អាពាហ៍ពិពាហ៍​ជា​ព្រះ​ពរ


កាល​ពី​៥ឆ្នាំ​មុន ខ្ញុំ​ចាំ​បាន​ថា ពេល​ខ្ញុំ​រៀប​ការ​ខ្ញុំ​កំពុង​តែ​ត្រៀម​ខ្លួន​ចូល​ទៅ​កាន់​ជីវិតមួយ​បែប​ទៀត​ ដែល​ខ្ញុំ​ពុំ​ដែល​មាន​បទ​ពិសោធន៍​ពី​មុន​មក។ ធ្លាប់​តែ​បាន​លឺ​ចាស់​ៗ​ និង​អ្នក​ដែល​បាន​រៀប​ការ​ហើយ គាត់​និយាយ​ពី​ជីវិត​ដែល​រៀប​ការ​ហើយ ដោយ​មាន​អ្នក​ខ្លះ​គាត់​និយាយ​ថា​៖

  • អ្នក​នឹង​លែង​មាន​សេរី​ភាព ដើរ​ហើរ​ស្រេច​តែ​ចិត្ត​ទៀត​ហើយ!
  • អ្នក​នឹង​មិន​សូវ​សំបូរ​លុយ​ចាយ​វាយ​ទេ ព្រោះ​ប្រពន្ធ​យក​ទុក​អស់​ហើយ!
  • ពិបាកណាស់! ឈ្លោះ​គ្នារាល់​តែ​ថ្ងៃ
  • ហត់​ណាស់! ដល់​ផ្ទះ​ម្ដងៗ​លឺ​តែ​សំលេង​ឈ្លោះ​គ្នា​ពាស​ណា​ពាស​ណី!
  • ….

នេះ​វា​បាន​ធ្វើ​អោយ​ខ្ញុំ​នឹក​ចាំ​មិន​ភ្លេច​ទេ​ ថា​ជីវិត​របស់​ខ្ញុំ​ប្រហែល​ជា​នឹង​បែប​ហ្នឹង​ដែរ ឬ​មាន​អ្វី​មួយ​ថ្មី​ទៀត! តែ​ខ្ញុំ​មិន​បាន​យក​គំនិត​បែប​នោះ​មក​ដាក់​នៅ​ក្នុង​ចិត្ត​ឡើយ​ ព្រោះ​ខ្ញុំ​ក៏​ដឹង​ទៀត​ដែរ​ថា មាន​មនុស្ស​មួយ​ចំនួន​នៅ​ពេល​ដែល​គាត់​រៀប​ការ​ហើយ គាត់​មាន​សេចក្ដី​សុខ​ខ្លាំង​ណាស់ ហើយ​ពួក​គាត់​បាន​អោយ​តំបូន្មាន​ថា៖

  • ជីវិត​អាពាហ៍ពិពាហ៍ នឹង​ធ្វើ​អោយ​អ្នក​ទៅ​ជាមនុស្សពេញ​វ័យ ចេះ​គិត​ពិចារណា និង​ស្វែង​យល់​ពី​រសជាតិ​នៃ​ជីវិត​ច្រើន
  • ស្រឡាញ់​ប្រពន្ធ​របស់​អ្នក​ទៅ​ នោះ​ជីវិត​របស់​អ្នក​នឹង​មាន​សុភមង្គល!
  • ជីវិត​អាពាហ៍​ពិពាហ៍​ជា​ព្រះ​ពរ​មក​ពី​ព្រះ!

ខ្ញុំ​ចាប់​ផ្ដើម​សម្លឹង​មើល​នូវ​អ្វី​ដែល​ជា​ភាព​វិជ្ជមាន​មក​ពី​មនុស្ស​ដែល​មាន​ជោគ​ជ័យ​ក្នុង​ជីវិត​ហើយ​ខ្ញុំ​ក៏​មិន​បាន​ភ្លេច​ដែរ​នូវ​ការ​គិត​របស់​អ្នក​មួយ​ចំនួន​ដែល​មើល​ឃើញ​ជីវិត​អាពាហ៍​ពិពាហ៍​ជា​ភាព​អាវិជ្ជមាន នោះ​ហើយ​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​ជៀសវាង។

