបាន​១/៥ ខ្ញុំ​បាន​ប្រាប់​ប្រពន្ធ​ខ្ញុំ​ថា ខ្ញុំ​បាន​ឃើញ​ក្បាល​កូន​ចេញ​មក​ហើយ កូន​មាន​សក់​ច្រើន​ណាស់។ ចំណែក​ប្រពន្ធ​ខ្ញុំ​ហាក់​ដូច​បាន​កម្លាំង​ចិត្ត ក៏​ខំ​ប្រឹង​បន្តិច​ទៀត​តាម​កម្លាំង​ជម្រុញ​របស់​កូន និង​ការណែនាំ​របស់​ពេទ្យ។

ClampingCordពេល​ដែល​ខ្ញុំ​បាន​ឃើញ​ក្បាល​ទារក​ចេញ​មក បេះ​ដូង​របស់​ខ្ញុំ​រំភើប​ឥត​ឧបមារ! ហើយ​ខ្ញុំបន្ត​អធិស្ឋាន​បន្ត​ទៀត​សូម​អោយ​កើត​មក​ដោយ​សុខ​សាន្ដ និង​សុវត្ថិភាព។ ក្បាល​របស់​ទារក ចាប់​ផ្ដើម​លេច​ចេញ​បាន​២/៥​ហើយ ចំណែក​ប្រពន្ធ​របស់​ខ្ញុំក៏​បន្ត​ប្រឹង​ទៅ​ទៀត​។ ខ្ញុំ​វិញ​សម្លឹង​មើល​ការ​ចេញ​មក​របស់​ទារក ហើយ​ធ្វើ​អោយ​ខ្ញុំ​គិត​ថា នេះ​ហើយ​ជា​ការ​អស្ចារ្យ​នៃ​មនុស្ស​ ដែល​បាន​កើត​មក ព្រះ​ពិត​ជា​បាន​បង្កើត​មនុស្ស​ស្រី​មក​យ៉ាង​អស្ចារ្យ និង​ពិសេស​ខ្លាំង​ណាស់! គាត់​អាច​ផ្ទុក​មនុស្ស​ម្នាក់​នៅ​ក្នុង​ខ្លួន​គាត់ ទាំង​បង្កើត​មនុស្ស​ម្នាក់​មក ទោះ​បីឈឺចាប់​ ក៏​អស្ចារ្យ​ខ្លាំង​ណាស់! ខ្ញុំ​ស្ងើច​ខ្លាំង​ណាស់! កំពុង​តែ​គិត ពី ការ​អស្ចារ្យ ស្រាប់​តែ​លឺ​សំលេង​ប្រពន្ធ​របស់​ខ្ញុំ​ប្រឹងមួយ​ភូស​ទៀត ក្បាល​កូន​ទាំង​ស្រុង​ក៏​លេច​ចេញ​មក ខ្ញុំ​ភ្ញាក់​ទាំង​ស្រក់​ទឹក​ភ្នែក ហើយ​ដួង​ចិត្ត​ត្រេ​ក​អរ​ឥត​ឧបមារ! ខ្ញុំ​ប្រាប់​ប្រពន្ធ​ថា​ កូន​កើត​ហើយ ៗ! អូន​ធ្វើ​បាន​ល្អ​ណាស់ អូន​សម្លាញ់! បាន​កម្លាំង​ចិត្ត​បែប​នេះ ប្រពន្ធ​របស់​ខ្ញុំ​ខំ​ប្រឹង​បន្តិច​ទៀត រួម​ជាមួយ​នឹងជំនួយ​របស់​ពេទ្យ​ ទារក​ទាំង​ស្រុង​ក៏​បាន​លេច​ចេញ​មក យ៉ាង​អស្ចារ្យ​ជា​ទី​បំផុត នៅ​វេលា​ម៉ោង​៣៖៤៥នាទី​ល្ងាច!  អ្នក​គ្រូ​ពេទ្យ​បាន​លើក​ទារក​ចេញ​មក មាន​ទាំង​ទង​សុក​មក​ជាមួយ​ផង គាត់​បាន​ដាក់​លើ​ពោះ​ម្ដាយ ដើម្បី​ជូត​សម្អាត​អោយ​បាន​ស្អាត! ខ្ញុំ​សម្លឹង​មើល​ទៅ​កូន​ខ្ញុំ​ដែល​ទើប​តែ​នឹង​កើត​មក​បាន​ប្រហែល​ជា១នាទី ទាំង​ទឹក​ភ្នែក​ហូរ​ចេញ​មក ទាំង​មិន​បាន​ដឹង​ខ្លួន។ នេះ​ហើយ​ជា​ផល​ផ្លែ​នៃ​សេចក្ដី​ស្នេហា​របស់​យើង ជា​ចំណង​ដៃ​នៃ​អាពាហ៍ពិពាហ៍​របស់​យើង។  ក្រោយ​ពី​សម្អាត​ហើយ ពេទ្យ​បាន​លើក​មក​ដាក់​លើ​ទ្រូង​ម្ដាយ ដើម្បី​អោយ​មាន​អារម្មណ៍​នៃ​ភាព​កក់​ក្ដៅ សាច់​ប៉ះសាច់!  គ្រូ​ពេទ្យ​ក៏​បន្ត​ធ្វើ​ការ​របស់​គាត់​បន្ត​ទៅ​ទៀត ហើយ​អ្នក​គ្រូ​ពេទ្យ​ម្នាក់​ទៀត​បាន​កឹប​ទ​ង​ផ្ចិត​រួច​ហើយ ក៏​ហុច​កន្ត្រៃ​មួយ​មក​អោយខ្ញុំ​ដើម្បី​អោយ​ខ្ញុំ​កាត់​ទង​ផ្ចិត! ខ្ញុំ​កាន់​កន្ត្រៃ​ហើយ​ កាត់​ទង​ផ្ចិត​បណ្ដើរ​ទាំង​អារម្មណ៍​រំភើប​បណ្ដើរៗ។

ចិត្ត​រំភើប លាយ​ជាមួយ​អំណរ​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន! កូន​ខ្ញុំ​ត្រូវ​បាន​ដាក់​ដេក​លើ​ទ្រូង​ម្ដាយ យ៉ាងកក់​ក្ដៅ​ជាទី​បំផុត មើល​ទៅ​គួរ​អោយ​ខ្នាញ់​ណាស់!  បាន​ប្រហែល​ជា​១០នាទី​ក្រោយ​មក​ពេទ្យ​បាន​យក​កូន​មក​វាស់​វែង និងថ្លឹង​ទម្ងន់ ព្រម​ទាំង​ចាក់​ថ្នាំ​វីតាមីនK ​(អត់​ដឹង​ថា​ វីតាមីន K និង​សំរាប់​អីផង ភ្លេច​សួរ​ពេទ្យ​អោយ​ឈឹង​ម៉ង)អោយ​ផង។

376113_10200427755590684_496316011_n

៣ម៉ោង៤៥នាទី​ក្នុង​បន្ទប់​សម្រាល​កូន ពិត​ជា​បាន​ផ្ដល់​នូវ​អនុស្សាវរីយ៍​ដែល​មិន​អាច​បំភ្លេច​បាន និង​ធ្វើ​អោយ​ខ្ញុំ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្ញុំ​កាន់​តែ​ខ្លាំង​ឡើងៗ ដោយ​ព្រោះ​តែ​អ្វី​ដែល​កាត់​បាន​ឆ្លង​កាត់​នៅ​ក្នុង​នោះ។ មិន​តែ​ប៉ុណ្ណោះ​ធ្វើ​អោយ​ខ្ញុំ​ក៏​ស្រឡាញ់​ម្ដាយ​របស់​ខ្ញុំ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត ដោយ​ព្រោះ​តែ​ការ​ឈឺ​ចាប់​ក្នុងការ​សម្រាល​ខ្ញុំ​មក។ ក៏​សូម​លើក​កិត្តិយស និង​គោរព​ដល់​ម្ដាយ​ៗ​ទាំង​ឡាយ​នៅ​ក្នុង​សលក​លោក​ទាំង​មូល​ ដែល​បាន​បង្កើត​កូនៗ​ប្រុស​ស្រី​មក ទោះ​បី​ដឹង​ថា​ខ្លួន​ត្រូវ​ពើប​ប្រទះនឹង​ការ​ឈឺចាប់ បាត់​បង់​ឈាម រូប​កាយ​ផ្លាស់ប្ដូរ យ៉ាងណា​ក៏​ដោយ​ចុះ។ ក៏​សូម​លើក​ទឹក​ចិត្ត​ដល់​បុរស​ជា​ស្វាមី ត្រូវ​ស្រឡាញ់​ភរិយា​ដូច​ស្រឡាញ់​ខ្លួន​ឯង ព្រោះ​ភរិយា​បាន​លះ​បង់​ច្រើន​ណាស់​សម្រាប់គ្រួសារ គាត់​ត្រូវ​រង​សម្ពាធ​ជា​ច្រើន​នៅ​ពេល​ដែល​គាត់​បាន​ដឹង​ថា​គាត់​ត្រូវមាន​ផ្ទៃ​ពោះ ដូច​ជា៖ ការ​ចាញ់​កូន ត្រូវ​ពរពោះ របប​អាហារ​មិន​ទៀង​ទាត់ មិន​ស្រួល​ខ្លួន ញ៉ាំ​មិន​បាន គេង​មិន​សូវ​ស្រួល កូន​ធ្វើ​ទុក្ខ កូន​ធាក់ ឈឺ​ពោះ បាត់​បង់​ឈាម…។ល។

បទ​ពិសោធន៍​ក្នុង​បន្ទប់​កើត​កូន​លើក​នេះ គឺ​ខុស​ពី​លើក​មុន​ដែល​កាល​ពី​កូន​តំបូង ដែល​ខ្ញុំ​មិន​បាន​នៅ​ដោយ​ផ្ទាល់​ជាមួយ​ប្រពន្ធ! តែ​ពេល​នេះ ខ្ញុំ​បាន​ឃើញ​ភាព​អស្ចារ្យ​នៃ​កំណើត​មនុស្ស​ យ៉ាង​អស្ចារ្យ​ជា​ទី​បំផុត។ ពេល​នេះ​ខ្ញុំ​បាន​កូន​ប្រុស​ម្នាក់​ទៀត ឈ្មោះ ពិសិដ្ឋ រិទ្ធីសក្ដិ ណូអេ កើត​ថ្ងៃ​ទី ២០ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង៣៖៤៥នាទីល្ងាច ​នៅ​សម្ភពសោភា វីអាយភី ទំងន់៤គីឡូក្រាម ប្រវែង៥៣សង់ទីម៉ែត។ កិច្ច​ការ​បន្ទាប់​ទៅ​ទៀត គឺ​ដល់​ពេល​វេលា​ដែល​យើង​ទាំង​២នាក់​ត្រូវបំពេញ​កាតព្វ​កិច្ច​ជា​ឪពុក​ម្ដាយ​បន្ថែម​ទៀត​ ដើម្បី ផ្ដល់​នូវ​ សេចក្ដីស្រឡាញ់ ការ​ប្រៀន​ប្រដៅ អប់​រំ ដល់​កូន​ៗ​របស់​យើង។ សេចក្ដី​អធិស្ឋាន​មួយ​ដែល​យើង​ចង់​បាន គឺ​សូម​អោយ​ព្រះជាម្ចាស់ ជួយ​យើង​ជា​ឪពក​ម្ដាយ អោយ​ចេះ​ស្រឡាញ់​កូន​កាន់​តែ​ច្រើន​ជា​ង​មុន នឹង​ជួយ​យើង​ប្រៀន​ប្រដៅ​កូន​អោយ​ប្រតិបត្តន៍​តាម​សេចក្ដី​បង្រៀន​របស់​ព្រះជាម្ចាស់។

