ពេលដែលយើងរៀបការជាមួយនរណាម្នាក់ វាជាការសម្រេចចិត្តមួយ ដែលធំបំផុត នៅក្នុងជីវិតរបស់យើង។ តោងដឹងថា យើងនឹងត្រូវរស់នៅជាមួយដៃគូររបស់យើងអស់មួយជីវិត។ នៅពេលដែលយើងរៀបការ នោះជីវិត២នាក់នឹងរួមមកតែមួយ! ជាប្ដីជាប្រពន្ធ គឺយើងនឹងក្លាយមកជារូបកាយតែមួយដោយសារចំណងនៃអាពាហ៍ពិពាហ៍។
ក្នុងពេលនេះ ខ្ញុំនិយាយក្នុងនាមជាប្ដីមួយរូប និងបានឆ្លងកាត់បទពិសោធន៍រៀបការជាង៤ឆ្នាំកន្លងមកនេះ។ ទោះបីអាពាហ៍ពិពាហ៍របស់ខ្ញុំនៅក្មេងខ្ចីក្ដី ខ្ញុំរៀនបានអ្វីៗថ្មីៗជាច្រើន ក្នុងទំនាក់ទំនងនៃជីវិតអាពាហ៍ពិពាហ៍ ហើយខ្ញុំនឹងរៀនមិនដែលចប់ក្នុងជីវិតអាពាហ៍ពិពាហ៍របស់ខ្ញុំ នោះខ្ញុំក៏ដឹងថា ខ្ញុំនឹងបញ្ចប់ថ្នាក់អាពាហ៍ពិពាហ៍របស់ខ្ញុំនៅពេលដែលខ្ញុំបានលាចាកពីលោកនេះទៅ។ ចំណុចមួយនៃចំណុចជាច្រើនក្នុងទំនាក់ទំនងស្នេហា គឺប្ដីត្រូវចេះថ្នមចិត្តប្រពន្ធ។ ការថ្នមចិត្ត និងការយល់ចិត្ត ជាអ្វីមួយដែលយើងត្រូវមានចំពោះគ្នាទៅវិញទៅមក។ ខ្ញុំចង់រក្សានូវទំនាក់ទំនងដូចពីពេលដែលខ្ញុំជួបគាត់ជាលើកតំបូងដែរ។ កាលពីជួបពីលើកតំបូង យើងតែងតែចង់ធ្វើនេះ ធ្វើនោះចំពោះគ្នាទៅវិញទៅមក ទៅណាមកណាគឺមានតែយើងតែ២នាក់ទេ ក្នុងពិភពលោកនេះ ហើយយើងចេះថ្នមចិត្តគ្នាទៅវិញទៅមក យើងស្រឡាញ់គ្នាទៅវិញទៅមក មានអ្វីញ៉ាំ ក៏ចិត្តមិនដាច់ក្នុងការញ៉ាំតែឯង ។ល។ មានគូរស្វាមីភរិយាខ្លះ មុនពេលរៀបការ គឺផ្អែមល្ហែម តែពេលរៀបការហើយ ពួកគេបែរជាមានការផ្លាស់ប្ដូរគឺមិនដូចមុនឡើយ! តែក៏មានគូរស្វាមីភរិយាខ្លះ នៅបន្តធ្វើដូចជាពេលដែលពួកគេជួបគ្នាជាលើកតំបូងដែរ គឺភាពផ្អែមល្ហែមនៃសេចក្ដីស្នេហ៍ក្នុងគ្រាតំបូង!