ចំពោះបងប្អូនដែលមានប្រពន្ធវិញ ចូរស្រឡាញ់​ភរិយា…” អេភេសូ ៥៖២៥

នេះ​ជា​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​ប្រាប់​ដល់​បុរស​ដែល​រៀប​ការ​ហើយ​អោយ​ស្រឡាញ់​ប្រពន្ធ ព្រោះ​នាង​គឺ​ជា​ទី​ស្រឡាញ់​របស់​យើង ហើយ​នាង​មិន​មែន​ជា​សត្រូវ​របស់​យើង​ទេ! ដូច្នេះ​ហើយ បុរស​ត្រូវ​ ស្រឡាញ់​ប្រពន្ធ! ត្រូវ​ថ្នម​ចិត្ត​នាង! ត្រូវ​អោយ​តម្លៃ​នាង! ត្រូវ​ផ្ដល់​សុភមង្គល​ដល់​នាង!​ ត្រូវ​ចំណាយ​ពេល​ជាមួយ​នាង! ត្រូវចេះ​ទុក​ចិត្ត​លើ​នាង! ត្រូវ​ផ្ដល់​តម្លៃ​ដល់​សមត្ថ​ភាព​ចាត់​ចែង​របស់​នាង! និង​មាន​ច្រើន​ទៀត​ដែល​បុរស​ជា​ប្ដី​ត្រូវ​ស្រឡាញ់​ប្រពន្ធ!

បងប្អូនដែលកោតខ្លាចព្រះគ្រិស្ដ ត្រូវគោរពចុះចូលគ្នាទៅវិញទៅមក។បងប្អូនជាស្ដ្រីដែលមានស្វាមី ត្រូវគោរពចុះចូល​នឹង​ស្វាមីរៀង​ៗ​ខ្លួន ដូចជាគោរពចុះចូលនឹងព្រះអម្ចាស់ដែរ ដ្បិតស្វាមីនាំមុខភរិយា …” អេភេសូ ៥៖២១-២៣

ដោយ​ឡែក​ប្រពន្ធ គឺ​គោរព ចុះ​ចូល​ នឹង​ស្វាមី ព្រោះ​ស្វាមី​ជា​មេគ្រួសារ ជា​អ្នក​ដឹកនាំ​ក្នុង​គ្រួសារ! បុរស​ត្រូវការ​កិត្តិយស​ពី​ប្រពន្ធ និង​ការ​ផ្ដល់​តម្លៃ​ដូច​គ្នា​ផង​ដែរ។ នៅ​ពេល​ដែល​ប្ដី​នឹង​ប្រពន្ធ​ចេះ​យល់​ចិត្ត​គ្នា នោះ​យើង​នឹង​ឃើញ​ក្រុម​គ្រួសារ​ របស់​យើង​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ដែន​ដី​មួយ​ដែល​យើង​ហៅ​ថា ដែន​ដី​សុភមង្គល!

នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ចាត់​ទុក​ជា​រឿង​មាន​តម្លៃ​បំផុត​សំរាប់​ជីវិត​របស់​ខ្ញុំ ព្រោះ​គ្រួសារ ជា​អទិភាព​ចម្បង​របស់​ខ្ញុំ ហើយ​នៅ​ពេល​ដែល​ខ្ញុំ​រាប់​វា​ជា​រឿង​សំខាន់ នោះ​ខ្ញុំ​ពិត​ជា​យក​ចិត្ត​ទុកដាក់ និង​ផ្ដល់​តម្លៃ​ខ្លាំង​ណាស់! ព្រោះ​គ្រួសារ​ជា​ព្រះ​ពរ ហើយ​អាពាហ៍ពិពាហ៍​ជា​ព្រះ​ពរ!

ខ្ញុំ​និង​គ្រួសារ


ថ្ងៃ​នេះ​ចង់​បង្ហាញ​ពី​គ្រួសារ របស់​ខ្ញុំ​តិច ព្រោះ​អី​ខាន​និយាយ​យូរ​ហើយ ព្រោះ អី​រវល់​នោះ​រវល់ មិន​ដឹង​ជា​អាម៉េច។