៣ម៉ោង៤៥នាទីក្នុង​បន្ទប់​សម្រាល​កូន-ភាគទី២


៣ម៉ោង៤៥នាទី​ក្នុង​បន្ទប់​សម្រាល​កូន-ភាគ​ទី១

ក្នុងបន្ទប់​សំរាល…

delivery-bedខ្ញុំ​ត្រូវ​បាន​អនុញ្ញាតិ នឹង​បាន​លើក​ទឹក​ចិត្ត​អោយចូល​ក្នុង​បន្ទប់​សំរាល​ជាមួយ​ប្រពន្ធ​ខ្ញុំ ដើម្បី​ជា​កម្លាំង​ចិត្ត​ដល់​ប្រពន្ធ​ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​ឈឺ​ពោះ។ ប្រពន្ធ​របស់​ខ្ញុំ​សំរាក​នៅ​លើ​គ្រែ​សំរាល ហើយ​ខ្ញុំ​បាន​ក្រលេក​មើល​ជុំវិញ​ មាន​ឧបករណ៍​សំរាប់​សំរាល​ជា​ច្រើន និង​គ្រែសំរាល២​ផ្សេង​ទៀត​នៅ​ក្នុង​បន្ទប់​នោះ។ ប្រពន្ធ​របស់​ខ្ញុំ​ដេក​នៅ​លើ​គ្រែ ទាំង​មាន​អាការះ​ឈឺ​ពោះ​កាន់​តែ​ខ្លាំង​ឡើងៗ! ចំណែក​ខ្ញុំ​បាន​លូក​ដៃ​ថ្នម​ៗ​ទាញ​ប្រអប់​ដៃ​ប្រពន្ធ​របស់​ខ្ញុំ​មក​ ក្ដាប់​កាន់​យ៉ាង​ណែន ដើម្បី​ប្រាប់​គាត់​ថា “​បង​នៅ​ទី​នេះ​ជាមួយ​អូន បង​នឹង​ធ្វើ​ជា​អ្នក​ដែល​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អូន”។ ប្រពន្ធ​របស់​ខ្ញុំ​ថ្ងូរ​ទាំង​ការ​ឈឺ​ចាប់ ចំណែក​ឯស្បូន​ក៏​បើ​ក​កាន់​តែ​ខ្លាំង​ឡើង​ៗ ពេល​៥នាទី​ម្ដង ជំនួយ​ការ​ពេទ្យ​បាន​មក​ពិនិត្យ​ និង​តាម​ដាន​ចង្វាក់​បេះ​ដូង​កូន ដើម្បី​ជៀស​វា​ង​នូវ​ការអាក្រក់​ណា​មួ​យកើត​ឡើង​ដល់​កូន​។ ការ​ឈឺ​ពោះ​កាន់​តែ​ញ៉ាប់​ទៅៗ និង​ខ្លាំង​ជា​ង​មុន ប្រពន្ធ​របស់​ខ្ញុំ​ខំ​ខាំ​មាត់ មិន​ចង់​ស្រែក តែ​យូរៗម្ដង​ព្រលែង​សម្រែក​មួយ​ និង​ដក​ដង្ហើម​យ៉ាងធំ ដើម្បី​បន្ថយ​ការ​ឈឺ​ចាប់។ តែ​វា​មិន​អាច​ជួយ​បាន​ច្រើន​ទេ ហើយ​ចំណែក​ខ្ញុំ​វិញ​កាន់​ដៃ​នាង​ជាប់ នឹង​សម្លឺង​មើល​ទៅ​កាន់​កែវ​ភ្នែក​ដ៏​ឈឺ​ចាប់​របស់​គាត់ ព្រម​ទាំង​ឃើញ​ដំណក់​ទឹក​ភ្នែក​ហូរ​ចេញ​ពី​ភ្នែក​ រួម​ជាមួយ​ដំណក់​ញើស​ហូរ​ចេញមក ប៉ុន​គ្រាប់​ពោត ទោះ​បី​បន្ទប់​នោះ​មាន​ម៉ាស៊ីន​ត្រជាក់​យ៉ាង​ណា ក៏​មិន​អាច​ឃាត់​ញើសមិន​អោយ​ហូរ​មក​បាន​ដែរ។ ដង្ហើម​ដង្ហក់​មួយ​ៗ​ វែង​ៗ​របស់​ប្រពន្ធ​ខ្ញុំ​ និង​សម្រែក​នៃ​ការ​ឈឺ​ចាប់​បាន​អូស​បន្លាយ​ជាងមួយ​ម៉ោង​ ចំណែក​ខ្ញុំវិញ​មិន​អាច​ជួយ​សំរាល​ការ​ឈឺ​ចាប់​អី្វ​បាន​ដល់​គាត់​ក្រៅ​ពី​អង្គុយ​នៅ​ក្បែរ​គាត់​ សម្លឹង​មើល​ការ​ឈឺ​ចាប់​នោះកាន់​តែ​ខ្លាំង​ឡើង​ៗ។ យូរៗ​ម្ដង​គាត់​និយាយ​មក​កាន់​ខ្ញុំ​ថា “​អូន​ចង់​វះ ឈឺ​ណាស់ សូម​អោយ​អូន​វះ​ទៅ!” ខ្ញុំ​សម្លឹង​មើល​ទៅ​កែវ​ភ្នែក​របស់​គាត់​ទាំង​ទឹក​ភ្នែក​រៀប​នឹង​ហូរ​មក ហើយ​និយាយ​ទៅ​គាត់​ថា “​កុំ​អី​អូន បង​ដឹង​ថា​អូន​ឈឺ​ណាស់ តែទ្រាំ​បន្តិច​ទៅ​អូន ទ្រាំ​ទៅ​ណា ព្រោះអី​នេះ​ជាសញ្ញា​មួយ​តឿន​ថា កូន​ជិត​កើត​មែន​ទៀត​ហើយ” គាត់​គ្រវី​ក្បាល​បណ្ដើរ និយាយ​បណ្ដើរ​ “​អត់​ទេ… ឈឺណាស់… យល់​ពី​អារម្មណ៍អូន​ផង…!” ខ្ញុំ​ឆ្លើយ​តប​ទៅ​កាន់​គាត់​វិញ​ទាំង​ញញឹម នឹង​យល់​ពី​អារម្មណ៍​របស់​គាត់ ឆ្លើយ​តប​ តែ​យ៉ាង​ណា​ម៉ិញ​ ក្នុង​ចិត្ត​របស់​ខ្ញុំ​​ ក៏​ចង់​អោយ​វះ ដែរ​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ខ្លាំង​! នោះ​បាន​គ្រាន់តែ​គិត តែ​ចិត្ត​មួយ​ទៀត ត្រូវ​ជំនះ និង​ទ្រាំទ្រ​អោយ​បាន។ ក្នុង​រយះ​ពេល​ដែល​ប្រពន្ធ​ខ្ញុំ​ឈឺ​ចាប់​ជាង​មួយ​ម៉ោង ក្នុង​កំឡុង​ពេល​ដែល​ខ្ញុំ​នៅ​ជាមួយ​គាត់ មើល​ឃើញ​ពី​ភាព​ឈឺ​ចាប់​នេះ រួម​ជាមួយ​សម្រែក​ថ្ងូរ​អម​ដោយ​​ដង្ហើម​វែង​ៗ​របស់​ប្រពន្ធ​ខ្ញុំ​ វា​ធ្វើ​អោយ​ខ្ញុំ​មើល​ឃើញ​ពី​បរិយាកាស​នៅ​ទីនោះ ហាក់​ដូច​ជា​ slow motion នៃ​ភាព​យន្ដ​មួយ ចំណែក​ពេល​១ម៉ោង​ជាង វា​ស្មើរ​នឹង​១ខែ ១​ឆ្នាំ យូរ​យ៉ាង​នេះ! តើ​ពេល​ណា​ទៅ​ទើប​ការ​ឈឺ​ចាប់​របស់​ប្រពន្ធ​ខ្ញុំ​ចប់? ខ្ញុំ​ទ្រាំ​មិន​បាន​ទេ ដួង​ចិត្ត​របស់​ខ្ញុំ​ស្រក់​ទឹក​ភ្នែក​ តែ​ខ្ញុំ​ត្រូវ​ធ្វើ​ទឹក​មុខ​អោយ​មាំ​ ដើម្បី​កុំ​អោយ​ប្រពន្ធ​ខ្ញុំ​ឃើញ​ពី​បេះ​ដូង​ទន់​ខ្សោយរបស់​ខ្ញុំ​! ខ្ញុំ​ត្រូវ​នៅ​ជា​បង្អែក និង​ជាកម្លាំង​ចិត្ត​របស់​គាត់​នៅ​ឡើយ។

នៅ​ក្នុង​បន្ទប់​នោះ ក្រៅ​ពី​ម៉ីង​របស់​ខ្ញុំ និងជំនួយ​ការ​ពេទ្យ​២នាក់​ផ្សេង​ទៀត ក៏​មាន​វេជ្ជបណ្ឌិត​ស្រី​ម្នាក់នៅ​ទីនោះ​ រួម​ជាមួយ​ម្ដាយ​របស់​ខ្ញុំ​ផង​ដែរ។ ម្ដាយ​របស់​ខ្ញុំ​ជា​ឆ្មប​ស្រាប់ គាត់​បាន​ផ្ដល់​យោបល់​ជា​ច្រើន​ដល់​ប្រពន្ធ​របស់​ខ្ញុំ ព្រម​ទាំង​ប្រាប់​គាត់​ អោយ​ផ្លាស់​ប្ដូរ​ឥរិយាបទ​ផ្សេងៗ​ ដើម្បី​សំរាល​ការ​ឈឺ​ចាប់​ ដូច​ជាក្រោក​ឈរ, អង្គុយ​ចោង​ហោង ដើម្បី​អោយ​ក្បាល​ទាក​ធ្លាក់​កាន់​តែ​ចុះ​ជាង​មុន។ ចំណែក​ជំនួយ​ការពេទ្យ​ ក៏​បន្ត​ធ្វើ​ការ​របស់​គាត់​បន្ត​ទៀត​ ដោយ​យក​ឧបករណ៍​ស្ដាប់​សំលេង​បេះ​ដូង​ មក​ស្ដាប់​បេះ​ដូង​កូន​របស់​ខ្ញុំ​ម្ដង​ទៀត រួច​ហើយ​គាត់​ងាក​មក​ប្រាប់​ថា ចង្វាក់​បេះ​ដូង​កូន​នៅ​ល្អ​ទេ។ ម្ដាយ​របស់​ខ្ញុំ​បានពិភាក្សា និងសុំ​អោយ​វេជ្ជ​បណ្ឌិត​ជួយ​សំរាល​កូន​អោយ​ប្រពន្ធ​ខ្ញុំ​តាម​បែប ធម្ម​ជាតិ ដោយ​មិន​ចង់​អោយ​មាន​ការ​ ចាក់​ថ្នាំ​បង្ខំ​អោយ​ស្បូន​បើក ឬ​ក៏ធ្វើ​អ្វី​ផ្សេង​ទៀត​ដែរ។ ម្ដាយ​របស់​ខ្ញុំ​និយាយ​លេង​ជាមួយ​វេជ្ជ​បណ្ឌិត ហើយ​ពួក​គាត់​ដូច​ជា​និយាយ​ត្រូវ​រ៉ូវ​គ្នា​ណាស់ ហើយ​វេជ្ជ​បណ្ឌិត​ក៏​ញញឺម​តប​មក​វិញ ទាំង​សប្បាយ​រីករាយ ថា “ខ្ញុំ​សប្បាយ​ណាស់​ ដែល​មាន​អ្នក​ជំងឺ​ចង់​សម្រាល​កូន​តាម​របៀប​បែប​ធម្ម​ជាតិបែប​នេះ​នោះ”។ បើ​សម្លឹង​មើល​ប្រពន្ធ​ខ្ញុំ​វិញ នាង​នៅ​តែ​បន្ត​ការ​ឈឺ​ចាប់​បែប​សម្រាល​កូន​ដដែល។

ពេល​សំរាក​ពី​ការ​ឈឺ​បន្តិច ខ្ញុំ​សុំ​ចេញ​ទៅ​ក្រៅ​បន្ទប់​សំរាល​ ដើម្បី​ចូល​បន្ទប់​ទឹក។ ពេលត្រឡប់​ចូល​មក​វិញ ឃើញ​ប្រពន្ធ​ខ្ញុំ​ផ្លាស់​ប្ដូរ​ចូល​កាយ​វិការ​ត្រូវ​ប្រឹង​ដើម្បី សំរាល ព្រោះ​ម៉ោង២ជាង​ទៅ​ហើយ! ប្រពន្ធ​របស់​ខ្ញុំ​ខំ​ប្រឹង តាម​ការ​ណែរនាំ​របស់​គ្រូពេទ្យ ពេល​នោះ​ខ្ញុំ​បាន​ត្រៀម​រួច​រាល់​មាន​កាមេរ៉ា ដើម្បី​ចាប់​យក​រូប​ភាព​ តែ​អត់​បាន​ប្រើ​ទេ ព្រោះ​រវល់​តែ ប្រពន្ធចាប់​ដៃ​ជាប់​យ៉ាង​ណែន។

សូម​រង់​ចាំ​ភាគ​ចុង​ក្រោយ…

៣ម៉ោង៤៥នាទីក្នុង​បន្ទប់​សម្រាល​កូន-ភាគទី១


ខ្ញុំ​គ្រាន់​តែ​ចង់​ចែក​រំលែក​ពី បទ​ពិសោធន៍​ដ៏​ថ្មី​ស្រឡាង​មួយ​សំរាប់​ជីវិត​របស់​ខ្ញុំ​ ដែល​ខ្ញុំ​មិន​ដែល​ជួប​ប្រទះ​ដោយ​ផ្ទាល់​នៅ​ក្នុង​ឆាក​ជីវិត​របស់​ខ្ញុំ​ក្នុង​រយះ​ពេល​៣៣ឆ្នាំ​ចុង​ក្រោយ​នេះ។ នេះ​ជា​រឿង​រ៉ាវ​មួយ​ដែល​បាន​កើត​មាន​ឡើង​ក្នុង​កំឡុង​ពេល​ដែល​ប្រពន្ធ​របស់​ខ្ញុំ​សំរាក​កូន​ទី​២​របស់​យើង​។

នៅផ្ទះរបស់​យើង..

