សូមចុចទីនេះក្នុងការអានភាគទី១
សូមចុចទីនេះក្នុងការអានភាគទី២
ភាពអស្ចារ្យនៃកំណើតទារក
“ប្រឹង កូនប្រឹងៗ” សំលេងបង្គាប់បញ្ជារដោយស្រទន់របស់គ្រូពេទ្យជាមួយនឹងម៉ាក់របស់ខ្ញុំ បានលើកទឹកចិត្តប្រពន្ធរបស់ខ្ញុំអោយខំបន្តទៅទៀត។ ញើសនៅតែបន្តហូរមកជំនះអស់ចំហាយម៉ាស៊ីនត្រជាក់ ដែលមិនអាចមានអនុភាពលើគាត់បានឡើយ។ ប្រពន្ធរបស់ខ្ញុំតោងទាញដែក ដែលបញ្ឈរនៅក្បែរជង្គង់សំរាប់ជំនួយដល់កម្លាំងប្រឹង អមជាមួយខ្នើយ២នៅខាងផ្នែកខ្នង ដើម្បីជួយដល់ការប្រឹងរុញកូនមក។ “ល្អណាស់កូន! ធ្វើបានល្អណាស់ ខំបន្តិចទៀតទៅណា” អ្នកគ្រូពេទ្យបានលើកទឹកចិត្ត។ ចំណែកជំនួយការពេទ្យក៏បន្តវាស់សង្វាក់បេះដូងទារកបន្តទៀត។ ប្រពន្ធរបស់ខ្ញុំប្រឹងខាំធ្មេញ បិទមាត់ អត់ធ្មត់ ខ្លាំងណាស់ ខ្ញុំសម្លឹងមើលទៅទឹកមុខរបស់គាត់ហាក់ដូចជាកំពុងតែអស់កម្លាំងទៅៗ ហើយ។ បន្ទាប់ពីប្រឹងហើយ គាត់សម្រាកបន្តិច ដើម្បីដកដង្ហើមអោយបានធូរស្រាល។
ខ្ញុំបានអោនក្បាលនិងនិយាយទៅកាន់ប្រពន្ធរបស់ខ្ញុំថា “អូនធ្វើបានល្អណាស់! ខំបន្តិចទៀតទៅណា…” ប្រពន្ធរបស់ខ្ញុំខំប្រឹងតាមការដែលកូនបណ្ដាលអោយប្រឹង។ ក្រោយពីប្រឹងប្រហែលជាបូនដប់ដង ក្បាលទារកក៏ធ្លាក់មកកាន់ទ្វារសំរាលកាន់តែរហ័សដែរ។ អ្នកគ្រូពេទ្យបានរៀបចំខ្លួនរៀបរយ ពាក់ថង់ផ្លាស្ទិកថ្លានៅខាងមុខគាត់ ដូចជាចុងភៅ និងពាក់ស្រោមដៃថ្មីដើម្បី សំរាលកូន។ នេះជាការប្រឹងចុងក្រោយក្នុងរយះពេលប្រហែលជា១០នាទីប៉ុណ្ណោះ។ ប្រពន្ធរបស់ខ្ញុំខាំមាត់ប្រឹង ដៃទាញដែកយកកម្លាំងជំនួយ ពេលនោះគ្រូពេទ្យបាននិយាយថា “ធ្វើបានល្អណាស់ ឥឡូវឃើញសក់ក្បាលកូនហើយ!” ខ្ញុំលឺដូច្នេះ អារម្មណ៍រំភើប ដួងចិត្តក៏បានរីកឡើងដូចផ្ការត្រូវពន្លឺព្រះអាទិត្យ និង ទឹក។ ប្រពន្ធរបស់ខ្ញុំហាក់ដូចជាអស់កម្លាំងហើយ ចំណែកខ្ញុំក៏បន្តអធិស្ឋានទៅកាន់ព្រះជាម្ចាស់ សូមព្រះអង្គបន្តប្រទានកម្លាំងដល់គាត់បន្ថែមទៀតដើម្បីអោយទៅកាន់ការសម្រាលប្រកបដោយភាពជោគជ័យ។ ក្បាលកូនក៏លេចចេញមកបាន១/៥ ខ្ញុំបានប្រាប់ប្រពន្ធខ្ញុំថា ខ្ញុំបានឃើញក្បាលកូនចេញមកហើយ កូនមានសក់ច្រើនណាស់។ ចំណែកប្រពន្ធខ្ញុំហាក់ដូចបានកម្លាំងចិត្ត ក៏ខំប្រឹងបន្តិចទៀតតាមកម្លាំងជម្រុញរបស់កូន និងការណែនាំរបស់ពេទ្យ។