សំរាប់​ខ្ញុំ​នឹង​គ្រួ​សារ​របស់​ខ្ញុំ​ យើង​មាន​និមិត្ត​មួយ​ដែល​ពួក​យើង​ចង់​រស់​នៅ​ដោយ​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​គ្នា និង​មាន​ភាព​ផ្អែម​ល្ហែម​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ សំរាប់​មិនិត្ត​របស់​យើង​គឺ​យើង​ចង់​រស់​នៅ​ជា​គំរូ​សំរាប់​យុវវ័យ​ជំនាន់​ក្រោយ ក្នុង​ផ្នែក​គ្រួសារ និង​ជា​ឳពុក​ម្ដាយ។ មិន​មាន​ន័យ​ថា​យើង​នេះ​ល្អ​ឥត​ខ្ចោះ​នោះ​ទេ តែ​សង្គម​បច្ចុប្បន្ន និង​ឆន្ទះ​នៃ​ជីវិត​បាន​បង្រៀន​យើង​ជា​រៀង​រាល់​ថ្ងៃ​ពី​គ្រួសារ និង​ជិវិត។

សព្វ​ថ្ងៃ​នេះ​ខ្ញុំ​ស្រឡាញ់​ប្រពន្ធ​កូន​ខ្ញុំ​​ច្រើន​ទៅៗ ទោះ​បី​ជា​ពេល​ខ្លះ​មាន​អារម្មណ៍​ថា​នឿយ​ហត់ និង​ណាយ​បន្តិច​មែន​តែ​មិន​អោយ​ភាព​ទាំង​នោះ​មក​បំបាត់​ភាព​ស្និទ្ធ​ស្នាល និង​ភាព​សប្បាយ​រីក​រាយ​នៅ​ក្នុង​ក្រុម​គ្រួសារ​យើង​ឡើយ ព្រោះ​អី​យើង​ជា​គ្រួសារ​តែ​មួយ ហើយ​ការ​រស់​នៅ​ត្រូវ​មាន​ការ​ចុះ​សម្រុង​និង​ការ​យល់​ចិត្ត​គ្នា​ជា​ខ្លាំង។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​ខ្ញុំ​មាន​ប្រពន្ធ​ដែល​ទុក​ចិត្ត​ខ្ញុំ ហើយមិន​ងាយ​នឹង​ប្រចណ្ឌ័​តែ​ផ្ដេស​តែ​ផ្ដាស ហើយ​គាត់​បាន​បង្ហាញ​អោយ​ខ្ញុំ​ដឹង​ពី​ចិត្ត​គំនិត​របស់​គាត់​ជា​ច្រើន។ មាន​ពេល​ខ្លះ​ពិត​មែន​យើង​បាន​ប្រកែក​ពាក្យ​សម្ដី​គ្នា តែ​យើង​មិន​បណ្ដាល​អោយ​ការ​ទាស់​ទែង​ពាក្យ​សម្ដី​មក​បំបែក​បំបាក់​នូវ​ទំនាក់​ទំនង​គ្នា​ទេ តែ​វារឹត​តែ​ធ្វើ​អោយ​យើង​យល់​ចិត្ត​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ថែម​មួយ​កំរឹត​ទៀត។ ខ្ញុំ​ត្រូវ​មាន​តួ​នាទី​យ៉ាង​ច្រើន​សម្បើម ព្រោះជា​មេគ្រួសារ ជាប្ដី និងជាឳពុក​សំរាប់​កូន​ស្រី​ខ្ញុំ។ ការ​រស់នៅ​ត្រូវ​មានភាព​ថ្លៃ​ថ្នូរ និង​សមរម្យ មិន​ប្រព្រឹត្ត​អ្វី​ដែល​នាំ​អោយ​កូន​យក​គំរូ​អាក្រក់​តាម​ឡើយ។ តែ​យ៉ាង​ណា​ម៉ិញ​ការ​ប្រៀន​ប្រដៅ​សំរាប់​កូន​គឺ​ត្រូវ​តែ​មាន។

ខ្ញុំ​សារ​ភាព​ថា​ ខ្ញុំ​មិន​មែន​ជា​មនុស្ស​គ្រប់​លក្ខណ៍ ឬ​ពូ​កែរ​អ្វី​ទេ ព្រោះ​ខ្ញុំ​នៅ​មាន​ចំណុច​ខ្សោយ​របស់​ខ្ញុំ និង​មានពេល​ខ្លះ​ក៏​ខ្ញុំ​ធុញ​ទ្រាន់ និង​មិន​ចូល​ចិត្ត​ដែរ។ តែ​ការ​ឆ្លើយ​តប​ទៅ​កាន់​ចំណុច​ខ្សោយ​នោះ​ដោយ​របៀប​ណា ហើយការ​ប្រឈម​មុខ​នឹ​ងភាព​ធុន​ទ្រាន់​នោះ​យ៉ាង​ម៉េច​ដែរ ព្រោះ​ការ​ឆ្លើត​តប​របស់​យើង​ទៅ​កាន់​កាលះ​ទេសះ​នីមួយៗ​ពិត​ជា​សំខាន់​ ហើយ​វានឹង​កំណត់​នូវ​ភាព​ប្រាកដ​ប្រជា​នៅ​ក្នុង​ជីវិត​របស់​យើង​ផង​ដែរ។

តើ​អ្នក​ស្រឡាញ់​ក្រុម​គ្រួសារ​របស់​អ្នក​ប៉ុណ្ណា?