នៅពេលដែលគូរស្វាមីភរិយា មានទំនាស់ចំពោះគ្នាទៅវិញទៅមក សូមគិតត្រឡប់ក្រោយវិញពីសេចក្ដីស្នេហ៍គ្រាតំបូង ដែលយើងបាននិយាយគ្នាថា បងស្រឡាញ់អូនអស់មួយជីវិត! បងមិនធ្វើអោយអូនពិបាកចិត្តទេ! បងមិនបន្ទោសអូនទេ!! ហើយចំណុចមួយដែលសំខាន់គឺថា យើងមិនបានរៀបការ ហើយអ្នកដែលយើងរៀបការជាមួយនោះជាសត្រូវរបស់យើងទេ! គាត់ជាអ្នកដែលជាទីស្រឡាញ់របស់យើងអស់មួយជីវិត។ ថ្នមចិត្តគាត់ទៅ! អត់ទោសចំពោះគ្នាទៅវិញទៅមក និងស្រឡាញ់គ្នាទៅវិញទៅមកកាន់តែខ្លាំងឡើងៗ!
អរុណសួរស្តីបង! ចែករំលែកបទពិសោធន៍ជីវិតទាំងព្រឹកម៉ង 😀 ។ ចំពោះគ្រប់គូរស្នេហ៍ទាំងអស់ ប្រសិនបើមានគំនិតដូចបងទាំងអស់ ប្រសើរ។ ចុះបើសិនប្តីយល់ចិត្តប្រពន្ធហើយ តែប្រពន្ធមិនយល់ចិត្តប្តីវិញ រករឿង ច្រណែន ប្រច័ណ្ឌ… តើធ្វើមិចទៅ?
ហ្អេ!!! សុផាត!!! មែនតើ!! អរគុណដែលមកអឺតទាំងព្រឹក!!! អាហារ ពេលព្រឹកហើយនៅ? បើមិនទាន់ទេ ហៅបងទៅផង!!! វាជាការពិតសម្រាប់គូរស្នេហ៍គ្រប់រូបត្រូវស្វែងយល់យ៉ាងច្បាស់ពីសម្ពន្ធ័ភាពរបស់ពួកគេចំពោះ គ្នាទៅវិញទៅមក! ភក្ដីភាព ត្រូវតែ ជាវីតាមីន សំរាប់គូរស្នេហ៍។ សំរាប់បង និងភរិយា រឿងប្រចណ្ឌ័ ជារឿងដែលមិនមានសោះក្នុងជីវិត ព្រោះប្រពន្ធបងដឹងថា បងជានរណា ហើយបងធ្វើអ្វីខ្លះ! គ្មានរឿងលាក់លៀមចំពោះគាត់ផង ហើយបងក៏ស្គាល់ប្រពន្ធបងដែរ!
ការប្រចណ្ឌ័គឺជារឿងមិនទុកចិត្តគ្នាទៅវិញ ទៅមក និងខ្វះសុវត្ថិភាពក្នុងអាពាហ៍ពិពាហ៍ ព្រោះតែប្រពន្ធគិតថា ស្វាមីនឹងអាចមានស្រីថ្មី ឬស្វាមី អាចគិតថាប្រពន្ធអាចមានអ្នកទី២។ ជួនកាលប្ដីហួងហែងប្រពន្ធហួសហេតុពេក ដោយព្រោះប្រពន្ធស្អាត ឬពូកែរ ទើបកើតមានរឿងប្រចណ្ឌ័។ ចឹងទាមទារអោយមានការនិយាយគ្នា និងផ្ដល់ទំនុកចិត្តគ្នាទៅវិញទៅមក ដើម្បីកុំអោយមានការប្រចណ្ឌ័កើតមានឡើងក្នុងជីវិត។ វានឹងត្រូវការពេលវេលា អាចយូរ ឬឆាប់!
ចូលចិត្ត!
អរគុណដែលចូលចិត្ត!
ពិបាកត្រង់ថាអារម្មណ៏មនុស្សមិនទៀងទាត់ !
វាជាការពិតដែលថា អារម្មណ៍របស់មនុស្សគឺប្រែប្រួលទៅតាមកាលសម័យឬទីកន្លែង ចឹងត្រូវរៀនក្នុងការទទួលស្គាល់អ្នកដែលយើងនៅជាមួយ តើជាប្រពន្ធ ប្ដី ឬ ជាអ្នកណា?