ព្រឹក​ថ្ងៃ​សៅរ៍​ទី ២០​ ខែ​មេសា​ ឆ្នាំ២០១៣, ប្រពន្ធ​របស់​ខ្ញុំ​បាន​ប្រាប់​ថា នាង​មាន​ហូរ​ទឹក​ចេញ​មក (ប្រពន្ធ​របស់​ខ្ញុំ​គ្រប់​ខែ​ត្រូវ​ឆ្លង​ទន្លេរហើយ ថែម​ទាំង​លើស​ថ្ងៃ​កំណត់​៤​ថ្ងៃ​ទៀត​ផង) នោះ​វា​ជា​សញ្ញា​មួយ​បាន​ប្រាប់​ពួក​យើង​អោយ​ដឹង​ថា នេះ​ប្រហែល​ជា​ត្រូវ​ដល់​ពេល​កូន​កើត​ហើយ ព្រោះ​យើង​បាន​រង់​ចាំ​ពេល​វេលានេះ​អស់​រយះពេល​ជា​យូរ​យារ​ណាស់​មក​ហើយ! (បន្ទាប់​ពី​កូន​ស្រី​ទី១​របស់​យើង ពិសិដ្ឋ ហ្រ្គេស សូហ្វៀ មាន​អាយុ៣ឆ្នាំកន្លះ យើង​សម្រេច​ចិត្ត​ និង​យល់​ព្រម​ជាមួយ​គ្នា​ថា​នឹង​យក​កូន​មួយ​ទៀត ហើយ​សង្ឃឹម​ថា​ជាកូន​ប្រុស​ទៅ ចុះ។)  យើង​ទាំង​២នាក់​រៀប​ចំខ្លួន​រួច​ជា​ស្រេច ដើម្បី​ទៅ​មន្ទីរ​ពេទ្យ​ឯក​ជន សម្ភព​សោភា ចំណែក​អីវ៉ាន់​ផ្សេងៗ​សំរាប់​កូន​តូច និង​សំរាប់​ឪពុក​ម្ដាយ​ក៏​រៀប​ចំរួច​ជា​ស្រេច​នៅ​ក្នុង​ឡាន​តាំង​ពីមួយ​ខែមុន​មក​ម្លេះ (ប្រពន្ធ​ខ្ញុំ​ចេះ​តែ​រៀប​ចំ​អោយ​ហើយ​ទៅ ក្រែង​លោ​កូន​កើត​មក​មុន​​ទៅ​ យើង​មិន​ចាំ​បាច់​ប្រញ៉េប​ប្រញ៉ាប់ ភ្លេច​នេះ​ ភ្លេច​នោះ ខ្វះ​មុខ ខ្វះ​ក្រោយ)។ រង់​ចាំ​បន្តិច ទំរាំ​ម៉ីង​របស់​ខ្ញុំ​មក​ដល់ យើង​ត្រូវ​ទៅ​មន្ទីរពេទ្យ​ជាមួយ​គ្នា។ ចំណែក​ឯ​កូន​ស្រី​របស់​ខ្ញុំ សូ​ហ្វៀ ត្រូវ​នៅ​ជាមួយ​យាយ​នៅ​ផ្ទះ។ ម៉ីង​ខ្ញុំ​មក​ដល់​ហើយ ចឹង​យើង​ឡើង​ឡាន​ទៅ​មន្ទីរពេទ្យ​ជាមួយ​គ្នា។ ធ្វើ​ដំណើរ​តាម​ផ្លូវ​ចិត្ត​របស់​ខ្ញុំ​ច្រាស​ច្រាល ចង់​ចាប់​នេះ​ចាប់​នោះ​ខុស តែ​ខ្ញុំ​ត្រូវ​បង្អាក់​បន្តិច​ ហើយ​ដក​ដង្ហើម​ធំ​មួយ​ដើម្បី​បន្ធូរ​ភាព​តាន​តឹង នឹង​ប្រមូល​អារម្មណ៍​មក​វិញ។ ងាក​មើល​មក​ទឹក​មុខ​ប្រពន្ធ​របស់ខ្ញុំ គាត់​បញ្ចេញ​អារម្មណ៍​ឈឺ​ចាប់​តាម​បែប​ស្ត្រី​ឈឺ​ពោះ​សំរាល​កូន តែ​មិន​ទាន់​ដល់​តំណាក់​កាល​ខ្លាំង​នៅ​ឡើយ​ទេ។

 

មកដល់​មន្ទីរពេទ្យ…

ម៉ោង​ប្រហែល​ជា​១១ យើង​បាន​ទៅ​ដល់​មន្ទីរ​ពេទ្យ។ ទៅ​ដល់​មន្ទីរពេទ្យ ប្រពន្ធ​នឹង​ម៉ីង​របស់​ខ្ញុំ​ចេញ​ពី​ឡាន ឯ​ចំណែក​ខ្ញុំ​វិញ​ត្រូវ​រក​កន្លែង​ចត​ឡាន។ ចូល​ទៅ​ដល់​ប្រពន្ធ​របស់​ខ្ញុំ​ត្រូវ​បាន​ពេទ្យ​នាំ​យក​ទៅ បន្ទប់​ពិនិត្យ ចេញ​មក​វិញ​ខ្ញុំ​សួរ​គាត់​ថា “ពេទ្យ​ថា​យ៉ាង​ម៉េច​ទៅ​ហើយ?” គាត់​គ្រាន់​តែ​លើក​ដៃ​ជា​សញ្ញា​ ដោយ​ប្រើ​ម្រាម​ដៃ​៣ នោះ​បញ្ជាក់​ថា ស្បូន​បើកបាន​៣សង់ទីម៉ែត្រហើយ។ បន្ទាប់​ពីរៀប​ចំឯកសារ​រួច​រាល់​ហើយ យើង​ត្រូវ​បាន​នាំ​ទៅ​បន្ទប់​សំរាក​រង់​ចាំ​មួយ ពេល​នោះ​បង​ប្រុស​របស់​ប្រពន្ធខ្ញុំ និង​ប្អូន​ថ្លៃ​គាត់​បាន​មក​ដល់​ល្មម ក៏​បាន​ជួយ​យក​អីវ៉ាន់​ចេញ​ពី​ឡាន​ឡើង​ទៅ​បន្ទប់​សំរាក​នៅ​ជាន់​ទី៧។ ចំណែក​ប្រពន្ធ​ខ្ញុំ​នឹង​ម៉ីង​ត្រូវ​ទៅ​សំរាក​នៅ​បន្ទប់​បន្ដោះអាសន្ន​សិន។ នៅ​ក្នុង​បន្ទប់​សំរាក​បន្ដោះ​អាសន្ន​នោះ ប្រពន្ធ​របស់​ខ្ញុំ​ចាប់​ផ្ដើម​មាន​កាអាការះឈឺ​ពោះ​ខ្លាំង​ជាង​មុន។ ខ្ញុំ​បាន​ទាញ​យក Ipad រួច​ បើក​កម្ម​វិធី​វាស់​ការ​រំញោច​ស្បូន  ដើម្បី​អោយ​ដឹង​ថា តើ​វា​ឈឺ​ញ៉ាប់​ ឬ​រង្វើល។ ការ​វាស់​បាន​បង្ហាញ​ថា ការ​ឈឺ​ពោះ​កាន់​តែឈឺ​ញ៉ាប់​ទៅៗ ពេល​នោះ​ម៉ោង​ប្រហែល​ជា១២ថ្ងៃ​ទឹក​ភ្លោះ​ក៏​បាន​ហូរ​ច្រើន​ជាង​មុន នឹង​មាន​លាយ​ឈាម​ផង (នោះ​បង្ហាញថា ការ​ឈឺពោះនេះ​ជិត​ដល់​ការ​សំរាល​កូន​កៀក​ជាង​មុន​ហើយ។) យើង​ក៏​បាន​ហៅ​ជំនួយ​ការ​ពេទ្យ​មក។ ពេទ្យ​បាន​មក​ដល់ ហើយ​បាន​ផ្ដល់​យោបល់​ និង​លំហាត់​មួយ​ចំនួន​សំរាប់​ប្រពន្ធ​របស់​ខ្ញុំ ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់ រួច​ហើយ​ពេទ្យ​បាន​ប្រាប់​អោយ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​បន្តិច​សិន​ទៅ ដើម្បី​យក​កម្លាំង​​សំរាប់​សំរាល​កូន​ក្នុង​ពេល​បន្តិច​ទៀត​នេះ។ ខ្ញុំ​បាន​ជួយ​សំរួល​ដល់​ប្រពន្ធ​របស់​ខ្ញុំ​ដោយ​​ រៀបចំអាហារ​សំរាប់​គាត់ (អាហារ​ផ្ដល់​ដោយ​មន្ទីរពេទ្យ) ហើយ​បញ្ចុក​គាត់។ បន្តិចៗ​ម្ដងៗ​ គាត់​បើកមាត់​មួយ​ៗ​ហារ​មាត់ ទាំង​យក​ដៃ​អោប​ពោះ ដោយ​អាការះឈឺផ្អួលៗ។ ញ៉ាំ​បាន​តែ​២ទៅ៣ម៉ាត់​គាត់​ក៏​ឈប់​ថា​គ្មាន​អារម្មណ៍​ញាំ​ទេ ព្រោះ​ឈឺ​ពោះ​ណាស់ ខ្ញុំ​ក៏​បាន​អោយ​ទឹក​គាត់​ផឹក​បន្តិច​ហើយ​ក៏​រៀប​ចំសំរាប់​គាត់​ទៅ​កាន់​បន្ទប់​សំរាល។ ម៉ីង​របស់​ខ្ញុំ​ទៅ ជាមួយ​គាត់ ចំណែក​ខ្ញុំ​ត្រូវ​នៅ​ញ៉ាំបាយ​បន្តិច​សិន រួច​ហើយ​ចាំ​ដូរ​គ្នា​ជាមួយ​នឹង​គាត់ម្ដង។

សូម​រង់​ចាំ​ភាគ​ទី២…

ប្រុង​ប្រៀប​ចិត្ត


ពិសិដ្ឋ​និង​ក្រុម​គ្រួសារ

បន្ទាប់​ពី​ការ​បានរួច​ហើយ ជីវិត​របស់​ខ្ញុំ​កាន់​តែ​ចំរើន​ឡើង​មួយ​កំរឹត​ទៀត​ ដោយ​សារ​តែ​ខ្ញុំ​បាន​រីក​ចំរើន​ខាង​ឯភាព​ទទួល​ខុស​ត្រូវ និង​កិច្ច​ការ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ជីវិត។

កាល​ពី​ឆ្នាំ២០០៩, កូន​ស្រី​របស់​យើង Sophia បាន​កើត នោះ​ជា​អ្វី​មួយ​ថ្មី​សំរាប់​យើង​ ដែល​វា​ជា​ទំនួល​ខុស​ត្រូវ​ខ្ពស់​មែន​ទែន។ ជីវិត​របស់​យើង​ប្រែ​ប្រួល​ខ្លាំង​ដោយ​សារ​កូន​មួយ​នេះ ធ្វើយ​អោយ​យើង​រឹត​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ត្រូវ​រីក​ចំរើន​ឡើង​ក្នុង​នាម​ជា​ឪពុក​ម្ដាយ​មួយ​រូប។ ការ​មាន​កូន​បាន​បង្រៀន​យើង​ពិត​មែន​គឺ​ នាំ​អោយ​យើង​ស៊ូ​ទ្រាំ និង​មាន​ចិត្ត​អត់​ធ្មត់​ ហើយ​ពិសេស​បំផុត​គឺ​បង្រៀន​យើង​អោយ​ស្គាល់​ពី​សេចក្ដី​ស្រឡាញ់។ ដោយ​ការ​មាន​កូន​ខ្លួន​ឯង​ធ្វើ​អោយ​យើង​ជា​ឪពុក​ម្ដាយ​ យល់​យ៉ាង​ខ្លាំង ពី​ទំហំ​ចិត្ត​ និង​សេចក្ដី​ស្រឡាញ់​របស់​ឪពុក​ម្ដាយ​នីមួយ​ៗ ជាពិសេស​គឺ​ឪពុក​ម្ដាយ​របស់​យើង​ផ្ទាល់​តែ​ម្ដង។