តើបន្ទាប់​ពី​ធ្វើ​ការ​ហើយ អ្នក​ពិត​ជា​ចង់​ទៅ​ផ្ទះ​ជួប​ជុំ​គ្រួរសារ ឬ​ចង់​ចេញ​ដើរ​កំសាន្ដ​សំរាប់​លំហើយ​ខួរក្បាល?

ខ្ញុំ​ជឿ​ថា មនុស្ស​យើង​មាន​លក្ខណះ​ខុសៗ​គ្នា ហើយ​មិន​អាច​ធ្វើ​បាន​ដូច​គ្នា​នោះ​ទេ។ វា​ពិត​មែន​ជួន​កាល​ខ្ញុំ​មិន​អាច​ធ្វើ​ការ​ទាំង​នោះ​បាន​ទេ តែ​សូម​ប្រាប់​ថា គ្រួសារ​ខ្ញុំ​ជា​អ្នក​ដែល​ជឿ​លើ​ព្រះ​យេស៊ូ​គ្រិស្ត ហើយ​យើង​គោ​រព​បំរើ និង​ស្រឡាញ់​ព្រះ​របស់​យើង​ខ្លាំង​ណាស់ ដូច្នេះ​ហើយ ក្រុម​គ្រួសារគឺ​ជា​រឿង​សំខាន់​សំរាប់​យើង និង​សំរាប់​ព្រះ​របស់​យើង។ ដ្បិត​ព្រះ​របស់​យើង​បាន​បង្រៀន​យើង​អោយ​ស្រឡាញ់​ភរិយា និង​គោរព​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​និង​ក្រុម​គ្រួសាររបស់​យើង​ផង​ដែរ។ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ធ្វើ​កិច្ច​ការ​ទាំង​នោះ ដោយ​មាន​ព្រះជាម្ចាស់​របស់​ខ្ញុំ​នៅ​ជាមួយ​ខ្ញុំ ហើយ​ព្រះ​បន្ទូល​របស់​ព្រះអង្គ​ដាស់​តឿន​ចិត្ត​គំនិត និង​លើក​ទឹក​ចិត្ត​ខ្ញុំ​គ្រប់​ពេល​វេលា។

តួនាទី​ជាឳពុក


មាន​កូន​ក៏​សប្បាយ​ម្យ៉ាង​ដែរ! នោះ​បង្ហាញ​យើង​ពី​ភាព​លូត​លាស់​ខាង​ឯ​ការ​គិត ការ​ធ្វើ និង​ការ​និយាយ​ស្ដី។ ព្រោះ​កូន​នឹង​បង្រៀន​យើង​ពី​របៀប​នៃ​ការ​គិត ការ​ធ្វើ និង​ការ​និយាយ​ស្ដី​ចំពោះ​គាត់។ នេះ​ជា​បទ​ពិសោធន៍​ផ្ទាល់​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ​ក្នុង​រយះពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ។

ការ​គិត៖ ឥឡូវ​កូន​គឺ​ជា​ចំណុច​តំបូង​បង្អស់​នៃ​ការ​គិត​របស់​ខ្ញុំ ព្រោះ​ទៅ​ណា​មក​ណា គាត់​មាន​នៅ​ក្នុង​អារម្មណ៍ និងឧត្ដម​គតិ​របស់​ខ្ញុំ​ជានិច្ច។ ត្រូវ​គិត​គ្រប់​ពេល​វេលា ថា​តើ​នឹង​ត្រូវ​រៀប​ចំអ្វី​ខ្លះ​សំរាប់​ជីវិត​របស់​គាត់​ក្នុង​ពេល​ខាង​មុខ ហើយ​តើ​ត្រូវ​អោយ​គាត់​រៀន​ពី​ជំនាញ​អ្វី? តើ​គាត់​នឹង​ទទួល​នូវ​បំណែក​អ្វី​ខ្លះ​ពី​ដុង(សមត្ថភាព)របស់​ខ្ញុំ? តើ​ខ្ញុំ​នឹង​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​យ៉ាង​ណា​ជាមួយ​គាត់? វា​មាន​ច្រើន​លើស​ហ្នឹង​ទៅ​ទៀត។

