ថ្ងៃម្សិលម៉ិញហ្នឹងក្រោកពីព្រឹកថានឹងបានទៅលេងកោះអេលីស និងរូបសំណាកសេរីភាពនៃសហរដ្ឋអាមេរិកទៅហើយតែបែរជាមិនបានទៅ ព្រោះអីមានមនុស្សច្រើនពេក ហើយណាមួយខ្ជិលចាំតំរង់ជួរទៀត ព្រោះអីបើតំរង់ជួរទៅ ត្រូវចាំអស់រយះពេល១ម៉ោងកន្លះឯណោះ! ហីក៏មនុស្សអីច្រើនម្លេះ? បើមើលទៅជួរដាច់កន្ទុយភ្នែកតាម៉ងហើយ។ ដល់តាវែងចឹងពេកទៅ ក៏សំរេចចិត្តលុកលុយទីក្រុងញ៉ូយ៉ក ដោយដើរទៅកន្លែងល្បីៗផ្សេងៗ ដូចជាម្ដុំផ្សាហ៊ុន មេនហាតថេន, ផែរ, ព្រះវិហារកាតាលិកដែលគេធ្លាប់ថតកុនរឿង National Treasure និង កន្លែងផ្សេងៗទៀតជាច្រើន។
អ្នកក្រុងញ៉ូយ៉កចូលចិត្តដើរដល់ហើយ! ខ្ញុំត្រូវដើរពេញមួយថ្ងៃ និងជិះរថភ្លើងក្រោមដីរហូត ព្រោះអត់មានឡានជិះទេ ហើយណាមួយទៀតអ្នកក្រុងញ៉ូយ៉ក មើលទៅមានចំរុះជាតិសាសន៍ដល់ហើយ សំបូរជាងគេគឺ ចិន និង ម៉ិចសិកូ។ ខ្ញុំដើរយូរហើយរកតាខ្មែរមួយធ្វើថ្នាំមិនបានផង មិនដឹងជានាំគ្នាលាក់ខ្លួននៅឯណាអស់ទេ រកមិនឃើញទាល់តែសោះ។
អាគារនៅញ៉ូយកខ្ពស់ៗដល់ហើយ កប់ពពកតាហ្មង! ខ្ញុំដើរងើយមើលអាគារទាំងនោះសឹងតែចង់ជ្រុះក្បាលហើយ។ ខ្ញុំបានដើរទៅម្ដុំចិនៗរស់នៅ ពិតជាសំបូរចិនៗមែនទែន និងសំបូរម្ហូបបែបអាស៊ីណាស់ ហើយចិនៗទាំងនោះ នៅតែមិនចោលចរឹតនិយាយលឺទាល់តែសោះ ទៅកន្លែងណាជែកចាច ហ្នឹងពួកចិនហើយ។ ដើរចូលទៅក្នុងផ្សាររបស់ពួកគេ ឃើញមានបន្លែរបង្ការអីស្រស់ៗណាស់ សាច់ត្រី សាច់គោ សាច់មាន សំបូរបែបណាស់ ហើយម្ហូបសមុទ្រក៏មិនណយដែរមានស្រស់ៗតាហ្មង ចង់ញ៉ាំម្ហូបបែបចិនមួយណាក៏មានដែរ ហើយបើនិយាយពីម្ហូបចិនដែលល្បីជាងគែ មានអីក្រៅពី ទាខ្វៃ និងជ្រូកខ្វៃ និងនំប៉ាវទេ! កន្លែងណាក៏មានដែរ អោយតែមានចិនរស់នៅ។ បន្ទាប់ពីតំបន់ចិនរស់នៅហើយ ខ្ញុំបានទៅលេងម្ដុំ Time Square កន្លែងល្បីជាងគេនៅអាមេរិក ដែលអាគារខ្ពស់ៗរបស់ពួកគេបំពាក់ភ្លើង និងអេក្រង់ LED ធំៗ មានរូបភាព និងភ្លឺងពណ៌ចំរុះតែម្ដងហើយ។ ដូចរូបទី២នេះចឹង។ តែថ្ងៃនោះ អាកាសធាតុពិតជាត្រជាក់ណាស់ អត់មានពន្លឺថ្ងៃ អីទាល់សោះ ត្រូវពាក់អាវច្រើនជាន់បន្តិច ព្រោះមិនចង់រងារដល់ទៅរឹងពោះនោះទេ។