ពេល​នេះ កូន​ទី២​របស់​យើង​ជិត​កើត​ហើយ “ពិសិដ្ឋ សក្ដិ ណូអេ” ដែល​នឹង​ត្រូវ​កើត​ក្នុង​ថ្ងៃ ទី១៥ ខែមេសា ឆ្នាំ២០១៣ ខាង​មុខ​នេះ។ ដល់​ពេល​ដែល​យើង​ត្រូវ​ត្រៀម​ចិត្ត​គំនិង​មួយ​សារ​ទៀត​ដោយ​សារ​ការ​ដែល​មាន​កូន​ទៅ​មួយ​ វា​ប៉ុណ្ណឹង​ទៅ​ហើយ ចឹង​ដល់​ពេល​ដែល​មាន​កូន​ទី២​ តើ​យើង​ត្រូវ​រៀន​អ្វី​ថ្មី​ទៀត​ទៅ? យើង​ជា​ឪពុក​ម្ដាយ​ពិត​ជាមិន​អាច​រង់​ចាំ​បាន​ទេ​ក្នុង​ការ​ស្វាគមន៍​ដល់​កូន​ប្រុស​របស់​យើង។ នេះ​បាន​បញ្ជាក់​ពី​ការ​រៀប​ចំ​ចិត្ត​គំនិត​ជាថ្មី​សំរាប់យើង​ទាំង​២នាក់ មាន​ន័យ​ថា ទំនួល​ខុសត្រូវ​កាន់​តែ​មាន​ទំហំ​ធំ​ជាមុន សេចក្ដី​ស្រឡាញ់​ត្រូវ​ចេះ​ថ្លឺង​ថ្លែង​អោយ​បាន​ល្អ កុំ​អោយ​មាន​កូន​ទី២ បែ​រជា​សេចក្ដីស្រឡាញ់​សំរាប់​កូន​ទី​មួយ​ស្រាល​ជាង។ តែ​យ៉ាង​ណា​ម៉ិញ ខ្ញុំ​គិត​ថា ខ្ញុំ​បាន​ត្រៀម​ចិត្ត​បាន​៧០ភាគរយ​ហើយ! សង្ឃឹម​ថា ៣០​ភាគរយ​ទៀត នឹង​កើត​ឡើង​ពេល​ដែល​កូន​កើត​មក។ ខ្ញុំ​ចូល​ចិត្ត និង​ស្រឡាញ់​ក្នុង​លក្ខណះ​ជាឪពុករបស់​កូនៗ​របស់​ខ្ញុំ។ មិន​អាច​រង់​ចាំ​បាន​ទៀត​ទេ!!!!

 

អាពាហ៍ពិពាហ៍​ជា​ព្រះ​ពរ


កាល​ពី​៥ឆ្នាំ​មុន ខ្ញុំ​ចាំ​បាន​ថា ពេល​ខ្ញុំ​រៀប​ការ​ខ្ញុំ​កំពុង​តែ​ត្រៀម​ខ្លួន​ចូល​ទៅ​កាន់​ជីវិតមួយ​បែប​ទៀត​ ដែល​ខ្ញុំ​ពុំ​ដែល​មាន​បទ​ពិសោធន៍​ពី​មុន​មក។ ធ្លាប់​តែ​បាន​លឺ​ចាស់​ៗ​ និង​អ្នក​ដែល​បាន​រៀប​ការ​ហើយ គាត់​និយាយ​ពី​ជីវិត​ដែល​រៀប​ការ​ហើយ ដោយ​មាន​អ្នក​ខ្លះ​គាត់​និយាយ​ថា​៖

  • អ្នក​នឹង​លែង​មាន​សេរី​ភាព ដើរ​ហើរ​ស្រេច​តែ​ចិត្ត​ទៀត​ហើយ!
  • អ្នក​នឹង​មិន​សូវ​សំបូរ​លុយ​ចាយ​វាយ​ទេ ព្រោះ​ប្រពន្ធ​យក​ទុក​អស់​ហើយ!
  • ពិបាកណាស់! ឈ្លោះ​គ្នារាល់​តែ​ថ្ងៃ
  • ហត់​ណាស់! ដល់​ផ្ទះ​ម្ដងៗ​លឺ​តែ​សំលេង​ឈ្លោះ​គ្នា​ពាស​ណា​ពាស​ណី!
  • ….

នេះ​វា​បាន​ធ្វើ​អោយ​ខ្ញុំ​នឹក​ចាំ​មិន​ភ្លេច​ទេ​ ថា​ជីវិត​របស់​ខ្ញុំ​ប្រហែល​ជា​នឹង​បែប​ហ្នឹង​ដែរ ឬ​មាន​អ្វី​មួយ​ថ្មី​ទៀត! តែ​ខ្ញុំ​មិន​បាន​យក​គំនិត​បែប​នោះ​មក​ដាក់​នៅ​ក្នុង​ចិត្ត​ឡើយ​ ព្រោះ​ខ្ញុំ​ក៏​ដឹង​ទៀត​ដែរ​ថា មាន​មនុស្ស​មួយ​ចំនួន​នៅ​ពេល​ដែល​គាត់​រៀប​ការ​ហើយ គាត់​មាន​សេចក្ដី​សុខ​ខ្លាំង​ណាស់ ហើយ​ពួក​គាត់​បាន​អោយ​តំបូន្មាន​ថា៖

  • ជីវិត​អាពាហ៍ពិពាហ៍ នឹង​ធ្វើ​អោយ​អ្នក​ទៅ​ជាមនុស្សពេញ​វ័យ ចេះ​គិត​ពិចារណា និង​ស្វែង​យល់​ពី​រសជាតិ​នៃ​ជីវិត​ច្រើន
  • ស្រឡាញ់​ប្រពន្ធ​របស់​អ្នក​ទៅ​ នោះ​ជីវិត​របស់​អ្នក​នឹង​មាន​សុភមង្គល!
  • ជីវិត​អាពាហ៍​ពិពាហ៍​ជា​ព្រះ​ពរ​មក​ពី​ព្រះ!

ខ្ញុំ​ចាប់​ផ្ដើម​សម្លឹង​មើល​នូវ​អ្វី​ដែល​ជា​ភាព​វិជ្ជមាន​មក​ពី​មនុស្ស​ដែល​មាន​ជោគ​ជ័យ​ក្នុង​ជីវិត​ហើយ​ខ្ញុំ​ក៏​មិន​បាន​ភ្លេច​ដែរ​នូវ​ការ​គិត​របស់​អ្នក​មួយ​ចំនួន​ដែល​មើល​ឃើញ​ជីវិត​អាពាហ៍​ពិពាហ៍​ជា​ភាព​អាវិជ្ជមាន នោះ​ហើយ​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​ជៀសវាង។

ចំពោះបងប្អូនដែលមានប្រពន្ធវិញ ចូរស្រឡាញ់​ភរិយា…” អេភេសូ ៥៖២៥

នេះ​ជា​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​ប្រាប់​ដល់​បុរស​ដែល​រៀប​ការ​ហើយ​អោយ​ស្រឡាញ់​ប្រពន្ធ ព្រោះ​នាង​គឺ​ជា​ទី​ស្រឡាញ់​របស់​យើង ហើយ​នាង​មិន​មែន​ជា​សត្រូវ​របស់​យើង​ទេ! ដូច្នេះ​ហើយ បុរស​ត្រូវ​ ស្រឡាញ់​ប្រពន្ធ! ត្រូវ​ថ្នម​ចិត្ត​នាង! ត្រូវ​អោយ​តម្លៃ​នាង! ត្រូវ​ផ្ដល់​សុភមង្គល​ដល់​នាង!​ ត្រូវ​ចំណាយ​ពេល​ជាមួយ​នាង! ត្រូវចេះ​ទុក​ចិត្ត​លើ​នាង! ត្រូវ​ផ្ដល់​តម្លៃ​ដល់​សមត្ថ​ភាព​ចាត់​ចែង​របស់​នាង! និង​មាន​ច្រើន​ទៀត​ដែល​បុរស​ជា​ប្ដី​ត្រូវ​ស្រឡាញ់​ប្រពន្ធ!

បងប្អូនដែលកោតខ្លាចព្រះគ្រិស្ដ ត្រូវគោរពចុះចូលគ្នាទៅវិញទៅមក។បងប្អូនជាស្ដ្រីដែលមានស្វាមី ត្រូវគោរពចុះចូល​នឹង​ស្វាមីរៀង​ៗ​ខ្លួន ដូចជាគោរពចុះចូលនឹងព្រះអម្ចាស់ដែរ ដ្បិតស្វាមីនាំមុខភរិយា …” អេភេសូ ៥៖២១-២៣

ដោយ​ឡែក​ប្រពន្ធ គឺ​គោរព ចុះ​ចូល​ នឹង​ស្វាមី ព្រោះ​ស្វាមី​ជា​មេគ្រួសារ ជា​អ្នក​ដឹកនាំ​ក្នុង​គ្រួសារ! បុរស​ត្រូវការ​កិត្តិយស​ពី​ប្រពន្ធ និង​ការ​ផ្ដល់​តម្លៃ​ដូច​គ្នា​ផង​ដែរ។ នៅ​ពេល​ដែល​ប្ដី​នឹង​ប្រពន្ធ​ចេះ​យល់​ចិត្ត​គ្នា នោះ​យើង​នឹង​ឃើញ​ក្រុម​គ្រួសារ​ របស់​យើង​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ដែន​ដី​មួយ​ដែល​យើង​ហៅ​ថា ដែន​ដី​សុភមង្គល!

នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ចាត់​ទុក​ជា​រឿង​មាន​តម្លៃ​បំផុត​សំរាប់​ជីវិត​របស់​ខ្ញុំ ព្រោះ​គ្រួសារ ជា​អទិភាព​ចម្បង​របស់​ខ្ញុំ ហើយ​នៅ​ពេល​ដែល​ខ្ញុំ​រាប់​វា​ជា​រឿង​សំខាន់ នោះ​ខ្ញុំ​ពិត​ជា​យក​ចិត្ត​ទុកដាក់ និង​ផ្ដល់​តម្លៃ​ខ្លាំង​ណាស់! ព្រោះ​គ្រួសារ​ជា​ព្រះ​ពរ ហើយ​អាពាហ៍ពិពាហ៍​ជា​ព្រះ​ពរ!

Happy Wife, Happy Life!


វាជាប្រយោគមួយដែលសាមញ្ញតែបើគិតអោយច្បាស់ទៅជាប្រយោគមួយដ៏សំខាន់សំរាប់គ្រួសារ! Happy Wife, Happy Life (ប្រពន្ធសប្បាយចិត្ត ជីវិតរីករាយ)។ តើពេលណាជាពេលដែលប្រពន្ធអ្នកសប្បាយចិត្ត? តើអ្នកបានធ្វើអ្វីខ្លះ ដែលធ្វើអោយប្រពន្ធរបស់អ្នកសប្បាយចិត្ត? មានសំនួរជាច្រើនទៀតដែលអាចចោទសួរទៅកាន់បុរសជាប្ដី អោយគិតពិចារណាអំពីគ្រួសាររបស់ខ្លួន ជាពិសេសគឺភរិយា។
ចឹងមានន័យថា បើប្រពន្ធសប្បាយចិត្ត ជីវិតរីករាយ ចុះប្ដីវិញ? តើបើប្ដីសប្បាយចិត្ត ជីវិតរីករាយដែរឬទេ? បាទពិតណាស់! ប្ដីតែងតែចង់សប្បាយ ហើយជីវិតរបស់គាត់គឺចង់សប្បាយអស់មួយជីវិតតែម្ដង។ សំរាប់ខ្ញុំវិញ ខ្ញុំស្វែងយល់ថា ការសប្បាយតែម្នាក់ឯងចំពោះអ្នកដែលមានគ្រួសារវិញ គឺជារឿងអាត្មានិយមបំផុត! តើអ្នកនឹងទុកប្រពន្ធរបស់អ្នកអោយនៅចាំផ្ទះ មើលកូន, បោសផ្ទះ, ជូតផ្ទះ, ដាំបាយ, លាងចាន, ឬខ្មែរយើងហៅមួយបែបទៀតថា កិច្ចការមួយរយជំពូកឬ? ខ្ញុំគិតថាការដែលយើងអាចជួយគ្នា និងនាំភរិយារបស់យើងទៅសប្បាយជាមួយគ្នាតាមបែបគ្រួសារវាជារឿងមួយដែលប្រសើរជាជាងក្នុងការសប្បាយតែម្នាក់ឯង។

ប្រពន្ធសប្បាយចិត្ត ជីវិតរីករាយ គឺជាពាក្យមួយដែលត្រឹមត្រូវសំរាប់ខ្ញុំ ព្រោះពេលដែលប្រពន្ធសប្បាយចិត្ត គាត់នាំអោយយើងសប្បាយដែរ នោះបង្ហាញពីសុភមង្គលមួយដែលយើងជាប្ដីបានផ្ដល់ដល់គាត់។ ពេលនោះហើយ ដែលជាពេលវេលាមួយដែលភរិយាមិនអាចបំភ្លេចបាននូវអ្វីដែលប្ដីបានធ្វើចំពោះគាត់។ មានចំណុចច្រើនទៀតដែលខ្ញុំចង់និយាយ ឥឡូវងុយដេកហើយ! នឹងមានវគ្គបន្ត!