ការ​ប្រព្រឹត្ត៖ ត្រូវ​លេង​ថ្នម​ៗ​ព្រោះ អី​កូន​នៅ​តូច មិន​ត្រូវ ​មាន​អារម្មណ៍​ឆេវឆាវ, ត្រូវ​ប្រព្រឹត្ត​ចំពោះ​គាត់​ដោយ​សេចក្ដី​ស្រឡាញ់ និង​មាន​ការ​អត់ធ្មត់។

ការ​និយាយស្ដី៖ ត្រូវ​បង្ហាញ​សេច​ក្ដី​ស្រឡាញ់​ច្រើន​ដល់​កូន និង​ប្រាប់​គាត់​ជា​រៀង​រាល់​ថ្ងៃ​ថា ប៉ា​ស្រឡាញ់​កូន ហើយ​ប៉ា​ពិត​ជា​សប្បាយ​ចិត្ត​ដែល​មាន​កូន​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​យើង។ កូន​ជា​មនុស្ស​ពិសេស​របស់​ប៉ា​និង​ម៉ាក់ ហើយ​យើង​ទាំង​ពីរ​នាក់​នឹង​ធ្វើ​គ្រប់​កិច្ច​ការ​ដើម្បី​ការពារ និង​ផ្ដល់​នូវ​សេចក្ដី​ស្រឡាញ់​ដល់​កូន។ ដល់​ពេល​អាចឹង​ទៅ ខ្ញុំ​ត្រូវ​ចេញ​ថើប​ ចូល​ថើប ហើយ​ប្រាប់​គាត់​ព្រឹក​ ល្ងាច​នូវ​ពាំក្យ​សម្ដី​ទាំង​នោះ។

ម្យ៉ាង​វិញ​ទៀត ត្រូវ​អរគុណ​ច្រើន​ដល់​ប្រពន្ធ​របស់​ខ្ញុំ​ដែល​គាត់​បាន​លះបង់​ខ្ពស់​ក្នុង​ការ​បី​បាច់ និង​រក្សា​ដល់​កូន ព្រោះ​គាត់​ត្រូវ​ងើប​យប់​ឡើង​ដើម្បី​បំបៅ​កូន និង​ពេល​កូន​យំ​ត្រូវ​លួង​មិន​អោយ​យំ។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​មាន​ភរិយា​ដែល​ជា​ទី​ស្រឡាញ់​ និង​ឆ្លាត​វៃ!

បច្ចុប្បន្ន​កាល​នេះ Sophia គាត់​មាន​អាយុ​ជិត​៥​ខែ​ហើយ។ ការ​លូត​លាស់​របស់​គាត់​ក៏​បន្ត​ទៅ​មុខ​ដោយ​ឥត​ឈប់​ឈរ ព្រោះ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ ខ្ញុំ​សង្គេត​ឃើញ​ថា គាត់​មាន​ការ​ប្រែប្រួល​រហូត។ ឥឡុវ​នេះ​កាត់​ចេះ​ក្រឡាប់ ហើយ​ចាប់​ផ្ដើម​និយាយ​ភាសារ​ទារក​ច្រើន​ជាង​មុន និង​ចេះ​លេង ទាំង​ស្កាល់​មុខ​ឳពុក​ម្ដាយ​ទៀត​ផង។

ខ្ញុំ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​បាន​ធ្វើ​ជាឳពុករបស់​កូន​ខ្ញុំ​ ព្រោះ​បង្ហាញ​ថា ផល​ផ្លែ​នៃ​គ្រួសារ​ត្រូវ​បាន​បង្កើត​ឡើង ហើយ​ខ្ញុំ​កំពុង​ធ្វើ​ជា​មេ​គ្រួសារ​មួយ​រូប​ ដែល​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់។