ពេលដែលខ្ញុំបានឃើញក្បាលទារកចេញមក បេះដូងរបស់ខ្ញុំរំភើបឥតឧបមារ! ហើយខ្ញុំបន្តអធិស្ឋានបន្តទៀតសូមអោយកើតមកដោយសុខសាន្ដ និងសុវត្ថិភាព។ ក្បាលរបស់ទារក ចាប់ផ្ដើមលេចចេញបាន២/៥ហើយ ចំណែកប្រពន្ធរបស់ខ្ញុំក៏បន្តប្រឹងទៅទៀត។ ខ្ញុំវិញសម្លឹងមើលការចេញមករបស់ទារក ហើយធ្វើអោយខ្ញុំគិតថា នេះហើយជាការអស្ចារ្យនៃមនុស្ស ដែលបានកើតមក ព្រះពិតជាបានបង្កើតមនុស្សស្រីមកយ៉ាងអស្ចារ្យ និងពិសេសខ្លាំងណាស់! គាត់អាចផ្ទុកមនុស្សម្នាក់នៅក្នុងខ្លួនគាត់ ទាំងបង្កើតមនុស្សម្នាក់មក ទោះបីឈឺចាប់ ក៏អស្ចារ្យខ្លាំងណាស់! ខ្ញុំស្ងើចខ្លាំងណាស់! កំពុងតែគិត ពី ការអស្ចារ្យ ស្រាប់តែលឺសំលេងប្រពន្ធរបស់ខ្ញុំប្រឹងមួយភូសទៀត ក្បាលកូនទាំងស្រុងក៏លេចចេញមក ខ្ញុំភ្ញាក់ទាំងស្រក់ទឹកភ្នែក ហើយដួងចិត្តត្រេកអរឥតឧបមារ! ខ្ញុំប្រាប់ប្រពន្ធថា កូនកើតហើយ ៗ! អូនធ្វើបានល្អណាស់ អូនសម្លាញ់! បានកម្លាំងចិត្តបែបនេះ ប្រពន្ធរបស់ខ្ញុំខំប្រឹងបន្តិចទៀត រួមជាមួយនឹងជំនួយរបស់ពេទ្យ ទារកទាំងស្រុងក៏បានលេចចេញមក យ៉ាងអស្ចារ្យជាទីបំផុត នៅវេលាម៉ោង៣៖៤៥នាទីល្ងាច! អ្នកគ្រូពេទ្យបានលើកទារកចេញមក មានទាំងទងសុកមកជាមួយផង គាត់បានដាក់លើពោះម្ដាយ ដើម្បីជូតសម្អាតអោយបានស្អាត! ខ្ញុំសម្លឹងមើលទៅកូនខ្ញុំដែលទើបតែនឹងកើតមកបានប្រហែលជា១នាទី ទាំងទឹកភ្នែកហូរចេញមក ទាំងមិនបានដឹងខ្លួន។ នេះហើយជាផលផ្លែនៃសេចក្ដីស្នេហារបស់យើង ជាចំណងដៃនៃអាពាហ៍ពិពាហ៍របស់យើង។ ក្រោយពីសម្អាតហើយ ពេទ្យបានលើកមកដាក់លើទ្រូងម្ដាយ ដើម្បីអោយមានអារម្មណ៍នៃភាពកក់ក្ដៅ សាច់ប៉ះសាច់! គ្រូពេទ្យក៏បន្តធ្វើការរបស់គាត់បន្តទៅទៀត ហើយអ្នកគ្រូពេទ្យម្នាក់ទៀតបានកឹបទងផ្ចិតរួចហើយ ក៏ហុចកន្ត្រៃមួយមកអោយខ្ញុំដើម្បីអោយខ្ញុំកាត់ទងផ្ចិត! ខ្ញុំកាន់កន្ត្រៃហើយ កាត់ទងផ្ចិតបណ្ដើរទាំងអារម្មណ៍រំភើបបណ្ដើរៗ។
ចិត្តរំភើប លាយជាមួយអំណរដែលមិនអាចប្រៀបផ្ទឹមបាន! កូនខ្ញុំត្រូវបានដាក់ដេកលើទ្រូងម្ដាយ យ៉ាងកក់ក្ដៅជាទីបំផុត មើលទៅគួរអោយខ្នាញ់ណាស់! បានប្រហែលជា១០នាទីក្រោយមកពេទ្យបានយកកូនមកវាស់វែង និងថ្លឹងទម្ងន់ ព្រមទាំងចាក់ថ្នាំវីតាមីនK (អត់ដឹងថា វីតាមីន K និងសំរាប់អីផង ភ្លេចសួរពេទ្យអោយឈឹងម៉ង)អោយផង។
