ការ​ផ្លាស់​ប្រែ​មួយ​ដ៏​ធំ


Seiha
Seiha

នៅ​ក្នុង​តំណាក់​កាល​នៃ​ជីវិត​រស់​នៅ​របស់​យើង​តែង​តែ​ជួប​ប្រទះ​នូវ​ការ​ផ្លាស់​ប្រែ​ជាលំដាប់ ដូចជា កាល​នៅ​ពី​ជា​ទារក យើង​ត្រូវ​ទទួលការ​ចិញ្ចឹម​បី​បាច់​ថែ​រក្សាពីឳពុកម្ដាយ​ រហូត​ដល់​គ្រប់​អាយុក្នុង​ការ​ចូល​រៀន យើង​ត្រូវ​ឃ្លាត​ពី​ឳពុក​ម្ដាយ​មួយ​រយះ​តូច​ក្នុង​ការ​ទៅ​សិក្សា រហូត​ដល់​ធំពេញ​វ័យ​ និង​គ្រប់​រៀប​ការ យើង​ត្រូវ​ទទួល​ការ​ផ្លាស់​ប្រែ​មួយ​ដ៏​ធំ​ទៀត​គឺ​ការ​ផ្លាស់​ប្រែ​ពី​ភាព​ជា​នៅ​លីវ ចូល​ទៅ​ដល់​ការ​មាន​គ្រួ​សារ។

ខ្ញុំ​បាន​ឆ្លង​កាត់​នូវ​ការ​ផ្លាស់​ប្រែ​ទាំង​នេះ! មក​ដល់​នឹង​ពេល​នេះ ខ្ញុំ​និង​ភរិយា​របស់​ខ្ញុំ​បាន​រៀប​ការ​ជាង​២​ឆ្នាំ​ហើយ ក្នុង​រយះ​ពេល​២​ឆ្នាំ​ជាង​កន្លង​មក​នេះ យើង​បាន​ពើប​ប្រទះ​នូវ​រឿង​រ៉ាវ​ជា​ច្រើន​ក្នុង​ជីវិត​របស់​យើង​ដែល​បង្រៀន​យើង​ពី​ការ​រស់​នៅ​របស់​ក្រុម​គ្រួសារ២​ដែល​មាន​ទម្លាប់​រស់​នៅ​ខុស​ប្លែក​គ្នា​រហូត​ដល់​បាន​​ស៊ាំ​ជាមួយ​នឹង​ទម្លាប់​ទាំង​នេះ។

មក​ដល់​បច្ចុប្បន្ន​នេះ សីហា មាន​ផ្ទៃ​ពោះ​នឹង​ជិត​គ្រប់​ខែ​ក្នុង​ខែ​កញ្ញា​នេះ​តែ​ម្ដង។ សូហ្វីយ៉ា ហ្គ្រេស​ ពិសិដ្ឋ នឹង​ទៅជា​កូន​ស្រី​របស់​យើង ហើយ​ជាមួយ​កូន​នេះ ការ​ផ្លាស់​ប្រែ​ដ៏​ថ្មី​មួយ​ទៀត​ដែល​យើង​ត្រូវ​ត្រៀម​ខ្លួន​ទទួល​ក្នុង​ការ​ធ្វើ​ជា​ឳពុក​ម្ដាយ​របស់​គេ។ មិន​ដែល​មាន​សាលា​បង្រៀន​យើង​ អោយ​ធ្វើ​ជា​ឳ​ពុក​ម្ដាយ​ និង​បង្រៀន​យើង​ពី​របៀប​ចិញ្ចឹម​កូន​នោះ​ឡើយ! តែ​យ៉ាង​ណា​មិញ យើង​សង្ឃឹម​ថា យើង​នឹង​ធ្វើ​ជា​ឳ​ពុក​ម្ដាយ​ដ៏​ល្អ​សំរាប់​កូន​ស្រី​របស់​យើង ជាមួយ​នឹង​ការ​ប្រៀន​ប្រដៅ​ទៅ​តាម​លក្ខណះ​នៃ​សេចក្ដី​ស្រឡាញ់ និង​ការ​បង្រៀន​អោយ​ដើរ​តាម​មាគ៌ា​របស់​ព្រះ ជាម្ចាស់។ ព្រះ​អង្គ​បាន​ប្រទាន​កូន​ស្រី​មួយ​នេះ​ជា​អំណោយ​ និង​ជា​ចំណង​ដៃ​សំរាប់​អាពាហ៍​ពិពាហ៍​របស់​យើង ហើយ​យើង​នឹង​ទទួល​​យក​នូវ​ព្រះ​ពរ​នេះ​សំរាប់​ជីវិត​របស់​យើង និងស្រឡាញ់​កូន​ស្រី​របស់​យើង​អោយ​អស់​ពី​ដួង​ចិត្ត និង​ព្យាយាម​ផ្គត់ផ្គង់​គ្រប់​បែប​យ៉ាង​ ដើម្បី​អោយ​កូន​ស្រី​នេះ ជា​អ្នក​ដ៏​ជា​ទី​ស្រឡាញ់​សំរាប់​អ្នក​ផង​ទាំង​ពួង។