រាត្រី​ទី​១សំរាប់​ខ្ញុំ


នេះ​មិនជា​បទ​ចំរៀង​របស់​អ្នក​ចម្រៀង​មួយរូប ដែល​គាត់​បាន​ច្រៀង​រៀប​រាប់​ប្រាប់​ដល់​ស្រុក​ខ្មែរ និង​ប្រជា​ជន​ខ្មែរ​ទាំង​មូល​ថា រាត្រី​ទី​១សំរាប់​ខ្ញុំ។ រាត្រី​ទី១សំរាប់​ខ្ញុំ​គឺ​ជា​ក្ដី​រំភើប​មួយ​ដ៏​ឥត​ឧបមារ ព្រោះ​ជា​អ្វី​មួយ​ដែល​ខ្ញុំ​បាន​ទន្ទឹង​រង់​ចាំ​អស់​រយះពេល​ជា​ច្រើន​ខែ​កន្លង​មក​ហើយ! វា​ជា​ត្រី​មួយ​ដែល​ខ្ញុំ​​បាន​បំពេញ​កាតព្វ​កិច្ច​របស់​ខ្ញុំ​។

 

អាន​ទៅ​ប្រាកដ​ជា​ឆ្ងល់​ហើយ​ថា តើ​ខ្ញុំ​ចង់​និយាយ​ពី​អ្វី? គឺ​ខ្ញុំ​ចង់​និយាយ​ពី​រឿង​កូន​របស់​ខ្ញុំ​ហ្នឹង​ណា៎! ឥឡូវ​នេះ​ខ្ញុំ​ក្លាយ​ជា​ឳពុក​របស់​គេ​ហើយ! វា​ជា​អំណោយ​មួយ​ដ៏​វិសេស​វិសាល​សំរាប់​រូប​ខ្ញុំ ព្រោះ​ខ្ញុំ​យល់​ថា កូន​ចៅ​គឺ​ជា​ផល​ផ្លែ​សំរាប់​អាពាហ៍​ពិពាហ៍។ កូន​ស្រី​របស់​ខ្ញុំ សូហ្វីយ៉ា កើត​នា​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០០៩ វេលា​ម៉ោង ៥៖៣៥នាទីល្ងាច មាន​ទំងន់ ៣.៥គឡ, ប្រវែង ៥០សម និង​មាន​សក់​ត្រង់ មិន​កាត់​មក​ខ្ញុំ​ដែល​មាន​សក់​រួញ​សោះ! នៅ​សម្ភព​សោភា វីអាយ​ភី (សុំបើក​រង្វង់​ក្រចក​នែនាំ​មន្ទី​រ​សម្ភព​នេះ​បន្តិច​ចុះ) ប្រសិន​បើ​អ្នក​មាន​ប្រពន្ធ ឬ​បងប្អូន​ស្រី​ដែល​ត្រូវ​សំរាល​កូន ខ្ញុំ​សូម​នែនាំ​មក​កាន់​សម្ភព​នេះ! មិន​ថា​ទេ​​រឿង​សេវាកម្ម គឺ​ល្អ បន្ទប់​ដូច​ជា​សណ្ឋាគារ​ផ្កាយ​៤ មាន​បំរើ​អាហារ បោក​គក់ គ្រប់​គ្រូពេទ្យវេជ្ជបណ្ឌិត ឆ្មប និង​គលានុបដ្ឋយិការ សុទ្ធ​តែ​មាន​សំដឺ​ទន់​ភ្លន់ និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់។ មាន​កញ្ចប់​តម្លៃ​៣ប្រភេទ​គឺ $450, $500, និង $800។ ខ្ញុំ​នឹង​ប្រពន្ធ​របស់​ខ្ញុំ​សំរាល​កូន​នៅ​ទី​នោះ មាន​អារម្មណ៍​ថា ក្រៅ​ពី​សំរាល​កូន​ ដូច​ជា​ខ្លួន​កំពុង​តែសំរាក​ហូលីដេអីចឹង!