៣ម៉ោង៤៥នាទីក្នុងបន្ទប់សម្រាលកូន ពិតជាបានផ្ដល់នូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន និងធ្វើអោយខ្ញុំស្រឡាញ់ប្រពន្ធរបស់ខ្ញុំកាន់តែខ្លាំងឡើងៗ ដោយព្រោះតែអ្វីដែលកាត់បានឆ្លងកាត់នៅក្នុងនោះ។ មិនតែប៉ុណ្ណោះធ្វើអោយខ្ញុំក៏ស្រឡាញ់ម្ដាយរបស់ខ្ញុំកាន់តែខ្លាំងឡើងថែមទៀត ដោយព្រោះតែការឈឺចាប់ក្នុងការសម្រាលខ្ញុំមក។ ក៏សូមលើកកិត្តិយស និងគោរពដល់ម្ដាយៗទាំងឡាយនៅក្នុងសលកលោកទាំងមូល ដែលបានបង្កើតកូនៗប្រុសស្រីមក ទោះបីដឹងថាខ្លួនត្រូវពើបប្រទះនឹងការឈឺចាប់ បាត់បង់ឈាម រូបកាយផ្លាស់ប្ដូរ យ៉ាងណាក៏ដោយចុះ។ ក៏សូមលើកទឹកចិត្តដល់បុរសជាស្វាមី ត្រូវស្រឡាញ់ភរិយាដូចស្រឡាញ់ខ្លួនឯង ព្រោះភរិយាបានលះបង់ច្រើនណាស់សម្រាប់គ្រួសារ គាត់ត្រូវរងសម្ពាធជាច្រើននៅពេលដែលគាត់បានដឹងថាគាត់ត្រូវមានផ្ទៃពោះ ដូចជា៖ ការចាញ់កូន ត្រូវពរពោះ របបអាហារមិនទៀងទាត់ មិនស្រួលខ្លួន ញ៉ាំមិនបាន គេងមិនសូវស្រួល កូនធ្វើទុក្ខ កូនធាក់ ឈឺពោះ បាត់បង់ឈាម…។ល។
បទពិសោធន៍ក្នុងបន្ទប់កើតកូនលើកនេះ គឺខុសពីលើកមុនដែលកាលពីកូនតំបូង ដែលខ្ញុំមិនបាននៅដោយផ្ទាល់ជាមួយប្រពន្ធ! តែពេលនេះ ខ្ញុំបានឃើញភាពអស្ចារ្យនៃកំណើតមនុស្ស យ៉ាងអស្ចារ្យជាទីបំផុត។ ពេលនេះខ្ញុំបានកូនប្រុសម្នាក់ទៀត ឈ្មោះ ពិសិដ្ឋ រិទ្ធីសក្ដិ ណូអេ កើតថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង៣៖៤៥នាទីល្ងាច នៅសម្ភពសោភា វីអាយភី ទំងន់៤គីឡូក្រាម ប្រវែង៥៣សង់ទីម៉ែត។ កិច្ចការបន្ទាប់ទៅទៀត គឺដល់ពេលវេលាដែលយើងទាំង២នាក់ត្រូវបំពេញកាតព្វកិច្ចជាឪពុកម្ដាយបន្ថែមទៀត ដើម្បី ផ្ដល់នូវ សេចក្ដីស្រឡាញ់ ការប្រៀនប្រដៅ អប់រំ ដល់កូនៗរបស់យើង។ សេចក្ដីអធិស្ឋានមួយដែលយើងចង់បាន គឺសូមអោយព្រះជាម្ចាស់ ជួយយើងជាឪពកម្ដាយ អោយចេះស្រឡាញ់កូនកាន់តែច្រើនជាងមុន នឹងជួយយើងប្រៀនប្រដៅកូនអោយប្រតិបត្តន៍តាមសេចក្ដីបង្រៀនរបស់ព្រះជាម្ចាស់។
ពិតជារំភើបណាស់បងពិសិដ្ឋ! ខ្ញុំតាមតានប្រកាសបងដូចតាមដានប្រលោមលោកស្នេហាមួយដែលតួប្រុសនិងតួស្រីជំនះគ្រប់ឧបសគ្គដើម្បីឲ្យស្នេហារបស់គេជួបនៅសុភមង្គលមួយ.. សង្ឃឹមថាខ្ញុំនឹងទទួលបាននូវសាច់រឿងស្រដៀងនឹងបងដែរក្នុងពេលឆាប់ៗ.. 😀
បងចង់អោយមនុស្សប្រុសក្នុងស្រុកខ្មែរយើង បានដឹងពីបទពិសោធន៍ដែលបងបានឆ្លងកាត់ទោះបីគាត់ធ្លាប់ ឬមិនធ្លាប់ក៏ដោយ។ មនុស្សយើងមានការឆ្លងកាត់នូវបទពិសោធន៍ខុសៗគ្នា។ អរគុណ ឧត្ដម ដែលបានតាមដានរឿងនេះ។
^ ^
ចូលរួមអបអរ ! ក្មួយថ្លោសអញ្ចឹងបានពិបាកបន្តិច តែអ្វីៗប្រសើរនៅពេលនេះ ។
បាទអរគុណ ទាំងម្ដាយទាំងកូនសុខភាពល្អណាស់