ខ្ចៅ​ផ្លាក​​លេខម៉ូតូ២គ្រាប់​តម្លៃ​២ដុល្លា


កាល​ពី​ថ្ងៃអាទិត្យ​ ទី​១៤ ខែ​សីហា ឆ្នាំ២០១១ វេលាម៉ោង ៨៖០០ព្រឹក ខ្ញុំ​ចេញ​ដំណើរ​ទី​កាន់​ការ​ប្រជុំ​ក្រុម​ជំនុំ នៅ​ម្ដុំ​ទួល​សង្កែរ។ ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​ត្រង់​ចំណុច ភ្លើង​ស្តុប​ សណ្ឋាគារ​ណានជីង ផ្លូវ​កម្ពុជា​ក្រោម ខ្ញុំ​បាន​ឈប់​ដោយ​ព្រោះ​មាន​ភ្លើង​ស្តុប​ពណ៌​ក្រហម។ ឈប់​បាន​មួយ​សន្ទុះ​មាន​ពូ​ប៉ូលីស​មួយ​ដើរ​ក្រឡឹង​ជុំ​វិញ​ខ្ញុំ ហើយ​គាត់​បាន​គោះ​ស្មារ​ខ្ញុំ​ថា “សុំ​ឡើង​លើ​បន្តិច!” ខ្ញុំ​មាន​អារម្មណ៍​ឆ្ងល់ ម៉េច​បាន​ជា​ហៅ​ខ្ញុំ​ឡើង​លើ​ទៅ​ជួប​មេគាត់ ព្រោះ​ខ្ញុំ​មិន​បាន​ធ្វើ​អី​ខុស​ផង​ហ្នឹង? ខ្ញុំ​ពាក់​មួក​ការពារ, មាន​កញ្ចក់​ត្រឹម​ត្រូវ, អត់​មាន​បើក​ភ្លើង​អី​ទេ! តើ​ខ្ញុំ​ខុស​អី?

ខ្ញុំ​បាន​សួរ​គាត់​ថា​ខ្ញុំ​ខុស​អី? គាត់​ថា ម៉ូតូ​របស់​ខ្ញុំ​ផ្លាក​លេខ​អត់​ត្រឹម​ត្រូវ ដោយ​កឹប​ជាមួយ​នឹង​ខ្ចៅ មិន​បាន​កឹប​ត្រឹម​ត្រូវ​ទៅ​តាម​ក្បួន​ខ្នាត​របស់​ក្រសួង។ គាត់​សង្ស័យ​ថា​ខ្ញុំ​លួច​ផ្លាក​លេខ​របស់​គេ​មក​កឹប​លើ​ម៉ូតូ​ខ្ញុំ!! ខ្ញុំ​អស់​សំណើច ហើយ​ប្រាប់​គាត់​ពី​សេចក្ដី​ពិត​ដែល​ខ្ញុំ​ត្រូវ​ប្រើ​ខ្ចៅ​ប្រភេទ​នេះ! កាល​ពី​៤​ឆ្នាំ​មុន​ ម៉ូតូ​របស់​ខ្ញុំ​ត្រូវ​បាន​គេ​បុក​ចំកន្ទុយ​ផ្នែក​ខាង​ក្រោយ ហើយ​បាក់​កាតាប៊ូ​ខាង​ក្រោយ​អស់។ ចឹង​ខ្ញុំ​ដូរកាតាប៊ូ​ចេញ​ ហើយ​ត្រូវ​បើ​ខ្ចៅ​កឹប​លើ​ផ្លាក​លេខ។ គាត់​អត់​ជឿ​ទេ គាត់​បែ​ជា​ថា​ខ្ញុំ​ត្រូវ​ទទួល​ការ​ផាក​ពិន័យ។ គាត់​បាន​លើក​ច្បាប់​ចរាចរណ៍​ប្រាប់​ខ្ញុំ​ពី​មាត្រា​ទី​៨៨​ ចំណុច​ទី១៤ (និយាយ​បណ្ដើរ​គាត់​បើក​សៀវ​ភៅ​ច្បាប់​ចរាចរណ៍​បណ្ដើរ តែ​គាត់​រក​មាត្រាទី៨៨​អត់​ឃើញ គាត់​ថា ចុះ​អាណា​ហែក​មាត្រា​ហ្នឹង​ទៅណា​ទៅ? ខ្ញុំ​សើច​ ហើយ​ប្រាប់​គាត់​ថា នេះ​នៅ​ត្រង់​នេះ ពូបើក​ហួស​ហើយ) យី​ចំ​មែន​ពូ​នេះ! ពូ​ប៉ូលីស​បាន​ទាម​ទារ​រក​កាតគ្រី​ខ្ញុំ ហើយ​ថា បើ​មាន​កាត​គ្រី​ត្រូវ​ផាក​៦០០០រៀល បើ​អតើ​មាន​ត្រូវ​ផាក​ច្រើន​ជាង​នេះ!! ខ្ញុំ​ព្យាយាម​ទូរ.ទៅ​កាន់​មិត្ត​របស់​ខ្ញុំ គាត់​ឃើញ​ដូច្នេះ ពួ​ប៉ូលីស​ក៏​ទារ​លុយ​ត្រង់​ៗ​ម៉ង​ទៅ ១០០០០​រៀល! ខ្ញុំ​មិន​ចង់​ត​ថ្លៃ​យូរ ទោះ​ខំ​និយាយ​យ៉ាង​ម៉េច​ក៏​ដោយ ទោះ​មាន​កាតគ្រី ឬ​មិន​មាន​ក៏​ត្រូវ​បង់​លុយ​ដែរ! ខ្ញុំ​បាន​បើក​កាបូប​យក​២ដុល្លា​ហុច​អោយគាត់​ហើយ​បណ្ដើរ​ម៉ូតូចេញ​ទៅ! គាត់​ទទួល​យក​ដោយ​មិន​ស្ដី​អី​មួយ​ម៉ាត់​ទេ!!!

ពេល​ខ្ញុំ​បណ្ដើរ​ម៉ូតូ​ចេញ​គាត់​ហៅ​ខ្ញុំ​សួរ​មួយ​សំនួរ​ទៀត!! តើ​ខ្ញុំ​មក​ពី សៀម​រាប​មែន? ខ្ញុំ​ថា អត់​ទេ! គាត់​តប​ទៀត​ថា ម៉េច​ក៏​ខ្ញុំ​និយាយ​ខ្មែរ​មិន​ច្បាស់!!!! ខ្ញុំ​សើចហើយ​ដើរ​ចេញ​ទៅ!!!

ការ​ជួប​ជុំ​មិត្ត​ភក្ដិ​ វ៉ើត​ប្រេស និង​ ហ្វេសប៊ុក


វា​ជា​ពេល​រសៀល​មួយ​ដែល​រីក​រាយ​សំរាប់​ខ្ញុំ​ក្នុង​ការ​ជួប​ជុំ​មិត្ត​ភក្ដិ​ដែល​ខ្ញុំ​មិន​ដែល​ស្គាល់​មុខ​គេ​ទាល់​តែ​សោះ (ស្គាល់​៥-៦នាក់​ដែរ មិន​មែន​អត់​សោះ​នោះទេ) នា​ពេល​រសៀល​មួយ​ ក្នុង​តំណើ​រ​កំសាន្ដ​រីក​រាយ​លើ​ទូក​មួយ​នា​ក្រុង​ភ្នំ​ពេញ។ នៅ​ពេល​ដែល​ខ្ញុំ​ទទួល​ដំណឹង​ថា​មាន​ដំណើរ​កំសាន្ដ​បែប​នោះ ខ្ញុំ​រំភើប​រួច​ទៅ​ហើយ ព្រោះ​ខ្ញុំ​តែង​តែ​ចង់​ចំណាយ​ពេល​ស្គាល់​​អ្នក​ភូមិ​យើង​បន្ថែម​ទៀត​នៅ​ក្នុង​ភូមិ​វ៉ើត​ប្រេស និង​ហ្វេស​ប៊ុក។ នេះ​ជា​លើក​តំបូង​ដែល​ខ្ញុំ​បាន​នាំ​ប្រពន្ធ​របស់​ខ្ញុំ​ទៅ​ចូល​រួម​ ហើយ​គាត់​ក៏​សប្បាយ​ដែរ​ដែល​បាន​ស្គាល់​មិត្ត​ភក្ដិ​ថ្មី​ៗ​បន្ថែម​ទៀត។

សំរាប់​ខ្ញុំ​ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ ដែល​បាន​ឃើញ​យុវជន​សម័យ​នេះ​មួយ​ចំនួន​បាន​ប្រើ​ប្រាស់​ពេលវេលា​របស់​ខ្លួន​អោយ​មាន​ប្រយោជន៍​ដល់​សង្គម​ជាតិ​ដុច​ជាមនុស្ស​នៅ​លើ​ទូក​ដែល​ខ្ញុំ​បាន​ជួប​នោះ​ដែរ។ យើង​ធ្លាប់​តែ​បាន​និយាយ​គ្នា​ត្រឹម​ការ​សរសេរ​បញ្ចេញ​មតិ​នៅ​លើ​ហ្វេសប៊ុក និង​នៅ​លើ​វ៉ើត​ប្រេស​ប៉ុណ្ណោះ តែ​នៅ​លើ​ទូក​យើង​បាន​ជជែក​គ្នា និង​ផា​គ្នា​យ៉ាង​សប្បាយ​រីក​រាយ។ មិន​តែ​ប៉ុណ្ណោះ​យើង​បាន​ជួប​ជាមួយ​នឹង​បង​ប្រុស​នៅ​ប្រទេស​បារាំង ដែល​គាត់​ជា​អ្នក​ភូមិ​របស់​យើង​ដែរ​ គាត់​បាន​នាំ​គ្រួសារ​របស់​គាត់​មក​លេង​នៅ​ស្រុក​ខ្មែរ​ ហើយ​យើង​បាន​ជជែក​គ្នា​សួរពី​នេះពី​នោះ​យ៉ាង​សប្បាយ​រីករាយ។

ស្ដាយ​ដែរ​ ដែល​កាមេរ៉ា​ខ្ញុំ​នៅ​ជាមួយ​ អាយហ្វូន កុំ​អី​បានរូប​ចែក​អោយ​បងប្អូន​មើល​បាត់​ហើយ!!! តែ​យ៉ាងណា​ម៉ិញ ខ្ញុំ​ពិត​ជាមាន​អារម្មណ៍​រំភើប​សប្បាយ​រីក​រាយ​ណាស់។

ហេង​ហាង​ណាស់! អត់​អាយ​ហ្វូន


មួយ​រយះ​​នេះ​បន្ទាប់​ពី​អាយហ្វូន​ខ្ញុំ​ខូច​មក មាន​អារម្មណ៍​ដូច​ហេងហាង បាត់​បង់អី​មួយ​ដែល​សំខាន់ចឹង!!! ធ្លាប់​តែ​កាន់​វា​ទៅ​ណា​មក​ណា គ្រប់​ទី​កន្លែង, ឆែក​ហ្វេសប៊ុក​បាន​គ្រប់​ពេល, លេង​ហ្គេម​បាន​គ្រប់​ពេល​ដែល​អផ្សុក, ដឹង​ពី​កាល​វិភាគ​គ្រប់​ពេល​វេលា, ភ្ជាប់​ទំនាក់​ទំនង​ទៅ​កាន់​មិត្ត​ភក្ដិ​និង​ក្រុម​គ្រួសារ​បាន​គ្រប់​ពេល… តែ​ពេល​នេះ!!!