 Sophia Sleeping 2យប់​តំបូង​កូន​ស្រី​របស់​ខ្ញុំ​គេង​នៅ​ក្បែរ​ខ្ញុំ ព្រោះ​ម្ដាយ​របស់គេ​សំរាក​នៅ​លើ​គ្រែ។ សំរាប់​ខ្ញុំ​នោះ​គឺ​ជា​រាត្រី​មួយ​ដែល​ខ្ញុំ​នឹក​ចាំ​មិន​ភ្លេច​សោះ​ឡើយ! ខ្ញុំ​គេង​មិន​បាន​ស្កប់​ទាល់​តែ​សោះ ព្រោះ​ណា​មួយ​ដួង​ចិត្ត​រំភើប​ដែល​បាន​កូន​កើត​មក​មាន​សុខភាពល្អ និង​ស្រស់​ស្អាត ណា​មួយ​ទៀត​បាន​ក្លាយ​ខ្លួន​ជា​​ឪពុក​របស់​គេ និង​ណា​មួយ​ទៀត​ខ្លាច​កើត​មាន​រឿង​រ៉ាវ​មិន​ល្អ​ចំពោះ​គាត់។ រាត្រី​នោះ​ខ្ញុំ​ចាប់​ផ្ដើម​នូវ​ជីវិត​ថ្មី​ដែល​ជីវិត​នោះ មិន​ត្រឹម​តែ​មាន​ប្រពន្ធ តែ​ថែម​ទាំង​មាន​កូន​ទៀត វានឹង​ធ្វើ​អោយ​ខ្ញុំ​រឹត​តែ​រវល់​ច្រើន តែ​យ៉ាង​ណា​ម៉ិញ ខ្ញុំ​នឹង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ជា​ប្ដី​ដ៏ល្អ​សំរាប់​ប្រពន្ធ​របស់​ខ្ញុំ និង​ជាឳពុក​ដ៏ល្អ​​សំរាប់​កូន​ស្រី​របស់​ខ្ញុំ។ គោល​បំណង​សំខាន់​សំរាប់​ជីវិត​របស់​ខ្ញុំ​គឺ ក្រុម​គ្រួសារ​របស់​ខ្ញុំ​នឹង​ក្លាយ​ជា​គ្រួ​សារគំរូ​សំរាប់​អ្នក​ដែល​នៅ​ជុំ​វិញ​ខ្លួន​របស់​ខ្ញុំ។ ពេញ​មួយ​យប់​ខ្ញុំ​គេង​ភ្ញាក់ៗ ចេះ​តែ​សម្លឹង​មើល​មុខ​កូន ហើយ​ក្នុង​ចិត្ត​វិញ​នឹក​ហួស​ចិត្ត និង​ស្មាន​មិន​ដល់​ថា​នឹង​ក្លាយ​ជា​ឳពុក​គេ​បែប​នេះ​សោះ តែ​ឥឡូវ​​បាន​ក្លាយ​ជា​ការ​ពិត​ហើយ អ្វី​ដែល​រសាប់​រសល់​ពី​មុន ក៏​លែង​រសាប់​រសល់​ទៀត​ដែរ!

 រាត្រី​ទី​១​បាន​កន្លង​ផុត​ទៅ​យ៉ាង​រលូន ដោយ​កូន​របស់​ខ្ញុំ​មិន​យំ​ទាល់​តែ​សោះ! ចំ​ជា​ពូកែរ​មែន! សូម​រង់​ចាំ​អាន​រាត្រី​ទី២…

រសាប់​រសល់


មិន​ដឹង​ជា​មាន​រឿង​ស្អី​ទេ ប៉ុន្មាន​ថ្ងៃ​នេះ​ ចេះ​តែ​រសាប់​រសល់​រក​ធ្វើ​អី​មិន​ត្រូវ​ទាល់​តែ​សោះ! ក្នុង​ចិត្ត​ពេល​ខ្លះ​រំភើប​ តែ​ពេល​ខ្លះ​ទៀត​ដូច​ជាភ័យអរៗ។ នេះ​ប្រហែល​ជា​ដោយ​សារ​តែ​ខ្ញុំ​ហ្នឹង​អន្ទះ​សារ​ចង់​ឃើញ​មុខ​កូន​ខ្លាំង​ពេក​ហើយ! វា​ពិត​មែន ខ្ញុំ​ពិត​ជា​អន្ទះ​សារ​ចង់​ដាច់ខ្យល់​ម្ដងៗ​ហើយ​ ពេល​ដែល​ដឹង​ថា​ ដល់​ពេល​កំណត់​ដែល​កូន​ត្រូវ​កើត​មក​ តែមិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​អ្វី​ច្រើន​សោះ។