មួយ​អាទិត្យ​តំបូង ពេល​ដែល​អាយ​ហ្វូន​ ទើប​តែ​នឹង​ខូច​ថ្មី​ៗ អារម្មណ៍​ដូច​នៅ​មិន​សុខ! ខូច​ចិត្ត មិន​សូវ​បាយ​ទឹក កាងារ​ក៏​នឹក​ឃើញ​ធ្វើ​មិន​ចេញ! មាន​អារម្មណ៍​បាត់​ដៃ​បាត់​ជើង ឬក៏​អ្វី​មួយ​មិន​ដឹង​ទេ!! អាលូវ​ប្រើ​ទូរ.​មិន​សូវ​កាលីប ពេល​ទូរ.រោទ៍​ម្ដង​ៗ​ គ្មាន​អារម្មណ៍​លើក​ទេ!

អាឡូវ​អាយ​ហ្វូន​ធ្វើ​មិន​ទាន់​ហើយ​ទៀត! ឈប់​សរសេរ​ហើយ! ចង់​តែ​ស្រក់​ទឹក​ភ្នែក​ទេ!!!

អរគុណ​សំរាប់​សណ្ដាន​ចិត្ត​ខ្មែរ


កាល​ពី​ថ្ងៃ​អាទិត្យ ខ្ញុំ​បាន​ចេញ​ដំណើរ​ពី​ខេត្ត​ត្រឡប់​មក​ភ្នំ​ពេញ​វិញ! នៅ​តាម​ផ្លូវ​ខ្ញុំ​ជា អ្នក​បើក​ឡាន! ប្រហែល​ជា​ងម៉ោង​២ជាង​ខ្ញុំ​បើក​ល្បើន​មិន​សូវ​ជា​លឿន​ពេក​ទេ គឺ ត្រឹម​តែ ៦០-៨០ K/H ប៉ុណ្ណោះ!នៅ​ក្នុង​ឡាន​មាន​គ្នា​ប្រមាណជា៧នាក់។ ពេល​ដល់​កន្លែង​ឈប់​សំរាក មិត្ត​ភក្ដិ​នៅ​ក្នុង​ឡាន​ទៅ​ឆែក​អីវ៉ាន់​ដែល​ដាក់​នៅ​ខាង​ក្រោយ​នោះ!!!! ស្រាប់​តែ…

បាត់​អីវ៉ាន់​ខ្ញុំ​អស់​ហើយ!!!!!!! អូ​ទេ!!!!!! ក្នុង​នោះ​មាន សំលៀក​បំពាក់​ខ្ញុំ កាបូប​សំរាប់​គ្រឿង​ងូត​ទឹក ព្រះ​គម្ពីរ ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​កាបូប​លុយ​របស់​ខ្ញុំ​ដែល​ដាក់​នៅ​ក្នុង​កាបូប​ខោ​អាវ​នោះ! ក្នុង​កាបូប​លុយ​នោះ មាន​កាត​គ្រី​ម៉ូតូ (ហ្ស៊ីន) កាត​ធនាគា​២ បណ្ណ័​ផ្សេងៗ​ទៀត លុយ​១៥​ដុល្លា!!! ចប់!!!! មិន​តែ​ប៉ុណ្ណោះ បាត់​អីវ៉ាន់​មួយ​ថង់​ទៀត គឺ មាន​ខ្នើយ​កើយ ភួយ Sleeping bag របស់​ខ្ញុំ​នៅ​ថង់​ផ្សេង​ៗ គឺ​ពេល​នេះ​មក​ពី​ខេត្ត​វិញ​ សល់​តែ​ម៉ា​ខ្លួន​ទេ បាត់​ទាំង​អស់!!! មិត្ត​របស់​ខ្ញុំ​ម្នាក់​ទៀត ក៏​បាត់​អី​វ៉ាន់​គាត់​មួយ​វ៉ាលី​ដែរ!

ដល់​ក​ហើយ​ខ្ញុំ!!! ខ្ញុំ​ក៏​បើក​ឡាន​ត្រឡប់​ថយ​ក្រោយ​វិញ​ក្រែង​លោរ​ឃើញ​អី​វ៉ាន់!!!​ ជិះ​បណ្ណើរ​ភ្នែក​សំឡឹង​មើល​ឆ្វេង​ស្ដាំ បើក​មិន​សូវ​ជា​លឿន​ប៉ុន្មាន​ទេ មួយ​សន្ទុះ​មក​ក៏​ ដាច់​ចិត្ត​ទៅ​វិញ លែង​រក​ លែង​អី​ហើយ!!! ព្រោះ​មិន​ដឹង​ជា​ជ្រុះ​អី​វ៉ាន់​ហ្នឹង​ពី​កាល់​ផង!!!

អារម្មណ៍​សោក​ស្ដាយ​​ បាន​ផ្ដល់​កង្វល់​ដល់​ខ្ញុំ​ជា​ខ្លាំង! ក្នុង​ចិត្ត​គិត​ថា នឹង​ត្រូវ​អស់​លុយ​ច្រើន​ក្នុង​ការ​ធ្វើបណ្ណ័​ផ្សេង​ៗ​ដែល​បាត់​ ដូចជា ធ្វើ​កាត​គ្រី​វិញ អស់​យ៉ាង​ហោច​ណាស់​៣០-៥០ ដុល្លា បណ្ណ័​ធនាគារ២ ប្រហែល​ជា​២៤ដុល្លា នឹង​បណ្ណ័VIP នៅ​ភីស្សា និង​ហាង​ការ៉េម​ ៥ដុល្លា​ទៀត!!! គិត​បណ្ដើរ​បើក​ឡាន​បណើ្ដរ​ ក្នុង​ចិត្ត​អធិស្ឋាន​ សូម​អោយ​អ្នក​ដែល​រើស​បាន​ហ្នឹង​គាត់​ចិត្ត​ល្អ​ជួយ​ទូរ.​មក​វិញ​ផង ព្រោះ​ក្នុង​កាបូបលុយ​ហ្នឹងមាន​នាម​បណ្ណ័​ខ្ញុំ​ដែរ។

ទៅ​ដល់​ភ្នំពេញ​ សល់​តែ​មួយ​ខ្លួន ដល់​ផ្ទះ​ប្រពន្ធ​បញ្ចេញ​ទឹក​មុខ អាណិត​អាសូរ​ដល់​ខ្ញុំ (ខ្ញុំ​បាន​ទូរ.ប្រាប់​គាត់​ពេល​ដែល​ដឹង​ថា​បាត់​ហើយ)! តែ​យ៉ាង​ណា​ក៏​ដោយ​ ត្រូវ​ត្រឡប់​មក​កន្លែង​ធ្វើ​ការ​វិញ (ក្រុម​ជំនុំជីវិតថ្មី) ព្រោះ​ខ្ញុំ​ត្រូវ​អធិប្បាយ​ព្រះ​បន្ទូល​ក្នុង​ការ​ប្រជុំ​ល្ងាច​នេះ! ចៃ​ដន្យ​អី​មេរៀន​ ខ្ញុំ​ទុក​ក្នុង​ព្រះ​គម្ពីរ ក៏​ជាប់​នៅ​ក្នុង​កាបូប​ដែល​បាត់​នោះ​ទៀត!! ចឹង​ត្រូវ​រៀប​ចំ​សារ​ជា​ថ្មី​វិញ!!!

ការ​ប្រជុំ​ចាប់​ផ្ដើម​ឡើង មាន​មនុស្ស​ប្រមាណ ជា​៥០០នាក់​ជាង​ចូល​រួម​នៅ​ល្ងាច​នោះ!!! ខ្ញុំ​អធិប្បាយ​ចប់ ក៏​ចុះ​មក ស្រាប់​តែ… ទូរ.​រោទ៍​ឡើង​មាន​សំលេង​ចំលែក​មួយ​គឺ​មនុស្ស​ស្រី​អាយុប្រមាណ​ជា​៤០​ឆ្នាំ​និយាយ​មក​កាន់​ខ្ញុំ​ថា តើ​ខ្ញុំ​ជាម្ចាស់​កាបូប​មែន​ឬ​អត់? (ព្រោះ​គាត់​ទូរ.​មក​ដោយ​ព្រៀវ​ទេ ឃើញ​មាន​កាត​ច្រើន​ក្នុង​កាបូប​នោះ) ខ្ញុំ​និយាយ​យ៉ាង​លឿន​ថា បាទ​ជា​របស់​ខ្ញុំ​ ព្រោះ​ខ្ញុំ​ជ្រុះ​បាត់​ពី​ឡាន​ កាល​ពី​ថ្ងៃ​រសៀល។ គាត់​បន្ត​ទៀត​ថា ប្ដី​របស់​គាត់​រើស​បាន​នៅ​តាម​ផ្លូវ​ក្នុង​កំឡុង​ពេល​គាត់​ជិះ​ម៉ូតូ ហើយ​ឃើញ​ក្មេង​ៗ ដណ្ដើម​គ្នា​អោយ​ប្រញ៉ៃ! គាត់​ក៏​ដណ្ដើម​បាន​កាបូបលុយ​របស់​ខ្ញុំ​ហើយ​ឃើញ​មាន​កាត​សំខាន់ៗ គាត់​ក៏​យក​ទុក​វិញ! គាត់​និយាយ​ជាមួយ​ក្មេងៗ ថែម​ទាំង​លួង​លោម​ក្មេង​ៗ​នោះ​​ អោយ​ប្រគល់​កាបូប​នឹង​អីវ៉ាន់​ផ្សេងៗ​ទៀត​មក​អោយ​គាត់ ថែម​ទាំង​សូក​លុយ​អោយ​ក្មេងៗ ទាំង​នោះ​ទៀត​ផង! ទី​បំផុត​គាត់​ក៏​ដណ្ដើម​បាន ហើយ​ក៏​មក​ដល់​ផ្ទះ​ឆែក​ទៅ​ឃើញ​នាម​បណ្ណ័​ខ្ញុំ​ក៏​ទូរ.​មក​ប្រាប់​ខ្ញុំ​តែ​ម្ដង!!! ខ្ញុំ​បាន​លឺ​ដូច្នេះ​រំភើប​ណាស់! ហើយ​គាត់​ក៏​ណាត់​ជួប​នៅ​ស្ពាន​ទី​៥​បាក់​ខែង​ អោយ​ទៅ​យក​របស់​វិញ។

ម្សិល​ម៉ិញ​ខ្ញុំ​បាន​ទៅ​ដល់​កន្លែង​ណាត់​ជួប​ហើយ ក៏​បាន​ជួប​នឹង​បង​រ៉ូ​ដែល​រើស​បាន​អី​វ៉ាន់​ខ្ញុំ​នោះ។ បង​រ៉ូ​ជា​ជាង​កាត់​សក់ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ពាន​ទី​៥ជិត​វត្ត​បាក់​ខែង។ គាត់​សម្លឹង​មើល​មក​ខ្ញុំ​ ហើយ​បាន​និយាយ​ប្រាប់​រឿង​រ៉ាវ​ទាំង​ប៉ុន្មាន​ពី​ការ​ដែល​គាត់​រើស​បាន​កាបូប​នោះ។ យើង​បាន​និយាយ​លេង​បន្តិច ហើយ​គាត់​នាំ​ខ្ញុំ​ទៅ​ផ្ទះ​របស់​គាត់ ហើយ​ប្រគល់​អី​វ៉ាន់​មក​ខ្ញុំ​វិញ។ ខ្ញុំ​ពិនិត្យ​ឃើញ​ថា អីវ៉ាន់​ក្នុងកាបូប​មាន​សភាព​អារាត់​អារាយ កាបូប​លុយ​វិញ​កកាយ​គ្មាន​សល់!!! ឃើញ​ថា អត់​មាន​បាត់​អី​នៅ​ក្នុង​កាបូប​ខោអាវ​នោះ​ច្រើន​ទេ គឺ​បាត់​តែ​ អាវ​មួយ នឹង​លុយ​១៥​ដុល្លា​នោះ​តែ​ប៉ុណ្ណោះ។ ខ្ញុំ​បន្ត​និយាយ​ជា​មួយ​បង​រ៉ូ ហើយ​ជូន​សាគុណ​គាត់​២០​ដុល្លា (ព្រោះ​សល់​តែ​ប៉ុណ្ណឹង) គាត់​ក៏​ទទួល​យក ហើយ​ខ្ញុំ​បាន​សន្យា​ជាមួយ​នឹងគាត់​ថា បើ​គាត់​មក​ក្នុង​ក្រុង​ភ្នំពេញ​តែ​ម្ដង យើង​នឹង​ណាត់​ជួប​ញ៉ាំ​អី​ជុំ​គ្នា​ម្ដង។ ខ្ញុំ​ជំរាប​លា​គាត់​មក​វិញ គាត់​ក៏​ទៅ​បេះ​ស្វាយ​ពី​ដើម​អោយ​មក​ខ្ញុំ​មួយ​ចំនួន​ធំ​ទៀត!!!

ក្ដី​អស់​សង្ឃឹម​របស់​ខ្ញុំ​រលាយ​បាត់ អំណរ​កើត​មាន​ឡើង ដ្បិត​ព្រះជាម្ចាស់​បាន​ឆ្លើយ​តប​នូវ​ពាក្យ​អធិស្ឋាន​របស់​ខ្ញុំ។ អរគុណ​សំរាប់​សណ្ដាន​ចិត្ត​របស់​បងរ៉ូ​ដែល​ បង​សុខ​ចិត្ត​ទូរ.​មក​វិញ​ ហើយ​ប្រគល់​របស់​ទាំង​ប៉ុន្មាន​មក​អោយ​ខ្ញុំ​វិញ។ នេះ​ហើយ​ជា​សណ្ដាន​ចិត្ត​របស់​ខ្មែរ​ ដែល​ខ្មែរ​គ្រប់​ៗ​រុប​គួរ​តែ​ធ្វើ​បែ​ប​នេះ!

អស់​អី​និយាយ


ជាង​ប៉ុន្មាន​ខែ​មក​នេះ ផ្ទះ​ខ្ញុំ​ចាក់​សោរ​ចោល អត់​សូវ​បាន​មក​បោស​សំអាត​អី​សោះ!! ដល់​មក​ដល់ មាន​អី​ផ្ទះ​នៅ​ស្អាត​តើ អត់​មាន​សំរាម ឬសំបុក​ពី​ង​ពាង​អី​មក​ព័ទ្ធ​ទេ។ ដើរ​ចោល​ម៉ាន​ខែ​សោះ! ម៉ាង៉ៃ​ៗ ដើរ​អឺត​តែ​ផ្ទះ​គេ!!! យូរ​ៗ​ទៅ​លែង​មាន​អី​មក​ជជែក​លេង​ជាមួយ​បងប្អូន​អ្នក​ភូមិ​ផង​របង​ជាមួយ​ហើយ!! ចឹង​មាន​តែ​ដើរ​អឺតៗ តិចៗ ទៅ​ក្រែង​លោរ​កន្លែង​ណាចាប់​អារម្មណ៍​ទៅ​អឺត​តិច​ទៅ!!!

ចាំ​មាន​ពេល​បន្តិច​នឹង​មក​តុប​តែង​ផ្ទះ​បន្តិច​សិន​ហើយ ព្រោះ​ចង់​ផ្លាស់​ប្ដូរ​បរិយាកាស​ថ្មី ព្រោះ​អត់​ចង់​នៅ​ដដែល​ទេ!!!

រវល់​តែ​និយាយ អូ​ភ្លេច​ជំរាប​សួរ​បងប្អូន​ប្រុសស្រី​ អ្នក​ចាស់​អ្នក​ថ្មី​អី​ហ្នឹង!!!! សុខទុក្ខ​យ៉ាង​ណា​ដែរ?

ម្ដាយ​ក្មេក និង កូនប្រសារ​ស្រី ២


ភាគ​ទី ១ ចុច​ទី​នេះ

ជា​រៀង​រាល់​ថ្ងៃ​នាង លីង ស៊ូ​លេប​គ្រួស​លេប​​ថ្ម ទោះ​បី​ម្ដាយ​របស់​នាង​ស្អប់​ខ្ពើម​រូប​នាង​យ៉ាង​ណា​ក៏​ដោយ នាង​នៅ​តែ​បន្ត​ដាក់​ចិត្ត​ថា​បំរើ​ម្ដាយ​មិន​អោយ​ទើស​ចិត្ត​ឡើយ។ ច្រើន​ខែ​កន្លង​ទៅ​អ្នក​ស្រី​ លីង​ មាន​ផ្ទៃ​ពោះ២ខែ​ហើយ តែ​នាង​មិន​បាន​ជំរាប​អោយ​ប្ដី​របស់​នាង​ដឹង​ឡើយ សូម្បី​តែ​ម្ដាយ​ក្មេក​របស់​នាង​ក៏​នាង​មិន​បាន​ប្រាប់​អំពី​រឿង​នេះ​ដែរ! នាង​នៅ​តែ​បន្ត​មិន​បាន​ជំរាប​​ដល់​ម្ដាយក្មេក​​របស់​នាង​ពី រឿង​នេះ​ទៀត រហូត​ដល់​ម្ដាយ​ក្មេក​របស់​នាង​វាយ​ធ្វើ​បាន​នាង ហើយ​ស្ដី​បន្ទោស​ដល់​នាងជា​ច្រើន ហើយ​ទី​បំផុត​កូន​នោះ​ក៏​រលូត​បាត់​ទៅ!!! នាង​លីង​ ទួញ​សោក​ សង្រេក ដោយ​ព្រោះ​តែ​បាត់​បង់​កូន​ដែល​នាង​មិន​ទាំង​បាន​ឃើញ​មុខ​ផង នាង​មិន​ទទួល​ទាន​បាយ​ មិនផឹក​​ទឹក ហើយ​មិន​ធ្វើ​ការ​ងារ​អ្វី ទាំង​អស់។ លោក វ័ង​ដែល​ជា​ប្ដី​ មិន​ជា​បាន​សូវ​ចូល​ផ្ទះ​ឡើយ ដោយ​ព្រោះ​តែ​មុខ​ជំនួញ ​លោក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​តំបន់​ឆ្ងាយៗ ដោយ​មិន​ទាំង​បាន​ដឹង​ថា​ប្រពន្ធ​របស់​លោក​មាន​រឿង​រ៉ាវ​យ៉ាង​ណា​នៅ​ក្នុង​ផ្ទះ​ឡើយ!

នាង​លីង​ បាន​ដាក់​ចិត្ត​ស្អប់​ម្ដាយ​ក្មេក​របស់​នាង ហើយ​នាង​តាំង​ចិត្ត​ថា​នឹង​សង​សឹក​ នឹង​ប្រព្រឹត្ត​ចំពោះ​ម្ដាយក្មេក​​របស់​នាង​អោយ​អាក្រក់​លើស​ពី​អ្វី​ដែល​ម្ដាយក្មេក​​របស់​នាង​បាន​ធ្វើ​ចំពោះ​នាងទៅ​ទៀត។ ពេល​មួយ​នាង​កំពុង​តែ​ជូត​ផ្ទះ ពេល​ឃើញ​ម្ដាយ​ក្មេក​របស់​នាង​ដើរ​ចូល​មក នាង​ក៏​ជះ​ទឹក​​ក្នុង​ធុង​ជូត​ផ្ទះ​នោះ​ ទៅ​លើ​ឥដ្ឋ បាន​ធ្វើ​អោយ​អ្នក​ស្រី​វ័ង​រអិល​ជើង​ដួលទៅ​នឹង​ឥដ្ឋ ពេល​នោះ​អ្នក​ស្រី​វ័ង​ដួល​ចុះ ហើយ​ចុក​ចាប់​ជា​ពន់​ប្រមាណ ក៏​បាន​ចាត់​អោយ​អ្នក​បំរើ​ប្រុស​ៗ​ចាប់​នាង​លីង​ ហើយ​ទះ​កំផ្លៀង​ជា​ច្រើន​ផង ដោយ​ឆ្លើយ​តប​ទៅ​នឹង​ទង្វើរ​ដែល​នាង​លីង​បាន​ធ្វើ​ចំពោះ​អ្នក​ស្រី។ នាង​លីង​ត្រូវ​គេទះ​កំផ្លៀង​យ៉ាង​ច្រើន នាង​មិន​បាន​យំ​ទេ តែ​ក្រ​សែរ​ភ្នែក​របស់​នាង​បាន​បង្កប់​ទៅ​ដោយ​គំនុំ នឹង​ការ​សង​សឹក​ជា​ច្រើន។ ដោយ​ព្រោះ​តែ​គំនុំ​នោះ មិន​បាន​អោយ​នាង​ទទួល​ការ​ឈឺ​ចាប់​ពី​ការ​ទះ​កំផ្លៀង​របស់​ពួក​អ្នក​បំរើ​នោះ​ឡើយ។ នាង​ត្រូវ​ម្ដាយ​ក្មេក​យក​ទៅ ឃុំ​នៅ​កន្លែង​ដាក់​ឱស និង​ដាក់​ឥវ៉ាន់ និង​បង្អត់​អាហារ​ជា​ច្រើន​ថ្ងៃ។ រី​ឯ​អ្នក​ស្រី​វ័ង​វិញ បន្ទាប់​ពី​បាន​ស្រាក​ស្រាន​ពី​ការ​ឈឺ​ចាប់​ដោយ​ការ​ដួល​នោះ​ហើយ ក៏​បាន​អោយ​គេ​ដោះ​លែង​នាង​លីង ហើយ​ក៏​បង្ខិត​បង្ខំ​អោយ​នាង​លីង​ធ្វើ​ការ​​ធ្ងន់​លើស​មុន​ទៅ​ទៀត។

ថ្ងៃ​មួយ​​ពេល​ដែល​នាង​ទៅ​ផ្សារ​ទិញ​ម្ហូប​ នាង​ក៏​បាន​ចូល​ទៅ​ផ្ទះ​លោក​គ្រូ​ពេទ្យ ឈិន សុំ​អោយ​លោក​គ្រូពេទ្យ ​ឈិន​ផ្សំ​ថ្នាំ​បំពុល សំរាប់​បំពុល​ម្ដាយ​ក្មេក​របស់​នាង។ លោក​គ្រូ​ពេទ្យ​ ឈិន​ មិន​ចង់​ធ្វើ​ការ​ទាំង​នោះ​ទេ តែ នាង​លីង​បាន​និយាយ​ពី​ការ​ឈឺចាប់ នឹង​រឿង​រ៉ាវ​ទាំង​ប៉ុន្មាន​ពី ទង្វើ​ដែល​ម្ដាយ​ក្មេក​របស់​នាង​បាន​ធ្វើ​មក​ដល់​នាង ​​ដល់​លោក​គ្រូ​ពេទ្យ​​ ឈិន​ ស្ដាប់។ លោក​គ្រូ​ពេទ្យ ឈិន​ បាន​ស្ដាប់​ហើយ ក៏​យល់​ព្រម​ធ្វើ​តាម​នាង​លីង! លោក​បាន​ចូល​ទៅ​ខាង​ក្នុង​បន្ទប់​​របស់​លោក មួយ​សន្ទុះ​ក្រោយ​មក លោក​ក៏​ចេញ​មក​វិញ​ទាំង​កាន់​កូន​ដប​តូច​មួយ​មក​ជាមួយ​ផង។ លោក​ប្រាប់​ដល់​នាង​លីង​ថា “នេះ ជាថ្នាំ​ពុល​ឥត​ក្លិន! វា​នឹង​ជ្រាប​ចូល​ទៅ​ក្នុង​រាង​កាយ​អ្នក​ដែល​បានទទួល​ទាន ហើយ​វា​នឹង​សំលាប់​កោ​សិកា​ក្នុង​ខ្លួន បន្តិច​ម្ដងៗ ដោយ​មិន​មាន​ការ​ឈឺ​ចាប់ នឹង​ដឹង​ទាល់​តែ​សោះ! នាង​ត្រូវ​លាយ​នឹង​អាហារ​អោយ​ម្ដាយ​ក្មេក​របស់​នាងទទួលទាន! ក្នុង​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​៣ដង​ដែរ”។ នាង​លីង​មាន​ចិត្ត​ត្រេក​អរ​ជា​ពន់​ប្រមាណ! តែ​លោក​គ្រូ​ពេទ្យ​ឈិន​បានបន្ត​ទៀត​ថា “នាង​ត្រូវ​ប្រព្រឹត្ត​ល្អ​បន្តិ​ចដាក់​ម្ដាយ​នាង ត្រូវ​ចេះ​យក​ចិត្ត យក​គាប់​យក​គួរ បើ​មិន​អី​ចឹង​ទេ ម្ដាយ​ក្មេក​របស់​នាង​នឹង​មិន​ហ៊ាន​ទទួល​ទាន​អាហារ​ពី​នាង​ឡើយ!”។ នាង​លីង​តប​ទៅវិញថា នាង​ដឹង​ថា​នឹង​ត្រូវ​ធ្វើ​យ៉ង​ម៉េច​ហើយ!