 កាល​ពី​ម្សិល​ម៉ិញ បន្ទាប់​ពី​សំរាក​ថ្ងៃ​ហើយ ក៏​ងើប​ងូត​ទឹក​នឹង​ត្រៀម​ខ្លួន​ដើម្បី​ចេញ​ទៅ​ធ្វើ​ការ​ តែ​ងូត​ទឹក​ហើយ​ត្រូវ​សិត​សក់ មិន​ទៅ​ទាញ​ក្រាស់​សិត​សក់​បែរ​ជា​ទាញ​ប្រដាប់​បញ្ជារទូរទស្សន៍​មិន​សិត​សក់​វិញ។ ប្រពន្ធ​ខ្ញុំ​តាម​សម្លឹង​មើល​ខ្ញុំ ហើយ​គាត់​ក៏​សើច​យ៉ាង​ខ្លាំង ខ្ញុំ​នេះ​វិញ​ហួស​ចិត្ត​មិន​ដឹង​ធ្វើ​អី ខ្មាស់​ប្រពន្ធ​ផង​ អៀន​ផង ក៏​យក​ប្រដាប់​បញ្ជារ​ទូរទស្សន៍​មក​ទុក​វិញ ហើយ​យក​ក្រាស់​មិន​សិត​សក់​ធម្ម​តា​វិញ។ ទាំង​ពីរ​នាក់​សើច​ដាក់​គ្នា​ទាំង​ហួស​ចិត្ត។

ដល់​ពេល​ល្ងាច​នឹក​ចង់​អោយ​ប្រពន្ធ​ញ៉ាំ​អី​ឆ្ងាញ់ៗ មុន​នឹង​សំរាល​កូន​ក៏​នឹក​ចង់​ទៅ​ញ៉ាំ​នៅ​ឯ The Pizza company។ យើង​បាន​​កម៉្មង់​ម្ហូប​ជា​ច្រើន​ដូចជា Extrem Pizza with 3 layers crush and half meat lover and half of other flavor, 10 wings mixed, and spagetti ham and mushroom។ អូយ! អ្វី​ៗ​មើល​ទៅ​គួរ​អោយ​ចង់​ញ៉ាំ ដាក់​បាន​តែ​មួយ​ម៉ាត់ ប្រពន្ធ​ប្រាប់​ថា​ឈឺ​ចង្កេះ​កាន់​តែ​ខ្លាំង​ទៅ​ៗ (រោគ​សញ្ញា​សំរាប់​អ្នក​ដែល​ជិត​សំរាល​កូន) ហើយ​ខ្ញុំ​នេះ​វិញ​គ្រាន់​តែ​លឺ​អីចឹង ញ័រ​ដៃ​ញ័រ​ជើង ញ៉ាំ​អី​លែង​បាន ក្នុង​ក្រពះ​នោះ​ហាក់​ដូច​ជា​ពេញ ឯ​ខ្លួន​ប្រាណ​វិញ​ក្ដៅ​បន្តិច រងារ​បន្តិច ដូច​ចង់​គ្រុន​ម៉េច​មិនដឹង​ទេ! ហ្អើយ! ឲ្យ​តែ​យ៉ាង​ហ្នឹង​ញឹក​ញ៉ាប់​ទៅ​ យ៉ាប់​ហើយ​ខ្ញុំ។ ប្រពន្ធ​ខ្ញុំ​ប្រាប់​ថា take it easy កូន​មិន​ទាន់​កើត​ទេ គ្រាន់​តែ​ឈឺ​ចង្កេះ​ប៉ុណ្ណោះ! តែ​ខ្ញុំ​នេះ​វា​ទ្រាំមិន​បានសោះ។

យប់​ម៉ិញ​ដេក​មិន​សូវ​លក់ ចេះ​តែ​បំរះ​ចុះ​បំរះ​ឡើង ដេក​ភ្ញាក់ៗ ព្រោះ​ខ្លាច​ប្រពន្ធ​ឈឺ​ពោះ​! សំរាប់​ថ្ងៃ​នេះវិញ មក​ដល់​កន្លែង​ធ្វើ​ការ ក្នុង​ចិត្ត​នេះ​នៅ​តែ​នៅ​មិន​សុខ ចាប់​នេះ​ខុស ចាប់​នោះ​ខុស! ហឹម! យ៉ាប់​ហ្មង​ខ្ញុំ​នេះ។ តែ​យ៉ាង​ណា​ក៏​ដោយ​ត្រូវ​ធ្វើ​ចិត្ត​អោយ​បាន គង់​តែ បាន​ជួប​មុខ​កូន​ទេ បើ​មិន​ថ្ងៃនេះ គង់​តែ​ថ្ងៃ​ស្អែក​ទេ!