…ត​ទៅ​ភាគ​បញ្ចប់!

ម្ដាយ​ក្មេក និង​ កូន​ប្រសារ​ស្រី​ ១


មាន​ក្រុម​គ្រួសារ​មួយ​ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​គួរសម ហើយ​ក្នុង​គ្រួសារ​នោះ​​ លោក និង លោក​ស្រី វ័ង មាន​តែ​កូន​ប្រុស​ទោល​ប្រចាំ​គ្រួសារ​មួយ គឺ កម្លោះ ស៊ូ វ័ង។ ស៊ូ​ វ័ង មាន​វ័យ​សង្ហា ជាទី​គាប់​ចិត្ត​ដល់​នារី​ផង​ទាំង​ពួង​ដែល​ជាកូន​អ្នក​មាន​ដូច​គ្នា​ផង​ដែរ តែ​លោក​ ស៊ូ បាន​ចាប់​ចិត្ត​ជាមួយ​នឹង​កញ្ញា លីង ដែល​ជា​កូន​កសិករ​ក្រី​ក្រ​មួយរូប។ កញ្ញា​ លីង មាន​សម្រស់​ក៏​មិន​អន់​ប៉ុន្មាន​ដែរ ដែល​អាច​ទាក់​ទាញ​លោក ស៊ូ​ អោយ​ស្រឡាញ់​នាង​បាន។ ពន្លក​ស្នេហ័​របស់​ពួក​គេ​បាន​ដុះ​ចេញ​មក ហើយ​រហូត​ដល់​លោក​ ស៊ូ មិន​អាច​អត់​ទ្រាំបាន ហើយ​ក៏សុំ​អោយ​លោក​ស្រី វ័ង ជាម្ដាយ ទៅ​ដណ្ដឹង​នាង លីង មក​ជាប្រពន្ធ។

លោក​ស្រី​ វ័ង មិន​ចូល​ចិត្តនាង លីង ទាល់​តែ​សោះ ដោយ​ព្រោះ​តែ​ជីវភាពនៃ​គ្រួសាររបស់​នាង​មាន​សភាព​ក្រី​ក្រ ហើយ​មិន​សក្ដិ​សម​ជាមួយ​នឹង​កូន​របស់​លោក​ស្រី គឺ​លោក​ ស៊ូ ទាល់​តែ​សោះ! លោក​ស្រី វ័ង មិន​យល់​ព្រម​អោយ​ពួក​គេ​រៀប​ការ​ឡើយ ព្រោះលោក​ស្រី មាន​ការរើស​អើង ទៅ​លើ​កញ្ញា លីង។ លោក​ ស៊ូ បាន​អង្វរ​ លោក​ស្រី វ័ង អោយ​ចូល​ដណ្ដឹងនាង​ លីង ទាំង​លុត​ជង្គង់ ហើយ​មិន​ទទួល​ទាន​បាយ​ទឹក​អី​ទាល់​តែ​សោះ! លោក​ស្រី វ័ង ឃើញ​កូន​អង្វរ ហើយ​អត់​បាយ​អត់​ទឹក​ដូច្នេះ ក៏​សម្រេច​ចិត្ត​ស្ដី​ដណ្ដឹង​នាង​ លីង​អោយ ទៅ​លោក​ស៊ូ!

ថ្ងៃ​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ​បាន​រៀប​ចំ​យ៉ាង​សន្ធឹក នឹង​គគ្រឹក​គ្រេង​ខ្លាំង​ណាស់! មាន​ភ្ញៀវ​មក​ចូលរួម​ច្រើន​កុះ​ករ ចំណែក​លោក​ស្រី​វ័ង​វិញ ដូច​មិន​សូវ​សប្បាយ​ចិត្ត​នឹងកូន​ប្រសារ​ស្រី​របស់​លោក​ស្រី​ឡើយ។ អាពាហ៍​ពិពាហ៍​ក៏​បាន​បញ្ចប់ ហើយ​កញ្ញា​ លីង​របស់​យើង​បាន​ក្លាយ​ទៅ​ជាកូន​ប្រសារ​ស្រី​របស់​គ្រួសារ​ត្រកូល​វ័ង។ លោក​ ស៊ូ និង​អ្នក​ស្រី លីង វ័ង ស្រឡាញ់​គ្នា​ខ្លាំង​ណាស់ ហើយ​ជា​រៀង​រាល់​ថ្ងៃ​ អ្នក​ស្រី​លីង បាន​បំរើ​ប្ដី​មិន​អោយ​ទាស់​ចិត្ត​ឡើយ ដោយ​ឡែក​តែ​អ្នក​ស្រី​វ័ង​ ជាម្ដាយ​ក្មេក​វិញ មិន​ចូល​ចិត្ត​ និង​ចង់​និយាយស្ដី​អី​ទៅ​កូន​ប្រសារ​ស្រី​របស់​អ្នក​ស្រី​ឡើយ ព្រោះ ឃើញ​តែ​ភាព​ក្រី​ក្រ​ដែល​មាន​នៅ​ក្នុង​ក្រ​សែរ​ភ្នែក​របស់​លោក​ស្រី​ជានិច្ច។ ពេល​លោក​ស៊ូ ចេញ​ទៅ​ធ្វើ​ការ​នៅ​ហាង​របស់​គាត់ លោក​ស្រី​វ័ង​ តែង​តែ​ប្រើ​កូន​ប្រសារ​របស់​គាត់​អោយ​ធ្វើ​ការធ្ងន់ៗ ហើយ​ប្រើ​សំដី​មិន​គួរ​សមជា​ច្រើន​ដល់​អ្នក​ស្រី​លីង។ ជា​រៀងរាល់​ថ្ងៃ ពេល​លោក​ស៊ូ​មិន​នៅ អ្នក​ស្រី​លីង រស់​ជាមួយ​នឹង​ទឹក​ភ្នែក និង​ការ​ស្ដី​បន្ទោស​ពី​ម្ដាយ​ក្មេក ទោះ​បី​នាង​ខំ​យក​ចិត្ត ម្ដាយ​របស់​នាង​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​ស្រី​វ័ង​នៅ​តែ​ស្អប់នាង​ដដែល និង​ប្រើប្រាស់​នាង​អោយ​ធ្វើ​ការ​ធ្ងន់​ៗ​ជា​ច្រើន ហើយ​ជួន​កាល​ម្ដាយ​ក្មេក​នាង បាន​វាយ​ធ្វើ​បាប​នាង ជះទឹក​ជូត​សម្អាត​ផ្ទះ​ដាក់​នាង ហើយ​អោយ​នាង​ទទួល​ទាន​អាហារ​ដែល​នៅ​សល់​។ នាង​លីង​មិន​ដែល​រអ៊ូ​រទាំ​ឡើយ ហើយ​ក៏​មិន​ដែល​អោយ​ប្ដី​ដឹង​ពី​ទង្វើ​រ​របស់​ម្ដាយ​នាង​ដែរ។ នាង​ខិតខំ​អត់​ធ្មត់​ សង្កត់​ចិត្ត ហើយ​ព្យាយាម​បំរើ​ម្ដាយ​ក្មេក ទោះ​បី​ជា​ម្ដាយ​ក្មេក​បានធ្វើ​បាប​នាង​យ៉ាង​ណា​ក៏​ដោយ​ចុះ។

…នៅ​មានត…

សូមអញ្ជើញ​ចូលរួម​ថ្ងៃ​ណូអែល


នៅ​កន្លែង​ខ្ញុំ​មាន​រៀប​ចំ​កម្ម​វិធី​ណូអែល ដែល​គ្រប់​គ្នា​ភាគ​ច្រើន​ស្គាល់​ នឹង​ដឹង​យ់ាង​ច្បាស់​ថា​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ជា​ថ្ងៃ​បុណ្យ​គ្រីស្ត​ម៉ាស់​មួយ​ដ៏​ធំ​នៅ​ជុំ​វិញ​ពិភព​លោក។ ចឹង​ពួក​ខ្ញុំ​ដែល​ជា​គ្រិស្ត​បរិស័ទ នៅ​ស្រុក​ខ្មែរ​នេះ ក៏​បាន​រៀប​ចំ​អប​អរ​សាទរ​ថ្ងៃ​ណូអែល ដែរ។

នៅ​ថ្ងៃ​ទី ២៥ ខែ​ធ្នូ ឆ្នាំ​២០១០ យើង​ខ្ញុំ​បាន​រៀប​ចំ​កម្ម​វិធី​ណូអែល​សំរាប់​យុវជន ហើយ​កម្ម​វិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​វេលាម៉ោង ៤៖០០-៧៖០០ យប់ នៅ​ទី​ក្រុង​កោះ​ពេជ្រ អាគារ B.

មាន​កម្ម​វិធី​សប្បាយ​ៗ​ជា​ច្រើន ដែល​រៀប​ចំ​ជូន ព្រម​ជាមួយ​នឹង​រង្វាន់​ដែល​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​បណ្ដារ​អង្គ​ការ ក្រុម​ហ៊ុន និង​កន្លែង​ផ្សេងៗ​ទៀត​ជា​ច្រើន​ផង​ដែរ។

ជាមួយ​នោះ​ផង​ដែរ​ក៏​នឹង​បាន​រីក​រាយ​ជាមួយ​ក្រុម​តន្ត្រី​របស់​ខ្ញុំ​ផ្ទាល់​ ដែល​ពួក​កាត់​សុទ្ធ​សឹង​តែ​ជា​យុវជន​គ្រិស្ត​បរិស័ទ ដែល​មាន​សមត្ថ​ភាព​​ក្នុង​ការ​លេងតន្ត្រី​ផង​ដែរ។

សូម​កុំ​ភ្លេច​ចូល​រួម​អោយ​បាន​ច្រើន​ណា ព្រោះ​មិន​ចាំ​បាច់​មាន​សំបុត្រ​ទេ គឺ​ចូល​រួម​បាន​គ្រប់​ៗ​គ្នា និង​ដោយ​សេរី! កុំ​ភ្លេច​ជួប​គ្នា​នៅ​ទី​ក្រុង​កោះ​ពេជ្រ អាគារ B វេលា​ម៉ោង ៤៖០០​ល្ងាច នា​ថ្ងៃ​ទី​២៥ ខែ​ធ្នូ។ ខ្ញុំ​នៅ​ទី​នោះ​រង់​ចាំ​គ្រប់​ៗ​គ្នា!

សុខ​សប្បាយ​ឬ​ទេ?


ជំរាប​សួរ​បងប្អូន​អ្នក​ភូមិ​អើយ!!! អាឡុវ​នេះ​ឃើញ​ថា​ភូមិ​យើង​ដូច​ស្ងាត់​ដល់​ហើយ មិន​សូម​មាន​រឿង​រំជើប​រំជួល​អី​កើត​ឡើង​ទេ មើល​ទៅ​បងប្អូន​យើង​រវល់​តែ​ច្រូត​កាត់​ហើយ​ ព្រោះ​អី​ពេល​ខ្លះ​មិន​សូវ​ឃើញ​នៅ​ផ្ទះ​សោះ បើក​ទ្វារ​ចោល ទៅ​ស្រែ​ចម្ការ​បាត់។

និយាយ​ ខ្ញុំ​ហ្នឹង​ក៏​រវល់​ដែរ មិន​សូវ​មាន​ពេល​មក​អឺត​ផ្ទះ​សោះ តែ​ឃើញ​តែ​ក្រដាស់​សំបុត្រ​ សារ​ទុក​ប្រាប់​ថា មាន​បងប្អូន​យើង​មក​ ខ្ចី​ប៊ីចេង ប្រហុក ខ្ទឹម យក​ទៅ​ប្រើ! តែ​មិន​អី​ទេ យក​ទៅ​ព្រោះ​ខ្ញុំ​មាន​ច្រើន​ណាស់ ទិញ​ស្តុក​ទុក ខ្លាច​ក្រែង​មាន​គ្រោះ​អាសន្ន​កើត​ឡើង!!

សូម​ជំរាប​សួរ​ និង​ផ្ដល់​ក្ដី​នឹក​រលឹក​ដល់​បងប្អូន​អ្នក​ភូមិ​វ៉ើត​ប្រេស​នេះ​ផង!